Paris Peace Accords 23 Oct. 1991

Monday, April 6, 2015

មន្ត្រី​បក្ស​ ទាំង​២​ នឹង​ជជែក ​អំពី​ ការ​ជ្រើសរើស​ ប្រធាន​-​អនុ​ប្រធាន ​គ.ជ.ប. ​ថ្មី​​ ថ្ងៃ​៦ មេសា | Officials of both parties to discuss choice of NEC Prez, Vice-Prez

មន្ត្រី​បក្ស​ ទាំង​២​ នឹង​ជជែក ​អំពី​ ការ​ជ្រើសរើស​ ប្រធាន​-​អនុ​ប្រធាន ​គ.ជ.ប. ​ថ្មី​​ ថ្ងៃ​៦ មេសា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ មេសា ២០១៥

សម រង្ស៊ី ស ខេង ៦២០
លោក​ ឧបនាយករដ្ឋមន្ត្រី ស ខេង (ស្ដាំ) និង​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត ​ក្រោយ​ចប់​កិច្ច​ប្រជុំ​ នា​វិមាន​ រដ្ឋសភា នៅ​ថ្ងៃ​ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។  RFA/Van Vichar

ថ្នាក់ដឹកនាំ​ តំណាងរាស្ត្រ ​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ គឺ ​លោក ស ខេង និង​លោក សម រង្ស៊ី នឹង​ជួប​ប្រជុំ​គ្នា ​នៅ​ថ្ងៃ​ ទី​៦ ខែ​មេសា ដើម្បី​ ជជែក​ អំពី ​ការ​ជ្រើសរើស​ ប្រធាន និង​អនុ​ប្រធាន​ នៃគ.ជ.ប, ថ្មី។  ដោយ​ឡែក​ អគ្គលេខាធិការដ្ឋាន​ រដ្ឋ​សភា នៅ​ថ្ងៃ ​ទី​៥ មេសា ប្រកាស ​ឲ្យ​ដឹង​ថា, ជំនួប​ប្រជុំ​ ដែល​គ្រោង​ ជួប​គ្នា​ នៅ​មន្ទីរ ​រដ្ឋសភា ​រវាង​ ថ្នាក់ដឹកនាំ​ តំណាងរាស្ត្រ​ ទាំង​២ នឹង​ត្រូវ​ លើក​ពេល ​ពី​ជំនួប ​នៅ​ម៉ោង ៣ ទៅ​ម៉ោង ៥​រសៀល ថ្ងៃ​ដដែល​វិញ។

គម្រោង​ ការ​ជួប​ប្រជុំ ​រវាង​ លោក ស ខេង និង​លោក សម រង្ស៊ី នៅ​ថ្ងៃ​ ទី​៦ ខែ​មេសា គឺ ​ធ្វើ​ឡើង​ ចំ​ថ្ងៃ ដែល​គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​រដ្ឋសភា​ បញ្ចប់​ការ​ទទួល​ ពាក្យ​សុំ ​ពី​បេក្ខជន ដើម្បី​ ឈរ​ឈ្មោះ​ ជា​សមាជិក គ.ជ.ប, ថ្មី និង​មួយ​សប្ដាហ៍​ មុន​ពេល​ ដែល​រដ្ឋសភា ​គ្រោង​បើក​កិច្ច​ប្រជុំ​ ដើម្បី​ បោះឆ្នោត​ ជ្រើស​រើស​ សមាជិក គ.ជ.ប, ថ្មី ​នៅ​ថ្ងៃ​ ទី​១៣ ខែ​មេសា។

អ្នក​នាំ​ពាក្យ ​គណបក្ស​ ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​៥ មេសា ថា, ក្នុង​ជំនួប​នោះ លោក ស ខេង និង​លោក សម រង្ស៊ី នឹង​ពិភាក្សា​ អំពី​ ការ​ផ្គូផ្គង​ ជ្រើសរើស​ យក​ប្រធាន និង​អនុ​ប្រធាន គ.ជ.ប. ថ្មី។  បើ​ តាម​អ្នក​នាំ​ពាក្យ ​រូប​នេះ, ប្រធាន​ និង​អនុ​ប្រធាន គ.ជ.ប. ថ្មី គឺ​ ជា​បេក្ខជន ​ដែល​នឹង​ត្រូវ​ ជ្រើសរើស ​ចេញ​ ពី​គណបក្ស​ ទាំង​២។

លោក ឈឹម ផលវរុណ បដិសេធ​មិន​ទម្លាយ​ឲ្យ​ដឹង​ថា តើ​បេក្ខជន​ឈ្មោះ​អី​មក​ពី​គណបក្ស​នយោបាយ​ណា នឹង​ក្លាយ​ជា​ប្រធាន គ.ជ.ប ហើយ​បក្ស​ណា​ក្លាយ​ជា​អនុ​ប្រធាន គ.ជ.ប ថ្មី​នោះ​ឡើយ។ ទោះ​យ៉ាង​ណា លោក​ថា រឿង​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​២ បាន​ដឹង​រៀងៗ​ខ្លួន​រួច​ហើយ៖ «និយាយ ​រួម​ទៅ​គឺ​គណបក្ស​ទាំង​២​ដឹង​គ្នា​អស់​ហើយ អំពី​កូតា (Quota) នៃ​តួនាទី​គឺ​បាន​ព្រមព្រៀង​គ្នា​អស់​ហើយ​ពី​ដើម​មក តើ​ប្រធាន គ.ជ.ប បាន​កូតា​ទៅ​គណបក្ស​ណា អនុ​ប្រធាន គ.ជ.ប ទៅ​គណបក្ស​ណា អគ្គលេខាធិការ​គណបក្ស​ណា អគ្គលេខាធិការ​រង​បាន​ទៅ​គណបក្ស​ណា គឺ​បក្ស​ទាំង​២​បាន​ដឹង​អស់​ហើយ។»

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា​អនុម័ត​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ចែង​អំពី​ការ​បង្កើត​សមាសភាព គ.ជ.ប ថ្មី​មាន​ចំនួន ៩​រូប ក្នុង​នោះ​សមាសភាព ៤​រូប​ជ្រើសរើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​សមាសភាព ១​រូប​ទៀត គឺ​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​២។

​មក​ទល់​ពេល​នេះ គេ​បាន​ដឹង​រួច​ហើយ​ថា បេក្ខជន​ទី​៩ ដែល​គណបក្ស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ជ្រើស​រើស​យក​នោះ គឺ​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC)។ ការ​ប្រកាស​ជ្រើសរើស​យក​លោក ហង្ស ពុទ្ធា ជា​បេក្ខជន​ទី​៩ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រោយ​មក​មាន​ការ​យល់​ព្រម​ពី​លោក សម រង្ស៊ី បន្ទាប់​ពី​មាន​ការ​គំរាម​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​នាយិកា​អង្គការ​លីកាដូ អ្នកស្រី ពុង ឈីវកេក ប្រកាស​មិន​ទទួល​យក​បេក្ខភាព​ទី​៩ ដែល​គណបក្ស​ទាំង​២ បាន​ប្រគល់​ឲ្យ​អ្នកស្រី​កាល​ពី​ពេល​កន្លង​មក។

​យ៉ាង​ណា​ក៏ដោយ លោក ឈឹម ផលវរុណ បញ្ជាក់​ថា បេក្ខជន​ទី​៩​ដែល​គណបក្ស​ទាំង​២ ឯកភាព​គ្នា​ទទួល​យក​ជាមួយ​គ្នា​នោះ នឹង​មិន​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន ឬ​ជា​អនុ​ប្រធាន គ.ជ.ប ថ្មី​នោះ​ឡើយ គឺ​មាន​តួនាទី​ជា​សមាជិក​ធម្មតា ដូច​សមាជិក​ដទៃ​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា បេក្ខជន​ទី​៩​នេះ គឺ​នៅតែ​ជា​តួអង្គ​មាន​ទម្ងន់​ក្នុង គ.ជ.ប ថ្មី។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​៥ មេសា ជុំវិញ​ជំនួប​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង។

លោក ឈឹម ផលវរុណ បញ្ជាក់​ថា ក្រៅ​តែ​ពី​ពិភាក្សា​អំពី​ការ​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន គ.ជ.ប ថ្មី លោក សម រង្ស៊ី និង​លោក ស ខេង ក៏​នឹង​ជជែក​អំពី​ការ​រៀបចំ និង​អំពី​របៀប​របប​នានា​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិក គ.ជ.ប ថ្មី ក្នុង​ពេល​ខាង​មុខ។

រហូត​មក​ទល់​ពេល​នេះ ក្រៅ​តែ​ពី​លោក ហង្ស ពុទ្ធា និង​លោក គួយ ប៊ុនរឿន ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជ្រើស​ធ្វើជា​បេក្ខជន​របស់ គ.ជ.ប ថ្មី បេក្ខជន ៧​រូប​ផ្សេង​ទៀត​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ។ លោក ឈឹម ផលវរុណ អះអាង​ថា ចំពោះ​បេក្ខជន ៤​រូប​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​សម្រេច​ជ្រើសរើស​រួច​ហើយ ប៉ុន្តែ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពួកគេ​នៅ​ពេល​នេះ​ទេ។

លោក​ថា បេក្ខជន ៤​រូប​នោះ​គ្មាន​នរណា​ម្នាក់​ចេញ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ឡើយ។  ចំណែក​ពី​ខាង គណបក្ស​សង្គ្រោះ​ជាតិ​វិញ មន្ត្រី​គណបក្ស​នេះ​ធ្លាប់​អះអាង​ថា ក្នុង​ចំណោម​បេក្ខជន ៤​រូប​ដែល​គេ​ជ្រើសរើស ២​រូប នឹង​ត្រូវ​ជ្រើស​ចេញពី​សមាជិក​គណបក្ស ហើយ ២​រូប​ទៀត នឹង​ត្រូវ​ជ្រើស​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល៕



No comments:

Post a Comment