Paris Peace Accords 23 Oct. 1991

Monday, April 27, 2015

អ្នក​វិភាគ៖ លោក ហ៊ុន សែន សូម កុំ​ឲ្យ​លោក សម រង្ស៊ី ធ្វើ​បាប, ​គ្រាន់តែ​ ជា​យុទ្ធសាស្ត្រ | Analyst: Hun Sen's asking Sam Rainsy not to take revenge is only a strategy

អ្នក​វិភាគ៖ លោក ហ៊ុន សែន សូម កុំ​ឲ្យ​លោក សម រង្ស៊ី ធ្វើ​បាប ​គ្រាន់តែ​ ជា​យុទ្ធសាស្ត្រ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ មេសា ២០១៥

ហ៊ុន សែន សម រង្ស៊ី ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។  Photo: RFA

អ្នក​វិភាគ​ យល់​ថា ការ​លើក​ឡើង ​របស់ ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សូម កុំ​ឲ្យ​លោក សម រង្ស៊ី ធ្វើ​បាប ​នៅ​ពេល​លោក ​អស់​អំណាច​នោះ វា​ គ្រាន់តែ​ ជា​យុទ្ធសាស្ត្រ​ របស់​លោក ហ៊ុន សែន បង្ហាញ​ភាព​ ជិតស្និទ្ធ​ ជាមួយ​ គណបក្ស​ សង្គ្រោះ​ជាតិ ដើម្បី ​ធ្វើ​ឲ្យ​ គណបក្ស​ប្រឆាំង ថយ​ប្រជាប្រិយភាព​ ប៉ុណ្ណោះ។

ល្បឿន ​នៃ​វប្បធម៌​សន្ទនា​ រវាង​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ហាក់​បាន​ស្ទុះ​លឿន​ ទៅ​មុខ​ គួរ​ ឲ្យ​កត់សម្គាល់ ពិសេស​ ចាប់​តាំង ​ពី​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា​ បង្កើត​សមាសភាព គ.ជ.ប. ថ្មី និង​នៅ​ក្រោយ ​មាន​ការ​ដោះលែង​ សកម្មជន​ បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល ​ថ្មីៗ​នេះ។

ថ្នាក់ដឹកនាំ​ បក្ស​ទាំង​២ ដែល​ពី​មុន​មក​ធ្លាប់​ពាក់​មុខ​យក្ស​ដាក់​គ្នា ហើយ​ដែល​ពេល​នេះ បាន​ប្រែ​ក្លាយ​ជា​ផ្អែមល្ហែម​ជាមួយ​គ្នា​វិញ​នោះ បាន​សម្ដែង​មោទនភាព​ចំពោះ​គុណ​តម្លៃ​នៃ​វប្បធម៌​សន្ទនា​របស់​ខ្លួន​នៅ​ពេល​ នេះ។ ពួកគេ​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​អំពី​តម្លៃ​នៃ​វប្បធម៌​សន្ទនា ចំពោះ​មុខ​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស​នោះ​ទេ តែ​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ពួកគេ​បាន​ដឹក​ដៃ​គ្នា​ទៅ​ថ្លែង​អំពី​វប្បធម៌​សន្ទនា នៅ​ចំពោះ​មុខ​និស្សិត ពលករ កម្មករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ទៀត​ផង។ ទង្វើ​បែប​នេះ វា​មិន​ដែល​កើត​ឡើង​ទេ​ពី​មុន​មក។

ពី​មុន​មក​គេ​ធ្លាប់តែ​ឮ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ថ្លែង​ឲ្យ​លុប​បំបាត់​ឲ្យ​អស់​នូវ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច ​ស្រមោច​ស៊ី​ត្រី។ ប៉ុន្តែ​គេ​មិន​ដែល​ឮ​លោក ហ៊ុន សែន ថ្លែង​ឲ្យ​ចំៗ​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាប​លោក​ពេល​លោក​អស់​អំណាច​នោះ​ ទេ៖ «ឥឡូវ​ខ្ញុំ​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទាំង​អស់​គ្នា​នៅ​ជាមួយ​បាន ប៉ុន្តែ​ស្រាប់តែ​ដល់​ពេល​ណា​មួយ ស្រាប់តែ​ឯកឧត្ដម សម រង្ស៊ី ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ម្ដង ឧទាហរណ៍​ទេ​ណា! ស្រាប់តែ​ដល់​ពេល​ហ្នឹង​ឯកឧត្ដម​អត់​ឲ្យ​ខ្ញុំ​រស់​នៅ ស្រាប់​តែ​ទៅ​ធ្វើ​បាប​ខ្ញុំ។»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ប្រាប់​លោក សម រង្ស៊ី ដែរ​ថា ប្រសិន​បើ​មាន​ការ​ធ្វើ​បាប​លោក​នៅ​ពេល​អស់​អំណាច​មែន កម្លាំង​ដែល​គាំទ្រ​លោក​ក៏​ប្រាកដជា​វាយ​បក​ទៅ​វិញ មិន​អាច​ធ្វើ​ឲ្យ​លោក សម រង្ស៊ី នៅ​បាន​សុខ​នោះ​ដែរ ព្រោះ​លោក​ថា គ្រប់​គណបក្ស​ទាំង​អស់​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​រៀងៗ​ខ្លួន ទោះ​តិច ឬ​ច្រើន​ក្តី។

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន អះអាង​ថា វប្បធម៌​ប្រទូសរ៉ាយ​គ្នា​មិន​ផ្ដល់​ផល​ល្អ​ដល់​កម្ពុជា នោះ​ទេ ព្រោះ​ថា វា​បាន​ធ្វើ​ឲ្យ​ខ្មែរ​ជួប​នូវ​ទុក្ខវេទនា​អស់​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី​អស់​ជា​ច្រើន​ដែរ។ លោក​ថា រាល់​ដំណោះស្រាយ​ប្រទេស​ជាតិ វា​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ខ្មែរ​គ្រប់​រូប។

ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដូច​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា វា​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ។

អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​ឯករាជ្យ​លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹង​ខ្លួន​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក អាច​នឹង​មិន​ឈ្នះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។ លោក​ថា ការ​ដែល​លោក ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​នេះ វា​អាច​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​បក្ស​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថយ​ចុះ​ខ្សោយ។

លោក កែម ឡី ហាក់​ពុំ​សូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​ភាព​ស្និទ្ធស្នាល​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ពេល​នេះ​ឡើយ ព្រោះ​លោក​យល់​ថា វា​គ្រាន់តែ​ជា​ភាព​ស្និទ្ធស្នាល​មួយ​រយៈពេល​ប៉ុណ្ណោះ។

លោក​បន្ត​ថា នៅ​ពេល​ដែល​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​ធ្លាក់​ចុះ ឬ​នៅ​ក្រោយ​ពេល​ដែល​បក្ស​កាន់​អំណាច​ខ្ចី​ដៃ​បក្ស​ប្រឆាំង​អនុម័ត​ច្បាប់​ មួយ​ចំនួន​ដែល​បក្ស​កាន់​អំណាច​ចង់​បាន​រួច​ហើយ ពេល​នោះ​វប្បធម៌​សន្ទនា​អាច​នឹង​បាត់បង់​ទៅ​វិញ៖ «ប៉ុន្តែ​បើ​វប្បធម៌​ ហ្នឹង​វា​អ៊ីចឹង​មែន ធ្វើការ​ជាមួយ​គ្នា​វា​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ថា តើ​វប្បធម៌​ហ្នឹង​អាច​ដោះស្រាយ​ជនអន្តោប្រវេសន៍​បាន​ដោយ​ប្រសិទ្ធភាព ឬ​ទេ វប្បធម៌​ហ្នឹង​អាច​រៀបចំ​អភិបាលកិច្ច​បំបាត់​អំពើ​ពុករលួយ​បាន ឬ​ទេ វប្បធម៌​ហ្នឹង​អាច​ថែរក្សា​ព្រៃឈើ ព្រៃឡង់ ព្រៃ​អារ៉ែង ហ្នឹង​បាន​ដែរ ឬ​ទេ។ វប្បធម៌​ហ្នឹង​អាច​ធានា​ថា កោះ​ទាំង​ឡាយ​ដែល​នៅ​ជា​ធរមាន​ការពារ​គង់វង្ស ឬ​ទេ? អា​ហ្នឹង​វា​ចំ​ជា​ផែនការ​យុទ្ធសាស្ត្រ ជា​យន្តការ​ធ្វើ​ការ​ជាមួយ​គ្នា។»

​កន្លង​មក​លោក ហ៊ុន សែន ប្រកាស​ថា វប្បធម៌​សន្ទនា​រវាង​លោក​និង​លោក សម រង្ស៊ី គឺ​មាន​គោលដៅ​តែ ២​ប៉ុណ្ណោះ គឺ​ដើម្បី​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស វា​មិនមែន​ជា​ការ​ទៅ​ស៊ុមគ្រលុំ​គ្នា​ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក កែម ឡី បញ្ជាក់​ថា ប្រសិនបើ​វប្បធម៌​សន្ទនា​នេះ បង្កើត​ឡើង​គ្រាន់តែ​ជា​ការ​បំបិទ​ការ​រិះគន់​ដើម្បី​ស្ថាបនា នោះ​វា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ គឺ​វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ផ្ដួល​រំលំ​ភាគី​ម្ខាង​ទៀត​ ប៉ុណ្ណោះ៕



No comments:

Post a Comment