Paris Peace Accords 23 Oct. 1991

Monday, May 11, 2015

គណបក្ស ​នយោបាយ ​ធំៗ​ សម្រុក​ចុះ​​ជួប ​ម្ចាស់​ឆ្នោត​ នៅ​មូលដ្ឋាន

គណបក្ស ​នយោបាយ ​ធំៗ​ សម្រុក​ចុះ​​ជួប ​ម្ចាស់​ឆ្នោត​ នៅ​មូលដ្ឋាន

RFA / ​វិទ្យុ ​អាស៊ី សេរី |  ១០ ឧសភា ២០១៥

សម រង្ស៊ី កឹម សុខា ៦២០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ​នា​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។  Photo from Kem Sokha Facebook Page

តំណាង ​គណបក្ស​ នយោបាយ​ បាន​ធ្វើ​សកម្មភាព ​ប្រកួតប្រជែង ខ្លាំងក្លា ​នៅ​ពេល ​​រដូវ​កាល​ ប្រកួត​ប្រជែង​ ការ​បោះ​ឆ្នោត​​ ជិត​មក​ដល់, ពិសេស ​គណបក្ស ​ដែល​មាន​ អាសនៈ ​នៅ​ក្នុង​រដ្ឋ​សភា, គឺ​ បាន​ចុះ​ មូលដ្ឋាន ​ជួប​ម្ចាស់​ឆ្នោត និង​ធ្វើ​សកម្មភាព​ ផ្សេងៗ ដើម្បី​ ទាញ​យក​ ប្រជាប្រិយភាព ​របស់​ខ្លួន។  ក៏ប៉ុន្តែ​ សម្រាប់​បរិបទ​ នយោបាយ ​នៅ​ពេល​នេះ មិន​ដូច​ ពី​មុន​ទៀត​ឡើយ, បើ​ ទោះ​បី​ ជា​ការ​បោះឆ្នោត ​អាណត្តិ​ ទី​​៦ នៅ​មាន ​រយៈពេល ​វែង​ទៀត​ក្តី, ប៉ុន្តែ​ យុទ្ធនា​ការ​ ចុះ​មូលដ្ឋាន​ ស្វែង​រក ​ប្រជាប្រិយភាព ​របស់​ គណបក្ស​ នយោបាយ​ ធំៗ ​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម ​តាំង​ពី​ដើម​ អាណត្តិ។

គេ​ សង្កេត​ឃើញ​ ថា, ក្រោយ​ពី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​នោះ ទាំង​បក្ស​កាន់​អំណាច ទាំង​បក្ស​ប្រឆាំង​បាន​ចុះ​មូលដ្ឋាន​គ្រប់​ទិស​ទី​ដើម្បី​បង្ហាញ​ទំនុក​ ចិត្ត​ដល់​ប្រជាជន​ផង និង​បង្ហាញ​ពី​សមិទ្ធផល​ថ្មីៗ​របស់​ខ្លួន​ផង។ សកម្មភាព​ទាំង​នេះ អ្នក​វិភាគ​យល់​ថា អ្នក​នយោបាយ​ចាប់​ផ្ដើម​អោយ​តម្លៃ​ខ្ពស់ និង​គោរព​ម្ចាស់​ឆ្នោត​ជាង​មុន។

អ្នក​វិភាគ​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​តម្លៃ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ក្រសែ​ភ្នែក​អ្នក​នយោបាយ​ កាន់តែ​ឡើង​ខ្ពស់​ជាង​មុន ​ដែល​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ យុទ្ធសាស្ត្រ​នយោបាយ​របស់​ខ្លួន ដោយ​សម្រុក​ចុះ​មូលដ្ឋាន​ដើម្បី​​​ស្វែង​រក​ប្រជាប្រិយភាព​នៅ​មុន​រដូវ​កាល​ បោះឆ្នោត​អាណត្តិ​ទី​៦ បាន​មក​ដល់។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ដើម​អាណិត​មក​ម្ល៉េះ បាន​ចុះ​មូលដ្ឋាន​គ្រប់​ទិស​ទី​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ពង្រីក​រក​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ថែម​ទៀត។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​កាល​ពី​បោះឆ្នោត​ នីតិកាល​ទី​៥ កន្លង​ទៅ។ គណបក្ស​នេះ បាន​ធ្វើ​សកម្មភាព​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ មេដឹកនាំ​គណបក្ស​នេះ បាន​ដឹកនាំ​តំណាងរាស្ត្រ​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ចុះ​មូលដ្ឋាន​សួរ​ សុខ​ទុក​ប្រជាពលរដ្ឋ និង​បាន​បញ្ចេញ​សារ​នយោបាយ​ផ្សេងៗ ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ការ​ទាញ​យក​ប្រជាប្រិយភាព និង​ត្រៀម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​ខាង​មុខ។ នៅ​ពេល​ចុះ​មូលដ្ឋាន​ម្តងៗ គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​បង្ហាញ​លទ្ធផល​ខ្លះៗ​ជូន​ប្រជាពលរដ្ឋ បន្ទាប់ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រដ្ឋសភា ជាពិសេស​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត។

កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ថ្មីៗ​នេះ ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​ដៃ​គ្នា​ចុះ​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ទៀត ដូច​ដែល​មេដឹកនាំ​ទាំង​ពីរ​រូប​នេះ ធ្លាប់​បាន​ចុះ​ទៅ​ខែត្រ​ផ្សេងៗ​ទៀត។ រី​ឯ​សកម្មភាព​នៅ​បរទេស​វិញ លោក កឹម សុខា និង​លោក សម រង្ស៊ី ហាក់​ផ្លាស់ប្ដូរ​គ្នា​អញ្ជើញ​ទៅ​បរទេស។  លោក កឹម សុខា ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក កាល​ពី​ប៉ុន្មាន​ខែ​មុន មិន​យូរ​ប៉ុន្មាន លោក សម រង្ស៊ី បាន​ចេញ​ទៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ទៅ​ជួប​អ្នក​គាំទ្រ​វិញ​ម្ដង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ពលី​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រទេស​ជាតិ ប្រជាជន និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ការ​បោះឆ្នោត​នៅ​អាណត្តិ​មុនៗ មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា មានតែ​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុន​បោះ​ឆ្នោត ជាពិសេស​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប៉ុណ្ណោះ ដែល​អ្នក​នយោបាយ​ធ្វើ​សកម្មភាព​​ក្នុង​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ និង​យក​ចិត្ត​អ្នក​បោះ​ឆ្នោត​ខ្លាំង​ជាង​គេ។ ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​បញ្ចប់​ទៅ និង​បាន​រៀបចំ​រដ្ឋាភិបាល​សភា​ហើយ​នោះ សកម្មភាព​របស់​អ្នក​នយោបាយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ​ជា​ធម្មតា ជា​រួម​អ្នក​នយោបាយ​កម្រ​ទៅ​ជួប​ពលរដ្ឋ​ណាស់។

​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ទទួល​រង​ទណ្ឌកម្ម​ពី​ម្ចាស់​ឆ្នោត​ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​ អាសនៈ​ជាង ២០​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស្ថាប័នរដ្ឋ​ភ្លាមៗ បន្ទាប់​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ថ្មី​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ នោះ។ លោក ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​ខ្លួន​អោយ​ងូតទឹក ដុសក្អែល និង​ឆ្លុះ​កញ្ចក់​ខ្លួន​ឯង​ផង។ តាំង​ពី​ពេល​នោះ មន្ត្រី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​មិន​សូវ​ដាច់​ឡើយ ដើម្បី​ស្ដាប់​សំណូមពរ និង​ដោះស្រាយ​បញ្ហា​សុខទុក្ខ​ប្រជាពលរដ្ឋ​ដើម្បី​ជា​ការ​លួង​ចិត្ត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៣០​ឆ្នាំ​មក​នេះ មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​គណបក្ស​នេះ​ដោះស្រាយ​ជូន​ម្ចាស់​ឆ្នោត​បាន​ទាំង​ ស្រុង​នោះ​ទេ។ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​មិន​ទាន់​ធ្វើ​កំណែ​ទម្រង់​បាន​ នៅ​ឡើយ ដូចជា ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី ការ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ប្រព័ន្ធ​យុត្តិធម៌ និង​ការ​លុបបំបាត់​អំពើ​ពុករលួយ​ជាដើម។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា តាំង​ពី​ដើម​មក​គណបក្ស​កាន់​អំណាច​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​រហូត ដើម្បី​ដោះ​បញ្ហា​នានា​ជូន​ពួកគាត់។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ធ្វើ​មិនមែន​សន្យា​ខ្យល់​ឡើយ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ក៏​មិន​នៅ​ស្ងៀម​ដែរ ក្រោយ​បង្រួម​បង្រួម​គ្នា​ឡើង​វិញ បន្ទាប់​ពី​បែកបាក់​គ្នា​អស់​មួយ​ទសវត្ស។ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែ​ដឹកនាំ​មន្ត្រី​បក្ស​ចុះ​ជួប​ប្រជានុរាស្ត្រ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ដើម្បី​កៀរគរ​អ្នក​រាជា​និយម និង​សីហនុ​និយម​ឡើង​វិញ។ នៅ​ចំពោះ​មុខ​សមាជិក សមាជិកា សហជីវិន សហជីវី កន្លង​ទៅ អតីត​នាយករដ្ឋមន្ត្រី​ទី​មួយ​កាល​ពី​អាណត្តិ​ទី​មួយ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែ​រម្លឹក​ពី​សមិទ្ធផល​មួយ​ចំនួន​ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ ក្នុង​គ្រា​កាន់​អំណាច។

ទាក់ទង​និង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​ទោះ​បី​ជា​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អវត្តមាន​នៅ​តាម​កម្មវិធី​សំណេះសំណាល​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ក្តី ប៉ុន្តែ​អនុ​ប្រធាន​នៃ​គណបក្ស​នេះ នៅ​តែ​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ​ដដែល។ លោក​អនុ​ប្រធាន​មាន​សារ​នយោបាយ​ជា​ច្រើន​ត្រូវ​បាន​បង្ហើរ​តាម​ឧគ្ឃោសនស័ព្ទ ​ជូន​ម្ចាស់​ឆ្នោត។

អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មើល​ឃើញ​ថា ការ​ចុះ​ទៅ​មូលដ្ឋាន​របស់​អ្នក​នយោបាយ​នោះ មាន​រូបភាព​ពីរ គឺ​ទី​មួយ ជួយ​ដោះស្រាយ​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ និង​ទី​២ ចុះ​ធ្វើ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បន្ត​បោកប្រាស់​សន្លឹក​ឆ្នោត​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក៏ដោយ លោក កែម ឡី បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រជាជន​កម្ពុជា ចាប់​ផ្ដើម​យល់​ពី​នយោបាយ​កាន់​តែ​ច្បាស់ និង​មិន​សូវ​ចាញ់​បោក​អ្នក​នយោបាយ​ដូច​មុន​ទៀត​ឡើយ។ ដូច្នេះ​ការ​ធ្វើ​នយោបាយ​សង្គ្រាម​ពាក្យ​សម្ដី​ធ្ងន់ៗ ប្រជាភិថុតិ និង​ការ​ធ្វើ​នយោបាយ​បង្ហូរ​ឈាម​គ្នា លែង​មាន​ន័យ​ទៀត​ហើយ ពោល​គឺ​អ្នក​នយោបាយ​ត្រូវតែ​ពង្រឹង​គុណភាព​នយោបាយ​អោយ​កាន់​តែ​ខ្លាំង​ជាង​ មុន​ដែរ ដើម្បី​ជោគជ័យ​នៅ​អាណត្តិ​ក្រោយ។

​របាយការណ៍​នៃ​សកម្មភាព​តំណាងរាស្ត្រ​របស់​គណបក្ស​នៅ​ក្នុង​រដ្ឋសភា​ទាំង ​ពីរ​ដែល​ឃ្លាំមើល​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ឆ្នាំ​២០១៤  បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​មូលដ្ឋាន​ចំនួន ៦៦០​ដង ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​មូលដ្ឋាន​បាន​ចំនួន ៦៦៤​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ មាន​ការ​កើន​ឡើង។

ប្រធាន​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) លោក គល់ បញ្ញា និង​ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា បញ្ជាក់​ថា កំណើន​នៃ​សកម្មភាព​ចុះ​មូលដ្ឋាន​នេះ គឺ​ដោយសារ​សម្ពាធ​នៃ​ការ​ប្រកួតប្រជែង និង​កម្រិត​នៃ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ ច្រើន៕



No comments:

Post a Comment