អ្នកស្រី មូរ សុខហួរ មិនឆ្លើយ សំណួរ របស់ ចៅក្រម ស៊ើបសួរ
RFA / វិទ្យុ អាស៊ី សេរី | ១១ ឧសភា ២០១៥
ការប្រើសិទ្ធិសាកសួររបស់ចៅក្រមនៃតុលាការក្រុងភ្នំពេញ ដែលប្រើពេលប្រមាណ ១ម៉ោងនៅពីព្រឹកថ្ងៃទី១១ ឧសភា នោះ គឺបញ្ចប់ទៅដោយមិនបានកំណត់ថ្ងៃនៃការចូលបំភ្លឺឡើងវិញទៀត នៅឡើយ។
ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រៅរបងតុលាការ ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឲ្យដឹងកាលពីព្រឹកថ្ងៃទី១១ ឧសភា ថា អ្នកស្រីបានប្រើប្រាស់សិទ្ធិរបស់ខ្លួន មិនឆ្លើយទៅនឹងសំណួរណាមួយរបស់ចៅក្រម លោក កែវ មុនី នៅក្នុងបន្ទប់សាកសួរនៅពេលនោះ។
មូលហេតុដែលអ្នកស្រីអះអាងថា បានប្រើប្រាស់សិទ្ធិមិនឆ្លើយតបរាល់សំណួរដែលបានចោទសួរប្រមាណ ១០សំណួរនោះ ក៏ព្រោះតែអ្នកស្រីយល់ឃើញថា ការបំពេញកិច្ចការរបស់តុលាការនេះ គឺរំលោភលើក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញដែលធានាយ៉ាងច្បាស់សម្រាប់ តួនាទីរបស់អ្នកតំណាងរាស្រ្ត ដែលមិនអាចរំលោភបំពានបាន៖ «ដោយ តុលាការពុំបានអនុវត្តទៅលើមាត្រា និងនីតិវិធីនៃការកោះអញ្ជើញអ្នកតំណាងរាស្រ្ត។ ខ្ញុំបានរក្សាសិទ្ធិនូវគ្រប់សំណួរនៃតុលាការនៅថ្ងៃនេះ។»
ការចូលខ្លួនទៅបំភ្លឺនៅតុលាការរបស់អ្នកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៃគណបក្សសង្រ្គោះជាតិនេះ គឺធ្វើឡើងទៅតាមដីកាកោះហៅជាថ្មីទៀតរបស់ចៅក្រមស៊ើបសួរ លោក កែវ មុនី ជុំវិញសំណុំរឿងបង្កហិង្សានៅក្បែស្ពាននាគកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។
អ្នកច្បាប់លើកឡើងថា ការកោះហៅតំណាងរាស្ត្ររូបនេះ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ រដ្ឋធម្មនុញ្ញមាត្រា ៨០ ចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិ។ តំណាងរាស្រ្តរូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុព្រោះតែសំដែងមតិយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃ រដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងជាច្រើនដងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោក កែវ មុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏ប៉ុន្តែទូរស័ព្ទពុំអាចទាក់ទងបាននៅថ្ងៃទី១១ ឧសភា។
បើទោះជាបែបណា ភ្លាមៗក្រោយពីមានព្រឹត្តិការណ៍ទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ មានអ្នកតំណាងរាស្រ្តចំនួន ៧នាក់ របស់គណបក្សសង្រ្គោះជាតិ ដំបូងគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទថា ដឹកនាំកុប្បកម្ម នាំឲ្យមានអំពើហិង្សានៅក្បែស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ បន្ទាប់មក មានសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ១១នាក់ត្រូវបានចាប់ខ្លួនបន្ថែមទៀត។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ ដែលឃ្លាំមើលការសាកសួរ កាលពីព្រឹកថ្ងៃទី១១ ឧសភា ចាត់ទុកថា ការកោះហៅអ្នកតំណាងរាស្ត្រដោយឆៅៗបែបនេះ គឺជាការអនុវត្តផ្ទុយពីច្បាប់កំពូលរបស់ប្រទេស ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញហើយ។ លោកថ្លែងបន្តថា បើការអនុវត្តដូចនេះ បញ្ជាក់ថា តួនាទីរបស់អ្នកតំណាងរាស្រ្ត ហាក់ពុំមានតម្លៃអ្វីបន្តិចសោះឡើយ។
លោក អំ សំអាត បន្តថា៖ «ការកោះអញ្ជើញ និងការចោទប្រកាន់ណាមួយវាទាល់តែមានការឆ្លងកាត់ទៅប្រធានរដ្ឋ សភាជាមុន ពីព្រោះទាក់ទងអភ័យឯកសិទ្ធិ ហើយបើសិនជាយើងចេះតែកោះអញ្ជើញតាមតែចិត្តនឹកឃើញ អ៊ីចឹងតើអភ័យឯកសិទ្ធិនៃអ្នកតំណាងរាស្រ្តទាំងអស់នោះ វាមានតម្លៃនៅត្រង់ណា?»
បើទោះជាយ៉ាងណាក៏ដោយ នៅមុនបិទបញ្ចប់ការសាកសួរ អ្នកស្រី មូរ សុខហួរ បានទាមទារសុំឲ្យតុលាការទម្លាក់រាល់បទចោទទាំងឡាយប្រឆាំងចំពោះ អ្នកស្រី ហើយស្នើឲ្យតុលាការគួរអនុវត្តតាមនីតិវិធីច្បាប់ដែលមានជាធរមាន ផង។ ក៏ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា តើតុលាការនឹងសម្រេចយ៉ាងណាចំពោះការស្នើសុំរបស់តំណាងរាស្ត្ររូប នេះ?
No comments:
Post a Comment