Paris Peace Accords 23 Oct. 1991

Wednesday, April 15, 2015

អ្នក​នយោបាយ​ ចង់​ ឲ្យ​ប្រជាពលរដ្ឋ​ គេច​ផុត​ ពី​ការ​ភ័យ​ខ្លាច​ ក្នុង​ឆ្នាំ​ថ្មី | Politicians want people to be free from fear in new year

អ្នក​នយោបាយ​ ចង់​ ឲ្យ​ប្រជាពលរដ្ឋ​ គេច​ផុត​ ពី​ការ​ភ័យ​ខ្លាច​ ក្នុង​ឆ្នាំ​ថ្មី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ មេសា ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូប​ពាក់​មួក) ដើរ​ជាមួយ​គ្នា​ក្នុង​ពិធី​បើក​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥។  RFA/Hang Savyouth

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ អ្នក​នយោបាយ​ខ្មែរ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ និង​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ការ​រស់​នៅ​មាន​សេចក្ដី​សុខ​គ្រប់ៗ​គ្នា​ទាំង​អស់។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ​នៅ​ទូទាំង​ប្រ​ទស គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោបាយ ឬ​រដ្ឋាភិបាល ពិសេស​ទៅ​ទៀត គេ​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ហូរ​ទឹក​ភ្នែក ឬ​ការ​បង្ហូរ​ឈាម​ទៀត​ទេ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ តើ​អ្នក​នយោបាយ​បាន​ផ្ញើ​សារ​អ្វី​ខ្លះ​សម្រាប់​ឆ្នាំ​ថ្មី​នេះ?

ការ​វិវឌ្ឍ​នយោបាយ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​បន្ទន់​ឥរិយាបថ​រៀងៗ​ខ្លួន នៅ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ចូល​មក​ដល់ និង​បាន​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​សេចក្ដី​សុខ។

សារ​អ្នក​នយោបាយ​សំខាន់​របស់​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នោះ គឺ​ការ​ប្រើ​វប្បធម៌​សន្ទនា​ជា​ធំ និង​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​សុខសាន្ត ឈប់​ប្រើប្រាស់​វប្បធម៌​យក​ឈ្នះ​ចាញ់​គ្នា និង​ករណី​ផ្សេងៗ​ទៀត។

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៩ មេសា មេដឹកនាំ​កំពូល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ទោះបីជា​អ្នក​នយោបាយ​មាន​ទស្សនៈ​ខុស​គ្នា​ក្ដី ក៏ប៉ុន្តែ​ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា ដែល​រស់​នៅ​លើ​ទឹក​ដី​ដ៏​កម្សត់​នេះ ត្រូវ​រួបរួម​គ្នា​កសាង​មាតុភូមិ ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ​គ្រប់​គ្នា និង​ត្រូវ​បញ្ឈប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ ត្រី៖ «សូម​ជូន​ពរ​ឆ្នាំ​ថ្មី​ចំពោះ​សម្ដេច ឯកឧត្ដម លោក ជំទាវ សូម​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​នា​ឱកាស​ឆ្នាំ​ថ្មី នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។»

ចំពោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​វិញ និង​ជា​ប្រធាន​ក្រុម​សភា​ភាគតិច​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ផង​នោះ លោក សម រង្ស៊ី បាន​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឱកាស​ចូល​ ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ។ លោក សម រង្ស៊ី លើក​ឡើង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​នយោបាយ​ត្រូវតែ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​គិត​ពី​ផលប្រយោជន៍​បក្ស​ជា​ធំ​ទេ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ៖ «ហើយ​បើ​យើង​ប្រកាន់​ ស្មារតី​ដូច​នេះ ដូច​គ្នា​តម្កល់​ផលប្រយោជន៍​ជាតិ អ្នកដឹកនាំ​មួយ​ចំនួន​មាន​អាយុ​ច្រើន​ហើយ យើង​អត់​ចង់​បាន​អ្វី​ផ្សេង​ពី​នេះ​ទៀត​ទេ។»

​នេះ​ជា​សារ​នយោបាយ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ទាំង​ពីរ​នេះ បាន​ប្រយុទ្ធ​ពាក្យ​សម្ដី​ឆ្លង​ឆ្លើយ​គ្នា​យ៉ាង​ខ្លាំងៗ​កន្លង​មក នៅ​ក្រោយ​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣ ដ៏​ចម្រូងចម្រាស​នោះ។ នៅ​ពេល​ខ្លះ​ក៏​មាន​ការ​ប៉ះទង្គិច និង​ប្រើ​ហិង្សា​ដាក់​គ្នា​ធ្វើ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​តាម​ដង​វិថី​មួយ ​ចំនួន​នៅ​ពេល​បាតុកម្ម។

លើស​ពី​នេះ​ទៀត ការ​ចាប់​ចង​សកម្មជន​នយោបាយ​ក៏​មាន​ជា​បន្តបន្ទាប់​ដែរ។ ឥឡូវ​នេះ អ្វីៗ​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​បង្កើត​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី។

ទន្ទឹម​នេះ សកម្មជន​ដីធ្លី សកម្មជន​នយោបាយ​ក៏​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​ដែរ​នៅ​ក្នុង​ឱកាស​ចូល​ ឆ្នាំ​ថ្មី​នេះ។ ពាក្យពេចន៍​សំខាន់​ដែល​គណបក្ស​ទាំង​ប្រើ​ឆ្លងឆ្លើយ​ដាក់​គ្នា​នោះ គឺ​វប្បធម៌​សន្ទនា។ ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ។

លោក  ស ខេង មាន​ប្រសាសន៍​ថា សេចក្ដី​សុខ​គឺ​ជា​តម្រូវការ​ចាំបាច់​របស់​មនុស្ស​ទូទៅ៖ «លទ្ធផល ​ទាំង​ឡាយ​ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​អស់​គ្នា យក​ឱកាស​ដើម្បី​ប្រសិទ្ធពរ និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​សុខ ចម្រើន សុភមង្គល មាន​សេចក្ដី​សុខ​គ្រប់​ប្រការ។»

ស្រដៀង​គ្នា​នេះ​ដែរ ចំពោះ​អនុប្រធាន​ទី​១​រដ្ឋ​សភា លោក កឹម សុខា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់​ថា នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ បញ្ហា​សំខាន់​ដែល​លោក​ចង់​បាន​នោះ គឺ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច ពោល​លោក​មិន​ចង់​មាន​ការ​គំរាមកំហែង តុលាការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ និង​គេច​ផុត​ពី​បញ្ហា​ភ័យខ្លាច​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម ។ល។៖ «ចង់​ឲ្យ ​អ្នក​ដឹកនាំ​បច្ចុប្បន្ន​ស្អី​ដែល​និយាយ​ជាមួយ​ប្រជាពលរដ្ឋ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ ស្អី​ដែល​និយាយ​គឺ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ហើយ​ការ​និយាយ​ថា ចង់​បោះឆ្នោត​ឲ្យ​មាន​សេរីភាព​ត្រឹមត្រូវ គឺ​យើង​ចង់​បាន​បែប​ហ្នឹង។»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា អ្នក​នយោបាយ​ត្រូវ​រក្សា​នូវ​ការ​ទ​ទូល​ខុស​ត្រូវ​ក្រម​សីលធម៌​ល្អ កិត្តិយស មាន​ភាព​ជា​អ្នកដឹកនាំ​ឲ្យ​បាន​ខ្ពស់ និង​មាន​ការ​អត់ឱន​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន​ទើប​ធ្វើ​ឲ្យ​សង្គម​ទាំង​មូល​បាន ​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ត្រូវតែ​អនុវត្ត ឬ​ស្ដែង​ចេញ​ពី​ទង្វើ​របស់​ខ្លួន​ដូច​អ្វី​ដែល​ខ្លួន​បាន​និយាយ ទើប​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ទទួល​បាន​សេចក្ដី​សុខ និង​ភាព​រុងរឿង​ក្នុង​សង្គម៖ «ទង្វើ​ពាក្យពេចន៍​ភាសា​អ្នក​ដឹកនាំ​វា​មាន ​ឥទ្ធិពល​ទៅ​លើ​ប្រជាពលរដ្ឋ​សាមញ្ញ កាលណា​ភាសា​របស់​អ្នក​នយោបាយ​ប្រកប​ដោយ​ភាព​ហិង្សា នាំ​ឲ្យ​គំរូ​ហ្នឹង​មាន​អហិង្សា​ដូច​បច្ចុប្បន្ន អ៊ីចឹង​បើ​អ្នក​នយោបាយ​ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ខ្លួន ហើយ​ការ​និយាយ​ពាក្យ​ពេចន៍ និង​ទង្វើ​ដូច​អ្វី​ដែល​ខ្លួន​និយាយ​ហ្នឹង ជា​ការ​ល្អ។»

អ្នក​វិភាគ​បន្ថែម​ថា តម្រូវការ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ត្រូវការ​ដីធ្លី​ធ្វើ​កសិកម្ម និង​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​បង្វែរ​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ជា​ដី​សម្បទាន​ សង្គមកិច្ច​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​គ្នា ទើប​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។

ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន អ្នក​នយោបាយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុងតែ​បង្ហាញ​ឆន្ទៈ​ដូច​គ្នា ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ និង​ចង់​អភិវឌ្ឍន៍​ប្រទេស មាន​ភាព​រុងរឿង និង​ភាព​សំបូរ​សប្បាយ នៅ​ក្នុង​ឆ្នាំ​ថ្មី ឬ​នៅ​ពេល​អនាគត ដោយ​បញ្ចប់​នូវ​វប្បធម៌​សង​សឹង​គ្នា ដោយ​កម្ពុជា បាន​ឆ្លង​កាត់​គ្រប់​ជំនាន់​ពី​មេដឹកនាំ​ខ្មែរ​បែក​បាក់​គ្នា គ្មាន​អ្វី ចំណេញ​នោះ​ទេ មាន​តែ​ការ​អន់​ថយ ថែម​ទាំង​ជា​បទពិសោធន៍​អាក្រក់​សម្រាប់​មេដឹកនាំ​ជំនាន់​ក្រោយ​ទៀត​នោះ។

​ម្យ៉ាង​ទៀត មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​យក​វប្បធម៌​សន្ទនា​ជា​ធំ ហើយ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​គ្នា។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ទៅ​កម្សាន្ត​នៅ​ទឹក​ដី​អង្គរ និង​ចូល​រួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខែត្រ​សៀមរាប ជាមួយ​គ្នា។ នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​វាយ​ប្រហារ​គ្នា​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ បាន​ចូល​រួម​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជាមួយ​គ្នា​នៅ​ទឹកដី​អង្គរ​ នេះ។

យ៉ាង​នេះ​ក្ដី គេ​ត្រូវ​រង់ចាំ​មើល​បន្ត​ទៀត​ថា តើ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នឹង​ចាប់ដៃ​គ្នា​ស្អិតល្មួត​នេះ​បាន​រយៈពេល​ ប៉ុណ្ណា? ព្រោះ​ថា អ្នក​នយោបាយ​អាច​ប្រែ​ក្រឡះ​វិញ​នៅ​នាទី​ចុង​ក្រោយ​ក៏​ថា​បាន ពិសេស​នៅ​មុន​ពេល ឬ​នៅ​ក្រោយ​ពេល​បោះឆ្នោត ដែល​អ្នក​នយោបាយ​តែងតែ​ពាក់​មុខ​យក្ស​ដាក់​គ្នា​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ អ្នក​នយោបាយ​បាន​ជូនពរ​ដូច​គ្នា គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេចក្ដី​សុខ​គ្រប់​គ្នា និង​ប្ដេជ្ញា​ចិត្ត​កសាង​ប្រទេស​រួម​គ្នា៕



No comments:

Post a Comment