Paris Peace Accords 23 Oct. 1991

Wednesday, May 6, 2015

លោក ហ៊ុន សែន ព្រមាន​ បោះឆ្នោត ​ទម្លាក់​​លោក កឹម សុខា ពី​អនុប្រធាន​ ទី​១​ នៃ​រដ្ឋសភា | Hun Sen threatens to vote

លោក ហ៊ុន សែន ព្រមាន​ បោះឆ្នោត ​ទម្លាក់​​លោក កឹម សុខា ពី​អនុប្រធាន​ ទី​១​ នៃ​រដ្ឋសភា

RFA / ​វិទ្យុ ​អាស៊ី សេរី |  ៥ ឧសភា ២០១៥

កឹម សុខា ហ៊ុន សែន ៦១០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

គិត​មក​ដល់ ​ពេល​នេះ គណបក្ស​ប្រឆាំង ​មិន​ទាន់​ឆ្លើយ​តប​ ណា​មួយ ​ជុំវិញ​ ការ​ចោទ​ប្រកាន់​ របស់​លោក​ នាយក​រដ្ឋមន្ត្រី ដែល​ព្រមាន​ បោះ​ឆ្នោត​ ទម្លាក់ លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ ទី​១​ នៃ​រដ្ឋសភា​ នៅ​ឡើយ​ទេ។  លោក ហ៊ុន សែន ចាត់​ទុក​ ថា, ឥរិយាបថ ​របស់ លោក កឹម សុខា ដែល​តែង​តែ ​រិះគន់​ ប្រឆាំង​គណបក្ស​ប្រជាជន ​កម្ពុជា នេះ គឺ​ ជា​វប្បធម៌ ​ដែល​មិន​អាច​ ទទួល​បាន​ឡើយ។

ភាព​ស្ងប់ស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ទំនង​ជា​ចង់​រក្សា​ជំហរ​នៃ​សន្តិភាព​ក្នុង​ការ​តបត​ជាមួយ​ដៃគូ​របស់​ខ្លួន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​វាយ​បក​ប្រឆាំង​សារ​នយោបាយ​វិញ​នៅ​ពេល​ណា​មាន​ការ​រិះគន់​ចំៗ​លើ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មើល​ទៅ។

សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​មិន​អាច​រក្សា​វប្បធម៌​សន្ទនា​បាន​យូរ​ អង្វែង​នោះ​ឡើយ។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ កើត​មាន​ឡើង​ភ្លាមៗ​តាម​រយៈ​សារ​ជា​លាយលក្ខណ៍​អក្សរ បន្ទាប់​ពី​មាន​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល ២​នាទី និង ៤៧​វិនាទី​របស់ លោក សម រង្ស៊ី ហើយ​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ផង។

វីដេអូ​ឃ្លីប​ដែល​ធ្វើ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​នោះ ដោយសារ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ដើម្បី​ចាប់​ចោរ ត្រូវ​ចូល​ឲ្យ​កៀក​ចោរ​សិន។ សារ​នយោបាយ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ពេល​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ដោយ​លើក​យក​សម្ដី​របស់​អ្នក​គាំទ្រ​ថា លោក កឹម សុខា ពិត​ជា​ក្លាហាន​នៅ​ពេល​ទៅ​សហរដ្ឋ​អាមេរិក មិន​ខ្ចី​ជួប លោក ហ៊ុ សែន ទេ ក៏ប៉ុន្តែ លោក សម រង្ស៊ី វិញ​ធូរ​ណាស់ ឆាប់​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី។

ឋិត​ក្រោម​ហេតុផល​នេះ​ហើយ ទើប លោក ហ៊ុន សែន ផ្ញើ​សារ​ទៅ លោក សម រង្ស៊ី វិញ​ភ្លាម​ក្រោយ​ពី​ឃើញ​វីដេអូ​ឃ្លីប​នេះ ដោយ​ស្នើ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង ត្រូវ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចាប់​ចោរ​ត្រូវ​ចូល​ឲ្យ​កៀក​ចោរ​សិន​នោះ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​ព្រមាន​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ទៀត​ផង ប្រសិន​បើ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រិះគន់​ទៀត​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​រូប​លោក​ផ្ទាល់។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ជាច្រើន​ដង​សុំ​ការ​បំភ្លឺ​ពី លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ទេ នៅ​ថ្ងៃ​ទី​៥ ឧសភា។

បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ថា ប្រទេស​កម្ពុជា សព្វថ្ងៃ កំពុង​តែ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ។ លោក​អះអាង​ថា បើ​ផ្អែក​លើ​បទដ្ឋាន​គតិយុត្តិ គឺ​នាយក​រដ្ឋមន្ត្រី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋសភា។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ការ​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ​មិន​ដូច្នេះ​ឡើយ គឺ​រដ្ឋសភា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ។ ជាង​នេះ​ទៀត គឺ​រាល់​សេចក្តី​សម្រេច​នានា ត្រូវ​ឆ្លង​កាត់​មនុស្ស​តែ​ម្នាក់​គត់ គឺ​លោក ហ៊ុន សែន តែ​ម្តង។ លោក នី ចរិយា បន្ត​ថា «បែរ​ទៅ​ជា​អង្គការ​នីតិប្រតិបត្តិ​ជា​អ្នក​គ្រប់គ្រង​ទៅ​ លើ​អង្គការ​នីតិប្បញ្ញតិ​ទៅ​វិញ។ បាន​ន័យ​ថា អង្គការ​នីតិប្បញ្ញតិ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អង្គការ​នីតិប្រតិបត្តិ ជាពិសេស​ទៅ​ទៀត គឺ​ថា​ស្ថាប័ន​ជាតិ​កំពូលៗ​ទាំងអស់​ហ្នឹង ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី ជា​បុគ្គល​តែ​ម្តង។»

ដោយ​ឡែក លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត យល់​ឃើញ​ថា កៅអី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នេះ វា​មិន​សំខាន់​អ្វី​ឡើយ ក្រៅ​ពី​ដើម្បី​ឡាន​ទំនើប ប្រាក់​ខែ​ខ្ពស់ និង​មុខ​មាត់​ប៉ុណ្ណោះ​នោះ។ ដោយ​ឡែក​បើ​ពិនិត្យ​ជា​រួម​សម្រាប់​មុខ​តំណែង​មួយ​នេះ នៅ​មិន​ទាន់​បាន​ធ្វើ​អ្វី​ធំ​ដុំ​សម្រាប់​ជាតិ​ប៉ុន្មាន​នោះ​ទេ។ ជាង​នេះ​ទៀត លោក អ៊ូ វីរៈ អះអាង​ថា ច្បាស់​ណាស់ លោក ហ៊ុន សែន ពិត​ជា​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា ឲ្យ​ខ្ទាត​ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​ដោយ​ប្រាកដ​មែន។ ដោយសារ​តែ​សំឡេង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង ៦៨​អាសនៈ អាច​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា បាន​ដោយ​ងាយ ព្រោះ​ត្រូវ​ការ​តែ​សំឡេង ៥០% បូក​១ ប៉ុណ្ណោះ​នោះ។ លោក អ៊ូ វីរៈ បន្ត​ថា «គណបក្ស​ប្រជាជន​មាន​ សំឡេង​គ្រប់គ្រាន់​នៅ​ក្នុង​សភា ក្នុង​ការ​ទម្លាក់ លោក កឹម សុខា បាន​ដោយសារ​រូបមន្ត​សភា​របស់​យើង​ហ្នឹង គឺ​មិន​មែន​ជា​រូបមន្ត​បែង​ចែក​ជា​ភាគរយ​ទៅ​លើ​តាម​សំឡេង​ឆ្នោត​ទេ។ អ៊ីចឹង​បាន​ន័យ​ថា គណបក្ស​ដែល​ឈ្នះ​ឆ្នោត បើ​សិន​ជា​ចង់​សឹង​ថា​ទៅ​អាច​ទៅ​យក​តួនាទី និង​អំណាច​ទាំងអស់​ក៏​បាន​ដែរ រួម​ទាំង​គណៈកម្មការ​សភា​ទាំង ៩ ឥឡូវ ១០ ផង។ អ៊ីចឹង​មិន​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ទេ។»

យ៉ាង​ណា​ក៏ដោយ កៅអី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​របស់ លោក កឹម សុខា នេះ ហាក់​មាន​ភាព​រង្គោះរង្គើ​សម្បើម​ណាស់ ចាប់​តាំង​ពី​ដើម​ទី​មក។ គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​នៃ​រដ្ឋសភា លោក ងួន ញិល កាល​ណោះ​នៅ​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅ​ឡើយ សឹង​មិន​ចុះ​ចេញ​ពី​កៅអី​នេះ​ផង បើ​ទោះ​ជា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ផ្លាស់ប្ដូរ​ភ្លាមៗ​បន្ទាប់​ពី​សមាជិក​សភា​បោះ​ឆ្នោត​ផ្តល់​ សេចក្តី​ទុក​ចិត្ត​រួច​យ៉ាង​ណា​ក៏ដោយ។

ក្រោយ​ពី​សារ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ​នេះ ជា​ញឹកញយ លោក ហ៊ុន សែន តែង​គំរាម​ដក លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជាច្រើន​លើក​ច្រើន​សា បន្ទាប់​ពី​ឃើញ​ថា លោក កឹម សុខា នៅ​តែ​ផ្គើន​សម្ដី និង​បន្ត​វាយ​បក​ប្រឆាំង លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​សំចៃ​មាត់​នោះ។

ការ​បន្ត​រិះគន់​របស់ លោក កឹម សុខា ដោយ​មិន​ខ្វល់​ពី​កៅអី​សភា​របស់​លោក​នោះ លោក កឹម សុខា ធ្លាប់​អះអាង​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ជា​រឿង​ធម្មតា​ទេ​ត្រូវ​តែ​មាន​វប្បធម៌​រិះគន់ ដើម្បី​ស្ថាបនា​ដូច​នេះ៕



No comments:

Post a Comment