Paris Peace Accords 23 Oct. 1991

Tuesday, June 16, 2015

ជីវិត​ វៀតណាម​ នៅ​លើ​ទឹក ​ក្នុង​ភូម ​អរិយក្សត្រ​ និង​ផល​ប៉ះពាល់​ សុខភាព​, បរិស្ថាន | Life of Vietnamese living on water at Areaksat Village andiImpact on health, environment

ជីវិត​ វៀតណាម​ នៅ​លើ​ទឹក ​ក្នុង​ភូម ​អរិយក្សត្រ​ និង​ផល​ប៉ះពាល់​ សុខភាព​, បរិស្ថាន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ មិថុនា ២០១៥

វៀតណាម អរិយក្សត្រ ៦២០
ជនជាតិ​ វៀតណាម នៅ​លើ​ទឹក ​ក្នុង​ភូមិ​ អរិយក្សត្រ ឬ​ហៅ​ភូមិ ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥ (RFA/Sireymuny)
ពលរដ្ឋ វៀតណាម សូម​ ពន្យារ​ពេល​ ការ​តាំង ​ទីលំនៅ​ លើ​ដង​ទន្លេ​ ចតុមុខ នៅ​តំបន់ ​កំពង់​ចម្លង​ អរិយក្សត្រ ភូមិ ​អរិយក្សត្រ នៅ​ទល់​មុខ ​កោះ​ពេជ្រ រហូត ​ដល់​ដើម​ឆ្នាំ​ ២០១៦ ខាង​មុខ។  ការ​សន្យា​ សូម ពន្យារ​ពេល​ រស់​នៅ​ លើ​ដង​ទន្លេ​នេះ នៅ​បន្ទាប់​ ពី​អាជ្ញាធរ​ ស្រុក ​ល្វាឯម បាន​បណ្ដេញ ​ជនជាតិ​ វៀតណាម ទាំង​នេះ ​ចេញ​ ពី​ការ​ រស់​នៅ ​លើ​ដង​ទន្លេ ​ចតុមុខ​នេះ។


អ្នក​ជំនាញ​ ផ្នែក​សុខភាព​ ពន្យល់​ថា, ការ​បោះ​សំរាម, ការ​ចិញ្ចឹម​ត្រី, និង​ការ​បន្ទោបង់​ ចូល​ក្នុង​ទឹក គឺ ​ជា​ហេតុ ​ធ្វើ​ឲ្យ​ ទឹក​ខ្វះ​ សុវត្ថិភាព និង​ជា​ប្រភព ​នៃ​មេរោគ។  ប្រជាពលរដ្ឋ​ ខ្មែរ​ ដែល​រស់​នៅ​ អរិយក្សត្រ​ នោះ​ដែរ សាទរ​ ចំពោះ​ ចំណាត់​ការ​នេះ ដោយ​ពួកគាត់ ​លើក​ឡើង​ ថា, ការ​រស់​នៅ​ លើ​ទឹក ​របស់​ ពលរដ្ឋ​ វៀតណាម មិន​មាន​ អនាម័យ និង​ធ្លាប់​ បង្ក​បញ្ហា​ ក្នុង​រស់​នៅ ​ដល់​ពួកគាត់, ពិសេស​ គឺ​បញ្ហា​សុខភាព។

ពលរដ្ឋ​ វៀតណាម រស់​នៅ ​លើ​ទឹក​ ទន្លេ​ចតុមុខ ស្ថិត​នៅ​ ក្នុង​ឃុំ​ អរិយក្សត្រ មិន​ជំទាស់​ ទៅ​នឹង​ចំណាត់​ការ​ របស់​ អាជ្ញាធរ​ នោះ​ទេ, ប៉ុន្តែ ​ពួកគាត់​ កំពុង​ស្វែង​រក​ សុំ​ ការ​ពន្យារ​ពេល ​រស់​នៅ​​ ទី​នោះ រហូត​ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ពលរដ្ឋ ​វៀតណាម សូម ពន្យារ​ពេល ​រស់​នៅ​ លើ​ទន្លេ​ ចតុមុខ នៅ​ទល់​មុខ ​ព្រះ​បរម​ព្រះរាជវាំង ​បន្ត​នេះ ដោយសារ​ តែ​ ពួកគាត់​ ចិញ្ចឹម​ត្រី​, ចង់​ ឲ្យ​ត្រី​ ធំ​ល្មម​ ចាប់​លក់ ​ជា​មុន​សិន។

អាជ្ញាធរ​ ខេត្ត​កណ្ដាល ប្រកាស​ ដេញ​ជន​ វៀតណាម ដែល​ការ​ រស់​នៅ ​ខុស​ច្បាប់​ នៅ​កំពង់ចម្លង​ អរិយក្សត្រ ស្ថិត​ក្នុង​ភូមិ, អរិយក្សត្រ, ឃុំ​ អរិយក្សត្រ ឲ្យ​ចាក​ចេញ​ ដោយ​គ្មាន​ លក្ខខណ្ឌ កាល​ពី​ថ្ងៃ​ ទី​៤ ខែ​មិថុនា កន្លង​ទៅ, ក៏ប៉ុន្តែ​ ការ​បណ្ដេញ​ចេញ​នេះ មិន​បាន​ បញ្ជាក់​ច្បាស់​ ថា,  តើ​ បណ្ដេញ​ ទៅ​ប្រទេស ​វៀតណាម​វិញ ឬ​យ៉ាង​ណា ​នោះ​ទេ?

ជនជាតិ​ វៀតណាម ដែល​រស់​នៅ​ លើ​ទឹក​ នៅ​ម្ដុំ​ កំពង់​ចម្លង​ អរិយក្សត្រ មាន​ចំនួន ៤៣​គ្រួសារ និង​មាន​ សមាជិក ​ប្រមាណ ​ជិត ៣០០​នាក់។  ពលរដ្ឋ​ ទាំង​នេះ ​មក​តាំង​ ទីលំនៅ​ តាំង​ពី​ឆ្នាំ​ ២០០៩, ខ្លះ ​មក​នៅ​ កាល​ពី​ឆ្នាំ​២០១០ ដោយ​មាន ​សៀវភៅ​ ស្នាក់នៅ ​ដែល​ចេញ​ ដោយ​អាជ្ញាធរ​ ស្រុក​ល្វាឯម ត្រឹមត្រូវ។  រី​ឯ​ ពលរដ្ឋ​ពល​ វៀតណាម ចំនួន ១៦៤​ គ្រួសារ​ទៀត ​រស់​នៅ​ លើ​គោក នៅ​ឃុំ​ អរិយក្សត្រ។  ដូច​គ្នា អាជ្ញាធរ ​មិន​បណ្ដេញ​ចេញ​ទេ។


វៀតណាម អរិយក្សត្រ ៦២០
ទិដ្ឋភាព​នៅ​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥។ RFA/Sireymuny

ការ​មក​ អាស្រ័យ​ផល​ ជា​អ្នក​ចិញ្ចឹម​ត្រី ជា​ជាង​ឈើ, អាជីវករ, និង​កម្មករ​ សំណង់​ ជាដើម​ របស់​ ពលរដ្ឋ​ វៀតណាម នៅ​ភូមិ​ អរិយក្សត្រ ទល់​មុខ​ កោះ​ពេជ្រ​នេះ ស្ទើរ​តែ​ សង់​លំនៅឋាន ​រស់​នៅ​ ជា​លំនៅ​ អចិន្ត្រៃយ៍ ​ទៅ​ហើយ។

ទោះ​បី​ អាជ្ញាធរ​ ខេត្ត​កណ្ដាល ប្រកាស​ ដេញ​ចេញ​ ជន​ជាតិ​ វៀតណាម ឲ្យ​ចេញ​ ជា​កំហិត ​ក៏ដោយ, ប៉ុន្តែ​ ពលរដ្ឋ ​វៀតណាម មិន​តវ៉ា និង​មាន​ សកម្មភាព​ ធម្មតា​ ហាក់​ដូច ជា​មិន ​ខ្វល់ខ្វាយ ​អ្វី​ ជា​ខ្លាំង​នោះ​ទេ។

ផ្ទះ​ទឹក​មួយ ​របស់ ​ជនជាតិ ​វៀតណាម ដែល​មាន​ សមាជិក ៤ ទៅ ៥​នាក់ កំពុង​ មើល​ទូរទស្សន៍ ​យ៉ាង​សាមញ្ញ និង​ហាក់​ មិន​ខ្វល់ ខណៈ​ ដែល​សេចក្ដី​ប្រកាស​ បណ្ដេញ​ខ្លួន​ចេញ​ ស្ថិត​នៅ​ លើ​ធ្នើរ​ នៃ​ច្រក​ទ្វារ​ ចូល​ផ្ទះ​ របស់​ខ្លួន, តែ ​ម្នាក់ៗ ​បែរ​ជា​តាមដាន​ មើល​រឿង​ បរទេស​ ដោយ​ជក់​ ចិត្ត​ដិត​ អារម្មណ៍, មិន​គិត​ ពី​បញ្ហា​ប្រឈម​ នៃ​ការ​រើ​ផ្លាស់ ​ទីលំនៅ​ នោះ​ទេ។

ស្ត្រី​ វ័យ​ចំណាស់​ ម្នាក់ ដៃ​ស្ដាំ​ ទាញ​កូនកន្សែង, ដៃ​ឆ្វេង ដុស​កូន​កន្សែង ​ផ្ទប់​ នឹង​ក្ដារ​បន្ទះ ​ក្នុង​ចានដែក​ បោក​ខោ​អាវ, គាត់ ​មាន​ឈ្មោះ​ ថា ហ្វៀង ធឿង។  គាត់​ កំពុង​ បោក​ខោអាវ​ នៅ​លើ​ផ្ទះ​ទឹក។  នៅ​ពេល​ និយាយ ​ពី​ការ​ដេញ​ចេញ, គាត់​​ ប្រែ​មុខ ​ស្រពោន ហាក់​គ្មាន​ សង្ឃឹម​ ក្នុង​ចិត្ត និង​រស្មី​ជីវិត ​ត្រូវ​ រលត់​ ក្រោម​ដំណក់​ ភ្លៀង ​លើ​ផ្ទៃ​សាគរ។  ស្រី​វៀតណាម រួប​នេះ ​បែរ​ ជា​សំដែង​ ពី​ទុក្ខ​ព្រួយ​ នៅ​ពេល​ផ្លាស់​ ទីលំនៅ ​នឹង​ត្រូវ​ មក​ដល់ ​នៅ​ពេល​ ខាង​មុខ៖ «ខ្ញុំ​ រស់​នៅ​ ទី​នេះ​ ជាង១០​ឆ្នាំ ​ហើយ។  មក​ពី​ប្រទេស​ វៀតណាម ២០​ឆ្នាំ​ជាង»

មេ​ភូមិ​ អរិយក្សត្រ ឬ​ភូម​វៀតណាម ដែល​ជា​ជនជាតិ​វៀតណាម ដែរ​នោះ លោក ស្រឿង តឺយ លើក​ឡើង​ថា ប្រជាជន​វៀតណាម ៤៣​គ្រួសារ​ដែល​រស់​នៅ​លើ​ផ្ទះ​ទឹក សុទ្ធ​តែ​មាន​សៀវភៅ​ស្នាក់​នៅ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម។ លោក​លើក​ឡើង​ដោយ​ផ្នែក​តាម​អតីតកាល​ថា កាល​ពី​មុន​បង​ប្អូន​វៀតណាម មក​តាំង​ទីលំនៅ​ដំបូង​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រស់​នៅ ស្រាប់​តែ​ពេល​នេះ​មក​ដេញ​ដោយ​ប្រញាប់ប្រញាល់​ជា​ទីបំផុត​ទៅ​វិញ។

លោក​មិន​គាំទ្រ​ចំពោះ​ចំណាត់​ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាធរ​ខ្មែរ​នេះ​ទេ៖ «អូ! ឥឡូវ​រក​ទិសដៅ​មិន​ឃើញ​ទេ ខាង​ស្រុក​នេះ​គេ​រក​កន្លែង​ខាង​ក្រោម​នេះ ត្រឹម​ព្រែក​អង់កឹម។ គេ​ប្រុង​ឲ្យ​នៅ​ហ្នឹង តែ​ប្រជាជន​ស្ទង់​ទឹក​មើល​បែរ​ចត់​អត់​បាន ទឹក​រាក់ ...មិន​ដឹង​ទៅ​ណា​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភារុណ មាន​ប្រសាសន៍​ថា ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ទាំង​នោះ អាជ្ញាធរ​ប្រកាស​បណ្ដេញ​ចេញ ព្រោះ​ពួកគាត់​មិន​មាន​ឯកសារ​ស្រប​ច្បាប់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​​តាម​ច្បាប់​អន្តោប្រវេសន្ត។

លោក ម៉ៅ ភារុណ៖ «បើ​រក​ឃើញ​ថា គាត់​មាន​ឯកសារ​ស្រប​ច្បាប់ យើង​នឹង​ចាត់​វិធានការ ប៉ុន្តែ​ចាំ​បាច់​មិន​ឲ្យ​នៅ​ក្នុង​ទឹក​តាម​មាត់​ទន្លេ​ដែល​មិន​មាន​ការ​ ទទួល​ខុស​ត្រូវ​ពី​អាជ្ញាធរ​ត្រឹមត្រូវ​នោះ​ទេ។ វា​ធ្វើ​ឲ្យ​មាន​បញ្ហា ទី​១ សន្តិសុខ​សង្គម និង​ទី​២ បរិស្ថាន។ ដូច​គាត់​ចិញ្ចឹម​ត្រី គាត់​បន្ទោបង់​ក្នុង​ទឹកជា​ដើម»

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្បែរ​ភូមិ​វៀតណាម ឬ​ភូមិ​អរិយក្សត្រ សាទរ​ចំពោះ​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​បណ្ដេញ​ចេញ​ជនជាតិ​វៀតណាម។ ពលរដ្ឋ​បន្ត​ថា បើ​ដេញ​ចេញ​អាជ្ញាធរ​ត្រូវ​បញ្ជូន​ជនជាតិ​វៀតណាម ទាំង​នោះ ទៅ​ប្រទេស​វៀតណាម វិញ មិន​មែន​គ្រាន់​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ចាក់​ចេញ​ពី​អរិយក្សត្រ ហើយ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ផ្សេង​នោះ​ឡើយ៖ «វា​ចាប់​ខ្មែរ​យើង វា​ចាប់​យក​ទៅ​ពន្លិច​ទឹក​កណ្ដាល​ទន្លេ។ ខ្ញុំ​ចង់​ឲ្យ​តែ​ដេញ​ចេញ​ទៅ»

នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា បើ​សិន​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​នៅ​កំពង់​ចម្លង​អរិយក្សត្រ មិន​មាន​ឯកសារ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​នោះ​ទេ។ អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន្ត​ដោយ​បញ្ជូន​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម វិញ។

លោក​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ចាត់​វិធានការ​ស៊ើប​ អង្កេត​ភ្លាមៗ​ចំពោះ​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​បាន​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់​តាម​រយៈ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ឲ្យ​ ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ទាំង​អស់​នោះ។

ជំពូក​ទី​២ ស្ដីពី​ជនបរទេស​មិន​មែន​អន្តោប្រវេសន្ត​មាត្រា​៨ វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​អន្តោប្រវេសន៍ ចែង​ថា ជនបរទេស​មិន​មែន​អន្តោប្រវេសន៍​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន ត្រូវ​មាន​ការ​អនុញ្ញាត​ចូល​ជា​មុន​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​តាម​រយៈ​អាជ្ញាធរ​បទេស​ណា​មួយ​ដែល​តំណាង​ឲ្យ​ផលប្រយោជន៍​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស។

​ក្រៅ​ពី​ការ​រស់​នៅ​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​វៀតណាម មួយ​ចំនួន​នៅ​កម្ពុជា នេះ ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ប្រើប្រាស់​ទឹក ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទឹក​មិន​ស្អាត។ ទឹក​មិន​ស្អាត ព្រោះ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​មាន​បែ​ចិញ្ចឹម​ត្រី​ក្នុង​ទឹក ចោល​សំរាម​ក្នុង​ទន្លេ និង​បន្ទោបង់​ក្នុង​ទឹក​ជា​ដើម៖ «ទេ! អាណិត​មិន​អាណិត​ឲ្យ​វា​ទៅៗ វា​ពិបាក​គ្រប់​សព្វ​ហើយ។ ពិបាក​ទាំង​ងូត​ទឹក ផឹង​ទឹក។ សព្វថ្ងៃ​ដូច​ទឹក​អាចម៍​យួន​ហើយ»

លោក​វេជ្ជបណ្ឌិត លាន សុភ័ក្រ ឯកទេស​ថ្លើម ក្រពះ ពោះវៀន និង​ឫសដូងបាត បញ្ចប់​ការ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា ទឹក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​មនុស្ស​ឲ្យ​មាន​ភាព​ ល្អ​ប្រសើរ។ ប៉ុន្តែ​ទឹក​ក៏​ជា​ប្រភព​នៃ​មេរោគ​ដែរ បើ​សិន​ទឹក​នោះ​មិន​ស្អាត និង​គ្មាន​សុវត្ថិភាព។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ការ​ពលរដ្ឋ​បោះ​សំរាម ចិញ្ចឹម​ត្រី និង​បន្ទោបង់​ចូល​ទៅ​ក្នុង​ទឹក វា​គឺ​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ។

លោក​វេជ្ជបណ្ឌិត លាន សុភ័ក្រ៖ «ទឹក​មាន​មេរោគ មេរោគ​វា​ចូល​ទៅ​ក្នុង​ខ្លួន​យើង​ចូល​ទៅ​ក្នុង​ឈាម​យើង ហើយ​ចូល​ទៅ​ផ្លូវ​រំលាយ​អាហារ​យើង វា​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស​ទី​១ ទី​២ ធម្មតា​លាមក​មនុស្ស​យើង និង​សំរាម វា​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ និង​ប៉ារ៉ាស៊ីត និង​សត្វ​ល្អិត។ ហើយ​សត្វ​ល្អិត​ហ្នឹង​វា​បង្ក​បញ្ហា​ច្រើន​ដល់​សុខភាព។ យើង​មាន​មេរោគ​ក្រពះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមាណ ៦០ ទៅ ៧០% ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា ហើយ​មេរោគ​ក្រពះ​វា​ឆ្លង​តាម​រយៈ​មិន​ស្អាត​ហ្នឹង​ឯង»

ចំពោះ​ទិន្នន័យ​ជនអន្តោប្រវេសន៍​វៀតណាម គណបក្ស​ប្រឆាំង​អះអាង​ថា មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​រដ្ឋាភិបាល​វិញ​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា​មាន​ចំនួន​តែ​ជាង​មួយ​សែន​ប៉ុណ្ណោះ។

អាជ្ញាធរ​នឹង​ចុះ​រើ​លំនៅឋាន​បែចិញ្ចឹម​ត្រី បើ​ពលរដ្ឋ​វៀតណាម​ទាំង ៤៣​គ្រួសារ​មិន​ព្រម​ចាក​ចេញ​ទេ​នោះ។ តាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ស្រុក​ល្វាឯម ពលរដ្ឋ​វៀតណាម ត្រូវ​តែ​ចាក​ចេញ​ពី​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២២ មិថុនា ជា​កំហិត និង​ដោយ​គ្មាន​លក្ខខណ្ឌ។ បើសិនជា​ជនជាតិ​វៀតណាម ទាំង​នេះ មិន​ព្រម​ចាកចេញ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​ក្ដី នឹង​ចុះ​រើ​លំនៅឋាន បែ​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​វៀតណាម​ទាំង ៤៣​គ្រួសារ​នេះ តែ​ជនជាតិ​វៀតណាម ទាំង​នេះ​សុំ​ពន្យារ​ពេល​រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ។ បញ្ហា​នេះ គេ​នៅ​ចាំ​មើល​ទៀត​ថា តើ​អាជ្ញាធរ​នឹង​ពន្យារ​ពេល​ជូន​ជនជាតិ​វៀតណាម តាម​សំណើ ឬ​គេ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​បណ្ដេញ​ចេញ​នៅ​ខែ​មិថុនា​នេះ ឬ​យ៉ាង​ណា?






No comments:

Post a Comment