បក្សប្រឆាំង គាំទ្រ ឲ្យផ្អាក ការពិភាក្សា និងអនុម័ត ច្បាប់ ស្ដីពី អង្គការ-សមាគម
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិថុនា ២០១៥
មេបក្សប្រឆាំង លោក សម រង្ស៊ី គាំទ្រ ការស្នើ របស់ តំណាង អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ ឲ្យផ្អាក ការពិភាក្សា និងអនុម័ត លើសេចក្ដី ព្រាងច្បាប់ គ្រប់គ្រង អង្គការ-សមាគម។
ការប្រកាសគាំទ្ររបស់មេបក្សប្រឆាំងឲ្យផ្អាកការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់នេះ គឺធ្វើឡើងក្រោយជំនួបជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០ស្ថាប័ន នារដ្ឋសភា នៅរសៀលថ្ងៃទី២២ មិថុនា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថាគណបក្សសង្រ្គោះជាតិនឹងស្នើដល់សភាផ្អាកការពិភាក្សា និងពន្យារអនុម័តច្បាប់នេះ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលយល់ឃើញដូចគ្នាថាច្បាប់នេះ នៅមិនទាន់ចាំបាច់សម្រាប់បរិបទនៃប្រទេសកម្ពុជានៅឡើយទេ៖ «យើង មានគោលបំណងដូចគ្នា ហើយយើងបានបញ្ជាក់ជំហរជាមួយគ្នាថា បើមិនមានការកែប្រែសេចក្ដីព្រាងច្បាប់អង្គការសមាគមនោះទេ គឺយើងមិនគាំទ្រទេ ហើយយើងស្នើសុំឲ្យផ្អាកការយកមកពិភាក្សា ឬអនុម័តសិន។»
លោក យឹម សុវណ្ណ បញ្ជាក់ថា បើទោះជាច្បាប់នេះនៅតែបន្តពិភាក្សា ឬអនុម័តនៅរដ្ឋសភាដោយ ៥០ បូក១ នៃសំឡេង អង្គសភា ទាំងមូលក្ដី ក៏បក្សប្រឆាំង នឹងតស៊ូមតិ ឲ្យពិភាក្សា ឲ្យបាន ពេញលេញ ពីភាគី ពាក់ព័ន្ធ ទាំងអស់ ឬនឹងកែប្រែ ពេលបក្សប្រឆាំង កាន់អំណាច បើសិនជា សេចក្ដី ព្រាងច្បាប់នេះ តំណាងរាស្ត្រ គណបក្ស ប្រជាជន កម្ពុជា នៅតែ បន្តអនុម័តនោះ៕
No comments:
Post a Comment