Paris Peace Accords 23 Oct. 1991

Wednesday, May 20, 2015

មនុស្ស​ ១៨នាក់ ​ស្លាប់​ និង​២១នាក់ ​របួស ​ក្នុង​គ្រោះថ្នាក់ ​ចរាចរណ៍ ​នៅ​ស្វាយរៀង | 18 dead, 21 injured in Svay Rieng traffic accident

មនុស្ស​ ១៨នាក់ ​ស្លាប់​ និង​២១នាក់ ​របួស ​ក្នុង​គ្រោះថ្នាក់ ​ចរាចរណ៍ ​នៅ​ស្វាយរៀង

RFA / ​វិទ្យុ ​អាស៊ី សេរី |  ១៩ ឧសភា ២០១៥

គ្រោះថ្នាក់​ចរាចរណ៍ ស្វាយរៀង ៦២០
រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។  Licadho Photo

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវ​នាវ​​ ឲ្យ​​ពលរដ្ឋ​ គោរព​ច្បាប់​ ចរាចរណ៍​ ឲ្យ​បាន​ ទាំង​អស់​គ្នា។  ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​ ភ្លាមៗ​ នៅ​ក្រោយ​ពេល ​ដែល​មាន ​ករណី​ គ្រោះថ្នាក់ ​ចរាចរណ៍​ នៅ​ខេត្ត​ ស្វាយរៀង ដែល​បាន​ សម្លាប់​កម្មករ​ ​១៨​នាក់ និង ២១​នាក់​ទៀត​ របួស។   ក្រុម​អង្គការ ​មិនមែន ​រដ្ឋាភិបាល​ រិះគន់​ថា, ការ​មិន​គោរព​ ច្បាប់ ​ចរាចរណ៍ ​កើត​ឡើង​ ពី​ការ​អនុវត្ត​ច្បាប់ ​ធូរ​រលុង និង​មិន​ស្មើ​ភាព​គ្នា។

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចូលរួម​រំលែក​ទុក្ខ​កម្មករ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ ខេត្ត​ស្វាយរៀង រំលឹក​ថា ច្បាប់​ចរាចរណ៍​ថ្មី​ដែល​កំពុង​ដាក់​អោយ​អនុវត្តន៍​នោះ​នឹង​អាច​ជួយ​កាត់​ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន នៅ​ពេល​ណា​ដែល​ពលរដ្ឋ​គ្រប់​រូប​ចូល​រួម​ប្រតិបត្តិ។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ភ្លាមៗ នៅ​ក្រោយ​ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​ទៀត គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា កម្មករ​ចំនួន ១៨​នាក់​បាន​ស្លាប់ និង​ជាង ២១​នាក់​ទៀត រង​របួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន ​វៀតណាម ឈ្មោះ ស៊ុន ហួរ ដែល​ហៅ​កាត់​ថា ១៥ អេស.អេច្ឆ (15 SH) ដែល​ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​វៀតណាម បុក​នឹង​រថយន្ត​ដឹក​កម្មករ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​កើត​ឡើង​ដោយសារ​ភាព​ធូរ​រលុង​ក្នុង​ ការ​អនុវត្ត​ច្បាប់​ដោយ​មន្ត្រី​សមត្ថកិច្ច​ទៅ​វិញ​ទេ។

លោក យង់ គិមអេង បន្ត​ថា ពង្រឹង​ការងារ​របស់​សមត្ថកិច្ច និង​បំពាក់​សម្ភារៈ​ចាំ​បាច់​នានា នឹង​អាច​ជួយ​អោយ​មាន​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។

ស្នងការ​រង​ខេត្ត​ស្វាយរៀង លោក ណុប គឹមហេង អោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​មនុស្ស​ចំនួន ​១៦​នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ និង ២​នាក់​ទៀត បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។ លោក​ស្នងការ​រង​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​មាន​បុរស ២​នាក់ ចំណែក​អ្នក​ផ្សេង​ទៀត​ជា​ស្ត្រី។

ជាមួយ​គ្នា​នោះ​មាន​អ្នក​របួស​ធ្ងន់​ចំនួន ៧​នាក់ និង​របួស​ស្រាល​ចំនួន ១៤​នាក់។ អ្នក​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង និង​មាន​ម្នាក់​ត្រូវ​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ។
ប្រភព​ពី​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា រថយន្ត​ក្រុង​បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ដឹក​កម្មករ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ ដែរ។ រថយន្ត​ក្រុង​នោះ​បាន​វ៉ា​រថយន្ត​ដែល​នៅ​ខាង​មុខ​ខ្លួន ហើយ​បាន​បុក​គ្នា​ពេញ​ទំហឹង​នឹង​រថយន្ត​ដែល​បាន​ដឹក​កម្មករ​មាន​គ្នា​ទាំង​ អស់ ៣៩​នាក់។ រថយន្ត​ដែល​ដឹក​កម្មករ​ជា​ប្រភេទ​រថយន្ត​ទេសចរណ៍ ដែល​ដឹក​មនុស្ស​លើសចំណុះ។

បើ​តាម​លោក គឹម ហេង អ្នក​បើកបរ​រថយន្ត​ក្រុង​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ ឡេ វ៉ាងស៊ឹង ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន និង​កំពុង​ឋិត​នៅ​ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ក្រុមហ៊ុន ១៥ អេស.អេច្ឆ បាន​នៅ​ឡើយ​ទេ​ចំពោះ​ករណី​អ្នក​បើកបរ​របស់​ក្រុមហ៊ុន​បំពេញ​ការងារ​ដោយ​ពុំ​ មាន​ប័ណ្ណ​បើកបរ​នេះ។

ក្នុង​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែង​ថា អ្នក​បើកបរ​ដែល​បង្ក​អោយ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នឹង​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិន​បើ​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។
ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រធាន​ផ្នែក​ការិយាល័យ​គោលនយោបាយ និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស លោក ជាវ ប៊ុណ្ណរិទ្ធ មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​នៅ​ពេល​ទៅ​បំពេញ​ការងារ​របស់​កម្មករ​ត្រូវ​ចាត់​ទុក​ជា​ គ្រោះថ្នាក់​ការងារ​ដែល ប.ស.ស ទទួល​ខុស​ត្រូវ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ទាំង​អ្នក​ដែល​បាត់បង់​ជីវិត និង​អ្នក​របួស​ពិការ។

លោក​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​សំណង​ទាំង​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ ទាមទារ​សំណង​ពី​អ្នក​បើកបរ ឬ​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន។

ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា សមាជិក​របស់​សហជីព​លោក ក៏​ឋិត​ក្នុង​ចំណោម​មនុស្ស​ទាំង ៣៩​នាក់ ដែល​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ដែរ។ ក្រុម​របស់​លោក កំពុង​ត្រៀម​រៀបចំ​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន៖ «»។
លោក ប៉ាវ ស៊ីណា បន្ត​ថា កម្មករ​បន្ត​ជិះ​ប្រជ្រៀត​គ្នា​ដោយ​ផ្ទុយ​នឹង​ច្បាប់​កំណត់​គឺ​ដោយ​សារ​ ពួកគេ​ពុំ​មាន​ជម្រើស ដ្បិត​ប្រាក់​ឈ្នួល​ទាប។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បែប​នេះ​មិន​ធ្លាប់ ​កើត​មាន​ទេ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​នៅ ​ទូទាំង​ប្រទេស។ របាយការណ៍​បឋម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​អោយ​ដឹង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៥ នេះ មាន​ចំនួន ១.៨៨៤​ករណី គឺ​បាន​កើន​ឡើង​ចំនួន ៧៧​ករណី៕


No comments:

Post a Comment