លោក សម រង្ស៊ី ថា, នឹងប្រើ វប្បធម៌សន្ទនា ដោះស្រាយ បញ្ហាអន្តោប្រវេសន៍ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២០ មេសា ២០១៥
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា នឹងប្រើវប្បធម៌សន្ទនា ដើម្បី ជជែកដោះស្រាយ បញ្ហាអន្តោប្រវេសន៍ វៀតណាម នៅកម្ពុជា, ប៉ុន្តែ លោក ថា, នៅតែ ជំរុញ និងរិះគន់ ថ្នាក់ដឹកនាំ រដ្ឋាភិបាល លើចំណុច ខុសឆ្គង មួយចំនួន ជុំវិញ បញ្ហានេះ។ អ្នកវិភាគ បញ្ហាសង្គម យល់ថា, វប្បធម៌សន្ទនា អាចគ្មាន ប្រយោជន៍ បើ គេ មិនរៀបចំ ផែនការ សកម្មភាព ដោះស្រាយបញ្ហា អ្វីមួយ ឲ្យច្បាស់លាស់។
មេដឹកនាំ គណបក្ស ប្រឆាំង លោក សម រង្ស៊ី បង្ហាញពីមោទនភាព និងលទ្ធផលល្អកើតចេញពីវប្បធម៌សន្ទនារវាងលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាកន្លងមក។ ការប្រកាសនេះ គឺនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនជាង ៣០០នាក់ នៅក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសផ្លាស់ប្ដូរតំណែងប្រធានក្រុមការងារបក្សខេត្តនេះ នៅព្រឹកថ្ងៃទី២០ ខែមេសា។
លោក សម រង្ស៊ី ថ្លែងថា បញ្ហាអន្តោប្រវេសន៍ គឺជាអាយុជីវិតរបស់ប្រទេសជាតិក្នុងចំណោមបញ្ហាជាច្រើនទៀតដែល ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា រួមគ្នាដោះស្រាយដោយផ្អែកលើវប្បធម៌សន្ទនាដែលជារបៀបធ្វើការថ្មី និងមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្ដែលោកមិនអាចលាតត្រដាងពីនីតិវិធីដោះស្រាយរឿងជនអន្តោប្រវេសន៍ ទាំងអស់បានទេ ព្រោះបញ្ហាខ្លះស្មុគស្មាញត្រូវការពេលវេលាដោះស្រាយយូរ៖ «យើងដឹង អស់ហើយចំពោះបញ្ហាដែលមិនទាន់មានដំណោះស្រាយ ជួនកាលមានសភាពការណ៍ធ្ងន់ធ្ងរៗ គឺមានបញ្ហាអន្តោប្រវេសន៍ហ្នឹង។ ដូច្នេះទោះជាយើងមិនប្រកូកប្រកាសមិនធ្វើក្ដុងក្ដាំងតែនៅក្នុង អារម្មណ៍របស់យើង ហើយនៅក្នុងកម្មវិធីដើម្បីជជែករកដំណោះស្រាយឲ្យសមស្រប។ (ជិន ជេដ្ឋា៖ អាចនឹងមានប្រសិទ្ធភាពទេ ដោយសារតែកន្លងមកមានការរិះគន់ហើយអត់មានចំណាត់ការអ្វី?) ជឿជាក់ព្រោះវប្បធម៌ថ្មី គឺជាទម្លាប់ធ្វើការថ្មីមួយដែលត្រូវតែមានប្រសិទ្ធភាពជាងមុន ព្រោះបើគណបក្សពីររួមធ្វើការជាមួយគ្នាវាខ្លាំងជាងដែលគណបក្ស នីមួយៗអាចធ្វើការបានដោយឡែកពីគ្នា។»
ការថ្លែងរបស់លោក សម រង្ស៊ី នេះគឺស្របពេលដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង មានវិធានការរៀបចំផ្ទះបណ្ដែតទឹករាប់ពាន់ខ្នងឲ្យមានសណ្ដាប់ធ្នាប់ និងរុញចេញឆ្ងាយពីក្រុងកំពង់ឆ្នាំង មុននឹងជម្លៀសអ្នកទាំងនោះឲ្យឡើងមករស់នៅលើគោក។ អាជ្ញាធរខេត្ត និងក្រុងកំពុងស្មុគស្មាញរកទីតាំងឲ្យជនអន្តោប្រវេសន៍ទាំងនោះរស់នៅ លើគោកក្នុងទីប្រជុំជន និងក្បែរទន្លេ ដើម្បីបញ្ចៀសការបំពុលទឹកទន្លេ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងស្វាគមន៍ចំពោះជំហររបស់មេដឹកនាំគណបក្សប្រឆាំងនេះ ព្រោះអាចជួយជាគំនិត និងស្វែងរកដំណោះស្រាយល្អថែមទៀតលើកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះជាយូរមកហើយ។ យ៉ាងណាលោកថា វប្បធម៌សន្ទនាមិនអាចដោះស្រាយបញ្ហាអន្តោប្រវេសន៍បានភ្លាមទេ៖ «យើង សន្ទនាគ្នាបន្ថែមទៀតកាន់តែល្អ ក៏ប៉ុន្តែយើងគិតថា វាមិនអាចសន្ទនាគ្នាហើយចាប់ទៅប្រផាប់ប្រភីងដូចជំនាន់ លន់ នល់ ធ្វើអីហ្នឹងប្រហែលទៅមិនរួចទេ។ លទ្ធផលគឺត្រូវតែគោរពច្បាប់កម្ពុជា ច្បាប់អន្តរជាតិ ហើយមានការគោរពសិទ្ធិមនុស្សផង នេះជារឿងដែលយើងកំពុងធ្វើបច្ចុប្បន្ន។»
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ប្រសិនបើវប្បធម៌សន្ទនាប្រែក្លាយជាច្បាប់ ជាគោលនយោបាយ ឬផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហានឹងទទួលបានផ្លែផ្កា។ ប៉ុន្តែប្រសិនបើវប្បធម៌សន្ទនាគ្រាន់តែទៅប្រថាប់ត្រាឲ្យគណបក្ស កាន់អំណាច ដើម្បីឲ្យគណបក្សនេះបន្តកាន់អំណាចកាន់តែរឹងមាំ និងបំបិទមាត់អ្នកប្រឆាំងនោះ នឹងមិនទទួលបានផលអ្វីឡើយ៖ «ទោះបី ជាយ៉ាងណាក៏ដោយបើសិនជាយើងមានផែនការច្បាស់លាស់ថា រៀបចំដោះស្រាយជនអន្តោប្រវេសន៍ដូចម្ដេច? ទាមទារកោះត្រល់ដូចម្ដេច? ប្រឆាំងអំពើពុករលួយដូចម្ដេច? ឲ្យទៅជាច្បាប់ ឬឲ្យទៅជាផែនការ ហើយមានយន្តការតាមដានត្រួតពិនិត្យត្រឹមត្រូវនូវការអនុវត្តបានអាច ទទួលលទ្ធផលចុងក្រោយបាន។»
បច្ចុប្បន្នជនអន្តោប្រវេសន៍វៀតណាម បានតាំងទីលំនៅលើផ្ទៃទឹកបឹងទន្លេសាបស្អេកស្កះ និងនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា តួលេខជនអន្តោប្រវេសន៍ដែលទើបធ្វើជំរឿនថ្មី មានចំនួនមិនដល់ ១សែននាក់ទេ។ តំបន់ដែលជនជាតិវៀតណាម រស់នៅច្រើនជាងគេ គឺនៅឃុំឆ្នុកទ្រូ និងសង្កាត់ផ្សារឆ្នាំង នៃខេត្តកំពង់ឆ្នាំង និងនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
No comments:
Post a Comment