Paris Peace Accords 23 Oct. 1991

Thursday, June 18, 2015

វិវាទ ​ផ្ទៃ​ក្នុង ​គណបក្ស សង្គ្រោះ​ជាតិ​ នៅ​ឃុំ​ ចំនួន​បី ​ក្នុង​ខេត្ត ​រតនគិរី | CNRP internal conflict in 3 communes in Ratanakiri

វិវាទ ​ផ្ទៃ​ក្នុង ​គណបក្ស សង្គ្រោះ​ជាតិ​ នៅ​ឃុំ​ ចំនួន​បី ​ក្នុង​ខេត្ត ​រតនគិរី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ មិថុនា ២០១៥

ម៉ៅ មុនីវណ្ណ ៦២០
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។  RFA

ថ្នាក់​ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ឃុំ ​ចំនួន​បី ក្នុង​ខេត្ត​ រតនគិរី សម្ដែង​ ការ​មិន​ពេញ​ចិត្ត​ ចំពោះ​ គម្រោង​តែងតាំង​ គណៈកម្មាធិការ ​ប្រតិបត្តិ​ ខេត្ត ដែល​មិន​អនុលោម ​តាម​លទ្ធិប្រជាធិបតេយ្យ និង​លក្ខន្តិកៈ​ បទបញ្ជា​ផ្ទៃ​ក្នុង​ គណបក្ស។

ជម្លោះ​ផ្ទៃ​ក្នុង​ គណបក្ស​ ថ្នាក់​មូលដ្ឋាន​នេះ នៅ​មិន​ ទាន់​រក​ដំណោះស្រាយ​ បញ្ចប់​វិវាទ ​បាន​នៅ​ឡើយ រហូត​ មាន​ការ​ ទាមទារ ​ឲ្យ​មាន ​ដំណោះស្រាយ ​យុត្តិធម៌​ ពី​ថ្នាក់​ដឹកនាំ ​កំពូល​ គណបក្ស។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា នៅ​ការិយាល័យ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី បន្ទាប់​ពី​មន្ត្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ចំនួន​បី គឺ​ឃុំ​ប៉ាតេ ឃុំ​ប៉ក់ញ៉ៃ និង​ឃុំ​សេសាន ក្នុង​ស្រុក​អូរយ៉ាដាវ បាន​ស្នើសុំ​ការិយាល័យ​នោះ​ផ្តល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​សារ​ដល់​ប្រធាន​គណបក្ស​ជួយ​ដោះស្រាយ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក អំ ស៊ុនយីន រៀបរាប់​ថា ខណៈ​លោក​កំពុង​ឋិត​ក្នុង​តំណែង​ស្រាប់ តែ​ក្រុម​ការងារ​គណបក្ស​ថ្នាក់​ជាតិ​មួយ​ក្រុម​រួម​មាន លោកស្រី ថាក់ ឡានី លោក ម៉ៅ មុនីវណ្ណ និង​មន្ត្រី​បក្ស​មួយ​ចំនួន​ទៀត បាន​រៀបចំ​តែងតាំង​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ថ្មី​មួយ​ទៀត ដោយ​មិន​បាន​ជូន​ដំណឹង ឬ​បញ្ជាក់​មូលហេតុ​ពាក់ព័ន្ធ​នឹង​ការ​ចាត់តាំង​គណៈកម្មាធិការ​ប្រតិបត្តិ​ ថ្មី​នេះ​ឡើយ៖ «គេ​តែងតាំង​វា​ផ្ទុយ​លក្ខន្តិកៈ​បក្ស វា​ក្លាយ​ជា​អនាធិបតេយ្យ។ ពួក​ខ្ញុំ​ទ្រឹស្ដី​ពួក​ខ្ញុំ​វា​ទន់​ខ្សោយ​ណាស់ វា​ចេះ​តែ​លាប​ពណ៌ ចេះ​តែ​មើល​ងាយ​ប្រមាថ​ជនជាតិ​ដើម​ភាគ​តិច អា​ហ្នឹង​អយុត្តិធម៌។»

ដូច​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ប៉ក់ញ៉ៃ លោក ពូយ ផ្លុំ កត់​សម្គាល់​ដែរ​ថា សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​មិន​មាន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ ចារ៉ាយ ដែល​ភាគ​ច្រើន​បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លង​ទៅ​ឡើយ៖ «តែងតាំង ​យក​មនុស្ស​មក​ពី​ណា​អត់​មាន​សមាជិក​ម្នាក់ ក៏​តែងតាំង​ដែរ ដូចជា​ទាត់​ចោល​ជនជាតិ​ដើម​ភាគ​តិច​របស់​ខ្ញុំ​ដែរ។ ឥឡូវ​តែងតាំង ១៥​នាក់​នេះ​ទៀត ពួក​ខ្ញុំ​អត់​យល់ព្រម​ទេ។»

យោង​ឯកសារ​សម្រេច​ស្ដីពី​ការ​តែងតាំង​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី ប្រធាន​ស្តីទី លោក កឹម សុខា កាល​ពី​ឆ្នាំ​២០១៣ បាន​សម្រេច​តែងតាំង​សមាសភាព ៤​រូប គឺ​លោក អំ ស៊ុនយីន ជា​ប្រធាន លោក រ៉ាន់ សាយលឿន ជា​អនុប្រធាន លោក គង់ សាវុធ ជា​លេខាធិការ និង​លោក ស៊ិន ប៉ូណា ជា​ហេរញ្ញិក។ ដោយ​ឡែក​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​ដែល​គ្រោង​នឹង​តែងតាំង​រួម​ មាន ១៥​រូប ក្នុង​នោះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​មាន ៥​រូប គឺ​លោក ក្តិច ប៊ុនថា លោក រ៉ាន់ សាយលឿន លោក អៀម អឿន លោក វន ថុនា និង​លោក ងិន សុផាត។ ដោយ​ឡែក លោក អៀម អឿន ទំនង​នឹង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី។

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ សមាជិក​សភា​មណ្ឌល​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ដែល​បាន​ចូលរួម​រៀបចំ​សមាសភាព​ថ្មី​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ រតនគិរី បញ្ជាក់​ថា មន្ត្រី​បក្ស​មូលដ្ឋាន​ខ្លះ​យល់​ច្រឡំ​ពី​ចំណាត់​ការ​រៀបចំ​សមាសភាព​ដឹក​នាំ ​នៅ​មូលដ្ឋាន។ លោក​ថា សមាសភាព​ក្រុម​គណៈកម្មាធិការ​ប្រតិបត្តិ​ចាស់ គឺ​ជ្រើសរើស​ជា​លក្ខណៈ​បណ្ដោះអាសន្ន ខណៈ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បូក​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​ឡែក​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី ដែល​រៀបចំ​ពេល​នេះ គឺ​បាន​ស្ទាបស្ទង់​មតិ​សមាជិក​គណបក្ស​ទាំង​ពីរ​នៅ​មូលដ្ឋាន​រួច​ហើយ ដូច្នេះ​លោក​អំពាវនាវ​សុំ​ឲ្យ​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រួបរួម​គ្នា​ឡើង​ វិញ៖ «បើ​យើង​ទាំងអស់​គ្នា​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ បក្ស​ជា​ធំ យើង​រួបរួម​គ្នា​ធ្វើ​ការ​ទៅ។ ខ្ញុំ​ជឿ​ថា ថ្នាក់​ដឹកនាំ​នឹង​ពិចារណា​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​ណាស់​បញ្ហា​ហ្នឹង។»

នៅ​ខេត្ត​រតនគិរី មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មួយ​រូប សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ក្រុង ៦​រូប និង​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ៣០​រូប។

មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក លោក ឆាយ ធី ថ្លែង​ថា នេះ​ជា​បញ្ហា​ផ្ទៃ​ក្នុង​គណបក្ស ហេតុ​នេះ​ត្រូវ​មាន​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស។ លោក​កត់​សម្គាល់​ថា លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស គឺ​ជា​គោលការណ៍​គ្រឹះ​សម្រាប់​សមាជិក​សមាជិកា​គណបក្ស​អនុវត្ត ទាក់ទិន​ការ​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ៖ «គឺ​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត វា​មាន​តម្លាភាព វា​មាន​យុត្តិធម៌ មិន​មាន​រើសអើង​ថា​អ្នក​មាន​អ្នក​ក្រ អ្នក​តស៊ូ ឬ​ស៊ី​លុយ​អ៊ីចឹង​ទៅ។»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី ជិត ៣០​នាក់ បាន​ផ្ដិត​មេដៃ​ស្នើសុំ​ដក​បេក្ខភាព លោក អៀម អឿន ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយ​ចោទ​ថា លោក​ជេរ​ប្រមាថ​សមាជិក​ក្នុង​បក្ស ក៏ប៉ុន្តែ​រហូត​ពេល​នេះ មិន​ឃើញ​មាន​ដំណោះស្រាយ​នៅ​ឡើយ៕



No comments:

Post a Comment