លោក កឹម សុខា អះអាងថា នឹងវិលត្រឡប់ មកកម្ពុជាវិញ ដោយមិនខ្លាច ការគំរាម ដាក់ខ្នោះ
RFA / វិទ្យុ អាស៊ី សេរី | ១៩ មិនា ២០១៥
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា អះអាងថា, លោក នឹងវិលត្រឡប់ ទៅកម្ពុជា វិញ ដោយគ្មាន ការភ័យខ្លាច អំពី ការគំរាមកំហែង របស់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាប់ខ្លួនលោក នោះឡើយ។
លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ ដែលកំពុង បំពេញទស្សនកិច្ច ក្នុងសហរដ្ឋ អាមេរិក អះអាង ថា, លោក ហ៊ានប្រឈមមុខ នូវអ្វី ដែលលោក បានធ្វើ ត្រឹមត្រូវ និងស្របច្បាប់ នោះ។
ការអះអាងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ ធ្វើឡើងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) កាលពីថ្ងៃព្រហស្បតិ៍ តបទៅនឹងការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ ទី១៨ ខែមីនា ដែលថា លោក កឹម សុខា ជាមេខ្លោងក្នុងការព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរបស់លោកមិនបាន សម្រេច។
លោក កឹម សុខា ថ្លែងថា លោកមិនបានប្រើពាក្យផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់របស់ លោក ហ៊ុន សែន នោះឡើយ ហើយថា អ្នកកាសែតទៅវិញទេដែលបានបកស្រាយពាក្យរបស់លោកខុសនោះ។
លោក កឹម សុខា បន្តថា អ្វីដែលលោកថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នោះ គឺលោកបានប្រើពាក្យផ្លាស់ប្ដូរ មិនមែនផ្ដួលរំលំនោះទេ ហើយថា អ្នកកាសែតដែលប្រើពាក្យខុសនោះបានធ្វើការកែតម្រូវអត្ថបទរបស់ ខ្លួនរួចហើយ៖ «គាត់បានយកពាក្យមកប្រើខុសពីពាក្យដើមរបស់ខ្ញុំ ហើយគាត់បានកែតម្រូវហើយ។ ហើយទីពីរ គណបក្សសង្គ្រោះជាតិ បានបកស្រាយចេញសេចក្តីថ្លែងការណ៍ហើយ។ ហើយអ្វីដែលយើងប្រើនោះ គឺការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរជាសារនយោបាយរបស់បក្សសង្គ្រោះជាតិ មិនមែន កឹម សុខា នោះទេ។»
ការផ្ទុះកំហឹងរបស់ លោក ហ៊ុន សែន ទៅលើអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺដោយសារមេដឹកនាំបក្សប្រឆាំងរូបនេះ បានថ្លែងជាសាធារណៈនៅសហរដ្ឋអាមេរិក ថាលោកមិនពេញចិត្តនឹងការចរចានយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងការបន្តឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ក្នុងពន្ធនាគារ។
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានព្រមានសាជាថ្មីទៀតថា ប្រសិនបើ កឹម សុខា ហ៊ានធ្វើបាតុកម្មម្តងទៀតក្នុងន័យទាមទារឲ្យដោះលែង លោក មាជ សុវណ្ណារ៉ា នោះកងកម្លាំងរបស់លោកនឹងត្រៀមខ្នោះចាំទទួល។ លោក ហ៊ុន សែន បន្តថា ការជាប់ឃុំរបស់ លោក មាជ សុវណ្ណារ៉ា មិនជាប់ពាក់ព័ន្ធទៅនឹងដំណើរការច្បាប់បោះឆ្នោត និងច្បាប់ គ.ជ.ប នោះឡើយ តែវាជាការល្មើសច្បាប់ក្នុងសកម្មភាពបាតុកម្មកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ប៉ុណ្ណោះ៖ «ធាតុផ្សំកំពុងរង់ចាំ លោក កឹម សុខា កងរាជអាវុធហត្ថ នគរបាល ត្រៀមខ្លួនត្រៀមខ្នោះ រឿងច្បាប់នៅសភាមិនពាក់ព័ន្ធនឹងរឿងដំណើរការក្តីនៅតុលាការនោះទេ កុំថានាយករដ្ឋមន្ត្រីត្រួតត្រាកម្លាំងប្រដាប់អាវុធ ចុះបើធ្វើនាយករដ្ឋមន្ត្រីមិនអាចគ្រប់គ្រងកម្លាំងប្រដាប់អាវុធបាន មិនបាច់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។»
ទោះជាយ៉ាងណាក៏ដោយ លោក កឹម សុខា មានប្រសាសន៍ថា ការធ្វើបាតុកម្មដោយសន្តិវិធីណាមួយអាចធ្វើទៅបាន លុះត្រាមានការសម្រេចពីគណបក្សសង្គ្រោះជាតិ ទាំងមូល ហើយថា លោកមិនខ្លាចការគំរាមកំហែងណាមួយទេនៅពេលចិត្តរបស់លោកបរិសុទ្ធ មិនបានប្រព្រឹត្តអ្វីល្មើសផ្ទុយពីច្បាប់នោះ៖ «កន្លងមកស្អីដែល ខ្ញុំធ្វើ គឺតាមការសម្រេចរបស់គណបក្ស។ ទោះបីយើងមានមតិខ្លះជជែកគ្នានៅក្នុងផ្ទៃក្នុងបក្ស យើងសម្រេចយ៉ាងណា យើងគាំទ្រទាំងអស់គ្នា។ មតិផ្ទុយគ្នាមិនមែនមានតែ កឹម សុខា ទេ នៅផ្ទៃក្នុងហ្នឹងមានមតិផ្សេងៗគ្នា ប៉ុន្តែសម្រេចចិត្តជាការសម្រេចចិត្តរបស់បក្ស។»
ពាក់ព័ន្ធច្បាប់បោះឆ្នោតថ្មី និងច្បាប់ គ.ជ.ប ថ្មី នោះវិញ លោក កឹម សុខា បានអំពាវនាវឲ្យសង្គមស៊ីវិល កុំអស់សង្ឃឹម ហើយបន្តចូលរួមក្នុងការស្វែងរកលទ្ធភាពក្នុងការកែប្រែច្បាប់នេះ ទៀត បើទោះបីជាគណបក្សសង្គ្រោះជាតិ បានព្យាយាមចរចាជាមួយគណបក្សកាន់អំណាច ហើយមិនបានទទួលលទ្ធផល ១០០ភាគរយដូចដែលមហាជនចង់បានក៏ដោយនោះ។
ជាងនេះទៅទៀត លោក កឹម សុខា បានជំរុញឲ្យតំណាងសង្គមស៊ីវិលដែលមានជំនាញខាងការបោះឆ្នោត អញ្ជើញចូលរួមដាក់ពាក្យចូលធ្វើជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត៕
No comments:
Post a Comment