ពលរដ្ឋ ខេត្ត ស្វាយរៀង បារម្ភ វៀតណាម រំលោភ យកដី ស្រែចម្ការ
RFA / វិទ្យុ អាស៊ី សេរី | ៤ មេសា ២០១៥ ២០១៥
ពលរដ្ឋរស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បារម្ភរឿងវៀតណាម គំរាមកំហែង និងរារាំងមិនឲ្យពលរដ្ឋខ្មែរធ្វើកសិកម្មលើដីស្រែរបស់ពួកគាត់។ ការរារាំងនោះ ពលរដ្ឋអះអាងថាពុំមានអាជ្ញាធរខ្មែរ ឬក៏សមត្ថកិច្ចមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយទេ។ ចំណែកមន្ត្រីសង្គមស៊ីវិល យល់ថា ប្រសិនរដ្ឋាភិបាលព្រងើយមិនដោះស្រាយបញ្ហាព្រំដែនទេ គឺដីខ្មែរអាចនឹងបាត់បង់បន្តិចម្តងៗពីការឈ្លានពានពីប្រទេស វៀតណាម។ ហើយក្រុមមន្ត្រីអង្គការសង្គមស៊ីវិល អំពាវនាវឲ្យរាជរដ្ឋាភិបាល គិតគូរដោះស្រាយបញ្ហាព្រំដែន និងដីទំនាស់រវាងពលរដ្ឋ និងអាជ្ញាធរវៀតណាម។
ក្តីបារម្ភនេះ កើតឡើងស្របពេលដែលអាជ្ញាធរវៀតណាម ហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យធ្វើស្រែចម្ការ និងប្រមូលផលដំណាំលើដីរបស់ពួកគាត់ ដែលធ្លាប់កាន់កាប់តាំងពីដូនតាមក។
ក្រុមប្រជាពលរដ្ឋនៅតែទទូចស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រី អង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីពលរដ្ឋបានប្ដឹងទៅអាជ្ញាធរខ្មែរជាច្រើនសាមកហើយ។
តំណាងពលរដ្ឋម្នាក់រស់នៅជិតព្រំដែនកម្ពុជា-វៀតណាម នៅស្រុករំដួល លោក ថន សុខធឿន ឲ្យដឹងនៅថ្ងៃទី២ ខែមេសា ថា អាជ្ញាធរវៀតណាម បានបោះបង្គោលព្រំដែនចូលដីស្រែចម្ការពលរដ្ឋខ្មែរចំនួន ១២គ្រួសារ ក្នុងទំហំដីចំនួនជាង ៣០ហិកតារ តាំងពីឆ្នាំ២០១២ និងបន្តរំលោភយកជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០១៥ នេះ។ លោកបន្តថា សកម្មភាពរំលោភយកដីខ្មែរមិនត្រូវបានអាជ្ញាធរ ឬក៏មន្ត្រីជំនាញដោះស្រាយទេ បែរជាចោទពលរដ្ឋទៅវិញថា ចេះតែចង្អុលដីដែលទំនេរថាជាដីរបស់ខ្លួន។
បុរសដដែលបន្តថា ដីចម្ការស្វាយចន្ទីរបស់គាត់ចំនួន ៤ហិកតារ និងដីសម្រាប់ធ្វើស្រែចំនួន ១ហិកតារកន្លះទៀតធ្លាប់អាស្រ័យផលតាំងពីដូនតារហូតមក ត្រូវបានអាជ្ញាធរវៀតណាម ហាមឃាត់ និងគំរាមកំហែង៖ «ពេលហ្នឹងដែល ដាក់ហ្នឹង គឺប្រជាពលរដ្ឋដែលទៅមិនឲ្យដាក់ហ្នឹងច្រើនណាស់ តែបញ្ហាដែលគេ គឺគេយកកម្លាំងមានសមត្ថកិច្ចទៅរារាំងយើងមិនអាចឃាត់គេបានចឹង បង។»
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែមេសា មិនអាចទាក់ទងសុំការអធិប្បាយពីអភិបាលខេត្តស្វាយរៀង លោក ជៀង អំ បានទេ ដោយទូរស័ព្ទចូលមិនទទួល។
ដូចគ្នានេះដែរ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បដិសេធការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋ ដោយលើកហេតុផលថា បង្គោលព្រំដែននីមួយៗ គឺបោះឡើងដោយទ្វេភាគីរវាងកម្ពុជា និងវៀតណាម។ ចំណែកបង្គោលព្រំដែនបោះកន្លងមកនៅតំបន់នោះ គឺជាបង្គោលព្រំដែនបណ្ដោះអាសន្ននោះទេ មិនទាន់អចិន្ត្រៃយ៍នៅឡើយ។ លោកចាត់ទុកថា ការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋ គឺមកពីការជឿពាក្យញុះញង់របស់គណបក្សផ្សេងទៀត។ លោក វ៉ា គឹមហុង អះអាងថា ទឹកដីខ្មែរមិនត្រូវបានបាត់បង់សូម្បីតែមួយចំអាមឡើយ៖ «គេ ឲ្យមនុស្សទៅតំណាងទៅពន្យល់គាត់ទៀត គាត់ឯកភាពថាគាត់យកគាត់អីហើយ ត្រឡប់មកវិញអាណាចាក់ដោតទៀត គាត់ក៏សួរ គាត់នឹងលើកមកវិញដីថា ដីបាត់ទៀត។ ហើយយើងចេះតែដើរចោទគេចោទឯង ចោទគណៈកម្មការរដ្ឋាភិបាល រហូតដល់ឥឡូវវាអត់មានបាត់សោះ។»
ឆ្លើយតបបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា កន្លងមកជម្លោះព្រំដែនរវាងពលរដ្ឋកម្ពុជា និងវៀតណាម លោកសង្កេតឃើញថា អាជ្ញាធរវៀតណាម តែងតែមានប្រៀបជាងកម្ពុជា គ្រប់កាលៈទេសៈទាំងកម្លាំងប្រដាប់អាវុធ ទាំងបញ្ហាបោះបង្គោល ជាដើម។ លោកបន្តថា ពលរដ្ឋមានបញ្ហាបាត់បង់ដីកសិកម្ម ហើយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន តែមិនឃើញមានអ្នកយកចិត្តទុកដាក់ឡើយ។ លោកបន្ថែមថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងពេលកន្លងមក អ្វីដែលខាតបង់ គឺកម្ពុជា ជាពិសេស គឺពលរដ្ឋខ្មែររស់នៅតាមព្រំដែន៖ «គាត់ រងគ្រោះ គាត់អស់ដី តើត្រូវធ្វើម៉េច? អីហើយអាជ្ញាធរយើងជាឪពុកជាម្តាយអាណាព្យាបាល ថាតើត្រូវធ្វើរបៀបម៉េច? គេអត់គិតចឹង គេគិតតែទម្លាក់កំហុសទៅលើសង្គមស៊ីវិលញុះញង់ គេទម្លាក់កំហុសទៅលើបក្សនយោបាយ។»
ក្នុងករណីនេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម ធ្លាប់អំពាវនាវឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ការអភិវឌ្ឍតាម ព្រំដែន ដើម្បីជារបងការពារពីការរំលោភដែនអធិបតេយ្យពីប្រទេសជិតខាង។ លោក កែម ឡី មានប្រសាសន៍ថា បញ្ហាព្រំដែនមិនត្រឹមតែកើតមានឡើងនៅខេត្តស្វាយរៀង ទេ គឺនៅមានច្រើនកន្លែងទៀតដែលមិនទាន់បានរាជរដ្ឋាភិបាលដោះស្រាយ។ លោកបន្ថែមថា បញ្ហារណបវៀតណាម អាចធ្វើឲ្យវៀតណាម រំលោភយកដីបានតាមចិត្ត ហើយពលរដ្ឋខ្មែរនៅតែរងគ្រោះជាបន្ត ប្រសិនបញ្ហាមិនត្រូវបានរាជរដ្ឋាភិបាលដោះស្រាយ៖ «លើសន្ធិសញ្ញា បំពេញបន្ថែម ហើយមិនដឹងថាតើចុះសន្ធិសញ្ញាហ្នឹងព្រំប្រទល់នៅកន្លែងណា? អ្នកដឹកនាំកំពូលៗមកជួបជុំគ្នា ដើម្បីធ្វើការតវ៉ាដោយសន្តិវិធី ខ្ញុំគិតថាអាចទទួលបានជោគជ័យ។»
ក្រុមប្រជាពលរដ្ឋអះអាងថា កាលពីឆ្នាំ២០១៤ គណៈកម្មការកិច្ចការព្រំដែនកម្ពុជា និងអាជ្ញាធរវៀតណាម បានបោះបង្គោលព្រំដែនលេខ១៤៧ និង ១៤៨ ឋិតនៅស្រុករំដួល ខេត្តស្វាយរៀង ក្នុងនោះមានពលរដ្ឋជិត ១០០នាក់ បានលើកគ្នាមកតវ៉ារារាំង ប៉ុន្តែត្រូវបានហាមឃាត់ និងគំរាមកំហែងពីអាជ្ញាធរខ្មែរ៕
No comments:
Post a Comment