Paris Peace Accords 23 Oct. 1991

Sunday, May 10, 2015

លោក កឹម សុខា នៅ​តែ​ ប្រឈម​បាត់​កៅអី ​រដ្ឋសភា ​បើ​ មិន​គោរព​ គោលការណ៍ ​វប្បធម៌​សន្ទនា | Kem Sokha continues to face loss of NA seat if he doesn't respect culture of dialogue

លោក កឹម សុខា នៅ​តែ​ ប្រឈម ​បាត់​កៅអី​ រដ្ឋសភា ​បើ​ មិន​គោរព​ គោលការណ៍ ​វប្បធម៌​សន្ទនា

RFA / ​វិទ្យុ ​អាស៊ី សេរី |  ៩ ឧសភា ២០១៥


កឹម សុខា ៦២០
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា ថ្លែង​ក្នុង​ពេល​ជួប​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នា​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា លោក កឹម សុខា នៅ​តែ​អាច​ប្រឈម​នឹង​ការ​បាត់បង់​កៅអី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​របស់​ ខ្លួន ប្រសិន​បើ​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ បន្ត​ថ្លែង​វាយ​ប្រហារ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ពេល​កន្លង​មក។



ការ​អះអាង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បែប​នេះ គឺ​នៅ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា សន្យា​រក្សា​វប្បធម៌​សន្ទនា​ដោយ​ចៀសវាង​ការ​ជេរ​ប្រមាថ​គ្នា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ឧសភា ថា គណបក្ស​កាន់​អំណាច​មួយ​នេះ​នឹង​មាន​វិធានការ​ឆ្លើយ​តប​ចំពោះ លោក កឹម សុខា ប្រសិន​បើ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ដើរ​ក្រៅ​គន្លង​នៃ​វប្បធម៌​សន្ទនា ដែល​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​គោរព​តាម​សេចក្តី​ថ្លែងការណ៍​រួម។

លោក ឈឹម ផលវរុណ បញ្ជាក់​ថា វិធានការ​នោះ​អាច​ជា​ការ​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា ពី​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​តែ​ម្តង ព្រោះ​លោក​ថា កៅអី​អនុប្រធាន​ទី​១​រដ្ឋសភា​ដែល លោក កឹម សុខា កំពុង​តែ​អង្គុយ​នេះ បាន​មក​ដោយ​មាន​ការ​រួម​ចំណែក​សំឡេង​គាំទ្រ​របស់​តំណាង​រាស្ត្រ​គណបក្ស​ ប្រជាជន​កម្ពុជា។ ដូច្នេះ​លោក​ថា លោក កឹម សុខា នឹង​បាត់បង់​តំណែង​នេះ​វិញ ប្រសិន​បើ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដក​សេចក្តី​ទុក​ចិត្ត៖ «អាស្រ័យ ​លើ លោក កឹម សុខា ដែរ បើ​គាត់​សុខ​ចិត្ត​ដើរ​ក្រៅ​គន្លង​វប្បធម៌​សន្ទនា ហើយ​គាត់​សុខ​ចិត្ត​បាត់បង់​តំណែង អា​ហ្នឹង​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​យើង​មើល​មក​ដល់​ឥឡូវ​នេះ លោក កឹម សុខា គឺ​ស្រឡាញ់​តំណែង​ហ្នឹង​ជាង។ ខ្ញុំ​ជឿ​ថា​គាត់​អត់​មាន​សុឆន្ទៈ​ស្រឡាញ់​វប្បធម៌​សន្ទនា​ទេ ប៉ុន្តែ​គាត់​ស្រឡាញ់​តំណែង ប៉ុន្តែ​ទោះ​យ៉ាង​ណា បើ​គាត់​ស្រឡាញ់​តំណែង​កុំ​ឲ្យ​បាត់បង់ តម្រូវ​ឲ្យ​គាត់​មិន​ជេរ​ប្រមាថ​វាយ​ប្រហារ​ដែរ»

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​បង្ហាញ​នូវ​គោលការណ៍ ៧​ចំណុច ដែល​គណបក្ស​ទាំង​ពីរ​ចាំបាច់​ត្រូវ​គោរព​តាម ដើម្បី​រក្សា និង​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​មាន​ប្រសិទ្ធភាព។ សេចក្តី​ថ្លែងការណ៍ ក៏​តម្រូវ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នីមួយៗ អប់រំ ណែនាំ​ជា​ប្រចាំ​ដល់​មន្ត្រី សមាជិក សមាជិកា និង​អ្នក​គាំទ្រ​គណបក្ស​រៀងៗ​ខ្លួន ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ឲ្យ​អនុវត្ត​នូវ​គោលការណ៍​ទាំងអស់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ពួក​គេ​អះអាង​ថា ការ​ដាក់​ចេញ​នូវ​គោលការណ៍​រួម​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

គោលការណ៍​ទាំង​នោះ​រួម​មាន ភាព​ស្មោះ​ត្រង់​ជាមួយ​គ្នា គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ចៀសវាង​ការ​ញុះញង់ ការ​លាប​ពណ៌​គ្នា ការ​ប្រើ​ពាក្យ​អសុរោះ និង​ការ​ជេរ​ប្រមាថ​គ្នា ចៀសវាង​ការ​គំរាម​កំហែង និង​ការ​បំភិតបំភ័យ​តាម​គ្រប់​រូបភាព លុប​បំបាត់​ចោល​នូវ​ផ្នត់​គំនិត​គុំកួន សង​សឹក​គ្នា លុប​បំបាត់​ចោល​នូវ​នយោបាយ​ប្រកាន់​ពូជ​សាសន៍ និង​នយោបាយ​ជ្រុល​និយម ជាដើម។

យ៉ាង​ណា​ក៏ដោយ លោក ឈឹម ផលវរុណ ថ្លែង​ថា វប្បធម៌​សន្ទនា​នេះ​អាច​មាន​ប្រសិទ្ធភាព ឬ​ក៏​អត់​នោះ គឺ​វា​អាស្រ័យ​លើ​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត និង​ការ​ទទួល​ខុស​ត្រូវ​របស់​សហ​ស្ថាបនិក​នៃ​វប្បធម៌​សន្ទនា​ទាំង​ពីរ​រូប គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី។ លោក​ថា សហ​ស្ថាបនិក​ទាំង​ពីរ​ជា​អ្នក​មាន​តួនាទី​ណែនាំ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ ខ្លួន ឲ្យ​អនុវត្ត​តាម​គោលការណ៍​រួម​ដែល​បាន​ឯកភាព​គ្នា។

វា​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​គេ​ឮ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន លោក កឹម សុខា ដូច​នេះ។ កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​តែង​បាន​ព្រមាន​ជា​ហូរហែ​មក​ដែរ​ថា នឹង​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញ​ពី​កៅអី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ប្រសិន​បើ​អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បន្ត​ដើរ​ថ្លែង​វាយ​ប្រហារ និង​ជេរ​ប្រមាថ​លោក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រមាន​ថា លុប​ចោល​វប្បធម៌​សន្ទនា​ជាមួយ លោក សម រង្ស៊ី ទៀត​ផង បើ លោក សម រង្ស៊ី មិន​ព្រម​ណែនាំ​មន្ត្រី​ផ្ទៃ​ក្នុង​បក្ស​របស់​ខ្លួន ឲ្យ​អនុវត្ត​គោលការណ៍​វប្បធម៌​សន្ទនា​ឲ្យ​ត្រឹមត្រូវ។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​របស់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ​នៅ​ពេល​នេះ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា បើ​ទោះ​ជា​បក្ស​ទាំង​ពីរ​ឯកភាព​គ្នា​មិន​ប្រើ​ពាក្យពេចន៍​ជេរ​ប្រមាថ​គ្នា​ ក្តី ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​រួម​មិន​មាន​ចែង​ចំណុច​ណា​មួយ​ដែល​បញ្ជាក់​ថា ឲ្យ លោក កឹម សុខា ឈប់​រិះគន់​នូវ​ភាព​អសកម្ម និង​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល ឬ​ស្ថាប័ន​រដ្ឋ​នោះ​ទេ។ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​នៅ​តែ​បន្ត​ឃ្លាំ​មើល និង​តាម​ដាន​សកម្មភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល៖ «យើង​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ការ​រិះគន់​ស្ថាបនា គឺ​នៅ​តែ​មាន​បន្ត​ទៀត។ នេះ​ជា​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​សូម​បញ្ជាក់​ឲ្យ​ច្បាស់​មួយ​ទៀត គឺ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រកួត​ប្រជែង​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​ដឹកនាំ​ប្រទេស​ ក្នុង​ពេល​ខាង​មុខ តាម​រយៈ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ យុត្តិធម៌ សន្តិវិធី អហិង្សា។ ឯកឧត្តម កឹម សុខា ពុំ​ដែល​មាន​ប្រសាសន៍​ជេរ​ប្រមាថ មើល​ងាយ​នរណា​ទេ ហើយ​មហា​ជន​ខ្មែរ​ដឹង​ទាំងអស់​គ្នា​ហើយ»

នេះ គឺ​ជា​លើក​ទី​១​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ដាក់​ចេញ​នូវ​គោលការណ៍​រួម​គ្នា សម្រាប់​អនុវត្ត​វប្បធម៌​សន្ទនា​ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ មក៕

No comments:

Post a Comment