ឈើ ជាច្រើន ត្រូវ បានគេ ជញ្ជូនមកទុក នៅតំបន់ បាតអាង វារីអគ្គិសនី សេសាន ក្រោម២
RFA / វិទ្យុ អាស៊ី សេរី | ៥ មេសា ២០១៥
គំនរឈើ ដែលមុខកាត់ ធំៗ មានកម្ពស់ ស្មើក្បាលមនុស្ស មានទាំងឈើ កំពុងច្នៃ និងឈើ មិនទាន់ច្នៃ ត្រូវ បានគេ ដឹកយកទុក ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងតំបន់ បាតអាង របស់ ក្រុមហ៊ុន ទំនប់វារីអគ្គិសនី សេសាន ក្រោម២។
មូលហេតុ ដែលនាំយកឈើ ពីតំបន់ផ្សេង មកផ្ទុក ក្នុងកន្លែង ត្រូវ បានគេ ដឹងថា ដើម្បី យកឈើខុសច្បាប់ ធ្វើ ឲ្យក្លាយ ជាឈើ ស្របច្បាប់ ដើម្បី នាំចេញ ដោយមិនបាច់ បង់ពន្ធ ឬបង់ពន្ធ ជូនរដ្ឋ ក្នុងតម្លៃទាប សំឡេង រណាយន្ត ច្រៀកឈើ ក៏កំពុង លាន់ទ្រហឹង ពេញព្រៃដែរ។ ឈើខ្លះ ត្រូវ បានគេ ទម្លាក់ចោល តាមផ្លូវ ក្នុងព្រៃ និងឈើផ្សេងទៀត ក្រុមកម្មករ អារច្រៀក កែច្នៃ មុន នឹងដឹកជញ្ជូនចេញ ទៅតំបន់ផ្សេង។
ជួតក្បាល នឹងក្រមា ដើរកាត់ព្រៃ ប្រាប់ពី កន្លែង ផ្ទុកឈើ ពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន លោក ភូម៉ា វ៉ាន់ ឲ្យដឹងថា, ឈើ ដែលគេ ដឹកជញ្ជូន មកតំបន់ បាតអាង ភាគច្រើន ដឹកពីកន្លែង ផ្សេងគ្នាៗ ដូចជាឧទ្យាន វីរជ័យ និងស្រុក សៀមប៉ាង ជាដើម ដែលមានចម្ងាយ ជាង២០ គីឡូម៉ែត្រ ព្រោះ តំបន់ទាំងនោះ សំបូរឈើប្រណិត។ ពលរដ្ឋរូបនេះ ឲ្យដឹងទៀត ថា, សកម្មភាពនេះ កើតឡើង ចាប់តាំង ពីមាន សកម្មភាព សំអាត បាតអាង របស់ ក្រុមហ៊ុន សាងសង់ ទំនប់វារីអគ្គិសនី សេសាន ក្រោម២ ម៉េ្លះ៖ «ឥឡូវអស់ ឈើនៅទីនេះ អាមុខ២ម៉ែត្រអីអត់មានទេ។ កម្មករគេច្រើនណាស់។ កន្លែងដឹកឈើហ្នឹងថាមិនឲ្យគេចូលម៉េច? គេចូលរាល់ថ្ងៃ។»
តំបន់បាតអាង ជាកន្លែង សម្រាប់ ផ្ទុកទឹក របស់ ទំនប់វារីអគ្គិសនី សេសាន ក្រោម២ មានទំហំ ៣៦.០០០ ហិកតារ។ តំបន់បាតអាងត្រូវគេសំអាតឲ្យរាបស្មើ ដូច្នេះក្រុមហ៊ុនសាងសង់ទំនប់នេះ មានសិទ្ធិកាប់ព្រៃឈើទាំងនោះដោយស្របច្បាប់។
ប្រជាពលរដ្ឋរស់នៅតំបន់នេះ ឲ្យដឹងថា តំបន់បាតអាងពុំសូវមានឈើប្រណិតទេ។ ដោយឡែកឈើដែលត្រូវគេដឹកជញ្ជូនយកទុកក្នុងនៅទីនេះ រួមមាន ឈើធ្នង់ ឈើទាល ឈើត្រាច ជាដើម និងឈើខ្លះទៀតជាប្រភេទដើមឈើយកជ័ររបស់ជនជាតិដើមភាគតិចអាស្រ័យ ផល។
បុរសជនជាតិដើមភាគតិចឡាវ លោក សា ទុយ និយាយទាំងសោកស្ដាយថា នៅពេលនេះ ដើមឈើជ័រទឹកដែលលោក និងអ្នកភូមិធ្លាប់ប្រមូលផល ត្រូវបានគេកាប់រំលំអស់ហើយ។ លោកស្នើឲ្យថ្នាក់ដឹកនាំគិតគូរពីជនជាតិដើមភាគតិចដែលពឹងអាស្រ័យ លើអនុផលព្រៃឈើ៖ «ក្មេងជំនាន់ក្រោយបាត់បង់ទាំងលំនៅឋាន និងបាត់បង់ឈើធ្វើផ្ទះ។ ខ្ញុំអ្នកតូចតាចបានត្រឹមតែស្រែកមិនដឹងរកអ្នកណាឲ្យជួយទេ។»
ថ្លែងប្រាប់គណៈកម្មការទី៣នៃរដ្ឋសភា ទទួលបន្ទុកកសិកម្ម បរិស្ថាន ផែនការ វិនិយោគ កាលពីចុងខែមីនា អភិបាលខេត្តស្ទឹងត្រែង លោក កុល សំអុល និយាយថា គ្មានការដឹកជញ្ជូនឈើពីតំបន់ណាយកមកផ្ទុកក្នុងតំបន់បាតអាងឡើយ។ លោកអភិបាលពន្យល់ថា ក្រុមហ៊ុនសាងសង់ទំនប់បានដុតបំផ្លាញឈើទាំងនោះ ព្រោះដឹកចេញក៏មិនចំណេញ។ ផ្ទុយពីការលើកឡើងនេះ ឈើមុខកាត់ពីកន្លះម៉ែត្រ ទៅ ២ម៉ែត្រ ប្រវែងពី ៨ម៉ែត្រ ទៅ ១៥ម៉ែត្រ ត្រូវគេដឹកយកទុកពេញព្រៃតំបន់បាតអាង ក្នុងពេលព្រៃបាតអាងនៅទីនោះមិនទាន់កាប់រំលំ។
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ទទួលបន្ទុកកសិកម្ម បរិស្ថាន ផែនការវិនិយោគ លោក ប៉ុល ហំម យល់ថា អាជ្ញាធរខេត្តស្ទឹងត្រែង គ្មានសមត្ថភាពត្រួតពិនិត្យការងារឲ្យបានដិតដល់។ មួយវិញទៀត លោកបន្តថា អាជ្ញាធរខេត្តនេះមានចេតនាថ្លែងរឿងមិនពិតប្រាប់មកគណៈកម្មការទី៣ រដ្ឋសភាក្នុងពេលសាកសួរកន្លងមក៖ «រដ្ឋាភិបាលនិងស្ថាប័នពាក់ទងត្រូវធ្វើរឿងនេះបន្ថែមទៀត។»
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ុន សារឿន ដែលធ្លាប់ចុះអង្កេតរឿងព្រៃបាតអាងប្រាប់ថា តំបន់ដែលដឹកជញ្ជូនឈើនេះ ហួសដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន គឺស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ឬអាជ្ញាធរខេត្តស្ទឹងត្រែង។ ដូច្នេះលោកមិនអាចឆ្លើយបំភ្លឺរឿងនេះឡើយ៖ «ដែនដីនោះមិនស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថានទេ។ ប៉ុន្តែទោះយ៉ាងណាក៏ខ្ញុំអរគុណដែរដែលបានប្រាប់រឿងនេះ។»
តំណាងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ លោក កៅ វ៉ាងអ៊ី នៅថ្ងៃទី៤ ខែមេសា បដិសេធមិនផ្ដល់បទសម្ភាសន៍ ដោយលោកនិយាយថា លោកមិនស្គាល់វិទ្យុអាស៊ីសេរី៖ «ខ្ញុំមិនស្គាល់វិទ្យុអាស៊ីសេរី ឬអាស៊ីផ្ដាច់ការអីទេ កុំទូរស័ព្ទរំខានខ្ញុំទៀត។»
ទាក់ទងរឿងនេះដែរ អភិបាលរងខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យសាលាខេត្ត លោក ដួង ពៅ ឲ្យដឹងថា លោកមិនទាន់ដឹងរឿងនេះនៅឡើយទេ។ លោកអភិបាលរងខេត្តបន្តទៀតថា អាជ្ញាធរខេត្តនឹងសាកសួរទៅអ្នកពាក់ព័ន្ធដើម្បីអន្តរាគមន៍រឿងនេះ៖ «ខ្ញុំមិនដឹងរឿងនេះទេ ព្រោះព្រៃបាតអាងមានក្រុមហ៊ុនម៉ៅការមួយ ប៉ុន្តែខ្ញុំអរគុណហើយដែលផ្ដល់ព័ត៌មាននេះ។»
អង្គការបណ្ដាញទន្លេបី រកឃើញថា ករណីដឹកជញ្ជូនឈើពីកន្លែងផ្សេងមកដាក់ក្នុងតំបន់បាតអាង និងដឹកឈើចេញពីតំបន់បាតអាងទៅកន្លែងផ្សេង គឺធ្វើឡើងយ៉ាងអនាធិបតេយ្យអស់ច្រើនឆ្នាំមកហើយ គឺគ្មានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ផ្លូវស្ពានមួយចំនួនត្រូវខូចខ្ទេចដោយរថយន្តដឹកឈើនេះ។ ប្រភពខ្លះថា អ្នកដែលទទួលបន្ទុកសំអាតបាតអាង ចំណេញលុយពីការដឹកជញ្ជូនឈើរហូតបានងារជាឧកញ៉ាថែមទៀតផង។
ថ្លែងប្រាប់គណៈកម្មការទី៣រដ្ឋសភាកាលពីថ្ងៃទី២៩ ខែមីនា អ្នកសម្របសម្រួលបណ្ដាញទន្លេបី លោក មៀច មាន ឲ្យដឹងថា ឈើដឹកចេញពីបាតអាងភាគច្រើនចេញទៅខេត្តក្រចេះ និងទៅប្រទសវៀតណាម ហើយភាគច្រើនគឺគេដឹកនៅពេលយប់។
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ថាក្រោយពីទទួលព័ត៌មាននេះ លោកនឹងកោះអញ្ជើញរដ្ឋមន្ត្រីមួយចំនួន និងអ្នកពាក់ព័ន្ធមកឆ្លើយបំភ្លឺនៅរដ្ឋសភា ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ៕
No comments:
Post a Comment