មន្ត្រី រដ្ឋាភិបាល និងមន្ត្រី បក្សប្រឆាំង អះអាង ផ្ទុយគ្នា រឿងផែនទី ព្រំដែន កម្ពុជា-វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៧ ឧសភា ២០១៥
ការស្នើនេះ បន្ទាប់ ពីតំណាងរាស្ត្រ គណបក្សប្រឆាំង អះអាងថា, រដ្ឋាភិបាល ប្រើប្រាស់ ផែនទី ក្លែងក្លាយ មិនមែន ជាផែនទី ដែលព្រះបរមរតនកោដ្ឋ យកទៅតម្កល់ នៅអង្គការ សហប្រជាជាតិ ឡើយ។ ការទាមទារនេះ ធ្វើឡើង បន្ទាប់ ពីពលរដ្ឋ អះអាង ថា, វៀតណាម នៅតែ បន្ត ធ្វើផ្លូវ ចូលដីខ្មែរ នៅស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ដោយមិនមាន កិច្ចអន្តរាគមន៍ ណាមួយ ពីរដ្ឋាភិបាល ឡើយ។
មន្ត្រីជំនាញខាងកិច្ចការព្រំដែន ហាក់មិនចាប់អារម្មណ៍ចំពោះការអះអាងពីតំណាងរាស្ត្រគណបក្សប្រឆាំង ឡើយ។ តួយ៉ាងនៅពេលថ្មីៗនេះ គណបក្សប្រឆាំងនៅតែប្រកាន់ជំហរថា រដ្ឋាភិបាលព្យាយាមបំភ័ន្តភ្នែកសាធារណជន ដោយប្រើប្រាស់ផែនទីក្លែងក្លាយប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១ លើ ៥០ពាន់ (១/៥០.០០០) ចំនួន ៥០ផ្ទាំង និងផែនទី អេស.ជី.អាយ (SGI) ខ្នាត ១ លើ ៥០ពាន់ (១/៥០.០០០) ចំនួន ២៦ផ្ទាំង ដែលផ្ទុយនឹងមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ត្រូវយកផែនទីធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣។
បន្ថែមពីលើនេះ តំណាងរាស្ត្រគណបក្សប្រឆាំងអះអាងថា ផែនដែលរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃក្នុងកំណត់ហេតុឆ្នាំ២០០៧ ជាផែនទីដែលយកពីប្រទេសវៀតណាម។ យ៉ាងនេះក្តី មន្ត្រីជំនាញកិច្ចការព្រំដែនហាក់មិនយកចិត្តទុកដាក់ចំពោះការបក ស្រាយពីក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ដោយអះអាងថា ជាការមូលបង្កាច់។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន លោក វ៉ា គឹមហុង ទាមទារឲ្យលោក អ៊ុំ សំអាន យកផែនទីដែលសំអាងថា ជាផែនទីពិតមកប្រៀបធៀបនឹងផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ។ លោកថា រដ្ឋាភិបាលប្រកាន់ជំហរច្បាស់លាស់ចំពោះការកំណត់ព្រំដែន ដោយយោងតាមច្បាប់អន្តរជាតិ ព្រមទាំងស្របនឹងច្បាប់រដ្ឋធម្មនុញ្ញផង។
លោកអះអាងថា ទឹកដីខ្មែរមិនត្រូវបាត់បង់មួយចំអាមឡើយ៖ «មិន បញ្ចេញមកអាផែនទីដែលថាមាន ត្រឹមត្រូវ? ម៉េចមិនយកឲ្យរដ្ឋាភិបាលធ្វើទៅ លាក់ទុកធ្វើអី? បង្ហាញមកគេដឹងថា វាខុស វាត្រូវហើយ..។.»
ទោះបីយ៉ាងនេះក្តី តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ស្នើឲ្យលោក វ៉ា គឹម ហុង បកស្រាយតទល់ជាមួយលោកស្ដីពីបញ្ហាព្រំដែន និងផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃជាសាធារណៈតាមប្រព័ន្ធ ផ្សព្វផ្សាយ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងថា លោក វ៉ា គឹមហុង ប្រើប្រាស់ផែនទីដែលភ្ជាប់សន្ធិសញ្ញាឆ្នាំ១៩៨៥ ថាជាផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិទៅវិញទេ។ លោកថា ផែនទីពិត ជាផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ធ្វើនៅចន្លោះឆ្នាំ១៩៥៣ ស្របមាត្រា២ នៃរដ្ឋធម្មនុញ្ញដែលចែងថា ត្រូវយកផែនទីធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣។ លើសពីនេះ លោកថា លោក វ៉ា គឹមហុង ព្យាយាមបកស្រាយគេចវេះពីការទទួលខុសត្រូវ។
លោក អ៊ុំ សំអាន បន្តថា លើសពីនេះទៅទៀត សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផ្ទុយទៅនឹងមាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញ៖ «សន្ធិសញ្ញាឆ្នាំ១៩៨៥ ហ្នឹង បានគាត់ប្រើអាហ្នឹង ១០០% តែម្ដង ផែនទីហ្នឹងដែលចម្លងចេញខ្នាត ១ លើ ១០០ពាន់ (១/១០០.០០០) គាត់ចម្លងចេញទីខ្នាត ១ លើ ៥០ពាន់ (១/៥០.០០០) ដែលខុសនឹងរដ្ឋធម្មនុញ្ញ។ អាចម្លងចេញហ្នឹងយួន ជាអ្នកចេញលុយឲ្យទៀត...។»
លោក អ៊ុំ សំអាត បន្តថា លោក វ៉ា គឹមហុង បានបកស្រាយក្នុងវេទិកាតុមូលកាលពីពេលថ្មីៗនេះ បញ្ជាក់ថា សន្ធិសញ្ញាឆ្នាំ១៩៨៥ គ្មានផែនទីទេ។ លោក អ៊ុំ សំអាន ចាត់ទុកផែនទីមិនពិតចំនួន ៧ផ្ទាំង ស្ថិតនៅចំណុចមិនច្បាស់លាស់នៃផែនទីចំនួន ៥៦ផ្ទាំងភ្ជាប់សន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលវៀតណាម បានគូសនៅឆ្នាំ១៩៨៥ ទើបតែកែសម្រួលក្នុងឆ្នាំ២០០៥ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដដែល ដែលលោក វ៉ា គឹមហុង ប្រើប្រាស់សព្វថ្ងៃ។
ឆ្លើយតបបញ្ហានេះ លោក វ៉ា គឹមហុង អះអាងថា លោកមិនញញើតចំពោះការឡើងបកស្រាយតទល់ជាមួយលោក អ៊ុំ សំអាន តាមប្រព័ន្ធផ្សព្វផ្សាយទេ ដោយជំរុញឲ្យវិទ្យុអាស៊ីសេរី សរសេរលិខិតស្នើសុំជាមុនសិន។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ចាត់ទុកការលើកឡើងអំពីបញ្ហាព្រំដែនរបស់បក្សប្រឆាំង ថាជាការកេងចំណេញនយោបាយទៅវិញទេ។ លោកថា ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ គឺជាផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន។
យ៉ាងណាក៏ដោយ បើយោងមាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គឺលោក ម៉ៅ ពិសេស ចាត់ទុកការឈ្លានពានរបស់វៀតណាម ក្នុងការធ្វើផ្លូវក្រវាត់ព្រំដែននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ថា ជាការរំលោភដែនអធិបតេយ្យប្រទេសកម្ពុជា ដោយភាគីវៀតណាម និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានវៀតណាម ជាម្ចាស់ហត្ថលេខីផង។ បន្ថែមពីលើនេះលោកថា រដ្ឋាភិបាលគួរតែប្រកាសអាសន្នទាក់ទិនសកម្មភាពធ្វើផ្លូវតាមព្រំដែន ពីសំណាក់ភាគីវៀតណាម ដោយគ្មានការព្រមព្រៀងពីភាគីទីបី។ លោកអះអាងថា ប្រការនេះផ្ទុយទៅនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស។
លោកបន្តថា ការបង្កើតគណៈកម្មការព្រំដែន ត្រូវមានការចូលរួមពីគណបក្សប្រឆាំង និងសង្គមស៊ីវិល ដើម្បីធានាថា គណៈកម្មការកិច្ចការព្រំដែនធ្វើការដោយឯករាជ្យ ដែលអាចជឿទុកចិត្តបាន។ ជាងនេះទៅទៀត ការកំណត់បង្គោលព្រំដែនត្រូវតែមានការចូលរួមពីភាគីទី៣ ដែលជាភាគីអន្តរជាតិ ឬជាអាជ្ញាកណ្ដាលដែលធានាថា ការបោះបង្គោលព្រំដែនស្របច្បាប់ និងស្របកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ «ឲ្យយកផែនទីដែលត្រឹមត្រូវ មិនមែនយកផែនទីខុស ផែនក្លែងក្លាយ ហើយមកប្រកាសថា អាហ្នឹងជាផែនទីតម្កល់នៅអង្គការសហប្រជាជាតិ យើងអត់ទទួលស្គាល់ទេ។»
អ្នកវិភាគឯករាជ្យនៅតែអំពាវនាវទទូចឲ្យរដ្ឋាភិបាលអភិវឌ្ឍតាម ព្រំដែនដើម្បីជារនាំងការពារការឈ្លានពានដែនអធិបតេយ្យពីប្រទេសជិត ខាង ពិសេសគឺប្រទេសវៀតណាម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី អំពាវនាវឲ្យសាធារណជនចូលរួមការពារកុំឲ្យធ្វើវិសោធនកម្មមាត្រា ២ នៃច្បាប់រដ្ឋធម្មនុញ្ញ ព្រោះវាជាចំណុចខ្សោយរបស់រដ្ឋាភិបាលទាក់ទិនបញ្ហាព្រំដែន រូមទាំងសន្ធិសញ្ញាបំពេញបន្ថែម។ លោកចាត់ទុកបញ្ហាព្រំដែនជាបញ្ហាស្លាប់រស់របស់ជាតិ ប៉ុន្តែរដ្ឋាភិបាលគ្មានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងបូរណភាពទឹកដី។ ជាក់ស្ដែងរដ្ឋាភិបាលហាក់ធ្វើប្រងើយកន្តើយចំពោះការធ្វើផ្លូវ ក្រវាត់ព្រំដែននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយប្រទេសវៀតណាម។
លោកថា ផ្លូវនេះទំនងជាវៀតណាម ធ្វើឡើងដើម្បីជាភស្តុតាងកំណត់ព្រំដែនជាក់លាក់ ដើម្បីតតាំងផ្នែកច្បាប់ជាមួយកម្ពុជា នៅពេលដែលរដ្ឋាភិបាលសព្វថ្ងៃឈប់កាន់អំណាច។ លោកអះអាងថា កម្ពុជា នៅមានសង្ឃឹមចំពោះបូរណភាពទឹកដី ប្រសិនមានការផ្លាស់ប្ដូររដ្ឋាភិបាល៖ «ប្រសិនបើរដ្ឋាភិបាលមិនមានគំនិតខ្មៅងងឹតសម្រាប់ជាតិខ្លួន សម្រាប់ប្រជាជនខ្លួនឯង គាត់អត់ចាំបាច់រៀបចំសន្ធិសញ្ញាបំពេញបន្ថែម ៨១ ៨២ ៨៥ ហើយអត់ចាំបាច់បង្ខំឲ្យសមាជិកសភាលើកដៃឆ្នាំ២០០៥ អត់ចាំបាច់បង្ខំឲ្យព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខាទេ។»
យោងមាត្រា២ នៃរដ្ឋធម្មនុញ្ញចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុង ផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
ទោះយ៉ាងណា ពលរដ្ឋខេត្តស្វាយរៀង នៅតែមានមន្ទិលចំពោះផែនទីដែលរដ្ឋាភិបាលប្រើប្រាស់បច្ចុប្បន្ន ថានៅមានអាថ៌កំបាំងនៅឡើយ។
ពលរដ្ឋរស់នៅស្រុកចន្ទ្រា លោក សារុន រកឃើញថា ព្រំដែនកម្ពុជា ធ្វើនៅចន្លោះទសវត្សទី៧០ នៃសម័យសាធារណរដ្ឋខ្មែរ ឬសម័យ លន់ នល់ មានចម្ងាយឆ្ងាយពីព្រំដែនបច្ចុប្បន្នជាង ១០គីឡូម៉ែត្រ ឋិតនៅឃុំប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានកំណើតខ្មែរកម្ពុជាក្រោម ថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពផងនោះ រៀបរាប់ថា វៀតណាមបន្តធ្វើផ្លូវក្រវាត់ព្រំដែនសព្វថ្ងៃ ចាប់ពីឃុំទួលស្ដី ឆ្ពោះទៅឃុំសំរោង ស្រុកចន្ទ្រា នៅមិនទាន់មានអាជ្ញាធរខេត្តណាហ៊ានទប់ស្កាត់សកម្មភាពឈូសឆាយផ្លូវ ក្រវាត់ព្រំដែននៅឡើយបច្ចុប្បន្ន។
លោកបន្តថា ចំណុចដែលវៀតណាម ធ្វើផ្លូវចូលដីខ្មែរត្រង់ចំណុចបង្គោលព្រំដែនលេខ ១៩៤ ដល់បង្គោលព្រំដែនលេខ ១៩៨ ត្រង់ចំណុចចំពុះទា ឋិតនៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្ទ្រា ចូលដីខ្មែរជាង ១គីឡូម៉ែត្រ នៅតែមិនទាន់មានអាជ្ញាធរណាហានអន្តរាគមន៍ និងត្រួតពិនិត្យសកម្មភាពឈូសឆាយផ្លូវក្រវាត់ព្រំដែននេះឡើយ៖ «ខ្មែរ យើងដាំដើមប្រេងខ្យល់ ដល់បោះបង្គោលព្រំដែនទៅដីយើងធ្លាក់ទៅខាងគេវិញ។ ថែម ១៥០ហិកតារដែរ។ អាជ្ញាធរខ្មែរយើងដូចគ្មានឃើញអន្តរាគមន៍អីទេ កន្លែងណាកន្លែងហ្នឹងតែម្ដង..។.»
ពលរដ្ឋម្នាក់ទៀតមានស្ដើង រស់នៅក្នុងផ្ទះដ៏តូច សម្បុរខ្មៅស្រអែម មានទីលំនៅក្នុងស្រុកចន្ទ្រា ឆ្ងាយពីព្រំដែនបច្ចុប្បន្នប្រវែងជាង ៣០០ម៉ែត្រ គឺលោក លី តាំ ថ្លែងថា បើនិយាយអំពីបញ្ហាព្រំដែន គឺជារឿងឈឺចាប់ណាស់សម្រាប់លោក។ លោកអង្កេតឃើញថា វៀតណាមរំកិលចូលដីខ្មែរបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន តាមរយៈការធ្វើផ្លូវក្រវាត់ព្រំដែន។ ជាក់ស្ដែងនៅភូមិលោករស់នៅ បើកុំតែមានវត្តចម្ការម្ទេស ដែលព្រះបរមរតនកោដ្ឋ កសាងជារបងព្រំដែនកុំអីត្រូវវៀតណាម បន្តរំកិលព្រំដែនកាន់តែឆ្ងាយទៅចូលដីខ្មែរ។
លោកថា វៀតណាម បានបោះបង្គោលព្រំដែនចូលដីខ្មែរតាំងពីក្នុងទសវត្សរ៍៨០ រហូតឆ្នាំ២០០៩ និងបន្តរំលោភដល់បច្ចុប្បន្នតាមរយៈការកសាងផ្លូវតាមក្រវាត់ ព្រំដែន៖ «បើតាមខ្ញុំស្គាល់កាលឆ្នាំ១៩៨០ ដល់ ៨៦ ដល់ទឹកដីកម្ពុជាហ្នឹង ហើយខ្ញុំដឹងក្តីដែរនោះ ព្រំដែនស្រះធំនៅកើត កាលនោះមានបង្គោលវាមួយ ពេលយូរៗទៅ វាដកបង្គោលហ្នឹងក្រវាត់ចោល។»
កាលពីថ្ងៃទី៣ ខែឧសភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក អ៊ូ ច័ន្ទឫទ្ធិ ចុះពិនិត្យបញ្ហាព្រំដែនដែលពលរដ្ឋអះអាងថា វៀតណាមធ្វើផ្លូវក្រវាត់ព្រំដែនចូលដីខ្មែរ ថាផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមិនមែនជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមាននៅក្នុងផែនទីធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ដែលព្រះបរមរតនកោដ្ឋ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤ នោះឡើយ។
លោកលើកឡើងថា វៀតណាមបានធ្វើផ្លូវខ្សែទី១ ខ្សែទី២ និងខ្សែទី៣ នៅពេលបច្ចុប្បន្នកាន់តែរំកិលចូលដីខ្មែរ ដែលវៀតណាម កំពុងកសាងបច្ចុប្បន្ន។ លោកបន្តថា បង្គោលព្រំដែនលេខ ១៩៧ ដែលវៀតណាម បានបោះជាឯកតោភាគីតាំងពីឆ្នាំ២០០៩ នោះ ត្រូវបានពលរដ្ឋអះអាងថា ចូលដីខ្មែរជាច្រើនគីឡូម៉ែត្រ និងបោះមិនមានភាគីទីបីដឹងឮនោះ ថាជាការខុសច្បាប់។
ទោះយ៉ាងណា ផ្ទៃដីប្រទេសវៀតណាម នៅក្នុងផែនទីដែលតម្កល់នៅប្រទេសស៊ុយអែត និងក្រសួងការបរទេសវៀតណាម មានទំហំផ្សេងគ្នា។
យោងតាមគេហទំព័រប្រទេសវៀតណាម ផ្សាយដោយរដ្ឋទូតវៀតណាម ប្រចាំប្រទេសស៊ុយអែត បង្ហាញថា ផ្ទៃដីប្រទេសវៀតណាម មានទំហំ ៣៣១.០៥១,៤គីឡូម៉ែត្រក្រឡា ប៉ុន្តែបើយោងទៅតាមព័ត៌មានដែលបានផ្សាយដោយក្រសួងការបរទេសវៀតណាម វិញ ផ្ទៃដីប្រទេសវៀតណាម មានទំហំ ៣៣១.២១២គីឡូម៉ែត្រក្រឡា។ ចំណែកឯផ្ទៃដីប្រទេសវៀតណាម ដែលតម្កល់នៅអង្គការសហប្រជាជាតិ មានទំហំ ៣៣០.៩៥៧គីឡូម៉ែត្រក្រឡា ជាផ្ទៃដីតូចជាងវៀតណាម តម្កល់នៅក្រសួងការបរទេសចំនួន ២៥៥គីឡូម៉ែត្រក្រឡា។ មានន័យថា ផ្ទៃដីប្រទេសវៀតណាម មានទំហំខុសប្លែកគ្នាទាំងអស់។ យោងតាមការចេញផ្សាយផ្សេងៗគ្នា ហាក់ដូចជាប្រទេសវៀតណាម មិនទាន់មានទំហំផ្ទៃដីជាក់លាក់នៅឡើយទេ។
ចំណែកក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម អនុញ្ញាតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ មាន ៤ចំណុច ក្នុងនោះចំណុចទី៣ បានបញ្ជាក់ថា "ភាគីប្រទេសនីមួយៗត្រូវប្ដូរព្រំដែនលើផែនទីខ្នាត ១/១០០.០០០ មកប្រើផែនទី យូ.ធី.អឹម ខ្នាត ១/៥០.០០០ វិញ រួចផ្ទៀងផ្ទាត់លទ្ធផល និងឯកភាពព្រំដែនមួយលើផែនទីនេះ។
ទាក់ទងនឹងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលអ្នកវិភាគចាត់ទុកថា ជាសន្ធិសញ្ញាព្រំដែនខុសច្បាប់ ពីព្រោះតែនាំអោយបាត់ទឹកដីកម្ពុជា នេះ លោកនាយករដ្ឋមន្ត្រីធ្លាប់ព្រមានព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ ឲ្យឡាយព្រះហស្តលេខាព្រមព្រៀងលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម នេះ៕
No comments:
Post a Comment