Paris Peace Accords 23 Oct. 1991

Thursday, June 25, 2015

[Vietnamization] ខួប​ ៤៨​ឆ្នាំ​ នៃ​ទំនាក់ទំនង​ ការទូត ​រវាង ​ប្រទេស​ កម្ពុជា​ និង​វៀតណាម | 48 years of diplomatic relations btw Cambodia and Vietnam

ខួប​ ៤៨​ឆ្នាំ​ នៃ​ទំនាក់ទំនង​ ការទូត ​រវាង ​ប្រទេស​ កម្ពុជា​ និង​វៀតណាម

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ មិថុនា ២០១៥

កម្ពុជា វៀតណាម ៦២០
នាយករដ្ឋមន្ត្រី​ ប្រទេស ​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ ជាមួយ​ នាយករដ្ឋមន្ត្រី​ កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​ សម្ពោធ​ បង្គោល​ព្រំដែន​ គោក​ លេខ ៣១៤ នៅ​រវាង ​ខេត្ត​កំពត ប្រទេស​ កម្ពុជា និង​ខេត្ត ​គៀងយ៉ាង ប្រទេស ​វៀតណាម កាល​ពី​ថ្ងៃ​ ២៤ មិថុនា ឆ្នាំ​២០១២។  RFA/Uon Chhin

ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥ គឺ​ ជា​ខួប​គំរប់​ លើក​ទី៤៨​ឆ្នាំ នៃ​ទំនាក់ទំនង​ ការទូត ​រវាង ​ប្រទេស​ កម្ពុជា និង​វៀតណាម។  ក្នុង​ខួប ៤៨​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល ​វៀតណាម មិន​បាន ​រៀបចំ ​ព្រឹត្តិការណ៍​ ពិសេស​ ណា​មួយ ដើម្បី ​រំឭក​ទិវា ​នេះ​ទេ។


យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ទំនាក់ទំនង​កម្ពុជា-វៀតណាម ថា​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​វិញ​មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-វៀតណាម មិន​បាន​ឈរ​លើ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ឬ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ពិសេស​លើ​បញ្ហា​បូរណភាព​ទឹក​ដី។

បើ​ទោះ​ជា​ប្រទេស​វៀតណាម មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា តាំង​ពី ៤០០​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​ទំនាក់ទំនង​ការទូត​ផ្លូវ​ការ​រវាង​ប្រទេស​ទាំង​ពីរ ទើប​តែ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៦៧ ប៉ុណ្ណោះ ដែល​នៅ​ពេល​នោះ កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ហើយ​ចំណែក​ខាង​ភាគី​វៀតណាម វិញ គឺ​ជា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ឬ​ហៅ​ថា​វៀតណាម​ខាង​ជើង។

ចាប់​តាំង​ពី​ពួក​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង ទទួល​ជ័យជម្នះ​លើ​កងទ័ព​វៀតណាម​ខាង​ត្បូង ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ មក ទំនាក់ទំនង​នេះ​ក៏​នៅ​ចេះ​តែ​បន្ត​ជាមួយ​កម្ពុជា រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

ក្នុង​រយៈពេល ៤៨​ឆ្នាំ​នេះ ទំនាក់ទំនង​កម្ពុជា-វៀតណាម មាន​ការ​ប្រែប្រួល​ឥត​ឈប់​ឈរ ឡើង​ចុះ ពេល​ខ្លះ​ល្អ ពេល​ខ្លះ​អាក្រក់ គឺ​បត់​បែន និង​អាស្រ័យ​ទៅ​លើ​ការ​ប្រែប្រួល និង​ការ​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គេ​នៅ​ចាំ​បាន​ថា បើ​ទោះ​ជា​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ កុម្មុយនីស្ត​វៀតណាម​ខាង​ជើង នៅ​ឆ្នាំ​១៩៦៧ ក្តី ប៉ុន្តែ​វា​មិន​មែន​ជា​ទំនាក់ទំនង​ដែល​ព្រះអង្គ​ពេញ​ព្រះទ័យ​ទាំង​ស្រុង​នោះ ​ទេ ព្រោះ​តែ​វត្តមាន​នៃ​កងទ័ព​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា។ ២​ឆ្នាំ​ក្រោយ​ការ​ភ្ជាប់​ទំនាក់ទំនង​ផ្លូវ​ការ​នេះ ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រកាស​ដោយ​ផ្ទាល់​ថា ព្រះអង្គ​បង្ហាញ​នូវ​ទីតាំង​ដែល​កងទ័ព​វៀតណាម​ខាង​ជើង ឬ​ហៅ​ថា​កងទ័ព​វៀតមិញ និង​កងទ័ព​វៀតណាម​ខាង​ត្បូង ឬ​វៀតកុង នៅ​លើ​ទឹក​ដី​ខ្មែរ។ នៅ​ដើម​ឆ្នាំ​១៩៧០ ពោល​គឺ​នៅ​មុន​ពេល​ព្រះអង្គ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ ព្រះអង្គ ថែម​ទាំង​បាន​ទទូច​ឲ្យ​សហភាព​សូវៀត និង​ប្រទេស​ចិន ជំរុញ​ឲ្យ​វៀតណាម ដក​ទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ​ទៀត​ផង។ ក្នុង​ពេល​ជាមួយ​គ្នា បាតុកម្ម​ប្រឆាំង​វត្តមាន​កងទ័ព​វៀតណាម លើ​ទឹក​ដី​ខ្មែរ​បាន​ផ្ទុះ​ឡើង​យ៉ាង​ព្រោងព្រាត។
លុះ​មក​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​កម្ពុជា-វៀតណាម រឹត​តែ​ធ្លាក់​ចុះ​ខ្លាំង​ថែម​ទៀត។ មុន​ពេល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ លោក លន់ នល់ បាន​ប្រកាស​ឲ្យ​វៀតណាម ដក​កងទ័ព​របស់​ខ្លួន​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​ខ្មែរ។ ទំនាក់ទំនង​មិន​ល្អ​នេះ បាន​ឈាន​ដល់​ការ​ដក​ទូត​វៀតណាម ចេញ​ពី​ទឹក​ដី​កម្ពុជា ទៀត​ផង។ ក្រោយ​មក កងទ័ព​កម្ពុជា និង​វៀតណាម បាន​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​អស់​ជាច្រើន​លើក​ច្រើន​សា រហូត​ដល់​ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

ក្នុង​សម័យ​ខ្មែរ​ក្រហម បើ​ទោះ​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ដូចជា លោក ប៉ុល ពត ធ្លាប់​ត្រូវ​បាន​ពួក​កុម្មុយនីស្ត​វៀតណាម ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផ្ដួល​រំលំ​សម្ដេច សីហនុ និង​ក្រោយ​មក​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ មួយ​រយៈពេល​ក្តី ប៉ុន្តែ​ពួក​គេ​មិន​បាន​ចាត់​ទុក​វៀតណាម ថា​ជា​អ្នក​ជិត​ខាង​ល្អ​នោះ​ទេ។

ឡើង​កាន់​អំណាច​មិន​បាន​មួយ​ខែ​ត្រឹមត្រូវ​ផង ខ្មែរ​ក្រហម​បាន​លើក​ទ័ព​វាយ​ប្រហារ ដើម្បី​ដណ្ដើម​យក​កោះត្រល់ កោះ​ថូជូ និង​វាយ​ចូល​ខេត្ត​ពាម និង​ខេត្ត​រោងដំរី នៅ​កម្ពុជា​ក្រោម។ ២​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ឆ្នាំ​១៩៧៧ ពួក​គេ​ក៏​បាន​វាយ​ប្រហារ​ចូល​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត​នៃ​ខេត្ត​រោងដំរី ខេត្ត​កំពង់គោ ខេត្ត​ក្រមួនស ខេត្ត​ផ្សារដែក និង​ខេត្ត​មាត់ជ្រូក នៅ​កម្ពុជា​ក្រោម ព្រម​ទាំង​ខេត្ត​ដាក់ឡាក់ ជាដើម។

ក្រោយ​ពេល​ដែល​ខ្មែរ​ក្រហម​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម នៅ​ចុង​ឆ្នាំ​១៩៧៧ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​វាយ​ប្រហារ​គ្នា​នៅ​តាម​ព្រំដែន​ជា​ញឹកញយ។ បន្ទាប់​ពី​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ធ្នូ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ប្រទេស​វៀតណាម បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​កងទ័ព​ខ្មែរ​ក្រហម។ ពួក​គេ​បាន​កាន់​កាប់​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ នោះ​មក ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ដែល​បាន​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម ទំនាក់ទំនង​រវាង​មេ​ដឹក​នាំ​កម្ពុជា និង​វៀតណាម ហាក់​ពុំ​សូវ​មាន​ភាព​រកាំរកូស​ច្រើន​នោះ​ទេ លើក​លែង​តែ​ក្នុង​សម័យ​កាល​ដឹក​នាំ​របស់ លោក ប៉ែន សុវណ្ណ ដែល​ក្រោយ​មក​ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ទីក្រុង​ហាណូយ នៅ​ឆ្នាំ​១៩៨១។

តាំង​ពី​ពេល​នោះ​មក គេ​កម្រ​ឃើញ​រដ្ឋាភិបាល​កម្ពុជា មាន​បញ្ហា​ការទូត​ជាមួយ​ប្រទេស​វៀតណាម ណាស់ បើ​ទោះ​ជា​គេ​សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម បាន​ចូល​មក​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់​កាន់​តែ​ច្រើន​ឡើងៗ​ស្ទើរ​ គ្រប់​ទីកន្លែង ឬ​បាន​រំលោភ​បំពាន​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា ក្តី។
យ៉ាង​ណា​ក៏ដោយ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ជំហរ​ចាត់​វិធានការ​ការទូត​លើក​ដំបូង​ជា​សាធារណៈ​ដ៏​គួរ​ឲ្យ​ ភ្ញាក់​ផ្អើល​មួយ ដែល​បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន សម្ដែង​ការ​គាំទ្រ នោះ​គឺ​ការ​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ​នៅ​ខេត្ត​រតនគិរី ហើយ​ក្រោយ​មក​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ក្នុង​ពេល​ជាមួយ​គ្នា រដ្ឋាភិបាល​ក៏​កំពុង​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ទៅ​កាន់​វៀតណាម វិញ​ជា​ហូរហែ​ដែរ។

បន្ថែម​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​បូរណភាព​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ទាំង​នោះ​ផង​ដែរ ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ឡេ ហ្វា ទ្រុង (Le Hoai Trung) រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ក៏​បាន​ក្រើន​រំឭក​រដ្ឋាភិបាល​វៀតណាម ជា​ថ្មី​ទៀត។

យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​វៀតណាម មិន​ទាន់​បាន​ឆ្លើយ​តប​ផ្លូវ​ការ​ចំពោះ​កំណត់​ទូត​របស់​កម្ពុជា នៅ​ឡើយ​ទេ។ លោក ឡេ ហ្វា ទ្រុង ប្រាប់ លោក ហោ ណាំហុង ថា ថ្នាក់​ដឹក​នាំ​វៀតណាម កំពុង​រង់ចាំ​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួក​គេ។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ចាត់​ទុក​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-វៀតណាម ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​នោះ ថា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដដែល។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា បើ​ទោះ​ជា​បច្ចុប្បន្ន​កម្ពុជា មាន​វិវាទ​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម ខ្លះ​ក្តី ប៉ុន្តែ​លោក​ថា វា​មិន​មែន​ជា​វិបត្តិ​ដែល​បង្ក​ឲ្យ​កើត​ទៅ​ជា​អំពើ​ហិង្សា ឬ​ដែល​ប្រទេស​ទាំង​ពីរ​មិន​អាច​គ្រប់គ្រង​ស្ថានភាព ឬ​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ។ លោក​ថា ប្រទេស​ទាំង​ពីរ​នៅ​តែ​អាច​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​សង​ខាង។ លោក​បន្ត​ថា សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម ក្នុង​សម័យ​កាល​ថ្មី​នេះ គឺ​ជា​សហប្រតិបត្តិការ​ដៃគូ​ល្អ​នឹង​គ្នា៖ «ទី​១ បញ្ហា​សន្តិសុខ​ជាតិ​របស់​យើង​បាន​ល្អ វៀតណាម ក្លាយ​មក​ជា​ដៃគូ ដៃគូ​ក្នុង​កិច្ច​ធានា​សន្តិសុខ​ជាតិ​រវាង​កម្ពុជា-វៀតណាម។ ហើយ​ចំណុច​ទី​២ គឺ​ឈប់​ខ្វល់​ពី​រឿង​ឈ្លោះ​គ្នា តែ​យើង​ខ្វល់​ធ្វើ​ម៉េច​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ រក្សា​សន្តិភាព​បាន​ទាំង​សង​ខាង​នៅ​ក្នុង​កិច្ច​ធានា​សន្តិភាព។ យើង​ឃើញ​ទំនាក់ទំនង​សេដ្ឋកិច្ច ដូច្នេះ​តុល្យភាព​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​វៀតណាម បង្កើត​ឲ្យ​យើង​មាន​តុល្យភាព​ជាមួយ​ប្រទេស​ជិត​ខាង​របស់​យើង ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ធានា​បាន​នូវ​តុល្យភាព​ក្នុង​ការ​រស់នៅ​របស់​កម្ពុជា។»

លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា ក្នុង​បញ្ហា​វិវាទ​ព្រំដែន ប្រសិន​បើ​កម្ពុជា-វៀតណាម មិន​មាន​ទំនាក់ទំនង ឬ​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​នោះ​ទេ លោក​ថា​ប្រទេស​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​ការ​សម្រេច​បោះ​បង្គោល​ព្រំដែន​ ជាមួយ​គ្នា​បាន​ឡើយ។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់​ឃើញ​ថា បើ​ទោះ​ជា​កម្ពុជា មាន​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម ៤៨​ឆ្នាំ​មក​ហើយ​ក្តី តែ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ វៀតណាម មិន​បាន​គោរព​នូវ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន​នោះ​ឡើយ ហើយ​ខាង​ភាគី​វៀតណាម តែង​បាន​រំលោភ​បំពាន​មក​លើ​ប្រទេស​កម្ពុជា ជា​ញឹកញាប់។ លោក យ៉ែម បុញ្ញឫទ្ធិ កត់​សម្គាល់​ដែរ​ថា កម្ពុជា ហាក់​នៅ​ចាញ់​ប្រៀប​ប្រទេស​វៀតណាម ច្រើន និង​ពុំ​សូវ​បាន​ចំណេញ​ពី​ទំនាក់ទំនង​នេះ​ទេ ទាំង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ការ​សហការ​ដោយ​ស្មើ​មុខ​ស្មើ​មាត់ ឬ​ដោយ​ឈរ​លើ​ប្រយោជន៍​រួម​ក៏ដោយ៖ «យើង​អត់​មាន​ចំណេញ​អ្វី​ទេ ប៉ុន្តែ​ដោយសារ​សកលភាវូបនីយកម្ម ចាំបាច់​យើង​ត្រូវ​រួម​រស់​ដោយ​សុខ​សន្តិភាព​រវាង​ប្រទេស​ជិត​ខាង ក៏ប៉ុន្តែ​ប្រសិន​ណា​ករណី​ប្រទេស​យើង​មាន​លក្ខណៈ​ទន់​ខ្សោយ​ទាំង​ផ្នែក​ សង្គម នយោបាយ សេដ្ឋកិច្ច ហើយ​មហិច្ឆតា​អ្នក​ជិត​ខាង​គេ​នៅ​តែ​មាន ដូច្នេះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុង​នាម​យើង​ជា​អ្នក​ដឹក​នាំ ត្រូវ​ពង្រឹង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ឲ្យ​ប្រជាពលរដ្ឋ​បាន​រឹងមាំ។»

សម្រាប់​អ្នក​វិភាគ​នយោបាយ​កម្ពុជា វិញ​មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-វៀតណាម គឺ​ជា​ទំនាក់ទំនង​មិន​មាន​តុល្យភាព​ឡើយ ភាគី​វៀតណាម តែង​តែ​មាន​មហិច្ឆតា​លោភលន់​វាតទី​ចូល​ព្រំដែន​ទឹក​ដី​កម្ពុជា ឥត​ឈប់​ឈរ ក្រៅ​ពី​ពលរដ្ឋ​វៀតណាម ចូល​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​មក​សម្លាប់​សេដ្ឋកិច្ច​ពលរដ្ឋ​កម្ពុជា។

អ្នក​វិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ពាក្យ​ថា​មិត្តភាព​ដែល​វៀតណាម បាន​ប្រើ​ជាមួយ​ខ្មែរ គឺ​មាន​នៅ​លើ​តែ​ក្រដាស និង​បបូរ​មាត់​ប៉ុណ្ណោះ ចំណែក​ភាព​ស្មើ​គ្នា​នោះ គឺ​គ្មាន​សោះ​ឡើយ។ លោក​ថា ប្រទេស​វៀតណាម តែង​កេង​ចំណេញ និង​រំលោភ​បំពាន​លើ​ប្រទេស​កម្ពុជា មិន​ថា​ផ្នែក​នយោបាយ សេដ្ឋកិច្ច ឬ​បូរណភាព​ទឹក​ដី​នោះ​ទេ៖ «ពាក្យ​ថា មិត្តភាព មាន​ន័យ​ថា សមភាព គឺ​ភាព​ស្មើ​គ្នា ភាព​ស្មើ​មុខ​ស្មើ​មាត់​គ្នា អ៊ីចឹង​បើ​យើង​ពី​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា វិញ គឺ​ប្រទេស​វៀតណាម ខ្លួន​ឯង​ទេ​ដែល​ច្រើន​តែ​ភ្លេច​ខ្លួន ច្រើន​តែ​រំលោភ​បំពាន​លើ​ប្រទេស​កម្ពុជា កេង​ចំណេញ​លើ​ប្រទេស​កម្ពុជា ទំនាក់ទំនង​មិន​មាន​ឃើញ​ចំណេញ​អ្វី​ទាល់​តែ​សោះ​ពី​ប្រទេស​វៀតណាម។ អ៊ីចឹង​ហើយ​វៀតណាម ធ្វើ​អ្វី​សម្រាប់​ចំណេញ​ប្រទេស​គេ​នៅ​កម្ពុជា។»

ជាទូទៅ ប្រទេស​ដែល​តូច​ហើយ​ក្រ កម្រ​ទទួល​បាន​ភាព​ស្មើ​មុខ​ស្មើ​មាត់​គ្នា​ណាស់​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ។

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​គេ​គោរព​កម្ពុជា កម្ពុជា ត្រូវ​តែ​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រឹងមាំ ត្រូវ​ចេះ​ប្រើ​ច្បាប់ ឬ​គោលការណ៍​តំបន់ និង​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ​ជាមួយ​ដៃគូ ជាពិសេស​ត្រូវ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ពលរដ្ឋ​ខ្លួន និង​ត្រូវ​ពង្រឹង​ការ​ឯកភាព​ផ្ទៃ​ក្នុង​ឲ្យ​រឹងមាំ ទោះ​បី​ជា​អ្នក​នយោបាយ​ខ្មែរ​នៅ​គណបក្ស​ផ្សេង​គ្នា​ក៏ដោយ៕


No comments:

Post a Comment