លោក សម រង្ស៊ី ប្រាប់អ្នកគាំទ្រ នៅអាមេរិក ថា, វប្បធម៌សន្ទនា អាចការពារ បូរណភាព ទឹកដី
RFA / វិទ្យុ អាស៊ី សេរី | ១៥ ឧសភា ២០១៥
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ព្រហស្បតិ៍ ទី១៤ ឧសភា បានថ្លែង ទៅកាន់ ក្រុមអ្នកគាំទ្រ ជាខ្មែរ-អាមេរិកាំង ប្រមាណ ៧០នាក់ ថា, របត់ នយោបាយ នៅកម្ពុជា បច្ចុប្បន្ន ជានយោបាយ មួយ ឆ្ពោះទៅរក ការបង្រួបបង្រួម ជាតិ ពិតប្រាកដ ក្នុងបុព្វហេតុ ការពារ ទឹកដី កុំឲ្យមាន ការឈ្លានពាន ពីសំណាក់ ប្រទេស ជិតខាង។
លោក សម រង្ស៊ី អះអាងថា ដើម្បីថែរក្សាបូរណភាពទឹកដីឲ្យបានគង់វង្ស គឺត្រូវមានការរួបរួមជាតិដ៏ធំមួយប្រកបដោយការជឿទុកចិត្តពី គ្រប់ភាគី និងការអនុវត្តនូវវប្បធម៌សន្ទនា ឬវប្បធម៌សន្តិភាព។
ការអះអាងរបស់ លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងកម្មវិធីទទួលទានអាហារពេលល្ងាចមួយ ក្នុងពេលជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រគណបក្សក្នុងទីក្រុង ហ្គេតធឺស្បឺក (Gaithersburg) ក្នុងរដ្ឋម៉ារីឡែន (Maryland)។ លោក សម រង្ស៊ី បានអញ្ជើញមកសហរដ្ឋអាមេរិក និងកាណាដា ដើម្បីពន្យល់អ្នកគាំទ្ររបស់គណបក្សអំពីវប្បធម៌សន្ទនាថ្មី ដែលលោកបានរួមបង្កើតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
លោក តូច សាម៉ន ដែលមកពីរដ្ឋភែនស៊ីលវែនញ៉ា (Pennsylvania) មានប្រសាសន៍ថា លោកគាំទ្រវប្បធម៌សន្ទនាដែលជារបត់នយោបាយថ្មីនេះ ដើម្បីកុំឲ្យមានវប្បធម៌បង្ហូរឈាមនៅក្នុងប្រទេសតទៅទៀត។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែតាមដានមើលថា តើវប្បធម៌សន្ទនានេះនឹងបានយូរដល់ពេលណា?
ចំណែក លោក នួន សុភ័ណ ពីរដ្ឋវឺជីនៀ (Virginia) វិញមានប្រសាសន៍ថា អ្វីដែលលោកចង់ឃើញជាងគេនោះ គឺវប្បធម៌សន្ទនា ធ្វើឡើងក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យពិតប្រាកដ ដែលមិនស្ថិតក្រោមចំណុះរបស់គណបក្សកាន់អំណាច។
នៅក្រោយពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រនេះ លោក សម រង្ស៊ី មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់រដ្ឋធានីវ៉ាស៊ីនតោន (Washington) លោកបានជួបជាមួយក្រុមមន្ត្រីក្រសួងការបរទេស និងលោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក អំពីដំណើរការនយោបាយរបស់កម្ពុជា បច្ចុប្បន្ន និងការឆ្ពោះទៅរកផ្លាស់ប្ដូរប្រទេសមួយប្រកបដោយសន្តិភាព និងលទ្ធិប្រជាធិបតេយ្យពេញលេញ៕
No comments:
Post a Comment