Paris Peace Accords 23 Oct. 1991

Thursday, June 11, 2015

លោក សម រង្ស៊ី ថា​, មិន​ខ្លាច​ស្បថ​ ជាមួយ​ លោក ហ៊ុន សែន, តែ ​ត្រូវ​ រាប់​សន្លឹក​ឆ្នោត​ ឡើង​វិញ | Sam Rainsy says not afraid to take up oath with Hun Sen, but then must re-count ballots

លោក សម រង្ស៊ី ថា​, មិន​ខ្លាច​ស្បថ​ ជាមួយ​ លោក ហ៊ុន សែន, តែ ​ត្រូវ​ រាប់​សន្លឹក​ឆ្នោត​ ឡើង​វិញ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ មិថុនា ២០១៥

ហ៊ុន សែន សម រង្ស៊ី ៦១០
លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។  RFA/Yeang Socheametta

ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប ​ចំពោះ​ ការ​ថ្លែង​ បែប​រិះគន់ ​របស់ លោក ហ៊ុន សែន ដែល​ចង់​ ឲ្យ​លោក ​ចូល​ស្បថស្បែ​ រឿង​រិះគន់ ​ពី​គណបក្ស​ ប្រឆាំង ថា​, គណបក្ស ​ប្រជាជន ​កម្ពុជា លួច​បន្លំ​ សន្លឹក​ឆ្នោត។  សារ ​នយោបាយ ​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង ​តែ​ ប៉ុន្មាន​នាទី​ ប៉ុណ្ណោះ បន្ទាប់​ ពី​លោក​ បញ្ចប់​ ការ​បំពេញ​ ទស្សនកិច្ច​ នៅ​ក្រៅ ​ប្រទេស។

ប្រធាន​ គណបក្ស​ប្រឆាំង​អះអាង​ថា ការ​ចូល​ស្បថស្បែ​វា​ពុំ​មែន​ជា​ការ​ទាស់​ខុស​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​រឿង​ដែល​ចាំបាច់​នៅ​ចំពោះ​មុខ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ចង់​បញ្ជាក់​ភាព​ត្រឹមត្រូវ​មែន គួរ​ហ៊ាន​បើក​ប្រអប់​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ហើយ​ចាំ​ចូល​ស្បថ​ពេល​ក្រោយ​ក៏​ពុំ​ទាន់​យឺត​ពេល​ដែរ។

រលក​នៃ​កម្ដៅ​នយោបាយ​ហាក់​បាន​កក្រើក​ឡើង​វិញ ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី ខណៈ​ដែល​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​បន្ត​ ផ្លែផ្កា និង​បោះ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

ដោយ​មិន​បង្អង់​យូរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ភ្លាមៗ​នៅ​អាកាសយានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ថា ការ​ចូល​ស្បថ គឺ​គង់​តែ​នឹង​ចូល​ទេ ប៉ុន្តែ​ថា​ពាក្យ​ស្បថស្បែ​នេះ គឺ​គ្រាន់​តែ​ជា​រឿង​ដែល​ធ្វើ​ដើម្បី​គម្រប់​កិច្ច​ក្នុង​ជំនឿ​អ្វី​មួយ​ ប៉ុណ្ណោះ។ លោក​បន្ត​ថា រឿង​ដែល​ចាំបាច់​នៅ​ចំពោះ​មុខ​នោះ គឺ​បើ​ចង់​បង្ហាញ​ពី​តម្លាភាព​ពិត​មែន គណបក្ស​ប្រជាជន​កម្ពុជា គួរ​ហ៊ាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ទើប​ជា​រឿង​ត្រឹមត្រូវ​ជាង។ លោក​បន្ត​ថា «ការ​បោះ​ឆ្នោត​កន្លង​ទៅ​មាន​ ភាព​សុក្រឹត​យ៉ាង​ដូចម្ដេច គួរ​ណាស់​យើង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទៅ។ យើង​បើក​ហិប​ឆ្នោត យើង​បើក​បាវ​ដែល​មាន​ដាក់​សន្លឹក​ឆ្នោត។ យើង​រាប់​ឡើង​វិញ​តាម​បច្ចេកទេស​ច្បាស់លាស់ នឹង​យើង​ដឹង​ស​ខ្មៅ​ភ្លាម។ រឿង​ស្បថ​មិន​អី​ទេ ចង់​ស្បថ​ពេល​ណា​ក៏​បាន ប៉ុន្តែ​អ្វី​ដែល​ចាំបាច់ យើង​ត្រូវ​តែ​ធ្វើ​អ្វី​តាម​បច្ចេកទេស​ច្បាស់លាស់។»

ការ​ឆ្លើយ​តប​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង ៣​ថ្ងៃ​បន្ទាប់​ពី លោក ហ៊ុន សែន ថ្លែង​ប្រតិកម្ម​ជុំវិញ​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​តែង​លួច​បន្លំ​សន្លឹក​ឆ្នោត ជាពិសេស​ភាព​មិន​ស្អាតស្អំ​នៅ​ក្នុង​ស្ថាប័ន​កាកបាទ​ក្រហម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ដោយ​សម្ដី​ធ្ងន់ធ្ងរៗ​ថា ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់ គឺ​ពុំ​មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​បបួល​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ទៅ​ស្បថ​នៅ​មុខ​វត្ថុ​សក្ដិសិទ្ធិ ឲ្យ​សមាជិក​លោក​ស្លាប់​ទាំងអស់​គ្នា។ បន្ថែម​ពី​លើ​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​បាន​លួច​សន្លឹក​ឆ្នោត​ដូច​ការ​ចោទ​ប្រកាន់ ក្នុង​ព្រឹត្តិការណ៍​កាល​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​រឿង​ចោទ​កាកបាទ​ក្រហម ដែល​គ្រប់គ្រង​ដោយ​ភរិយា​របស់​លោក​ផ្ទាល់ ថា​ចែក​ជំនួយ​រើសអើង​ពលរដ្ឋ​រងគ្រោះ​មែន​នោះ គឺ​សូម​ឲ្យ​សមាជិក​នៃ​គណបក្ស​កាន់​អំណាច​ទាំងអស់ ស្លាប់​ដោយ​ទេវតា​បរា​មុខ​ទៅ​ចុះ។ លោក​បន្ត​ថា «តើ​គណបក្ស​នានា​ហ៊ាន​ ស្បថ​ទេ​ជាមួយ​គណបក្ស​ប្រជាជន មុខ​ព្រះអង្គ​ដងកើ បើ​គណបក្ស​ប្រជាជន លួច​សន្លឹក​ឆ្នោត ឲ្យ​បក្ស​ប្រជាជន ងាប់​ទាំងអស់​ត្រូវ​គ្រាប់​រន្ទះ​បាញ់​ស្អី​ទាំងអស់ ប៉ុន្តែ​បើ​អ្នក​ណា​ភូត​ចោទ​គេ​ខុស ក៏​ត្រូវ​ដូច​គ្នា​អ៊ីចឹង​ដែរ។»

បើ​ទោះ​ជា​បែប​ណា គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពី លោក ហ៊ុន សែន សន្យា​ស្បថស្បែ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ុណ្ណោះ លោក ជា ស៊ីម ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ស្លាប់​ភ្លាមៗ​ដែរ។ យ៉ាង​ណា មរណភាព​របស់​ព្រឹទ្ធបុរស​របស់​គណបក្ស​ចាស់​វស្សា​មួយ​នេះ គឺ​ហាក់​គាប់​ជួន​នឹង​ការ​សន្យា​ស្បថស្បែ​របស់ លោក ហ៊ុន សែន អំពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រឿង​លួច​សន្លឹក​ឆ្នោត​នេះ។

សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន បន្ទាប់​ចុះ​ពី​លើ​យន្តហោះ​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ ២០១៥។ RFA/Morm Moniroth

ជុំវិញ​ភាព​ផ្ទុយ​គ្នា​រឿង​សន្លឹក​ឆ្នោត​នេះ លោក សម រង្ស៊ី នៅ​តែ​អះអាង​ថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​វប្បធម៌​សន្ទនា ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​សន្យា​ហើយ​នោះ​ទេ។

ទាក់ទិន​រឿង​នេះ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត ចាត់​ទុក​ថា អ្នក​នយោបាយ​កាល​ណា​ប្រើប្រាស់​វិធីសាស្ត្រ​រហូត​ដល់​ស្បថស្បែ​បែប​នេះ គឺ​បាន​ន័យ​ថា អ្នក​នយោបាយ​នោះ​កំពុង​ដើរ​លើ​មាគ៌ា​ភូត​កុហក និង​ទាល់ច្រក។ ជាង​នេះ​ទៀត វប្បធម៌​សន្ទនា​ដែល​អ្នក​នយោបាយ​ទាំង​ពីរ​ប្រើប្រាស់​នេះ ជា​រឿង​មួយ​សម្រាប់​ដោះ​ទាល់​ភាព​ជាប់​គាំង​នៃ​នយោបាយ​ប៉ុណ្ណោះ។ លោក អ៊ូ វីរៈ មើល​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​ធ្លាប់​ជា​ដៃគូ​ដណ្ដើម​កៅអី​តែ​រៀងៗ​ខ្លួន ហេតុ​នេះ​នឹង​មិន​អាច​ដើរ​លើ​ផ្លូវ​តែ​មួយ​បាន​ទេ។ លោក​បន្ត​ថា «រឿង​ ស្បថ​នេះ​ជា​រឿង​អរូបិយ​មួយ​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ ជា​អ្នក​ទាល់ច្រក ហើយ​ចំពោះ​អ្នក​នយោបាយ គឺ​មិន​មែន​ត្រឹម​តែ​ទាល់ច្រក​ទេ ថែម​ទាំង​បោកប្រាស់​ទៀត។»

បើ​ទោះ​ជា​បែប​ណា គេ​នៅ​ចាំ​មើល​សិន​ថា តើ លោក ហ៊ុន សែន ពិត​ជា​ហ៊ាន​បបួល លោក សម រង្ស៊ី ចូល​ស្បថ​ដូច​ការ​អះអាង​របស់​លោក​មែន ឬ​យ៉ាង​ណា? ដោយ​ឡែក លោក សម រង្ស៊ី វិញ តើ​អាច​ហ៊ាន​ចូល​ស្បថ​ជាមួយ លោក ហ៊ុន សែន អំពី​រឿង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា លួច​សន្លឹក​ឆ្នោត​ដែរ​ទេ?៕




No comments:

Post a Comment