លោក ហ៊ុន សែន ថា នឹងធ្វើ ជាប្រធាន បក្សប្រជាជនកម្ពុជា ពេលអត់ ពីលោក ជា ស៊ីម
RFA / វិទ្យុ អាស៊ី សេរី | ២៩ មេសា ២០១៥
អ្នកឃ្លាំមើល ស្ថានការណ៍ នយោបាយ នៅកម្ពុជា បានចាត់ទុក ប្រសាសន៍ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាស ពីការរក្សាអំណាច ក្នុងរដ្ឋាភិបាល និងអំណាច ក្នុងគណបក្ស ប្រជាជនកម្ពុជា របស់ លោកនោះ គឺ ជាការឆ្លុះបញ្ចាំង ពីឥទ្ធិពល របស់លោក ក្នុងការ ក្ដោបក្ដាប់អំណាច តែ ម្នាក់ឯង និងបង្ហាញ ពីការគ្រប់គ្រង បែបផ្ដាច់ការ គ្មាន ប្រជាធិបតេយ្យ នៅក្នុងផ្ទៃក្នុង គណបក្ស។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រចម្រាញ់ដូងប្រេងទី២ ខេត្តព្រះសីហនុ ថា តួនាទីប្រធានគណបក្ស និងបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយ នៅតែជារូបលោកដដែល។
លោក ហ៊ុន សែន មានប្រសាសន៍ថា នៅពេលអត់ពី លោក ជា ស៊ីម ទៅ គណបក្សប្រជាជនកម្ពុជា នឹងត្រូវលោកដឹកនាំធ្វើជាប្រធានគណបក្សវិញម្ដង។ លោកអះអាងថា បច្ចុប្បន្ននេះលោកបានដឹកនាំគណបក្សនេះស្រាប់ទៅហើយ។
ការប្រកាសនៅពេលនេះ លោក ហ៊ុន សែន ហាក់ដឹងយ៉ាងច្បាស់ថា លោកនឹងឈ្នះការបោះឆ្នោតទៀត ដោយលោកសន្មតដោយខ្លួនឯងថា បើអត់ពីលោកទៅ ប្រទេសជាតិនឹងមិនមានសេចក្ដីសុខនោះទេ។
ទោះជាមានការប្រកាសបែបនេះក្ដី អ្នកវិភាគលើកឡើងថា គណបក្សប្រជាជនកម្ពុជា សង្ឃឹមថានឹងឈ្នះឆ្នោតតិចតួចណាស់ ព្រោះថា ការដឹកនាំរបស់រដ្ឋាភិបាលកន្លងមកមានបញ្ហាជាច្រើនដែលរដ្ឋាភិបាល ដោះស្រាយជូនប្រជាពលរដ្ឋមិនបាន។
ក្រៅពីនេះទៀត អ្នកវិភាគបានចាត់ទុកប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថា ជាការឆ្លុះបញ្ចាំងពីគណបក្សប្រជាជនកម្ពុជា គ្មានប្រជាធិបតេយ្យផ្ទៃក្នុង និងជាការបង្ហាញពីឥទ្ធិពលរបស់លោក និងអំណាចប្រមូលផ្ដុំក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ដែលមិនចង់ផ្ទេរអំណាចឲ្យអ្នកដទៃ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការថ្លែងរបស់ លោក ហ៊ុន សែន នេះ ជាកាយវិការមិនទទួលខុសត្រូវសម្រាប់ក្មេងជំនាន់ក្រោយនោះទេ។
គណបក្សប្រជាជនកម្ពុជា បានធ្វើសមាជកាលពីខែកុម្ភៈ កន្លងទៅ គឺបានបញ្ចូលថ្នាក់ដឹកនាំកំពូលទៅក្នុងគណៈកម្មការគណបក្ស មានដូចជា កូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង កូនរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងកូនមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា នៅក្នុងរដ្ឋធម្មនុញ្ញ ឥស្សរជននយោបាយណាអាចធ្វើជានាយករដ្ឋមន្ត្រីបាន លុះត្រាណាសភាជាអ្នកជ្រើសរើសចេញពីគណបក្សដែលមានសំឡេងច្រើនជាងគេ ក្រោយពេលបោះឆ្នោត មិនមែនអ្នកណាក៏អាចប្រកាសចង់ធ្វើជានាយករដ្ឋមន្ត្រីបាននោះទេ។ ម្យ៉ាងទៀត ការធ្វើប្រធានគណបក្ស ក៏ត្រូវធ្វើសមាជជ្រើសរើសនៅក្នុងបក្សដែរ។
អ្នកវិភាគលើកឡើងថា ការប្រកាសរបស់ លោក ហ៊ុន សែន ពីការមិនធានាសន្តិសុខ បើសិនជាលោកមិនធ្វើជានាយករដ្ឋមន្ត្រីនោះ គឺហាក់ដូចជាការគំរាមកំហែង និងធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ តែបើសិនជាគិតពីផ្លូវច្បាប់ជាតិ និងអន្តរជាតិ អ្នកនយោបាយចុះចេញពីតួនាទីនៅក្រោយលទ្ធផលបោះឆ្នោត ដូចមានចែងនៅក្នុងច្បាប់ គឺការចុះចេញពីតួនាទីដោយសន្តិវិធី។
គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៥១ កាលនោះឈ្មោះថា គណបក្សឥណ្ឌូចិន នៅឆ្នាំ១៩៦៩ ប្ដូរឈ្មោះមកថា គណបក្សពលករ។ ឆ្នាំ១៩៧៩ ឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា និងមកដល់ឆ្នាំ១៩៩៣ ដែលជាពេលប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យលើកដំបូង គណបក្សនេះប្ដូរឈ្មោះជា គណបក្សប្រជាជនកម្ពុជា ដែលមាន លោក ជា ស៊ីម ធ្វើជាប្រធានតាំងពីពេលនោះមក៕
តើមានប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលហ៊ានចេញមុខមកជំទាសនិងបំណងរបស់ជនប្រើអំណាចផ្ដាច់
ReplyDeleteការដូចរូបអាលោកឯង(អតិតក្មេងវត្តស៊ីបាយវត្ត ហើយបោកឆ្នាំង មិនតែប៉ុណ្ណោះហ៊ានទាំងវាយលោក
ឲ្យរងរបួសទៀតផង)។កុំថាឡើយ លោកចង់ធ្វើប្រធានគណប័ក្សប្រជាជនកម្ពុជា។សូម្បីលោកឯងធ្វើប្រ
គណប័ក្សណាផ្សេងទៀតក៏បានដែរ។ទោះលោកឯងចង់ធាក់សីហមុន្នីឲ្យសំពះ ហើយលោកចេញបញ្ជារឲ្យ
ចេញពិបល្ល័ង ក៏ស្ដេចអង្គនេះមិនហ៊ានតវ៉ាដែរ៕«សាងកម្មបានកម្ម»ហើយបើអ្នកសាងកម្មរបៀបនេះ
នៅពេលស្លាប់តៃហោ គេនាំគ្នាយកខ្សែកាបមកទាក់ក ហើយយកឡានអូសតាមបណ្ណោយផ្លូវជាតិ ឲ្យ មនុស្សមនាមើល ហើយយកដុំថ្មគប់បន្ថែម។ឧទាហរណ៍:សាដាមហូសេន កាដាហ្វី។ល។និង។ល៕