មេដឹកនាំ បក្សប្រឆាំង រំពឹងថា, នឹងមាន ការលើកលែងទោស ចំពោះ សកម្មជន នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ១២ មិនា ២០១៥
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍
ខណៈលោក ទៅសួរសុខទុក្ខ មន្ត្រីជាន់ខ្ពស់ របស់ គណបក្ស សង្គ្រោះជាតិ លោក
មាជ សុវណ្ណារ៉ា ក្នុងពន្ធនាគារ ព្រៃ ស នៅថ្ងៃ ទី១២ មីនា ២០១៥។ RFA/Uon Chhin
មេដឹកនាំ បក្សប្រឆាំង រំពឹងថា, នឹងមាន ការលើកលែងទោស ចំពោះ មន្ត្រីជាន់ខ្ពស់ និងសកម្មជន នយោបាយ ក្នុងដំណាក់កាល នៃការសម្របសម្រួល នយោបាយ ចុងក្រោយ នេះ។
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ យ៉ាងដូច្នេះ ខណៈ ដែលលោក បានអញ្ជើញ សួរសុខទុក្ខ មន្ត្រីជាន់ខ្ពស់ របស់ គណបក្ស សង្គ្រោះជាតិ, គឺ លោក មាជ សុវណ្ណារ៉ា ក្នុងពន្ធនាគារ ព្រៃ ស នៅថ្ងៃ ទី១២ មីនា៖ «ក្រោយ អំពី ការអនុម័ត ច្បាប់បោះឆ្នោត, ច្បាប់ គ.ជ.ប. ចប់ហើយ, យើង នឹងលើកបញ្ហានេះ យកមក ជជែកគ្នា, ពីព្រោះ កាលណា យើង មានស្ថិរភាពហើយ, យើង មានការ សម្របសម្រួលហើយ, យើង ត្រូវតែ សម្របសម្រួល ឲ្យចប់ ទាំងអស់ ដើម្បី កុំ ឲ្យមាន ផលរមាស់ ទាំងអស់គ្នា ដើម្បី រួមគ្នា កសាងប្រទេស ទៅមុខទៀត។ ជ្រើសរើស សមាជិ ក គ.ជ.ប. ៩រូបហើយ នឹងដាក់ ឲ្យសភា ពេញអង្គ ប្រជុំ បោះឆ្នោត អនុម័ត លើសមាសភាព គ.ជ.ប. ទាំង៩ រូបហ្នឹង ថ្ងៃ១៣ ខែ៤ មុនចូលឆ្នាំ។ អ៊ីចុះហើយ ចូលឆ្នាំ ខ្ញុំ សង្ឃឹមថា, គ.ជ.ប. ក៏ថ្មី, ច្បាប់បោះឆ្នោត ក៏ថ្មី, ហើយ អ្នក ដែលមានទោស នយោបាយហ្នឹង គឺ ត្រូវ បានដោះលែង មានសេរីភាព។»
មន្ត្រី និងតំណាងរាស្ត្រមួយចំនួន ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ សរុបប្រមាណ ៥០នាក់បានចូលរួមក្នុងការសួរសុខទុក្ខសកម្មជននយោបាយដែលកំពុងតែ ជាប់ឃុំ ប៉ុន្តែមន្ត្រី និងតំណាងរាស្ត្រ ៥រូបប៉ុណ្ណោះ រួមទាំងលោក កឹម សុខា ផង បានត្រូវគេអនុញ្ញាតឲ្យចូលជួបលោក មាជ សុវណ្ណារ៉ា។
លោក មាជ សុណ្ណារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានអំពើហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។ ជាមួយគ្នានោះ សកម្មជនគណបក្ស ១០នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដូច គ្នានេះដែរនៅថ្ងៃបន្តបន្ទាប់។
តុលាការកំពូលបានសម្រេចនៅព្រឹកថ្ងៃទី១១ មីនា មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សមួយរូបទៀត គឺលោក អ៊ុក ពេជ្រសំណាង បាននៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវីឡើយ៕
No comments:
Post a Comment