Paris Peace Accords 23 Oct. 1991

Tuesday, April 7, 2015

មេដឹកនាំ​ គណបក្ស​ធំ​ ទាំង​ពីរ ​​ជជែក​គ្នា​ នៅ​ល្ងាច ​ថ្ងៃ​ច័ន្ទ​នេះ, ​​តែ​ មិន​​បង្ហាញ​ លទ្ធផល ​ដុំ​កំភួន​ទេ | Leaders of both parties met on Monday eve, but not release results

មេដឹកនាំ​ គណបក្ស​ធំ​ ទាំង​ពីរ ​​ជជែក​គ្នា​ នៅ​ល្ងាច ​ថ្ងៃ​ច័ន្ទ​នេះ, ​​តែ​ មិន​​បង្ហាញ​ លទ្ធផល ​ដុំ​កំភួន​ទេ
VOA / វីអូអេ | មេសា ២០១៥ ២០១៥

ថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា​ដឹកនាំដោយលោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ ដឹកនាំដោយលោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅមន្ទីររដ្ឋសភាជាតិ នៅ​ថ្ងៃ ច័ន្ទ​ ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)
ថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ​ដឹកនាំដោយលោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​ ជួបពិភាក្សា ការងារ ជាមួយ ថ្នាក់ដឹកនាំ ក្រុមតំណាងរាស្ត្រ គណបក្ស សង្គ្រោះ​ជាតិ ដឹកនាំ ដោយលោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ​ នៅមន្ទីរ រដ្ឋសភាជាតិ នៅ​ថ្ងៃ ច័ន្ទ​ ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)
នៅ​មិន​ទាន់​មាន​ ការ​បញ្ជាក់​ ពី​បេក្ខភាព​ នៃ​សមាស​ភាព​ បេក្ខជន​ សមាជិក​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ នៅ​ឡើយ​ទេ​ ​ក្រោយ​ពី​កិច្ច​ប្រជុំ ​នៃ​មេដឹកនាំ​ គណបក្ស ប្រជាជន​កម្ពុជា​ និង​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ល្ងាច ថ្ងៃ​ច័ន្ទ​នេះ ​ស្រប​ពេល​ ដែល​គណៈកម្មាធិការ ​អចិន្ត្រៃយ៍ ​រដ្ឋ​សភា​ បិទ​បញ្ចប់​ ការ​ទទួល​ពាក្យ​ បេក្ខជន​ គ.ជ.ប. ថ្មី​ នៅ​ថ្ងៃ​ ដដែល​ នេះ​ដែរ។​  ក្រោយ​ពី​កិច្ច​ប្រជុំ​ អស់​រយៈ​ពេល មួយ​ម៉ោង នៅ​មន្ទីរ​ រដ្ឋ​សភា ជាតិ លោក ​សម រង្ស៊ី ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ថ្លែង នៅ​ក្នុង​សន្និសីទ​សារ ព័ត៌មាន​ ថា,​ ជំនួប​ នៅ​ថ្ងៃ​នេះ ​គ្រាន់​តែ ដើម្បី​ ជជែក ពី​របៀប​ ធ្វើ​ការ។ ​ ហើយ​ លោក​ ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា​ បេក្ខជន​ទី​៩​គឺ​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​និកហ្វិក ​ទទួល​បាន​ការ​ឯកភាព​ពី​គណបក្ស​ទាំង​ពីរ​រួច​ហើយ។​  ប៉ុន្តែ​ គណបក្ស​ទាំង​ពីរ​នឹង​សម្រេច​លើ​បេក្ខជន​មក​ពី​គណបក្ស​និមួយៗ​នៅ​ពេល ​ក្រោយ។​


«បេក្ខជន​ បួន​រូប​ទៀត​ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​គណបក្ស​ ប្រជាជន​កម្ពុជា ​នឹង​ជម្រាប តាម​ក្រោយ​ ពី​ព្រោះ ថ្នាក់​ដឹក​នាំ ក្រុម​តំណាងរាស្ដ្រ ​គណបក្ស​ទាំង​ពីរ​ នឹង​ជួប​ជុំ​គ្នា​ ថ្ងៃ​ខាន​ស្អែក​ ម៉ោង​៥ ​នៅ​មន្ទីរ​ រដ្ឋ​សភា​នេះ ​ដើម្បី​ ពិនិត្យ​បេក្ខភាព​ យក​មក​ថ្លឹងថ្លែង,​ ហើយ ​ផ្តល់ព័ត៌មាន​ ឲ្យ​គ្នា ​ទៅវិញ​ទៅ​មក។ ​ ពេល​នោះ ​អាច​ជម្រាប បាន​ខ្លះ ថា, ​រូបភាព​ សមាស​ភាព​ គ.ជ.ប. ថ្មី​ យ៉ាង​ម៉េច។​»

លោក ​ស ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាស​ឯកភាពលើ​ការ​លើក​ឡើង​របស់លោក​សម រង្ស៊ី។​

«យើង​ នៅ​តែ​ ឯក​ភាព​គ្នា​ ខ្ពស់​ ថា, ​នឹង​បន្ត​សន្ទនា,​ ហើយ​ និង​ធ្វើ​ការ​ជាមួយ​គ្នា​ ត​ទៅ​ទៀត។​»

រហូត​មក​ទល់​នឹង​ម៉ោង៥​ល្ងាចថ្ងៃ​ច័ន្ទ​នេះ​ដែល​ជា​ថ្ងៃ​បិទ​ឈប់​ទទួល​ ពាក្យ​សុំ​ជា​បេក្ខជន​សមាជិក​គ.ជ.ប.​ថ្មី ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភាបាន​ទទួល​ពាក្យ​ពី​បេក្ខជន​នានា​ចំនួន​ ៣១​រូប​ ក្នុង​នោះ​មាន​មន្ត្រី​មក​ពី​គណបក្ស​ទាំង​ពីរ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

ក្រុម​មេដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​បន្ត​ទៀត​លើ​ បញ្ហា​បេក្ខជន​គ.ជ.ប.​ នេះ​ នៅ​ថ្ងៃ​ពុធ​ទី​៨​ខែ​មេសា ​គឺ​មួយ​ថ្ងៃ​មុន​នឹង​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​លើ​បញ្ហា​ នេះ​ដែរ។​

ដោយ​ឡែក​ សភា​ពេញ​អង្គ​នឹង​ប្រជុំបោះ​ឆ្នោត​ជ្រើស​តាំង​សមាស​ភាព​សមាជិក​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា។​

តាម​គោល​ការណ៍​ សមាជិក​មួយ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ឡើង​កាន់​តំណែង​ជា​ ប្រធាន​គ.ជ.ប.​ថ្មី​ រីឯ​តំណែង​អនុ​ប្រធាន​នឹង​ត្រូវ​បាន​ទៅសមាជិកមក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕


No comments:

Post a Comment