Paris Peace Accords 23 Oct. 1991

Saturday, April 18, 2015

បក្ស​ប្រជាជន​ បញ្ជូន​ឈ្មោះ​ បេក្ខជន តំណាង​រាស្ត្រ​ ជំនួស​លោក ស៊ិក ប៊ុនហុក ទៅ​គ.ជ.ប. | CPP forward name of MP candidate to replace Sin Bin Hok in NEC

បក្ស​ប្រជាជន​ បញ្ជូន​ឈ្មោះ​ បេក្ខជន តំណាង​រាស្ត្រ​ ជំនួស​លោក ស៊ិក ប៊ុនហុក ទៅ​គ.ជ.ប.

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ មេសា ២០១៥

គ.ជ.ប
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប។ RFA

ឈ្មោះ​បេក្ខជន​ តំណាង​រាស្ត្រ ​គណបក្ស ​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ធំ ដែល​នឹង​ឡើង​ ធ្វើ​ជា​សមាជិក​ សភា​ ជំនួស លោក ស៊ិក ប៊ុនហុក ត្រូវ ​បាន​គណបក្ស ​ប្រជាជន​កម្ពុជា បញ្ជូន​ទៅ​កាន់​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត ​រួច​ហើយ កាល​ពី​ថ្ងៃ​ ទី​១៧ មេសា។  មន្ត្រី គ.ជ.ប. លើក​ឡើង ​ថា, នីតិវិធី​ នៃ​ការ​ផ្លាស់ប្ដូរ​ នឹង​ចាប់​ផ្តើម​ ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

ជាទូទៅ​ នៅ​ពេល​ ដែល​តំណាង​រាស្ត្រ​ ចេញ​ពី​គណបក្ស​ នយោបាយ​ ណា​មួយ មិន​អាច​ បន្ត​បំពេញ ​តួនាទី ឬ​លាលែង​ ចេញ​ពី​សមាជិក ​រដ្ឋសភា បេក្ខជន​ តំណាង​រាស្ត្រ​ ដែល​ឈរ​ឈ្មោះ​ នៅ​លេខ​រៀង ​បន្តបន្ទាប់ នឹង​ត្រូវ​ បាន​រដ្ឋសភា ​ប្រកាស​សុពលភាព ​ជា​តំណាង​រាស្ត្រ​ ថ្មី​ ជំនួស​ តំណាង​រាស្ត្រ​ ចាស់ បន្ទាប់​ពី​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ ពិនិត្យ​ឃើញ​ ថា, ការ​ផ្លាស់ប្ដូរ​ នោះ​ ស្រប​តាម​ច្បាប់។

តំណាង​រាស្ត្រ​ គណបក្ស​ ប្រជាជន​កម្ពុជា មណ្ឌល​​កំពង់ធំ លោក ស៊ិក ប៊ុនហុក ដែល​ត្រូវ​ បាន​រដ្ឋសភា ​បោះ​ឆ្នោត​ ទុក​ចិត្ត​ ធ្វើ​ជា​ប្រធាន គ.ជ.ប. ​ថ្មី, ហើយ ​ដែល​ទើប ​បាន​ប្រកាស​ ចូល​កាន់​តំណែង​ កាល​ពី​ពេល ​ថ្មីៗ​នេះ, តំណែង​តំណាង​រាស្ត្រ ​របស់​លោក​ នឹង​ត្រូវ ​ជំនួស ​ដោយ​បេក្ខជន​ តំណាង​រាស្ត្រ​ មណ្ឌល​​កំពង់ធំ  ផ្សេង​ទៀត។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេសា ថា គ.ជ.ប បាន​ទទួល​រួច​ហើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ ដែល​នឹង​ត្រូវ​មក​ជំនួស​តំណែង​សមាជិក​រដ្ឋសភា​របស់ លោក ស៊ិក ប៊ុនហុក។ លោក ទេព នីថា ឲ្យ​ដឹង​ដែរ​ថា បេក្ខជន​តំណាង​រាស្ត្រ​ថ្មី​នោះ គឺ​លោក ជា អឿង។

បើ​តាម លោក ទេព នីថា បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ធំ ដែល​ឈរ​ឈ្មោះ​បន្ទាប់​ពី លោក ស៊ិក ប៊ុនហុក គឺ​លោក ឈុន ឈន់។ ប៉ុន្តែ​ដោយសារ​តែ លោក ឈុន ឈន់ បាន​សុំ​លា​ឈប់​ពី​បេក្ខភាព​តំណាង​រាស្ត្រ ដូច្នេះ​បេក្ខជន​បន្ទាប់​ទៀត គឺ​ត្រូវ​ជា លោក ជា អឿង។

លោក ទេព នីថា បញ្ជាក់​ថា លោក​បាន​បញ្ជូន​ឯកសារ​របស់ លោក ជា អឿង ទៅ​កាន់​នាយកដ្ឋាន​នីតិកម្ម​នៃ គ.ជ.ប ដើម្បី​ពិនិត្យ​មើល​រួច​ហើយ ហើយ​ការ​សម្រេច​ផ្លាស់ប្ដូរ​នឹង​មិន​ចំណាយ​ពេល​វេលា​យូរ​នោះ​ទេ៖ «ថ្ងៃ​ សុក្រ យើង​ចូល​ធ្វើ​ការ ហើយ​លិខិត​យើង​ទទួល​ថ្ងៃ​ដែរ​ហើយ អ៊ីចឹង​ទេ​ប្រហែល​ដល់​ថ្ងៃ​ច័ន្ទ បាន​យើង​សម្រេច ហើយ​មិន​យូរ​ទេ ព្រោះ​ថា​យើង​គ្រាន់​តែ​ផ្ទេរ​ឈ្មោះ គ.ជ.ប នឹង​ចេញ​សេចក្តី​សម្រេច​ប្រគល់​ទៅ​សភា​វិញ។»

ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ មណ្ឌល​កំពង់ធំ មាន​អាសនៈ​តំណាង​រាស្ត្រ​សរុប​ចំនួន ៦​អាសនៈ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៣​អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣​អាសនៈ។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋសភា​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​បេក្ខភាព លោក សុខ សូកាន កូន​ប្រុស​របស់ លោក សុខ អាន ជា​តំណាង​រាស្ត្រ​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា នៃ​មណ្ឌល​​តាកែវ ជំនួស លោក សូរ ឃុន ដែល​បាន​ទទួល​មរណភាព។ ក្នុង​ពេល​ជាមួយ​គ្នា រដ្ឋសភា​ក៏​បាន​ប្រកាស​ទទួល​ស្គាល់ លោក ដាង ចំរើន ជា​តំណាង​រាស្ត្រ​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ នៃ​មណ្ឌល​​កំពត ជំនួស លោក វ៉ាន សំអឿន ដែល​បាន​លាលែង​ចេញ​ពី​សមាជិក​សភា​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៕



No comments:

Post a Comment