រដ្ឋសភា អនុម័តគាំទ្រ សមាសភាព បេក្ខជន គ.ជ.ប. ៩រូប
RFA / វិទ្យុ អាស៊ី សេរី | ៨ មេសា ២០១៥
សភាបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គ.ជ.ប ៩រូបនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។
RFA/Rann Samnang
រដ្ឋសភា នៅព្រឹកថ្ងៃ ទី៩ មេសា អនុម័តគាំទ្រ សមាសភាព បេក្ខជន គ.ជ.ប. ៩រូប ដោយសំឡេង ១១៣ លើ ១១៧សំឡេង, ២សំឡេង អនុបវាទ, ១សំឡេង មិនគាំទ្រ, និង១សំឡេង មោឃៈ។
បេក្ខជន មកពីគណបក្ស ប្រជាជនកម្ពុជា លោក ស៊ិក ប៊ុនហុក ត្រូវ បានជ្រើសរើស ធ្វើជាប្រធាន គ.ជ.ប. និងលោក គួយ ប៊ុនរឿន មកពីគណបក្ស សង្គ្រោះជាតិ ជាអនុប្រធាន។ ចំណែក ឯអ្នក ៧នាក់អ្នក ផ្សេងទៀត គឺ ជាសមាជិក។
បន្ទាប់ ពីសភាបានអនុម័តផ្ដល់សេចក្ដីទុកចិត្តដល់បេក្ខជនទាំង ៩រូប រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អ្នកទាំង ៨នាក់ដែលមកពីគណបក្សនយោបាយទាំង២ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) នឹងលែងជាប់ពាក់ព័ន្ធជាមួយគណបក្សទៀតហើយ គឺត្រូវធ្វើការដោយឯករាជ្យ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានថ្លែងគាំទ្រការលើកឡើងរបស់លោក ហ៊ុន សែន ដែរ។ លោកបន្ថែមថា អ្នកទាំង ៨នាក់ មិនត្រូវធ្វើការបម្រើបក្សទេ ប៉ុន្តែត្រូវបម្រើរាស្ត្រដែលជាម្ចាស់ឆ្នោត។
សមាសភាពបេក្ខជន គ.ជ.បថ្មី ៤រូប របស់គណបក្សប្រជាជនកម្ពុជា មានលោក ស៊ិក ប៊ុនហុក លោក មាន សទី លោក ឌុច សុន និងលោក ឯម សុផាត។ ចំណែកបេក្ខជន ៤រូបពីខាងគណបក្សសង្គ្រោះជាតិ មានលោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន លោក ហ៊ីង ធីឫទ្ធិ និងអ្នកស្រី តែ ម៉ានីរ៉ុង។ រីឯបេក្ខជនទី៩ ដែលគណបក្សទាំង២បានឯកភាពគ្នាជ្រើសរើសមកពីអង្គការសង្គមស៊ីវិលនោះ គឺលោក ហង្ស ពុទ្ធា។
No comments:
Post a Comment