រដ្ឋសភា នឹងពិភាក្សា សេចក្តីព្រាងច្បាប់ ស្ដីពី អង្គការ-សមាគម នៅថ្ងៃ ទី២៣ មិថុនា
2015-06-17
គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា គ្រោង នឹងបើក កិច្ចប្រជុំ ពិភាក្សា សេចក្ដីព្រាងច្បាប់ ស្ដីពី អង្គការ-សមាគម នៅថ្ងៃច័ន្ទ ទី២៣ មិថុនា ដើមសប្ដាហ៍ ក្រោយ។ នៅមុនពេល គណៈកម្មាធិការ អចិន្ត្រៃយ៍ សភា ប្រជុំនេះ, ក្រុមអង្គការ មិនមែន រដ្ឋាភិបាល បានដាក់សំណើ ទៅអនុប្រធាន រដ្ឋសភា ឲ្យពិចារណា ឲ្យបាន គ្រប់ជ្រុងជ្រោយ ចំពោះ សេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាសនេះ និងថា, ប្រសិនបើ ចាំបាច់ ត្រូវ មានច្បាប់នេះ គួរតែ មានកិច្ចពិគ្រោះ យោបល់ ឲ្យបាន ពេញលេញ ជាមុនសិន។
អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យ រដ្ឋសភា បញ្ជាក់ថា, កិច្ចពិភាក្សា របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍ នឹងត្រូវ ធ្វើឡើង នៅមុន ពេលបញ្ជូន សេចក្ដីព្រាងច្បាប់ ស្ដីពី អង្គការ-សមាគម ទៅឲ្យ គណៈកម្មការ ជំនាញ ពាក់ព័ន្ធ។
អ្នកនាំពាក្យ រដ្ឋសភា លោក ឈាង វុន មានប្រសាសន៍នៅរសៀលថ្ងៃទី១៧ ខែមិថុនា ថា បន្ទាប់ពីកិច្ចប្រជុំនោះ គណៈកម្មការជំនាញពាក់ព័ន្ធ នឹងចាប់ផ្ដើមស្រាវជ្រាវច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធជាមុនសិន។ លោកថា ក្នុងដំណាក់កាលនោះហើយដែលគណៈកម្មការជំនាញត្រូវសម្រេចថា តើគួរចេញច្បាប់នេះ ឬទម្លាក់ចោល មុនពេលបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។ លោក ឈាង វុន ពុំបានឆ្លើយថាយ៉ាងណាឡើយ នៅពេលដែលចោទសួរថា តើច្បាប់អង្គការនេះជាការប្រញាប់ឬទេ? ប៉ុន្តែលោកបញ្ជាក់ថា កម្ពុជា គួរតែមានច្បាប់នេះនៅពេលដែលបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក មានច្បាប់នេះដែរ៖ «គណៈកម្មការ ត្រូវ ពិភាក្សា ផ្ទៃក្នុង នឹង គណៈកម្មការ ពាក់ព័ន្ធ ផ្សេងទៀត។ ជាទម្លាប់ គឺ នីតិវិធី មានតែ មួយទេ៖ ច្បាប់នេះ ត្រូវ យកទៅ ពិគ្រោះ យោបល់; ក្នុងនោះ អង្គការ សង្គមស៊ីវិល មួយចំនួនធំ ត្រូវ អញ្ជើញមក; មន្ត្រីរាជការ ដែលពាក់ព័ន្ធ, អង្គទូត ផ្សេងៗ ដែលយកចិត្ត ទុកដាក់ ក្នុងហ្នឹង។»
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការសមាគមនេះ ក្រុមអង្គការសង្គមស៊ីវិលជាង ១០ស្ថាប័ន បានជួបជាមួយអនុប្រធានរដ្ឋសភា លោក កឹម សុខា។ ពួកគេស្នើឲ្យសភាទម្លាក់ចោលច្បាប់នេះ ប្រសិនបើពុំមានការពិគ្រោះយោបល់។
នាយកប្រតិបត្តិ អង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ចុងក្រោយស្ដីពីអង្គការសមាគម មានបញ្ហាជាច្រើន ដែលរដ្ឋសភាគួរតែពិចារណាឲ្យបានដិតដល់៖ «ធ្វើ ឲ្យទីធ្លាប្រជាធិបតេយ្យរួមតូច និងដើរថយក្រោយ ប៉ះពាល់ដល់សិទ្ធិសេរីភាពខាងសមាគម នយោបាយ និងប៉ះពាល់ដល់ក្រុមយុវជន និងក្រុមប្រជាពលរដ្ឋដែលធ្វើការក្នុងសហគមន៍ ដែលរៀបចំក្រៅផ្លូវការ ហើយគាត់ធ្វើសកម្មភាពជួយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច។ យើងសង្ឃឹមថា រដ្ឋសភា និងតំណាងរាស្ត្រ ពិចារណាដិតដល់ពីបញ្ហានេះមុននឹងអនុម័ត។»
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានវិភាគសេចក្ដីព្រាងច្បាប់នេះ ថាមានចំណុចព្រួយបារម្ភចំនួន៥ រួមមាន ការមិនចែងពីអង្គការសហគមន៍មូលដ្ឋាន ដែលអាចឲ្យមានការបកស្រាយប៉ះពាល់ដល់ដំណើរការពួកគេ។ សមាគម និងអង្គការ តម្រូវឲ្យចុះបញ្ជីដែលលែងជាជម្រើស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អង្គការសមាគម ដែលត្រូវគេបដិសេធមិនឲ្យចុះបញ្ជី។ ចំណែកអង្គការអន្តរជាតិ ក៏តម្រូវឲ្យចុះបញ្ជីតាមនីតិវិធីសាំញ៉ាំ។ ការបង្ហាញបញ្ញត្តិមិនច្បាស់លាស់ពីឯករាជភាពរបស់អង្គការសមាគមពី គណបក្សនយោបាយ និងការផ្ដល់អំណាចឲ្យក្រសួងមហាផ្ទៃ លុបឈ្មោះអង្គការសមាគមពីបញ្ជី ដែលជាចំណុចគួរឲ្យព្រួយបារម្ភជាងគេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើដែរថា ប្រសិនបើពុំមានកិច្ចពិគ្រោះយោបល់ឲ្យបានទូលំទូលាយទេ ច្បាប់នេះគួរតែត្រូវរដ្ឋសភាបដិសេធចោល។
ឆ្លើយតបនឹងសំណើនេះ អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោក និងអ្នកតំណាងរាស្ត្រដទៃទៀតរបស់គណបក្សលោក នៅតែប្រកាន់ជំហរថា ច្បាប់នេះពុំចាំបាច់ឡើយ៖ «បើអាចពន្យារពេលបាន គួរតែយកច្បាប់ដែលចាំបាច់មកធ្វើមុន។ បើសិនរដ្ឋាភិបាលយល់ឃើញថាចាំបាច់ ហើយបង្ហាញពីហេតុផលច្បាស់លាស់ យើងគួរតែមានការពិភាក្សាបើកឲ្យទូលំទូលាយ។»
សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការសមាគម ដែលទើបទៅដល់ដៃរដ្ឋសភានេះមាន ៩ជំពូក និង ៣៩មាត្រា បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានសម្រេចលុបចេញមាត្រាចំនួន២ ទាក់ទងនឹងថវិកាអង្គការសមាគម។ ទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រ គណបក្សកាន់អំណាចអះអាងជាច្រើនលើកច្រើនសាហើយថា ច្បាប់គ្រប់គ្រងអង្គការសមាគមដែលត្រៀមចាំការអនុម័តពីរដ្ឋសភានេះ គឺជាបទដ្ឋានច្បាប់គាំពារដល់អង្គការសមាគម គឺមិនដូចអ្វីដែលអង្គការមិនមែនរដ្ឋាភិបាលបារម្ភឡើយ៕
No comments:
Post a Comment