តំណាងរាស្ត្រ បក្សប្រឆាំង ស្នើរដ្ឋាភិបាល ពិនិត្យ ការរំលោភ ព្រំដែន ពីសំណាក់ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១៣ ឧសភា ២០១៥
តំណាងរាស្ត្រ គណបក្សប្រឆាំង ស្នើរដ្ឋាភិបាល កម្ពុជា ពិនិត្យ និងដោះស្រាយ ការរំលោភព្រំដែន ពីសំណាក់ ប្រទេស វៀតណាម នៅច្រកព្រំដែន តន់ហន់ ខេត្តកំពត បន្ទាប់ ពីរកឃើញ ថា, វៀតណាម បានរំកិល ព្រំដែន ចូលដីខ្មែរ ១គីឡូម៉ែត្រ។ ប៉ុន្តែ ប្រធាន គណៈកម្មាធិការ ចម្រុះ កិច្ចការ ព្រំដែន កម្ពុជា ច្រានចោល ការចោទប្រកាន់នេះ។
ទឹកដីទល់ដែនដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កំពុងចោទថា បាត់បង់ទៅប្រទេសវៀតណាម នោះ គឺលោកសំអាងទៅលើហេតុផលថា ការកំណត់ព្រំដែនបច្ចុប្បន្នរំលោភទៅនឹងផែនទីចាស់ដែលទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ។ ព្រំដែននៅតំបន់នោះ បច្ចុប្បន្នកំណត់យកប្រឡាយ៧៩ ដែលជីកដោយវៀតណាម នៅឆ្នាំ១៩៧៩ មានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រែកព្រៃតាមែង ឬព្រែកវិញតេ ដែល លោក អ៊ុំ សំអាន អះអាងថា ជាខ្សែបន្ទាត់ព្រំដែនចាស់ឋិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។
លោកថា ដូច្នេះប្រឡាយ៧៩ មិនមែនជាបន្ទាត់ព្រំដែនដែលមាននៅក្នុងផែនទីធ្វើនៅចន្លោះឆ្នាំ ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ នោះទេ។ បញ្ហារំលោភព្រំដែនពីសំណាក់វៀតណាម នេះ លោក អ៊ុំ សំអាន ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យចុះទៅពិនិត្យ និងដោះស្រាយ៖ «ព្រំដែននៅច្រកតន់ហន់ នេះ គាត់ (លោក វ៉ា គឹមហុង) យកទៅតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ហើយសន្ធិសញ្ញានេះយកតាមសន្ធិសញ្ញាព្រំដែនគោកខុសច្បាប់ឆ្នាំ១៩៨៥ ហើយពេលនោះជាសម័យយួន គ្រប់គ្រងកម្ពុជា។ ដូច្នេះយួន ហៅខ្មែរយើងស៊ីញេ គេមិនដែលឲ្យយើងចំណេញទេ។ ម្យ៉ាងវិញទៀត សន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ ហ្នឹង វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផ្ទុយទៅនឹងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលទុកជាមោឃភាពនៃសន្ធិសញ្ញាទាំងអស់ក្នុងទសវត្សរ៍៨០។»
មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
ប៉ុន្តែទាក់ទិនបញ្ហានេះ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការលើកឡើងនេះគ្មានការពិតទាល់តែសោះ ព្រោះថា ព្រែកតាមែង ដែល លោក អ៊ុំ សំអាន អះអាងថាជាព្រែកព្រំដែននោះ ឋិតនៅយ៉ាងជ្រៅក្នុងដីវៀតណាម ហើយគ្មានឯកសារផ្លូវការណាមួយបញ្ជាក់ថា ព្រែកព្រៃតាមែង នោះជាព្រែកព្រំដែននោះទេ៖ «ខ្ញុំមិនស្គាល់ព្រែកតាមែងអីទេ ប៉ុន្តែព្រែកតាមែង មែនទែននៅក្នុងផែនទី ១/៥០០០០ គឺវានៅឆ្ងាយក្នុងដីវៀតណាម ប៉ុន្តែខ្ញុំសារភាពថា ខ្ញុំមិនដែលស្គាល់ព្រែកវិញតេ ឬតាមែងអីទេ។ សូមឲ្យគាត់ (លោក អ៊ុំ សំអាន) សួរសំណួរគេត្រូវយកផែនទីណាដែលមានឈ្មោះត្រឹមត្រូវផ្លូវការ កុំទៅយកពាក្យអ្នកបុរាណ ឬចាស់ទុំគាត់និយាយ ហើយយកមកប្រើក្នុងផ្លូវការ វាមិនបានទេ។»
យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន ចាត់ទុកការឆ្លើយរបស់ លោក វ៉ា គឹមហុង ថាកំពុងបំភ្លៃប្រវត្តិសាស្ត្រ ហើយគាត់នឹងក្លាយជាអ្នកទោសប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការលេចឮឡើងវិញពីការបាត់បង់ទឹកដីនេះ គឺបន្ទាប់ពីលោកបានចុះទៅពិនិត្យមើលតំបន់ព្រំដែននោះកាលពីខែ មេសា កន្លងទៅថ្មីៗនេះ។ កាលនោះ លោកបានជួបសម្ភាសជាមួយអ្នកស្រុកនៅទីនោះជាច្រើន សុទ្ធតែអះអាងថា វៀតណាម ពិតជាបានរំកិលព្រំដែនចូលដីខ្មែរ។
បញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅតំបន់តន់ហន់ នេះ គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ចូលបំភ្លឺនៅក្នុងរដ្ឋសភា ប៉ុន្តែរង់ចាំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាមុនសិន ដើម្បីជៀសវាងការឆ្លើយបំភ្លឺមិនផ្តល់ឱកាសសាកសួរដេញដោលចំណុចសង្ស័យ មួយចំនួន ដូចកាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយរយៈពេល ៦ម៉ោងនៅក្នុងសភាជាតិកាលពីឆ្នាំ២០១២៕
សូមបងប្អូនរួមកម្លាំងតែមួយបង្កើតមហាបាតុកម្មជាតិ នៅមុខមន្ទីររដ្ឋសភាជាតិ សូមឲ្យហោ ណាំហុងនិងវ៉ា គឹមហុង មកឆ្លើយបញ្ជាក់អំពីដីស្រែ ចំការដែលកងទ័ព្ធយួននិងប្រជាពលរដ្ឋយួន
ReplyDeleteបានចូលមកកំទេចបំផ្លាញ់ កាលមួយរយពេលកន្លងទៅ។តើទឹកដីនោះជារបស់ប្រទេសណាពិតប្រាកដ
ដោយអមទាំងវត្ថុភ័ស្ដតាងផង។ទន្ទឹមនិងនេះផងដែរ ក៏សូមឲ្យមេគំនិតបង្កើតវប្បធ៌មសន្ទនា ជួយបំភ្លឺរឿងដីស្រែ ចំការបងប្អូនយើង ដែលបានរងគ្រោះកាចដោយក្រុមចោរយួនឈ្លានពាន។តែអ្នក
ទាំងពីក្រុមនេះ(ណាំហុង គឹមហុង និងរ័ង្ស៊ី)មិនព្រមអឺពើរឬមិនឆ្លើយ នឹងមិនព្រមបញ្ចែញសកម្មភាព
អ្វីទេនោះ សូមខ្មែរទូរទាំងប្រទេសរួមគ្នាធ្វើជាមហាបាតុកម្មជាតិ កម្ចាត់ខ្មែរណា ដែលមានគំនិតចង់ បំបាត់និងសម្លាប់ឲ្យខ្មែរឆាប់ផុតពូជ៕