Paris Peace Accords 23 Oct. 1991

Tuesday, May 5, 2015

លោក ហ៊ុន សែន៖ វប្បធម៌​សន្ទនា ​និង​នយោបាយ​ ឈ្នះៗ​ កំពុង​ឈាន​រក​ ភាព​ជោគជ័យ | Hun Sen: Culture of dialogue and "win-win" politics moving toward success

លោក ហ៊ុន សែន៖ វប្បធម៌​សន្ទនា ​និង​នយោបាយ​ ឈ្នះៗ​ កំពុង​ឈាន​រក​ ភាព​ជោគជ័យ

RFA / ​វិទ្យុ ​អាស៊ី សេរី |  ៤ ឧសភា ២០១៥

ហ៊ុន សែន ៦២០
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់ ​ស្ពាន​មិត្តភាព​ កម្ពុជា-ចិន នា​ខេត្ត​ ស្ទឹងត្រែង នៅ​ថ្ងៃ​ ទី១ ខែ​មេសា ឆ្នាំ​២០១៥។  RFA/Brach Chev


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា, គោលនយោបាយ​ ឈ្នះៗ និង​វប្បធម៌​សន្ទនា កំពុង​ ឈាន​ទៅ​រក​ ភាព​ជោគជ័យ, ហើយ​ លោក​ អគុណ​ ចំពោះ ​អ្នក​គាំ ទ្រ​វប្បធម៌​នេះ។   ប៉ុន្តែ ​លោក​ ស្នើ​ ឲ្យ​មន្ត្រី​ ចាប់​ពី​ថ្នាក់​ជាតិ រហូត​ ដល់​មូលដ្ឋាន ​សហការ​គ្នា​ តាមដាន​ ការ​ជេរ​ប្រមាថ ឬ​រក​រឿង​ ចោទ​ប្រកាន់ ​រូប​លោក ឬ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ ប្រជាជន​កម្ពុជា ពី​សំណាក់​ បក្ស​ប្រឆាំង។

ការ​អំពាវនាវ របស់​លោក ហ៊ុន សែន នេះ គឺ ​ជា​ការ​ឆ្លើយ​តប​ ភា្លមៗ​ ទៅ​លោក សម រង្ស៊ី ដែល​បាន​ស្នើ ឲ្យ​ដៃគូ​ សន្ទនា ​គោរព​គ្នា ​ទៅ​វិញ​ទៅ​មក​នោះ។


យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ លើក​ឡើង ​ថា,  វប្បធម៌​សន្ទនា​ ក៏​មាន​ អវិជ្ជមាន​ដែរ ដោយសារ​ តែ ​លោក ហ៊ុន សែន ព្រមាន​ទៅ​ដៃគូ​ សន្ទនា​ ឲ្យ​បញ្ឈប់​រិះគន់ ​រូប​លោក និង​មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ ទៀត​នោះ ព្រោះ​ថា,  សកម្មភាព ​បែប​នេះ ផ្ទុយ​ពី​ប្រទេស ​ប្រកាន់​របប ​ប្រជាធិបតេយ្យ។

សារ​នយោបាយ ​ម្ដង​ក្ដៅ ​ម្ដង​ត្រជាក់ ​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ ថ្នាក់​ដឹកនាំ គណបក្ស ​ប្រឆាំង ​ជុំវិញ​ជំហរ​ រក្សា​វប្បធម៌​សន្ទនា ត្រូវ​ បាន​លោក​ បញ្ជាក់​ ជា​ថ្មី​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ ទី​៤ ខែ​ឧសភា ថា,  ការ​ប្រទូសរ៉ាយ​គ្នា ឬ​វប្បធម៌ ​ទឹក​ឡើង ​ត្រី​ ស៊ី​ស្រមោច​, ទឹក​ហោច ​ស្រមោច​ ស៊ី​ត្រី​នោះ នាំ​ឲ្យ ​ប្រទេស​ជាតិ​ អន្តរាយ។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៥ នៅ​ខេត្ត ​ពោធិ៍សាត់ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា, កន្លង​ទៅ ​រូប​លោក និង​គណបក្ស ​ប្រជាជន​កម្ពុជា គឺ​ ជា​ជន​រង​គ្រោះ​ ដោយសារ​ ការ​ជេរ​ប្រមាថ។   ប៉ុន្តែ​ លោក​ ក៏​ឆ្លៀត​ អួត​ខ្លួន​ឯង​ ថា, ប្រវត្តិ​ នៃ​នយោបាយ ​ឈ្នះៗ ​របស់​លោក នៅ​មិន​ទាន់​មាន ​​លើ​ពិភពលោក​ នេះ​ទេ,  ហើយ ​ប្រទេស​ ដែល​មាន​សង្គ្រាម​ មួយ​ចំនួន ​នៅ​រង​គ្រោះ ​ដោយសារ​ ភ្លើង​សង្គ្រាម​ នៅ​ឡើយ ព្រោះ​ អត់​មាន​ នយោបាយ​ ឈ្នះៗ ឬ​ដោយសារ​ អត់​មាន ​រូប​លោក៖ «អត់​មាន​ កុម្មុយនិស្ត​ ផ្ដាច់​ការ​ ទេ​ណា!  បើ ​ចង់​កុម្មុយនិស្ត​ ផ្ដាច់​ការ​ ធ្វើ​បី​ថ្ងៃ​ សាក​មើល​ទៅ!   ប៉ុន្តែ​មិ ន​ធ្វើ​ទេ, ហើយ ​វប្បធម៌​ ត្រូវ​ បន្ត បើ​ បន្ត​ ត្រូវ​ តាម​ដាន​ មើល​ជេរ​ប្រមាថ, គឺ​ អត់​ទេ។   សេចក្ដី​ថ្លែងការណ៍​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ចេញ​ហើយ,  បន្តិច​ទៀត​ ឯកឧត្ដម សាយ ឈុំ នឹង​ធ្វើ​ការ​ ណែនាំ​ ឲ្យ​តាម​ដាន​ ពិនិត្យ​មើល​ ជេរ​ទៀត​ អត់?  អា​ក្បាល​យួន, ​ខ្លួន​ខ្មែរ​ ទៀត​អត់?  កុម្មុយនិស្ត​ ផ្ដាច់​ការ​ ទៀត​អត់?   អា​នេះ ​អា​នោះ​ ទៀត ឬ​អត់?  បើ​ឯកឧត្ដម សម រង្ស៊ី គាត់​ ប្រកាស​ហើយ​ ថា,  អត់​មាន​ ជេរ​គ្នា​ អត់​មាន​ អី​ទេ»

អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តែង​តែ ​រិះគន់ ​មិន​សំចៃ​មាត់​ លើ​លោក ហ៊ុន សែន និង​គណបក្ស​ ប្រជាជន​កម្ពុជា បាន​បដិសេធ​ មិន​អត្ថាធិប្បាយ ​អ្វី​ឡើយ នៅ​ថ្ងៃ​ ទី​៤ ខែ​ឧសភា ដោយ​លោក ​ប្រាប់​ថា, កំពុង​ ជាប់​ប្រជុំ។  ប៉ុន្តែ​ លោក សម រង្ស៊ី នៅ​តែ​ បញ្ជាក់​ជំហរ​ របស់​លោក ​ដែល​បាន​ថ្លែង​ ទៅ​កាន់ ​អ្នក​គាំទ្រ​ របស់​លោក​ នៅ​ខែត្រ​ ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ ទី​៣ ឧសភា ថា,  លោក​ នឹង​រក្សា ​វប្បធម៌​សន្ទនា ដើម្បី ​ដោះស្រាយ​ បញ្ហា​សង្គម ​ដែល​កំពុង ​កើត​មាន។

ចំណែក​ សាស្ត្រាចារ្យ​ ខាង​វិទ្យាសាស្ត្រ​ នយោបាយ និង​ជា​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ជំហរ​រក្សា​វប្បធម៌​សន្ទនា​​ និង​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​តាម​ដាន​រាល់​សកម្មភាព​រិះគន់​រូប​លោក និង​គណបក្ស​ខ្លួន​នោះ គឺ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​ទៅ​វិញ​ទេ ព្រោះ​នេះ​ជា​រូបភាព​មួយ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ឬ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង។ លោក​ថា ការ​ដឹកនាំ​ប្រទេស​មួយ បើ​ពុំ​មាន​ការ​រិះគន់​ស្ថាបនា​ទេ គឺ​​គ្មាន​ការ​រីក​ចម្រើន​ឡើយ ប៉ុន្តែ​ទាំង​អ្នក​រិះគន់​ក្នុង​ន័យ​ស្ថាបនា​​ ទាំង​អ្នក​បកស្រាយ​ក្នុង​ន័យ​ទទួល​យក​ត្រូវ​តែ​រក្សា​ក្រម​សីលធម៌​ដូច​គ្នា៖ «វប្បធម៌​សន្ទនា​នេះ យើង​ទទួល​បាន​ផល​ប្រយោជន៍​ធំ​ណាស់​សម្រាប់​ជាតិ​យើង។ ទី​មួយ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា មក​អង្គុយ​តុ​ចរចា ទី​ពីរ​ការ​បង្កើត​នូវ​អំពើ​ហិង្សា​មក​ដោះស្រាយ​តាម​សន្តិវិធី ប៉ុន្តែ​អ្វី​ក៏​ដោយ​វា​ត្រូវ​តែ​មាន​វិជ្ជមាន និង​អវិជ្ជមាន។ ចំពោះ​អវិជ្ជមាន​វិញ វប្បធម៌​សន្ទនា​នេះ​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​ទទួល​នូវ​ភាព​អយុត្តិធម៌ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា ពេល​សន្ទនា​គួរ​តែ​បង្កើត​នូវ​ច្បាប់​មួយ​ដែល​អាច​ទទួល​យក​បាន»

អ្នក​វិភាគ​នយោបាយ​រូប​នេះ បាន​ហៅ​វប្បធម៌​សន្ទនា​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ដំណោះស្រាយ​បន្ទាន់​មួយ មិន​មែន​ជា​ដំណោះ​ស្រាយ​តាម​លក្ខណៈ​ច្បាប់។ ដូច្នេះ​វប្បធម៌​នេះ​ឆាប់​កើត​ហើយ​ក៏​ឆាប់​រលត់​ទៅ​វិញ​ដែរ​​ បើ​គេ​មិន​ធ្វើ​ច្បាប់​រួម​មួយ​ដើម្បី​ជាតិ​ទាំង​អស់​គ្នា។ ប៉ុន្តែ​លោក​គាំទ្រនូវ​វប្បធម៌​សន្ទនា​នេះ​ ​ព្រោះ​វាអាច​កាត់​បន្ថយ​ការ​ប្រមាថកាតទាន​របស់​អ្នក​នយោបាយ​​ខ្មែរ​ទៅ​វិញ​ ទៅ​មក និង​កាត់​បន្ថយ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​ជួប​ជុំ​តវ៉ា ឬ​បញ្ចេញ​មតិ​អ្វី​មួយ។ ម្យ៉ាង​វិញ​ទៀត ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​ឲ្យ​ដៃគូ​សន្ទនា​រិះគន់​លោក និង​មន្ត្រី​របស់​លោក​នោះ គឺ​ជា​យុទ្ធសាស្ត្រ​បំបិទ​មាត់​អ្នក​ប្រឆាំង​ដោយ​ប្រយោល ព្រោះ​ថា លោក ហ៊ុន សែន នឹង​ប្រើ​វប្បធម៌​សន្ទនា​នេះ​ដើម្បី​បិទ​បាំង​នូវ​ទង្វើ​ទាំង​ឡាយ​ដែល​ គណបក្ស​ប្រឆាំង​តែងតែ​រិះគន់​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​លោក​កន្លង​ មក និង​ទាមទារ​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស ដូចជា​ករណី​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាដើម៕



No comments:

Post a Comment