Paris Peace Accords 23 Oct. 1991

Wednesday, April 8, 2015

គណបក្ស​ ជាប់​ឆ្នោត ទម្លាយ​សមាសភាព គ.ជ.ប. ថ្មី​ ទាំង​៩​រូប | Both elected parties reveal composition of 9 new NEC members

គណបក្ស​ ជាប់​ឆ្នោត ទម្លាយ​សមាសភាព គ.ជ.ប. ថ្មី​ ទាំង​៩​រូប

media  
កិច្ចប្រជុំ​គ.ជ.ប. គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ស្តីពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោតនាពេលកន្លងមក។ © ចាន់ណា/rfi

នៅ​ទី​​បំផុត ​សមាសភាព ​គណៈកម្មាធិការ​​ ជាតិ​​ រៀប​ចំ​​ ការ​​បោះ​ឆ្នោត ​​ថ្មី​​ ទាំង​​៩​រូប​ ត្រូវ​​ បាន​​គណបក្ស​ ប្រជាជន​កម្ពុជា​ និង​គណបក្ស​ សង្រ្គោះជាតិ ​ទម្លាយ ​​ឲ្យ​​ដឹង​​ ជា​​សាធារណៈ​​ហើយ ​នៅ​​ព្រឹក​​ ថ្ងៃ​​ពុធ​​នេះ​។ ​ គណបក្ស ​​ទាំង​ពីរ​​នេះ ​បាន​​ផ្ញើ​​លិខិត​​ ទៅ​​កាន់​​លោក​​ ហេង សំរិន ​ប្រធាន​​ រដ្ឋសភា ​​កម្ពុជា​​ ដើម្បី​​ បញ្ជាក់ ​​ពី​​បេក្ខជន​​ ម្ខាង ​​៤​​រូប ​​របស់​​ខ្លួន។ ​ លិខិត​​ ដាច់​​ដោយ​​ឡែក ​​មួយ​​ទៀត​​ បាន​​បង្ហាញ​​ ពី​​ការ​​ព្រម​ព្រៀង ​​របស់ ​គណបក្ស​​ ទាំង​ពីរ​ ជ្រើស​​យក​​លោក​​ ហង្ស ពុទ្ធា ​ជា​​បេក្ខភាព ​​ទី​​៩ ​​របស់​ គ.ជ.ប. ​​ថ្មី​ ផង​​ដែរ​​។​



សមាសភាព ​៤​រូប ពី​កូតា​គណបក្ស ​ប្រជាជន​កម្ពុជា រួម​មាន លោក ស៊ិក ប៊ុនហុក ជា​ប្រធាន, លោក មាន សទិ, លោក ឌុច សុន, និង​លោក ឯម សូផាត​ ជា​សមាជិក​។  រី​ឯ ​សមាសភាព​ ៤​រូប ពី​កូតា​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ដូច​ជា លោក គួយ ប៊ុនរឿន, លោក រ៉ុង ឈុន, លោក ហ៊ីង ធីឫទ្ធិ, និង​លោក​ស្រី តែ ម៉ានីរ៉ុង​។ ចំណែក​សមាសភាព​ទី​៩ នៃ​គជប ដែល​ជា​សមាសភាព​ឯករាជ្យ គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា ជ្រើស​យក​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​អព្យាក្រិត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច​។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា បេក្ខភាព​ទាំង​៤​រូប​ពី​កូតា​គណបក្ស​ប្រជាជន គឺ​ត្រូវ​បាន​ពិនិត្យ និង​​ជ្រើស​រើស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ បេក្ខភាព​ទាំង​៤​រូប​ដែល​គណបក្ស​បាន​ជ្រើស​រើស មាន​សមត្ថភាព​យល់​ដឹង​ទាំង​ខាង​ច្បាប់ និង​ការ​បោះ​ឆ្នោត​។ លោក ឈឹម ផលវរុណ ​អះអាង​ថា បេក្ខភាព​ទាំង​៤​រូប​ពី​គណបក្ស​ប្រជាជន នឹង​ធានា​ឲ្យ​មាន​ភាព​សុក្រឹត្យ​ក្នុង​ការ​អនុវត្ត​ច្បាប់ ដើម្បីផល​ប្រយោជន៍​សាធារណៈ​។

ចំណែក​លោក គួយ ប៊ុនរឿន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​ម្នាក់​មក​ពី​កូតា​គណបក្ស​នេះ ឲ្យ​ដឹង​​ថា គជប ថ្មី ដែលមាន​សមាសភាព​រួម​​​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ព្រម​ទាំង​សមាសភាព​ឯករាជ្យ​ផង​ដែរ​នោះ នឹង​មាន​ដំណើរការ​ល្អ​ប្រសើរ​។ បើ​តាម​លោក គួយ ប៊ុនរឿន គជប ថ្មី​នេះ នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ទន្ទឹង​រង់​ចាំ​​កំណែ​ទម្រង់ និង​សមាសភាព​ថ្មី​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា យោង​តាម​សមាសភាព​ដែល​គណបក្ស​ទាំង​ពីរ​បាន​ជ្រើស​រើស​រួច​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​រៀប​ចំ​បញ្ជី​សមាសភាព គជប ដាក់​ជូន​រដ្ឋសភា​។ រដ្ឋសភា ដែល​បើ​តាម​គម្រោង គឺ​ត្រូវ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដីទុក​ចិត្ត​លើ​សមាសភាព គជប ថ្មី ទាំង​៩​រូប​នេះ នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា​ តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​៕






No comments:

Post a Comment