ច្បាប់បោះឆ្នោត ថ្មី នឹងត្រូវ សភា ប្រជុំអនុម័ត ជាផ្លូវការ នៅចុងខែមីនា
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិនា ២០១៥
សេចក្ដីព្រាង សេចក្ដីស្នើច្បាប់ ចំនួនពីរ ដ៏ចម្រូងចម្រាស ដែលសង្គមស៊ីវិល ជាង៦០ មិនគាំទ្រនោះ, ក្រុមការងារ គណបក្ស ជាប់ឆ្នោត ទាំងពីរ នឹងមិនធ្វើ សិក្ខាសាលា ពិភាក្សា ទៀតទេ ទោះ ជាមាន ការស្នើសុំ ពីអង្គការ សង្គមស៊ីវិល មួយចំនួន ក៏ដោយ។ សេចក្ដីព្រាងច្បាប់ ថ្មី ទាំងពីរនេះ នឹងត្រូវ សភា ប្រជុំអនុម័ត ជាផ្លូវការ នៅចុងខែ មីនា គឺ នៅមុនពេល ចូលឆ្នាំថ្មី ប្រពៃណីជាតិ។
សេចក្ដីព្រាងច្បាប់ កំណែទម្រង់ ការបោះឆ្នោត ទាំងពីរ ដែលអង្គការ សង្គមស៊ីវិល ទាមទារ ឲ្យមាន ការកែប្រែ និងលុបមាត្រា មួយចំនួន ចេញសិននោះ នឹងត្រូវ បញ្ជូន ដល់គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បី រង់ចាំ សភា បើកកិច្ចប្រជុំ អនុម័ត នៅពេល ដ៏ខ្លី ខាងមុខ។
មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យ រដ្ឋសភា ឲ្យដឹង នៅថ្ងៃ ទី១៣ មីនា ថា, សេចក្ដីព្រាង សេចក្ដីស្នើច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ និងសេចក្ដីព្រាងច្បាប់ ស្ដីពី ការៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោតនេះ, គណៈកម្មការ អចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងបើក កិច្ចប្រជុំ នៅថ្ងៃច័ន្ទ ទី១៦ មីនា ដើមសប្ដាហ៍ក្រោយ ដើម្បី កំណត់ថ្ងៃ កាលបរិច្ឆេទ បើកកិច្ចប្រជុំ វិសាមញ្ញពេញអង្គ ក្នុងការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ទាំងពីរនេះ។
ទោះ ជាយ៉ាងនេះក្ដី លោក ឈាង វុន បញ្ជាក់ថា, សេចក្ដីព្រាងច្បាប់នេះ សភា នឹងបើកកិច្ចប្រជុំ ពិភាក្សា យ៉ាងយូរ នៅថ្ងៃ ទី១៩ និងថ្ងៃ ទី២០ មីនា ខាងមុខ៖ «ចឹងហើយ ពេលសភា អនុម័ត រួចហើយ ត្រូវ បញ្ជូនទៅ ឲ្យព្រឹទ្ធសភា, បន្ទាប់មក គឺ បញ្ជូនទៅ ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី ពិនិត្យថា, ច្បាប់ហ្នឹង ស្របតាម រដ្ឋធម្មនុញ្ញអត់?»
សេចក្ដីព្រាងច្បាប់ ទាំងពីរ ដែលក្រុមការងារ គណបក្ស ជាប់ឆ្នោត ទាំងពីរ បានប្រើពេល ជាច្រើនខែ រៀបចំ ធ្វើឡើង ដ៏មាន ភាពចម្រូងចម្រាស រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នោះ, ទីបំផុត គណបក្ស ទាំងពីរ រកចំណុចរួម មួយ ដើម្បី ឯកភាពគ្នា និងធ្វើ សិក្ខាសាលា កាលពីថ្ងៃ ទី៩ មីនា, ពោល គឺ គណបក្ស សង្គ្រោះជាតិ យល់ព្រម តាមការស្នើសុំ របស់ ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ដូចជាការ ដាក់បញ្ចូល ឲ្យស្ថាប័ន អង្គការ សង្គមស៊ីវិល ឲ្យឯករាជ្យ និងការ ដាក់ទោស អង្គការ សង្គមស៊ីវិល, ការផាកពិន័យ ប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត, និងការ អនុញ្ញាត ឲ្យមន្ត្រី តុលាការ, យោធា មានសិទ្ធិ ចូលរួម ឃោសនា បោះឆ្នោត បាន នៅក្រៅ ម៉ោងធ្វើការ និងករណី ផ្សេងៗទៀត។
ក៏ប៉ុន្តែ ចំណុច ទាំងនេះ ទោះ ជាអង្គការ សង្គមស៊ីវិល ជាង៦០ ស្ថាប័ន ដែលធ្វើការ ទាក់ទង ការបោះឆ្នោត មិនគាំទ្រ និងស្នើ ឲ្យដកចេញ ក៏ដោយ, នៅទីបំផុត សេចក្ដីព្រាងច្បាប់ ទាំងពីរនេះ នៅតែ ក្រុមការងារ គណបក្ស ទាំងពីរ បញ្ជូន ឲ្យគណៈកម្មការ សភា ដើម្បី ពិនិត្យ។ រីឯ ការស្នើសុំ របស់ សង្គមស៊ីវិល ឲ្យយកច្បាប់នេះ មកពិគ្រោះយោបល់ ទៀតនោះ មិនត្រូវ បានគណបក្ស ទាំងពីរ យល់ព្រម នោះឡើយ។
បន្ថែមពីនេះ លោក ឈាង វុន អះអាងថា, សេចក្ដីព្រាងច្បាប់នេះ គឺ មានការ ពិភាក្សាគ្នា គ្រប់គ្រាន់ នៅក្នុងសិក្ខាសាលា កាលពីថ្ងៃ ទី៩ មីនា នោះ។
ប្រធាន គណៈកម្មាធិការ ដើម្បី ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និងជាតំណាង សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត (ហៅថា អឺរ៉ា, ERA) មានប្រសាសន៍ ថា, បើសិន ជាក្រុមការងារ គណបក្ស ទាំងពីរ មិនយក អនុសាសន៍ ឬការស្នើសុំ របស់ សង្គមស៊ីវិល ទេនោះ នឹងធ្វើ ឲ្យការបោះឆ្នោត នៅពេល ខាងមុខ ប៉ះពាល់ ដល់សិទ្ធិ របស់ សង្គមស៊ីវិល, កាត់បន្ថយ គុណភាព, បន្ថយការចូលរួម អ្នកសង្កេតការណ៍ស្ ម័គ្រចិត្ត, ប៉ះពាល់ ដល់គណបក្ស នយោបាយ ចូលរួម ប្រកួតប្រជែង នៅពេល ឃោសនា បោះឆ្នោត៖ «ហេតុផល ដែលយើង ចង់ ឲ្យមាន ការកែប្រែហ្នឹង, យើង នឹងបញ្ជូន ឲ្យទៀត ដើម្បី ឲ្យដឹង ពីអ្វី ជាអាទិភាព។ ហើយ អង្គការសង្គមស៊ីវិល នឹងជំរុញ ឲ្យដៃគូ អភិវឌ្ឍន៍ និងដៃគូ ពាក់ព័ន្ធ ដទៃទៀត ដើម្បី ឲ្យដឹង ពីច្បាប់នេះ រឹតត្បិត សិទ្ធិសេរីភាព។»
ការបញ្ជូន សេចក្ដីព្រាងច្បាប់ ទាំងពីរនេះ ទៅ ឲ្យគណៈកម្មការ អចិន្ត្រៃយ៍រដ្ឋ សភា និងបញ្ជូន ឲ្យគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនេះ ហាក់ដូច ជាធ្វើទៅ តាមទំនោរ ចង់បាន របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល លោក ហ៊ុន សែន បានប្រកាស ថា, លោក មិនខ្វល់ ពីការស្នើសុំ របស់ អង្គការ សង្គមស៊ីវិល មួយចំនួន នោះឡើយ។
ទោះ ជាយ៉ាងនេះក្ដី លោក គល់ បញ្ញា អះអាង ថា, នៅសប្ដាហ៍ ក្រោយនេះ, ក្រុមអង្គការ សង្គមស៊ីវិល នឹងបើក កិច្ចប្រជុំ ដើម្បី ស្វែងរក អនុសាសន៍ បន្ថែម និងផ្ញើជូន ក្រុមការងារ គណបក្ស ទាំងពីរ នៅមុនពេល សភា អនុម័ត ជាផ្លូវការ។ លោក បន្ថែមថា, អង្គការ សង្គមស៊ីវិល នឹងធ្វើ យុទ្ធនាការ ជាច្រើនទៀត ដើម្បី ឲ្យគណបក្ស ទាំងពីរ ទទួល យកអនុសាសន៍ ទាំងនោះ។
អ្នកនាំពាក្យ រដ្ឋសភា លោក ឈាង វុន និងជាមន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា អះអាងថា, ក្រុមការងារ គណបក្ស ទាំងពីរ ចង់ ឲ្យសភា អនុម័តច្បាប់នេះ និងរៀបចំ សមាសភាព គណៈកម្មការ ជាតិ រៀបចំ ការបោះឆ្នោត តាមរូបមន្ត សមាសភាព មកពីគណបក្ស ជាប់ឆ្នោត ទាំងពីរ ម្ខាង ៤នាក់ និងមួយរូបទៀត ជ្រើសរើសចេញ ពីអង្គការ សង្គមស៊ីវិល រួចរាល់ ជាផ្លូវការ នៅមុនពេល ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ រីឯ បេក្ខភាព អ្នកស្រី ពុង ឈីវកេក ប្រធាន អង្គការ សិទ្ធិមនុស្ស លីកាដូ នោះ នឹងមិនអាចឈរ ជាបេក្ខភាព ទី៩ ដែលតំណាង ឲ្យអង្គការ សង្គមស៊ីវិល បានទេ បើសិន ជាអ្នកស្រី មិនលាលែង សញ្ជាតិ បរទេស របស់គាត់ ទៅតាមច្បាប់ កំណត់ ឲ្យមាន សញ្ជាតិខ្មែរ តែ មួយនោះ៕
No comments:
Post a Comment