អង្គការ អន្តរជាតិ ជំរុញ ឲ្យរដ្ឋាភិបាល លុបចោល សេចក្ដីព្រាងច្បាប់ សមាគម-អង្គការ
RFA / វិទ្យុ អាស៊ី សេរី | ១ មិថុនា ២០១៥
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ ឲ្យរដ្ឋាភិបាល កម្ពុជា លុបចោល សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ពីព្រោះ សេចក្ដីព្រាងច្បាប់ មួយនេះ ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់សិទ្ធិសេរីភាព និងការងារ របស់ អង្គការ ក្រៅរដ្ឋាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែមិថុនា បញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រួមទាំងអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សចំនួន ១០ស្ថាប័នផ្សេងទៀត បានផ្ញើលិខិតជូនរដ្ឋាភិបាលចំនួន ៤៤ប្រទេស និងសហភាពអឺរ៉ុប កាលពីថ្ងៃទី២៩ ខែឧសភា ស្នើឲ្យរដ្ឋាភិបាលប្រទេសទាំងនោះ និងក្រុមប្រទេសផ្ដល់ជំនួយគាបសង្កត់ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់សេចក្ដីព្រាងច្បាប់នេះ និងហ៊ាននិយាយការពារដល់ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងបន្តការងារដ៏មានតម្លៃ ជួយកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិកុមារ សិទ្ធិមនុស្ស និងកិច្ចការងារជាច្រើនទៀត។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា រដ្ឋាភិបាលនិងក្រុមម្ចាស់ជំនួយដល់កម្ពុជា គួរប្រើឥទ្ធិពលរបស់ខ្លួន ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការព្យាយាមដ៏គ្រោះថ្នាក់នេះ ដើម្បីធ្វើឲ្យរាំងស្ទះដល់សិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃសុក្រ ទី៥ ខែមិថុនា បន្ទាប់ពីបានពិភាក្សាម្ដងរួចមកហើយ កាលពីថ្ងៃទី២៩ ខែឧសភា មុនដាក់ជូនសភាជាតិអនុម័ត៕
No comments:
Post a Comment