បក្សប្រឆាំង និងអង្គការ សិល្បៈខ្មែរ អមតៈ គ្រោងប្រារព្ធ ពិធីរំឭកខួប ថ្ងៃទី១៧ មេសា
RFA / វិទ្យុ អាស៊ី សេរី | ១៦ មេសា ២០១៥

អ្នកដឹកនាំ និងសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ
និងព្រះសង្ឃ ធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ
និងបង្សុកូលបញ្ជូនកុសលដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម
នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី១៧ ខែមេសា
ឆ្នាំ២០១៣។ RFA/Leng Maly
គណបក្ស សង្គ្រោះជាតិ គ្រោង នឹងធ្វើ ពិធីបង្សុកូល ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធ អ្នកដែលបាន បាត់បង់ជីវិត ក្នុងរបប ខ្មែរក្រហម នៅសារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ជើងឯក នៅថ្ងៃ ទី១៧ ខែមេសា។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ ថា, ពិធីនេះ គណបក្ស របស់លោក បានរៀបចំ ធ្វើជារៀងរាល់ឆ្នាំ ដោយមាន និមន្តព្រះសង្ឃ សូត្រមន្ត និងដាក់បាត្រ។ លោក បន្តថា ក្រៅពីរំឭក វិញ្ញាណក្ខន្ធ អ្នកដែលស្លាប់ ក្នុងរបប ខ្មែរក្រហម, ពិធីនេះ ជាការដាស់តឿន ដល់ពលរដ្ឋខ្មែរ គ្រប់រូប ឲ្យចងចាំ ពីការបែក បាក់ក្នុងសង្គមខ្មែរ និងការកាប់សម្លាប់គ្នា ដែលគួរចៀសវាង៖ «យើង ធ្វើការរំឭកហ្នឹង ដើម្បី ឲ្យខ្មែរៗ គ្រប់ៗរូប ជាពិសេស អ្នកនយោបាយ ចៀសវាង ការប្រើ អំពើហិង្សា កាប់សម្លាប់ ប្រជាពលរដ្ឋ ខ្លួនឯង, ហើយ ដែលធ្វើ ឲ្យប្រទេសជាតិ ខ្ទេចខ្ទាំ, ធ្វើឲ្យប្រទេសជាតិបែកបាក់ ខូចខាតទ្រព្យសម្បត្តិជាតិ តាំងធនធានមនុស្ស។ ទី២ គឺចង់ឲ្យតុលាការដែលកំពុងដំណើរការកាត់សេចក្តី កាត់ទោសមេដឹកនាំខ្មែរក្រហម ធ្វើម៉េចដំណើរការដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ កុំឲ្យមានការជ្រៀតជ្រែកនយោបាយពីមជ្ឈដ្ឋានផ្សេងៗ។»
ចំពោះចំនួនអ្នកចូលរួមក្នុងពិធីនេះ លោក យឹម សុវណ្ណ នៅមិនទាន់អាចបញ្ជក់បាននៅឡើយ។ យ៉ាងណាលោកអះអាងថា កាលពីឆ្នាំមុន គឺមានអ្នកចូលរួមប្រមាណពី ៥០០នាក់ ទៅ ១ពាន់នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ពិធីបង្សុកូលនេះនឹងចាប់ផ្ដើមនៅម៉ោង៧ ហើយបញ្ចប់ទៅវិញនៅម៉ោង ១១ព្រឹក។
ទាក់ទងនឹងថ្ងៃទី១៧ ខែមេសា ដែរ អង្គការសិល្បៈខ្មែរអមតៈ ក៏គ្រោងថានឹងធ្វើពិធីរំឭកខួប ៤០ឆ្នាំ នៃការដួលរលំនៃទីក្រុងភ្នំពេញ ចូលទៅក្នុងរបបខ្មែរក្រហមដែរ។ ពិធីនេះធ្វើនៅបរិវេណមាត់ទន្លេខាងមុខវត្តឧណ្ណាលោម ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់។ មហាជនដែលចូលរួម អាចរំឭកការចងចាំពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបណ្ដែតប្រទីបលើដងទន្លេចតុមុខ៕
No comments:
Post a Comment