គ.ជ.ប. នឹងបញ្ជូន សេចក្ដីព្រាង នៃនីតិវិធី ចុះឈ្មោះ បោះឆ្នោត ទៅប្រតិភូ សហភាព អឺរ៉ុប និងជប៉ុន
RFA / វិទ្យុ អាស៊ី សេរី | ៣០ ឧសភា ២០១៥
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) នឹងបញ្ជូន សេចក្តីព្រាង បឋម ស្ដីពី បទបញ្ជា និងនីតិវិធី នៃការចុះឈ្មោះ បោះឆ្នោត ទៅកាន់ប្រតិភូ សហភាព អឺរ៉ុប ប្រចាំកម្ពុជា និងភាគី ជប៉ុន ដើម្បី ត្រួតពិនិត្យ និងផ្តល់យោបល់ នៅសប្ដាហ៍ក្រោយ។ គម្រោង នៃការបញ្ជូននេះ គឺ បន្ទាប់ពី គ.ជ.ប. បានជួបប្រជុំ កាលពីរសៀល ថ្ងៃទី២៩ ឧសភា ដើម្បី ពិនិត្យ លើសេចក្តីព្រាង នេះ។
ការសម្រេចលើសេចក្តីព្រាងបឋមស្ដីពីបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត គឺជាសមិទ្ធផលដំបូងបង្អស់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីសម្រេចបាន ក្រោយពីពួកគេបានចូលកាន់តួនាទីរបស់ខ្លួនជាងមួយខែកន្លះកន្លងមក នេះ។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃទី៣០ ឧសភា ថា ខ្លឹមសារនៃសេចក្តីព្រាងបឋមស្ដីពីបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនេះ គឺផ្ដោតសំខាន់ទៅលើនីតិវិធីនៃការចុះឈ្មោះ និងការរៀបចំបញ្ជីបោះឆ្នោតថ្មី។
លោក ហង្ស ពុទ្ធា ឲ្យដឹងបន្តថា សេចក្តីព្រាងដែលមានទាំងអស់ ៦ជំពូក នឹងត្រូវបញ្ជូនទៅកាន់ប្រតិភូសហភាពអឺរ៉ុប និងអ្នកបច្ចេកទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ដើម្បីឲ្យពួកគេជួយត្រួតពិនិត្យ និងផ្តល់យោបល់។ លោកមានប្រសាសន៍ដែរថា តាមការគ្រោងទុក គឺនៅបន្ទាប់ពី ៣សប្ដាហ៍ដែលពួកគេទទួលបានសេចក្តីព្រាងនេះ គ.ជ.ប នឹងរៀបចំការប្រជុំជាមួយសហភាពអឺរ៉ុប និងភាគីជប៉ុន ដើម្បីស្តាប់អនុសាសន៍របស់ពួកគេ។
លោក ហង្ស ពុទ្ធា ក៏ឲ្យដឹងដែរថា បន្ទាប់ពីទទួលបានអនុសាសន៍ពីសហភាពអឺរ៉ុប និងភាគីជប៉ុន រួចហើយ គ.ជ.ប នឹងផ្ញើសេចក្តីព្រាងនេះទៅកាន់ភាគីពាក់ព័ន្ធដទៃទៀត រួមមាន គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាដើម ដើម្បីឲ្យពួកគេជួយចូលរួមពិនិត្យមើល និងផ្តល់អនុសាសន៍។
លោក ហង្ស ពុទ្ធា ថ្លែងថា ក្នុងនាមជាសមាជិក គ.ជ.ប ម្នាក់ លោកសង្ឃឹមថា សហភាពអឺរ៉ុប ភាគីជប៉ុន និងអ្នកពាក់ព័ន្ធទាំងអស់នឹងយកចិត្តទុកដាក់ចូលរួមគាំទ្រសកម្មភាព របស់ គ.ជ.ប៖ «ការបោះឆ្នោតកន្លងមកបានទទួលរងនូវមតិជាច្រើន ដែលក្នុងនោះមានទាំងមតិវិជ្ជមាន និងអវិជ្ជមាន។ អ៊ីចឹងក្នុងស្មារតី គ.ជ.បថ្មី គឺកាត់បន្ថយឲ្យបានច្រើនជាអតិបរមានូវភាពមិនប្រក្រតី នូវរាល់ពាក្យពេចន៍ដែលធ្វើការទិតៀនដល់ គ.ជ.ប។ អ៊ីចឹង គ.ជ.ប បានខំសម្រិតសម្រាំងនូវអ្វីដែលខ្លួនអាចធ្វើបាន ក្នុងន័យរៀបចំការបោះឆ្នោតមួយឲ្យទទួលយកបាន គណបក្សនយោបាយដែលប្រកួតប្រជែង និងម្ចាស់ឆ្នោត។»
គ.ជ.ប កាលពីថ្ងៃទី១១ ឧសភា បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីទទួលបន្ទុកសហការជាមួយសហភាពអឺរ៉ុប និងប្រទេសជប៉ុន លើការងាររៀបចំចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោតថ្មី។ ហើយកាលពីសប្ដាហ៍មុន គ.ជ.ប ក៏បានជួបជាមួយប្រតិភូសហភាពអឺរ៉ុប និងភាគីជប៉ុន ជាបន្តបន្ទាប់។
គ.ជ.ប ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ត្រូវធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើស្នាមមេដៃ និងរូបថតអ្នកបោះឆ្នោតបញ្ចូលទៅក្នុងកុំព្យូទ័រ ដើម្បីបង្កើតបញ្ជីបោះឆ្នោត។
ទាក់ទងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនេះ គ.ជ.ប ឲ្យដឹងដែរថា ភាគីជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់អំពីកម្មវិធីសុវត្ថិភាព ការពារជនចូលលួចបំផ្លាញ ឬកែទិន្នន័យអ្នកបោះឆ្នោតក្នុងប្រព័ន្ធកុំព្យូទ័រ អំពីកម្មវិធីទប់ស្កាត់ការចុះឈ្មោះបោះឆ្នោតលើសពីម្តង កម្មវិធីត្រួតពិនិត្យអ្នកបោះឆ្នោតឆ្លងខេត្តនៅទូទាំងប្រទេស និងកត្តាអសកម្មផ្សេងៗលើប្រព័ន្ធអ៊ីនធឺណិត ដែលអាចរំខានដល់កិច្ចប្រតិបត្តិការចុះឈ្មោះបោះឆ្នោត ជាដើម។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា គម្រោងចុះឈ្មោះបោះឆ្នោតសាកល្បង នឹងចាប់ផ្តើមធ្វើឡើងនៅខែសីហា ខាងមុខ។ ការចុះឈ្មោះសាកល្បងនេះ នឹងធ្វើឡើងនៅក្នុងឃុំចំនួន២៥ ក្នុងខេត្ត-ក្រុងចំនួន ២៥ នៅទូទាំងប្រទេស ហើយចំណាយពេលប្រហែល ២០ថ្ងៃប៉ុណ្ណោះ៕
No comments:
Post a Comment