Paris Peace Accords 23 Oct. 1991

Thursday, April 2, 2015

លោក​ ហ៊ុន សែន បន្ត​គាំទ្រ​ លោក ហង្ស ពុទ្ធា​ ជា​បេក្ខជន ​អព្យាក្រឹត​ នៅ​គ.ជ.ប. | Hun Sen continues his support for Hang Puthea as NEC candidate

លោក​ ហ៊ុន សែន បន្ត​គាំទ្រ​ លោក ហង្ស ពុទ្ធា​ ជា​បេក្ខជន ​អព្យាក្រឹត​ នៅ​គ.ជ.ប.

រូប​ឯកសារ៖ លោក​ស្រី ពុង ឈីវកេក ​ប្រធាន​​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (ឆ្វេង)​ និង​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ។ (លឹម សុធី/VOA)
រូប ​ឯកសារ៖ លោក​ស្រី ពុង ឈីវកេក ​ប្រធាន​​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (ឆ្វេង)​ និង​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ។ (លឹម សុធី/VOA)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ទទូច​ទាមទារ​យក​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក ​ជា​បេក្ខជន​ជំនួស​លោក​ស្រី​ ពុង ឈីវកេក។
​នៅ​ក្នុង​ការ​ថ្លែង​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​៩​ដែល​ ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង​ទៅ​កាន់​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃ​ពុធ ​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ទទូច​ជា​ច្រើនដងដើម្បី​ការពារ​បេក្ខភាព​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​ បោះ​ឆ្នោតដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និកហ្វិក។


ការ​ទទូច​បែប​នេះ​ធ្វើ​ឡើងបន្ទាប់​ពី​លោក​ហ៊ុន សែន ​អះអាង​ថា​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប៉ុនប៉ង​ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ ជំហរ​គាំទ្រ​បេក្ខភាព​លោក​ ហង្ស ពុទ្ធា ​ដោយសារ​បញ្ហា​សុខភាពរបស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ។
លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​ ច្រាន​ចោលការ​លើក​ឡើង​ថា​លោក​ហង្ស ពុទ្ធា ​មានជំងឺ​ទឹក​នោម​ផ្អែម ​ហើយ​លោក​បញ្ជាក់​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​ជំនះ​ ជ្រើសរើស​យក​បេក្ខភាព​លោក​ហង្ស ពុទ្ធា។
«អត់​ដោះ​ដូរ​តាម​ទំនើង​ចិត្ត​បាន​ទេ។ ​លទ្ធភាព​មាន​ពីរ។ ​មួយ​គឺ​បោះ​ឆ្នោត​បាន​ប៉ុន្តែ​បេក្ខភាព​ត្រូវ​តែ​ហង្ស ពុទ្ធា។​មួយ​ទៀត​មិន​ចាំ​បាច់​បោះ​ឆ្នោត​ទេ។ ​បើ​មិន​ព្រម​ទេ​កុំ​បោះ(ឆ្នោត) ​នៅ​ថ្ងៃ​ទី​១៣​(មេសា)​សុំ​អចិន្ត្រៃយ៍​សភា​មិន​បាច់​កោះ​ប្រជុំ​ទេ។ ​បើ​សិន​ជា​មិន​អាច​ឯក​ភាព​គ្នា​បាន​ ទុកឯកឧត្តម​ អ៊ឹម សួស្តី​ បន្ត​ធ្វើ​ប្រធាន​គ.ជ.ប​ រហូត​ទៅ»។
យោង​តាម​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្តិ​ទៅនៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី សមាស​ភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​សមាជិក​ចំនួន​៩​ រូប។ ​គណបក្ស​ជាប់​ឆ្នោត​មាន​សិទ្ធិ​ស្នើ​បេក្ខជន​បួន​រូប​រៀងៗ​ខ្លួន។ ​ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ស្នើ​បេក្ខជន​ឯករាជ្យ​មួយ​រួម​គ្នា​សម្រាប់​ការ ​បោះ​ឆ្នោត​ជ្រើស​រើស​ជា​សមាជិក​ទី​៩។
កាល​ពី​ពេល​មុន​គណបក្សប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ឯកភាព​គ្នា​ទទួល​យក​លោក​ស្រី ពុង ឈីវកេក ​ប្រធានអង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កាដូ ​ជាបេក្ខជន​ទី​៩។​ ប៉ុន្តែ​លោក​ហ៊ុន សែន ប្រកាស​ថា ​លោក​ស្រី​ទំនង​ជា​មិន​ព្រម​លាលែង​សញ្ជាតិ​បារាំង​របស់​ខ្លួន។
លោក​ស្រី ពុង ឈីវកេក ​កាល​ពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ថា​ ការ​ដក​ខ្លួន​ពី​បេក្ខជន​ទី​២​ដែល​ស្នើ​ដោយ​គណបក្ស​ទាំង​ពីរ​ដោយ​សារ​លោក​ ស្រី​ព្រួយ​បារម្ភ​អំពី​ឯករាជ្យ​ភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ ឆ្នោត​ថ្មី។ ​ហើយ​ច្បាប់​ថ្មី​មិន​បាន​ចែង​ច្បាស់​លាស់​ដើម្បី​ធានា​ដល់​ឯករាជ្យ​ភាព​ នោះ។
នៅ​ថ្ងៃ​ម្សិល​មិញ​នេះ​ដែរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ទម្លាយ​ឲ្យ​ដឹងថា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិបាន ​ឯក​ភាព​គ្នា​ជ្រើស​រើស​បេក្ខជន​ថ្មីគឺ​លោក​ហង្ស ពុទ្ធា។ ​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​លោក​ហ៊ុន សែន ​ប្រកាសប្រកប​ដោយ​ប្រតិកម្ម​ថា​លោក​ សម រង្ស៊ី ​ប្តូរ​ជំហរចំពោះ​លោក​ហង្ស ពុទ្ធា ​វិញ។
លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិមិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។
​ដោយ​ឡែក​លោក​ យ៉ែម ប៉ុញ្ញរិទ្ធ ​តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ ថា​គណបក្ស​ជំទាស់​មាន​ចេតនា​ចង់ឲ្យ​មាន​ការ​ពិចារណា​លើ​បេក្ខជន​ផ្សេង​ពី​ លោក​ហង្ស ពុទ្ធា ​ដូច្នោះ​មែន។
«ពី​ព្រោះ​យើង​យល់​ថា​ចង់​ឲ្យ​មាន​ជម្រើស​ច្រើន​ដោយ​យល់​ឃើញ​ថា​(គជប)​ជា ​ស្ថាប័ន​កំពូល​មួយ​ដែល​ត្រូវ​ការ​ទទួល​ស្គាល់​ពី​គណបក្ស​ទាំង​ពីរ​ដែល​មាន​ អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​និង​មតិ​ជាតិ​និង​អន្តរជាតិ​ផង​ ដែរ»។​
យោង​តាម​លោក​ ហ៊ុន សែន ​លោក​សម រង្ស៊ី ​បាន​ស្នើ​បេក្ខជន​ចំនួន​បីរូប​ផ្សេង​ទៀត​សម្រាប់​ធ្វើ​ការ​ជ្រើស​រើស។
សូម​បញ្ជាក់​ថា​តាម​គម្រោងរដ្ឋសភា​នឹង​ត្រូវ​ប្រជុំ​បោះ​ឆ្នោត​ជ្រើស​រើស ​សមាជិក​គជប​ថ្មី ​នៅ​ថ្ងៃទី​១៣​ខែ​មេសា។​ហើយ​រហូតមក​ទល់​ពេល​នេះ​មាន​បេក្ខជន​ដាក់​ពាក្យ​ជាង ​៤០​រូប​ហើយ។ ​នេះ​បើ​យោង​តាម​លោក​ហ៊ុន សែន៕



No comments:

Post a Comment