កម្ពុជា មិនពេញចិត្ត នឹងការរិះគន់ របស់ ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២០ ឧសភា ២០១៥
កម្ពុជា មិនពេញចិត្ត ចំពោះ ការរិះគន់ របស់ ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិក ប្រចាំ នៅទីក្រុង ភ្នំពេញ លោក វីល្លៀម ថត (William E. Todd) ជុំវិញ សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រង សមាគម, អង្គការ ក្រៅរដ្ឋាភិបាល ជាតិ និងអន្តរជាតិ; ច្បាប់ គ្រប់គ្រង សហជីព, និងច្បាប់ ស្ដីពី ការគ្រប់គ្រង ទូរគមនាគមន៍ និងអ៊ីនធឺណិត។
ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ថា បានផ្ញើលិខិត មួយច្បាប់ នៅថ្ងៃ ទី២០ ខែឧសភា ជូនឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក វីល្លៀម ថត ថា, មិនគួរ ព្រហើន ហ៊ានលូកដៃ ចូលក្នុងកិច្ចការ របស់ កម្ពុជា ឡើយ បើ ទោះបី លោក តំណាង ឲ្យប្រទេស មហាអំណាច ក៏ដោយ។
ក្នុងលិខិតដដែលបានស្រង់សម្ដីលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីល្លៀម ថត ថា "មុខមាត់កម្ពុជា កំពុងទទួលឥទ្ធិពលពីសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល" និង "ខ្ញុំចូលរួមអំពាវនាវដើម្បីធ្វើសកម្មភាពទៅកាន់សហគមន៍អន្តរជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនូវសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល និងរៀបចំឲ្យមានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ"។
ជុំវិញការរិះគន់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក មិនធ្វើអត្ថាធិប្បាយចំពោះលិខិតរបស់ក្រសួងការបរទេសនេះទេ ដោយលោកអះអាងថា លោកមិនទាន់ទទួលលិខិតរិះគន់នេះពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅឡើយ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងច្បាប់ស្ដីពីការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត នឹងត្រូវបញ្ជូនទៅកាន់សភានៅបំណាច់ខែឧសភា នេះ៖ «វាជាការសម្រេចរបស់រដ្ឋាភិបាល ហើយនៅទៅដល់សភា អង្គការសង្គមស៊ីវិលមានសិទ្ធិតវ៉ា ព្រោះទីនោះជាកន្លែងនយោបាយ។»
ទាក់ទឹងទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅ រដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងច្បាប់ស្ដីពីការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត មន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលនូវសេចក្ដីព្រាងច្បាប់នេះ ដោយសង្គមស៊ីវិលអះអាងថា ច្បាប់នេះមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រចំពោះកាយវិការឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិក ដែលសំដែងពីការព្រួយបារម្ភពីសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការ មិនមែនរដ្ឋាភិបាលនេះ។
មន្ត្រីអង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ដើម្បីឲ្យច្បាប់ស្ដីពីការគ្រប់គ្រងអង្គការជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីពមានតម្លាភាពមែននោះ រដ្ឋាភិបាលត្រូវតែបើកវេទិកាសាធារណៈ ដោយមានការចូលរួមពីប្រជាជន អង្គការសង្គមស៊ីវិល និងសហជីពឲ្យបានលើកឡើងនូវរាល់កង្វល់ផ្សេងរបស់ពួកគាត់ បើពុំនោះទេ ការចេញច្បាប់នេះគឺដើម្បីបង្កើនឥទ្ធិពលបក្សកាន់អំណាចតែប៉ុណ្ណោះ៕
No comments:
Post a Comment