Paris Peace Accords 23 Oct. 1991

Tuesday, May 26, 2015

មនុស្ស​ ២​នាក់ ​របួស​ ក្នុង​ពេល​ ប៉ះទង្គិច​ រវាង​ សមត្ថកិច្ច ​និង​កម្មករ ​តវ៉ា​ នៅ​ប៉ោយប៉ែត | 2 wounded in altercation of security with workers in Poipet

មនុស្ស​ ២​នាក់ ​របួស​ ក្នុង​ពេល​ ប៉ះទង្គិច​ រវាង​ សមត្ថកិច្ច ​និង​កម្មករ ​តវ៉ា​ នៅ​ប៉ោយប៉ែត

RFA / ​វិទ្យុ ​អាស៊ី សេរី |  ២៥ ឧសភា ២០១៥

កម្មករ​តវ៉ា ប៉ោយប៉ែត ៦២០
កងកម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ចាប់​វាយ​កម្មករ​អ្នក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គយ​​និង​រដ្ឋាករ​ក្រុង​ ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៥។  Provided Photo

សមត្ថកិច្ច​ ក្រុង​ប៉ោយប៉ែត បាន​ប្រើ​កម្លាំង ​​បំបែក​ ការ​តវ៉ា​ ពី​សំណាក់​ ក្រុម​​កម្មករ​ អូស​រទេះ​ បណ្ដាល ​ឲ្យ​កម្មករ​ ម្នាក់ ​រង​របួស​ ធ្ងន់ ខណៈ​ពួកគេ​ តវ៉ា​ នៅ​ច្រក​ទ្វារ ​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ ទី​២៥ ខែ​ឧសភា។  ក្រុម​កម្មករ​ អូស​រទេះ ​ប្រមាណ ១៥០​​នាក់​ ធ្វើ​បាតុកម្ម​ ទាមទារ ឲ្យ​មន្ត្រី​ គយ ​ប្រចាំ​ច្រក​ទ្វារ​ អន្តរជាតិ​ ប៉ោយប៉ែត ​ ​បញ្ឈប់​​យក​ពន្ធ​ លើ​ការ​នាំ​​ទំនិញ​ ចេញ​​ចូល​ តាម​រទេះ​ខ្ពស់​ ហួស​ហេតុ ​បន្តទៀត។


ក្រៅ​ពី​កម្មករ ​អូស​រទេះ​ ក៏​មាន​ មន្ត្រី​សន្តិសុខ​ ទីស្នាក់ការ​ គយ ​ម្នាក់ ​រង​របួស​ដែរ, ព្រម​ទាំង រថយន្ត​ មន្ត្រី​គយ ៣​គ្រឿង ​រង​ការ ​ខូច​ខាត ដោយសារ ​ការ​ប៉ះ​ទង្គិច​ គ្នា​ ដោយ​ហិង្សា រ​វាង​ ក្រុម​កម្មករ​ ជាមួយ ​កង​កម្លាំង​ សមត្ថកិច្ច ​នៅ​តំបន់ ច្រក​ទ្វារ​ ព្រំដែន ​ក្រុង​ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ។

ក្រុម​កម្មករ​អូស​រទេះ​ដែល​តវ៉ា​​នោះ អះអាង​ថា ហេតុ​ដែល​ពួកគេ​តវ៉ា​នេះ​ដោយ​សារ​កន្លង​មក​មន្ត្រី​គយ​​​ប្រចាំ​ច្រក​ទ្វារ​ អន្តរជាតិ​បាន​ប្រើ​អំណាច​គាប​សង្កាត់​​ទារ​ប្រាក់​ថ្លៃ​ដឹក​ទំនិញ​ពី​​​ ពួកគេ​ជា​ប្រចាំ​​ ធ្វើ​ឲ្យ​កម្មករ​ពុំ​អាច​រក​ប្រាក់​ចំណូល​​ពី​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​នោះ​ទេ។

តំណាង​កម្មករ​អូស​រទេះ​ម្នាក់ គឺ​​លោក​ ចក់ ផុន​ ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ឧសភា ថា កន្លង​មក​មន្ត្រី​គយ​​តម្រូវ​​​ឲ្យ​ពួកគេ​បង់​ប្រាក់​លើ​ការ​ដឹក​ទំនិញ​​ពី​ ថៃ មក​កម្ពុជា ដែល​មាន​​​ចំណុះ​ចាប់​ពី ៣០​កេះ​ឡើង​ទៅ​​ប្រមាណ ​១​លាន​រៀល​ក្នុង​មួយ​ជើង។ លោក​បញ្ជាក់​ថា​ តម្លៃ​បង់ពន្ធ ១​លាន​រៀល​នេះ​ពួកគេ​ដឹក​ទំនិញ​​ពុំ​ទទួល​បាន​ប្រាក់​ចំណេញ​យក​ទៅ​ដោះស្រាយ​ ជីវភាព​នោះ​ទេ។ កម្មករ​រូប​នេះ​ទាមទារ​ឲ្យ​មន្ត្រី​គយ​បញ្ចុះ​តម្លៃ​យក​ពន្ធ​ដឹក​ទំនិញ​​ របស់​ពួកគេ​ពី ៣០​កេះ​ចុះ​ក្រោម​តម្លៃ ១​ម៉ឺន​រៀល​ក្នុង​មួយ​ជើង៖ «ពួក​ខ្ញុំ​នាំ​គ្នា​តវ៉ា​អស់​ជា​ច្រើន​មក​ហើយ​ ប៉ុន្តែ​ខាង​មេ​គយ​គាត់​អត់​ចេញ​​មុខ​មក​ដោះស្រាយ​ជា​មួយ​កម្មករ​យើង​ខ្ញុំ​ឡើយ»

កម្មករ​អូស​រទេះ ប៉ោយប៉ែត ៦២០
សកម្មភាព​កងកម្លាំង​ សមត្ថកិច្ច និង​ក្រុម​កម្មករ​អូសរទេះ នៅ​ខាង​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៥។ Provided Photo

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ​ប្រធាន​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​លោក ឈួន ហៃ មាន​ប្រសាសន៍​បញ្ជាក់​ថា​ សមត្ថកិច្ច​គយ​យក​ពន្ធ​​ទំនិញ​ដែល​កម្មករ​ដឹក​នោះ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​​ គ្រប់​បែប​យ៉ាង​ គឺ​ពុំ​មាន​ចេតនា​ធ្វើ​បាប​ដល់​ក្រុម​កម្មករ​ទាំង​នោះ​ឡើយ។

លោក​ថា​ ក្រុម​កម្មករ​ជា​អ្នក​ទទួល​ថ្ម​បាក់​ជំនួស​មុខ​ឲ្យ​អ្នក​ជំនួញ​រក​ស៊ី​ដឹក​ ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទេ៖ «កន្លង​មក​ខ្ញុំ​ តែង​តែ​ប្រជុំ​ផ្សព្វផ្សាយ​​អំពី​ច្បាប់​ស្ដី​ពី​គយ​នេះ​ឲ្យ​ម្ចាស់​ទំនិញ​ ចេញ​មុខ​ដើម្បី​ចូល​រួម​បំពេញ​កាតព្វកិច្ច​ពន្ធ តែ​គាត់​អត់​មក​ចូល​រួម​ទេ គឺ​គាត់​តែង​ធ្វើ​ការ​រារាំង​មិន​ឲ្យ​ម្ចាស់​ចេញ​​មុខ​ប្រឈម​ជាមួយ​ សមត្ថកិច្ច​ ដោយ​មាន​ញុះញង់​ពី​ម្ចាស់​ទំនិញ។»

ក្រុម​កម្មករ​អះអាង​ទៀត​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រើ​កម្លាំង​បំបែក​ការ​តវ៉ា​​បណ្ដាល​​ឲ្យ​កម្មករ​អូស​រទេះ​ម្នាក់​ ឈ្មោះ​​លោក ម៉ៅ សុន អាយុ ៣៣​ឆ្នាំ​​ រង​របួសធ្ងន់។​​​​​​​​​

មេ​បញ្ជាក់​ការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក​ ជា​ ដា​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ កម្មករ​ដែល​រង​របួស​នោះ​​បាន​ស្រវឹង​ស្រា ហើយ​ដើរ​ដួល​ដោយ​ខ្លួន​ឯង​ទេ គឺ​ខាង​​​​​សមត្ថកិច្ច​ពុំ​បាន​វាយ​​ពួកគេ​ដូច​ការ​លើក​របស់​កម្មករ​នោះ​ ឡើយ៖ «សមត្ថកិច្ច​គ្រាន់​តែ​ទៅ​យក​រទេះ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥​នោះ​ទេ​ ពី​ពោះ​ការ​តវ៉ា​នោះ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ដល់​ការ​ធ្វើ​ដំណើរ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​គ្រា​នោះ​ក៏​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​បន្តិចបន្តួច​ទៅ។»

ក្រុម​កម្មករ​អះអាង​ថា អ្នក​ដែល​រង​បួស​នោះ​​សមត្ថកិច្ច​ជា​អ្នក​វាយ​ ពុំ​មែន​ដោយ​សារ​ស្រវឹង​ស្រា​ឡើយ។

មន្ត្រី​គយ​បញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​និង​សមត្ថកិច្ច​កាន់​តែ​ខ្លាំង​ឡើង​​​ បណ្ដាល​ឲ្យ​រថយន្ត​គយ​ចំនួន ៣​គ្រឿង​​ រង​ការ​ខូចខាត និង​រង​របួស​មន្ត្រី​សន្តិសុខ​ស្នាក់​ការ​គយ​ម្នាក់។
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នេះ​ដោយសារ​ខាង​​សមត្ថកិច្ច​មិន​បាន​ដោះស្រាយ​តាម​ការ​ស្នើ​ សុំ​របស់​កម្មករ៖ «ទាំង​អស់នេះ​អ្នក​ច្បាប់​គួរ​តែ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ ដើម្បី​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​អំពើ​ហិង្សា​នេះ។»

​​​​​​​​​​​រហូត​មក​ដល់​ពេល​នេះ​ស្ថានភាព​ការ​តវ៉ា​បាន​ស្ងប់ស្ងាត់​ទៅ​ វិញ​ ប៉ុន្តែ​​ពុំ​ទាន់​មាន​ដោះស្រាយ​នៅ​ឡើយ​ទេ។ ចំណែក​ខាង​សមត្ថកិច្ច​​ក្រុង​ប៉ោយប៉ែត បាន​ដាក់​​ពង្រាយ​កម្លាំង​​​ការពារ​​នៅ​ជុំវិញ​តំបន់​ដែល​កម្មករ​ធ្វើ​ការ​ តវ៉ា​នោះ៕



No comments:

Post a Comment