លោក សម រង្ស៊ី ថា, នឹងស្នើ ឲ្យលុប កម្មសិទ្ធិ ដីឆ្នេរ ឬកោះ ពីមន្ត្រី មានអំណាច បើសិន ឈ្នះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៦ មិថុនា ២០១៥
មេដឹកនាំ គណបក្សប្រឆាំង មានគម្រោង ស្នើ ឲ្យលុបចោល ឬមោឃភាព ប្លង់កម្មសិទ្ធិ គ្រប់គ្រង លើដី ឆ្នេរសមុទ្រ, ព្រែក, ឬដីកោះ មួយចំនួន ដែលក្រុមឈ្មួញ មានទ្រព្យធន កាន់កាប់ ដោយខុសច្បាប់។ សារព្រមាននេះ កើតមាន ក្រោយពេល ឆ្នេរសមុទ្រ ភាគច្រើន នាខេត្ត ព្រះសីហនុ ពេលបច្ចុប្បន្ន ត្រូវ ឈ្មួញ និងអ្នកមានអំណាច ឃុបឃិត ធ្វើប្លង់កម្មសិទ្ធិ និងហ៊ុមព័ទ្ធ របងថ្ម មិនឲ្យពលរដ្ឋ ឬភ្ញៀវទេសចរ ដើរឆ្លងកាត់ បានទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់ពិភពលោក ជាពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ថានៅពេលគណបក្សនេះជាប់ឆ្នោតដឹកនាំប្រទេស នឹងមិនអនុញ្ញាតឲ្យមានសកម្មភាពរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ធ្វើជាកម្មសិទ្ធិ ដូចរាជរដ្ឋាភិបាលសព្វថ្ងៃនេះទៀតទេ។
មេដឹកនាំបក្សប្រឆាំងរូបនេះ បានប្រាប់ទៅប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសពលរដ្ឋខេត្តព្រះសីហនុ ថា ត្រូវមានក្តីសង្ឃឹម ហើយចូលរួមតស៊ូជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារយកទ្រព្យសម្បត្តិរដ្ឋដែលរងការរំលោភបំពាន មានដូចជា ដីឆ្នេរសមុទ្រ ដីកោះ បឹង ស្ទឹង និងព្រែក ជាដើម ដែលត្រូវឈ្មួញ ឬមន្ត្រីមានអំណាចកំពុងបម្រើការងារក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ឃុបឃិតរំលោភយកធ្វើកម្មសិទ្ធិ៖ «យើងនឹងទាមទារមកវិញនូវដីឆ្នេរ សមុទ្រ ឬបឹងព្រែកទប់ និងទីកន្លែងផ្សេងៗទៀតដែលជាសម្បត្តិសាធារណៈទាំងឡាយ ដែលជនខិលខូចជនពុករលួយ បានយកទៅលក់ដោយខុសច្បាប់។ យើងនឹងទាមទារមកវិញ។ ទ្រព្យសម្បត្តិជាតិ គឺត្រូវប្រគល់ជូនប្រទេសជាតិ ហើយទ្រព្យសម្បត្តិប្រជារាស្ត្រ នឹងត្រូវប្រគល់ឲ្យប្រជារាស្ត្រវិញឲ្យទាល់តែបាន។»
បន្ថែមលើនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា ក៏នឹងលើកយកសកម្មភាពឃុបឃិតរំលោភយកដីតាមមាត់សមុទ្រ ដីកោះ ភ្នំ បឹង និងព្រែក ជាដើម នាខេត្តព្រះសីហនុ ទៅជជែកជាមួយដៃគូសន្ទនារបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលឆាប់ៗនេះ ដើម្បីឈានដល់មានវិធានការទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ទ្រព្យ សម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិ នាខេត្តទេសចរណ៍មួយនេះឲ្យបានគង់វង្ស។
សារព្រមានរបស់ លោក សម រង្ស៊ី ពេលនេះ ស្របពេលលោកធ្វើដំណើរចុះទៅតំបន់ឆ្នេរមួយចំនួននាខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍មុននេះ ហើយបានឃើញឆ្នេរសុខា ឬឆ្នេរកន្ទុយនាគ និងឆ្នេរផ្សេងៗទៀត ត្រូវគេយកស័ង្កសី ឬរបងថ្មហ៊ុមព័ទ្ធជិត មិនឲ្យមនុស្ស ឬភ្ញៀវទេសចរអាចដើរឆ្លងកាត់ ឬចូលទៅងូតទឹកកម្សាន្តតាមឆ្នេរទាំងនោះបានដូចមុនទៀតទេ។
សកម្មភាពយករបងដែកហ៊ុមព័ទ្ធដីតំបន់ឆ្នេរសុខា ឬឆ្នេរកន្ទុយនាគប៉ុន្មានថ្ងៃមកនេះ មន្ត្រីសង្គមស៊ីវិលមួយចំនួន នាខេត្តព្រះសីហនុ ក៏បានបង្ហាញក្តីព្រួយបារម្ភខ្លាចបាត់បង់ឆ្នេរសមុទ្រមួយនេះទៅលើ ដៃឈ្មួញ និងមន្ត្រីមានអំណាច ដូចឆ្នេរអារីស្តុន និងឆ្នេរដទៃទៀត ហើយស្នើឲ្យ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ពិនិត្យតាមដាន និងមានវិធានការទប់ស្កាត់ជាមុន។
ត្រង់ចំណុចនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែលកំពុងអង្កេតតាមដានរឿងនេះ បានស្នើដល់ លោក ឈិត សុខុន ដែលបានជាប់ពាក់ព័ន្ធការអនុញ្ញាតឲ្យមានសកម្មភាពហ៊ុមព័ទ្ធរបងនៅ ឆ្នេរសុខា ឬឆ្នេរកន្ទុយនាគ ដើម្បីស្ថាបនាឆ្នេរ ឬអភិវឌ្ឍលើគម្រោងផ្សេងៗ គួរតាមដានឲ្យបានដិតដល់ចំពោះសកម្មភាពរំលោភដីឆ្នេរខេត្តព្រះសីហនុ ដែលកំពុងកើតមានជាបន្តបន្ទាប់ និងគ្មានការទប់ស្កាត់។
លោក ប៊ួន ណារិទ្ធ ថ្លែងថា កន្លងមកដីនៅតំបន់កន្ទុយនាគ គឺមានសែស្រឡាយមន្ត្រីមានតួនាទីដឹកនាំក្រុង និងខេត្តព្រះសីហនុ បច្ចុប្បន្ន ធ្លាប់បានដាក់ពាក្យស្នើសុំធ្វើប្លង់កម្មសិទ្ធិដីតំបន់ឆ្នេរសុខា ជាបន្តបន្ទាប់ ហើយពួកគេបន្តមានមហិច្ឆតាចង់បានដីតំបន់ឆ្នេរនេះរហូតមកដល់ សព្វថ្ងៃ៖ «ពាក់ព័ន្ធការធ្វើសួនច្បារនៅកន្ទុយនាគនេះ ខ្ញុំគិតថា មិនចាំបាច់ធ្វើរបងព័ទ្ធជុំវិញនោះទេ គឺអាចស្ថាបនាសួនច្បារនេះដោយចំហ។ ការធ្វើសួននេះ គឺនៅចំទីតាំងដីដែលកូនអ្នកមានអំណាចពីរនាក់ ធ្លាប់សុំច្បាប់កម្មសិទ្ធិ។ ដូច្នេះខ្ញុំគិតថា ដីឆ្នេរមួយនេះអាចនឹងត្រូវបាត់បង់បន្តទៀត។ សំណូមពរដល់ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ជួយពិនិត្យមើលឲ្យបានច្បាស់លាស់ដីតំបន់ឆ្នេរកន្ទុយនាគនេះ ព្រោះបើព័ទ្ធរបងហើយ គឺមិនងាយរុះរើវិញនោះទេ ដូចនៅឆ្នេរអារីស្តុន ជាឧទាហរណ៍ជាដើម។»
ចំណែកប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ក៏ថ្លែងរិះគន់រាល់ការឃុបឃិត ឬបង្កើតឲ្យមានការរំលោភទ្រព្យសម្បត្តិរដ្ឋ មានដីឆ្នេរ ជាដើម បានបន្តកើតមាននាខេត្តទេសចរណ៍មួយនេះដោយគ្មានអាជ្ញាធរទប់ស្កាត់។ លោកថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ដីភ្នំ បឹង ស្ទឹង ព្រែក កោះ ឬដីឆ្នេរសមុទ្រ ជាដើម គឺជាទ្រព្យសម្បត្តិរដ្ឋ ដែលមិនត្រូវឲ្យមានសកម្មភាពរំលោភបំពានធ្វើកម្មសិទ្ធិ និងត្រូវរួមគ្នាថែរក្សាឲ្យគង់វង្ស។ លោកស្នើឲ្យលោកអភិបាលខេត្តព្រះសីហនុ គួរពិនិត្យតាមដានចំពោះលិខិតអនុញ្ញាតរបស់លោកទៅឲ្យក្រុមហ៊ុន ឬឯកជន ឲ្យមានការស្ថាបនា ឬអភិវឌ្ឍអ្វីមួយ ត្រូវតាមដានឲ្យបានដិតដល់ជាមុន មុននឹងផ្តល់ច្បាប់អនុញ្ញាត៖ «កន្លង មកដីនៅឆ្នេរកន្ទុយនាគហ្នឹងមានមន្ត្រីធ្វើការនៅសាលាខេត្ត និងក្រុងព្រះសីហនុ បានស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិម្តងរួចហើយ ប៉ុន្តែត្រូវបានជំទាស់ពីអាជ្ញាធរសាលាខេត្តនេះមួយចំនួន ហើយក៏ត្រូវខកខានទៅវិញ។ ប៉ុន្តែបច្ចុប្បន្ននេះ ខាងក្រុមហ៊ុនសណ្ឋាគារសុខា ក៏បានស្នើសុំអភិវឌ្ឍ ឬជួសជុលសួនច្បារតំបន់កន្ទុយនាគនេះឡើងវិញ។ បញ្ហានេះ អាជ្ញាធរខេត្តព្រះសីហនុ គួរតែមានវិធានការឲ្យបានតឹងរ៉ឹងក្នុងការអនុញ្ញាតឲ្យឯកជន ឬក្រុមហ៊ុនសាងសង់ទីកន្លែងណាមួយ ដើម្បីជៀសវាងអនុញ្ញាតឲ្យសាងសង់សួនច្បារ ប៉ុន្តែចុងក្រោយក្លាយទៅជាសណ្ឋាគារ ឬក្លាយទៅជាដីកម្មសិទ្ធិឯកជន។ សំណួរសួរថា តើខេត្តហ៊ានទទួលខុសត្រូវទេនៅថ្ងៃក្រោយ បើសិនជាដីនៅតំបន់កន្ទុយនាគបានក្លាយទៅជាកម្មសិទ្ធិឯកជន និងក្លាយទៅជាសំណង់រឹងមាំនោះ។»
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ បានអនុញ្ញាតឲ្យលោកឧកញ៉ា ឡាវ កាង មានលំនៅឋានក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ដែលបានស្នើបើកការដ្ឋាន និងហ៊ុមព័ទ្ធការដ្ឋាន ដើម្បីរៀបចំធ្វើសួនច្បារកន្ទុយនាគ សណ្ឋាគារសុខា ប៊ិច មានទីតាំងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
សំណើនេះ លោក ឈិត សុខុន បញ្ជាក់ក្នុងលិខិតដោយយោងតាមពាក្យស្នើសុំរបស់ លោក ឡាវ កាង និងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឲ្យលោកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល រៀបចំសួនច្បារកន្ទុយនាគនាពេលកន្លងមក រូបលោកមិនជំទាស់ទេ។ តបតាមកម្មវត្ថុ និងយោងខាងលើ លោក ឈិត សុខុន បានអនុញ្ញាតឲ្យលោកឧកញ៉ា ឡាវ កាង ដែលស្នើសុំបើកការដ្ឋាន និងហ៊ុមព័ទ្ធការដ្ឋាន រៀបចំសួនច្បារកន្ទុយនាគដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ តាមឆ្នេរសមុទ្រឲ្យបានស្អាត រួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តខេត្តនេះឲ្យបានច្រើនថែមទៀតនោះ រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពជាគោលការណ៍ ដោយតម្រូវឲ្យ លោក ឡាវ កាង កំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ និងត្រូវបិទផ្សាយអំពីគម្រោងប្លង់រៀបចំកែលំអសួនច្បារកន្ទុយនាគនៅ ការដ្ឋាន ហើយត្រូវសហការឲ្យបានល្អជាមួយមន្ត្រីជំនាញពាក់ព័ន្ធខេត្តនេះ។ នៅចុងបញ្ចប់លិខិតរបស់ លោក ឈិត សុខុន លោកក៏បានស្នើដល់ លោក ឡាវ កាង ត្រូវតែអនុវត្តតាមខ្លឹមសាររបស់សាលាខេត្តព្រះសីហនុ ដែលបានអនុញ្ញាត ឬផ្តល់ជូនឲ្យមានប្រសិទ្ធភាព។
បញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានអះអាងប្រាប់វិទ្យុអាស៊ីសេរី ថា នឹងមិនឲ្យមានសកម្មភាពរំលោភកាន់កាប់ដីនៅតាមឆ្នេរ ឬមាត់សមុទ្រ បឹង ព្រែក កោះ ឬដីភ្នំ ជាដើម កើតមានខុសច្បាប់នៅក្នុងអាណត្តិដឹកនាំរបស់លោកទៀតទេ ហើយថា រាល់សេចក្តីសម្រេចផ្សេងៗដែលសាលាខេត្តបានអនុវត្តស្របតាមច្បាប់ ឬសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលបានដាក់ចេញត្រឹមត្រូវ។
ប៉ុន្តែការអះអាងរបស់ លោក ឈិត សុខុន ត្រូវមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តជាប់មាត់សមុទ្រមួយនេះ ពោលចំអកថា គ្មានប្រសិទ្ធភាពទេ ហើយសកម្មភាពរបស់ឈ្មួញជីកកកាយដីភ្នំ ដើម្បីដឹកដីចាក់រំលោភយកដីឆ្នេរសមុទ្រនៅម្តុំឆ្នេរកំពេញ ឬចាក់ដីរំលោភយកផ្ទៃរងទឹកភ្លៀងនៃមាត់បឹងព្រែកទប់ និងសកម្មភាពពុះច្រៀកដីអនុក្រឹត្យរដ្ឋហាមឃាត់លេខ៧០ និងលេខ៧៦ នៅតំបន់ក្បាលឆាយ បានបន្តកើតមានមកដល់ពេលនេះ។ ជាងនេះ អ្នកជាប់ពាក់ព័ន្ធបទល្មើសទន្ទ្រានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលមានឋានៈ ឬមានតួនាទីនៅក្នុងស្ថាប័នមួយចំនួននាខេត្តព្រះសីហនុ អាជ្ញាធរខេត្តនេះមិនបានចាប់ខ្លួនយកទៅផ្ដន្ទាទោសនោះទេ។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋក្រីក្រវិញ បើហ៊ានតែកាប់ឈើនៅតំបន់រដ្ឋហាមឃាត់ត្រឹមមួយដើម ឬពីរដើម ត្រូវអាជ្ញាធរចាប់ដាក់គុកច្រវាក់មកដល់ពេលនេះ មិនទាន់ដោះលែងទេ។ ប៉ុន្តែបើអ្នកមានអំណាចវិញ ពួកគេអាចបន្តធ្វើសកម្មភាពល្មើសច្បាប់ដោយគ្មានការទប់ស្កាត់ពី មន្ត្រីស្ថាប័នពាក់ព័ន្ធទេសព្វថ្ងៃនេះ។
ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ត្រង់ជំពូកទី៥ មាត្រា៥៨ បានចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស និងសំណង់ផ្សេងៗទៀត ត្រូវបានកំណត់ថាជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ដូច្នេះ រាល់ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់នៅក្នុងច្បាប់៕
No comments:
Post a Comment