សាលាក្រុង មិនអនុញ្ញាត ឲ្យប្រារព្ធខួប បាត់បង់ទឹកដី កម្ពុជាក្រោម នៅទីលាន ប្រជាធិបតេយ្យ
RFA / វិទ្យុ អាស៊ី សេរី | ២៨ ឧសភា ២០១៥
អាជ្ញាធរ សាលារាជធានី ភ្នំពេញ មិនអនុញ្ញាត ឲ្យអង្គការ-សមាគម ខ្មែរ កម្ពុជាក្រោម ធ្វើពិធី រំឭកខួប បាត់បង់ ទឹកដី កម្ពុជាក្រោម នៅលើទីលាន ប្រជាធិបតេយ្យ នៅថ្ងៃ ទី៤ ខែមិថុនា ដូចការស្នើសុំ នោះទេ។ អាជ្ញាធរ អះអាង ថា, ទីលាន ប្រជាធិបតេយ្យ មិនមែន ជាកន្លែង សម្រាប់ ប្រារព្ធពិធី បែបសាសនា ឡើយ។
តំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម សម្ដែងការមិនសប្បាយចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យខ្មែរក្រោមរៀបចំពិធីបុណ្យរំឭកខួបបាត់បង់ទឹក ដីនៅទីសាធារណៈ ដូចនៅលើទីលានប្រជាធិបតេយ្យ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ថ្លែងនៅក្រោយជំនួបជាមួយអាជ្ញាធរនៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ឧសភា ថា ការដែលសាលារាជធានីភ្នំពេញមិនអនុញ្ញាតនេះ ដោយពួកគេលើកហេតុផលថា ទីលានប្រជាធិបតេយ្យ គឺជាកន្លែងសម្រាប់ធ្វើការសម្ដែងមតិ ប៉ុន្តែមិនមែនជាទីកន្លែងសម្រាប់ធ្វើពិធីបែបសាសនានោះឡើយ។
ចំណែកមូលហេតុផ្សេងមួយទៀតដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតនោះ គឺដោយសារមានសមាគមខ្មែរកម្ពុជាក្រោមដាច់ដោយឡែកមួយទៀត ដែលដឹកនាំដោយប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម លោក គឹម វ៉ាន់ឆេង ក៏បានស្នើសុំយកទីតាំងទីលានប្រជាធិបតេយ្យសម្រាប់ធ្វើពិធីរំឭកខួប បាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា ក្នុងពេលជាមួយគ្នាដែរ។ ដូច្នេះ សាលារាជធានីភ្នំពេញ មិនអាចអនុញ្ញាតឲ្យមួយ អត់មួយនោះទេ។
យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការអះអាងរបស់អាជ្ញាធរពុំសមហេតុផលឡើយ។ លោកថា ការធ្វើពិធីបុណ្យរំឭកខួបបាត់បង់ទឹកដី ក៏ជាសកម្មភាពសម្ដែងមតិមួយផងដែរ។ ចំណែករឿងដែលអាជ្ញាធរលើកឡើងថា ដោយសារមានការស្នើសុំផ្ទួនគ្នានោះ លោកចាត់ទុកថា វាគ្រាន់តែជាលេសប៉ុណ្ណោះ ដោយហេតុថា គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោមរបស់ លោក គឹម វ៉ាន់ឆេង ដែល លោក ថាច់ សេដ្ឋា អះអាងថា ស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា នោះ តែងស្នើសុំយកទីកន្លែងដូចគ្នាដែលអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ស្នើទៅអាជ្ញាធរក្នុងបំណងរារាំងការប្រារព្ធពិធីរបស់អង្គការ-សមាគម ខ្មែរកម្ពុជាក្រោមដទៃទៀត នៅតាមទីសាធារណៈធំៗ។
ពិសេសជាងនេះទៅទៀត លោក ថាច់ សេដ្ឋា យល់ឃើញថា ការដែលអាជ្ញាធរខ្មែរមិនអនុញ្ញាតឲ្យខ្មែរក្រោមរៀបចំពិធីរំឭកខួប បាត់បង់ទឹកដីកម្ពុជាក្រោម នៅតាមទីសាធារណៈធំៗមួយលើកជាពីរលើកនេះ គឺដោយសារតែអាជ្ញាធរខ្មែរខ្លាចប្រទេសវៀតណាម ខឹងសម្បារនឹងខ្លួន៖ «នៅ តែបង្ហាញខ្លួនក្រោមឥទ្ធិពលរបស់យួន ដដែល ខ្លាចតែយួន អាក់អន់ស្រពន់ចិត្ត យើងខ្ញុំដំបូងសង្ឃឹមថាវប្បធម៌ចរចាសំខាន់ណាស់ហើយ ប៉ុន្តែដល់ទីបំផុតទៅ នៅតែមិនបានធ្វើអ្វីដែលជាប្រយោជន៍របស់ជាតិដដែល។»
លោក ថាច់ សេដ្ឋា បញ្ជាក់ថា មូលហេតុដែលអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ស្នើសុំយកទីលានប្រជាធិបតេយ្យជាកន្លែងប្រារព្ធពិធី ព្រោះលោកមើលឃើញថា ទីលានប្រជាធិបតេយ្យមានទីធ្លាធំទូលាយ ងាយស្រួលក្នុងការប្រារព្ធពិធី និងក្នុងការការសន្តិសុខសុវត្ថិភាព ជាដើម។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បានស្នើឲ្យខ្មែរក្រោមទៅធ្វើនៅទីតាំងឯកជនវិញ ដោយសារអាជ្ញាធរមើលឃើញថា ទីតាំងឯកជនដូចជាវត្តអារាម ជាដើម មានភាពងាយស្រួលក្នុងការប្រារព្ធពិធីបែបសាសនាជាងនៅទីលាន ប្រជាធិបតេយ្យ។ លើសពីនេះ លោកថា ដោយសារនៅដើមខែមិថុនា ខាងមុខ អាជ្ញាធរសាលារាជធានីភ្នំពេញ ក៏ត្រូវជាប់មមាញឹកក្នុងការរៀបចំសន្តិសុខសម្រាប់ពិធីដង្ហែព្រះ គោរមងាររបស់ព្រះមហាក្សត្រនៅមុខព្រះបរមរាជវាំងទៀតផង។
លោក ឡុង ឌីម៉ង់ ក៏អះអាងដែរថា ការសម្រេចមិនអនុញ្ញាតឲ្យខ្មែរក្រោម ធ្វើពិធីនៅលើទីលានប្រជាធិបតេយ្យនេះ គឺមិនមានពាក់ព័ន្ធនឹងហេតុផលនយោបាយ ឬជាការខ្លាចរអាប្រទេសវៀតណាម អ្វីនោះឡើយ ប៉ុន្តែលោកថា វាគ្រាន់តែជាការសម្រេចចិត្តបែបរដ្ឋបាលប៉ុណ្ណោះ៖ «សូមបញ្ជាក់ ថា យើងអត់បានគិតគូរពីបញ្ហានយោបាយ ឬក៏ពីបញ្ហាប្រវត្តិសាស្ត្រទេ ការងារក្នុងទំនាក់ទំនងអន្តរជាតិអត់ទេ យើងខ្ញុំគឺជាមន្ត្រីរដ្ឋបាល យើងខ្ញុំជាស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះយើងខ្ញុំគិតគូរតែបញ្ហារដ្ឋបាល និងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។»
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ដោយសារអាជ្ញាធរមិនអនុញ្ញាតឲ្យខ្មែរក្រោមប្រារព្ធពិធីនៅទីលាន ប្រជាធិបតេយ្យ លោកបានទៅស្នើសុំព្រះចៅអធិការវត្តថ្មី ដែលឋិតនៅត្រើយម្ខាងទល់មុខព្រះបរមរាជវាំង ដើម្បីធ្វើពិធីនៅទីនោះ។ លោក ថាច់ សេដ្ឋា អះអាងថា ព្រះចៅអធិការវត្តថ្មី នេះ បានអនុញ្ញាតឲ្យពួកលោករួចហើយ។
គិតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ គឺមានរយៈពេល ៦៦ឆ្នាំហើយដែលអាណានិគមនិយមបារាំង បានកាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យស្ដេចយួន បាវ ដាយ កាលពីឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក ខ្មែរក្រោមបានយកថ្ងៃទី៤ មិថុនា គឺជាទិវាចងចាំតៗរៀងមក។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ពិធីបុណ្យរំឭកខួបបាត់បង់ទឹកដីឆ្នាំនេះ អាចមានមនុស្សច្រើនពាន់នាក់ចូលរួម ក្នុងនោះព្រះសង្ឃជិត ២ពាន់អង្គ ក៏នឹងត្រូវនិមន្តចូលរួមក្នុងពិធីរាប់បាត្រផងដែរ។ លោកក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមក្នុងពិធីបុណ្យរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនេះឲ្យ បានច្រើនកុះករ ព្រោះលោកថា បញ្ហាបាត់បង់ទឹកដី មិនមែនជាបញ្ហារបស់ខ្មែរក្រោមតែមួយនោះទេ ប៉ុន្តែវាជាបញ្ហារបស់ខ្មែរទាំងអស់គ្នា៕
No comments:
Post a Comment