បក្សទាំងពីរ ជ្រើសរើស យកលោក ហង្ស ពុទ្ធា ធ្វើជាបេក្ខភាព ទី៩ នៃគ.ជ.ប.
RFA / វិទ្យុ អាស៊ី សេរី | ៣១ មិនា ២០១៥
ប្រធាន អង្គការ លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក នៅថ្ងៃ ទី៣១ ខែមីនា បានចេញ សេចក្ដីថ្លែងការណ៍ មួយ បដិសេធ តំណែង ជាសមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដែលគណបក្ស នយោបាយ ឈ្នះឆ្នោត ទាំងពីរ បានប្រកាស កន្លងទៅ ថា, ប្រគល់ជូន អ្នកស្រី។ ក្រោយ ពីមាន ការបដិសេធនេះ ដំណឹង អំពី បេក្ខភាពថ្មី ក៏ត្រូវ បានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បង្ហាញ ជាសាធារណៈ។
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឯកភាពគ្នា ជ្រើសរើស យកលោក ហង្ស ពុទ្ធា នាយកអង្គការ ឃ្លាំមើល ការបោះឆ្នោត (ហៅថា និកហ្វិច, Nicfec) ធ្វើជាបេក្ខភាព ទី៩ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន ផ្ញើទៅ លោក សម រង្ស៊ី បានឲ្យដឹងថា តាមការឆ្លងឆ្លើយគ្នារវាងលោក និងលោក សម រង្ស៊ី តាមសារទូរស័ព្ទនៅថ្ងៃទី២៩ មីនា គណបក្សទាំងពីរបានឯកភាពគ្នាជ្រើសរើសយក លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ហៅកាត់ថា និកហ្វិច ធ្វើជាបេក្ខភាពទី៩ នៃគ.ជ.ប។ លិខិតមានហត្ថលេខា លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងចុះកាលបរិច្ឆេទថ្ងៃទី២៩ មីនា។
បញ្ហានេះ លោក ហង្ស ពុទ្ធា បានឆ្លើយតបថា លោកមិនដែលមានបំណង និងត្រៀមខ្លួនជាមុនសម្រាប់បេក្ខភាពទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នោះទេ។ ប៉ុន្តែលោកនឹងពិចារណា៖ «មានសមាជិកសម្ព័ន្ធអឺរ៉ាសំខាន់ៗជាច្រើនទៀតដែរ។ ប៉ុន្តែខ្ញុំនឹងសុំពេលវេលាដើម្បីជជែកពិចារណា។»
ព័ត៌មានជុំវិញការជ្រើសរើសបេក្ខជនទី៩ នៃគ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីមានដំណឹងថា អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ នៅថ្ងៃទី៣១ មីនា បានចេញសេចក្ដីថ្លែងការណ៍មួយ បដិសេធតំណែងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរបានប្រកាសកន្លងទៅថា ប្រគល់ជូនអ្នកស្រី។
សេចក្ដីថ្លែងការណ៍មានខ្លឹមសារថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរ បានឯកភាពគ្នាជ្រើសរើសអ្នកស្រីជាសមាជិកទី៩ របស់ គ.ជ.ប ដែលតំណាងភាពឯករាជនៅក្នុងសមាសភាពសមាជិក គ.ជ.ប ថ្មី។ សមាជិក គ.ជ.ប ថ្មី មានសមាជិកមកពីគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា ចំនួន ៨រូប ដោយ ៤រូបមកពីគណបក្សប្រជាជនកម្ពុជា និង ៤រូបទៀតមកពីគណបក្សសង្គ្រោះជាតិ។
តួនាទីថ្មីរបស់សមាជិកទី៩ គឺជាសមាជិកឯករាជ្យ ហើយជួយឲ្យស្ថាប័ន គ.ជ.ប នេះមានភាពឯករាជ និងរៀបចំការបោះឆ្នោតទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។
យ៉ាងនេះក្ដី អ្នកស្រី ពុង ឈីវកេក ថ្លែងបញ្ជាក់ថា អ្នកស្រីទទួលយកសំណើនេះបាន ប្រសិនជាឯករាជភាពនៃស្ថាប័នថ្មីមួយនេះ ត្រូវបានធានាច្បាស់លាស់ និងលក្ខខណ្ឌដែលអាចអនុវត្តកិច្ចការងាររបស់ គ.ជ.ប ឯករាជ្យ និងអព្យាក្រឹត៖ «ខ្ញុំចង់ឃើញការសរសេរច្បាប់នេះច្បាស់លាស់ ដែលជាស្ថាប័នឯករាជ្យ។ ឥឡូវនេះខ្ញុំគ្រាន់តែមានក្ដីបារម្ភ។»
ទោះយ៉ាងណា គណបក្សទាំងពីរសម្ដែងការសោកស្ដាយចំពោះការបដិសេធមិនទទួលយកតួនាទី ជាបេក្ខភាពទី៩ គ.ជ.ប របស់អ្នកស្រី ពុង ឈីវកេក ប៉ុន្តែពួកគេលើកឡើងថា វាគឺជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកស្រី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ឈឹម ផលវរុណ មានទស្សនៈថា គណបក្សគោរពនូវការសម្រេចចិត្តរបស់សាមីខ្លួន ព្រោះជាសិទ្ធិសេរីភាពរបស់បុគ្គល ថ្វីត្បិតតែគណបក្សប្រជាជនកម្ពុជា ពេញចិត្តបុគ្គលរបស់អ្នកស្រីក៏ដោយ៖ «យើងគោរពនូវការសម្រេចចិត្តរបស់គាត់។»
រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ថា គណបក្សនៅតែគាំទ្របេក្ខភាពរបស់អ្នកស្រី ពុង ឈីវកេក ដដែល។ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ទេថា ច្បាប់បោះឆ្នោតថ្មីដែលចែងតម្រូវឲ្យបេក្ខភាពនេះលះបង់សញ្ជាតិនោះ អាចនឹងទាក់ទងដល់ការសម្រេចចិត្តរបស់អ្នកស្រីនៅពេលនេះ៖ «ប៉ុន្តែអ្វីដែលមានចែងនៅក្នុងច្បាប់នោះ គឺមិនមានការឯកភាពគ្នារវាងគណបក្សកាន់អំណាច និងគណបក្សមិនកាន់អំណាចនោះទេ។»
ទាក់ទងនឹងបេក្ខភាពទី៩ ថ្មីនេះ ក្នុងលិខិតរបស់គណបក្សទាំងពីរ បានឯកភាពគ្នារៀបចំលិខិតរួមគ្នាជាផ្លូវការមួយផ្ញើជូនទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ជាក់អំពីការព្រមព្រៀងគ្នាលើសំណើនេះ៕
No comments:
Post a Comment