រដ្ឋាភិបាល កម្ពុជា ព្រមានប្ដឹង រឿងព្រំដែន ជាមួយ វៀតណាម ទៅតុលាការ អន្តរជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មិថុនា ២០១៥
រដ្ឋាភិបាលកម្ពុជា នឹងយកសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងមានភាពចម្រូងចម្រាសនេះ ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អោយជួយដោះស្រាយ ប្រសិនបើការដោះស្រាយតាមយន្តការទ្វេភាគីរវាងកម្ពុជា និងវៀតណាម មិនបានសម្រេចលទ្ធផលទេនោះ។ គម្រោងនេះមានការគាំទ្រពីគណបក្សប្រឆាំង ដែលទាមទារអោយរដ្ឋាភិបាលពន្លឿនបណ្ដឹងនេះអោយបានឆាប់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលកម្ពុជា នឹងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលមានភាពមិនប្រក្រតីនៅពេលបច្ចុប្បន្ននេះដោយសន្តិភាព ដូចការដោះស្រាយទំនាស់ទឹកដីជាមួយប្រទេសថៃ កន្លងមក ជាឧទាហរណ៍ស្រាប់។ ទន្ទឹមនឹងនេះ លោកបន្តថា ប្រសិនបើការដោះស្រាយបញ្ហាព្រំដែនតាមរយៈបច្ចេកទេស និងនយោបាយតាមយន្តការទ្វេភាគីមិនបានលទ្ធផលទេ នោះរដ្ឋាភិបាលកម្ពុជា នឹងបន្តស្វែងរកអន្តរាគមន៍ពីតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ។
លោក ផៃ ស៊ីផាន៖ «គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម នឹងដោះស្រាយបញ្ហាបច្ចេកទេសម្ដងទៀត ហើយបើមិនដោះស្រាយបានទេ នោះថ្នាក់កំពូលនឹងដោះស្រាយបន្ត បើផុតពីថ្នាក់កំពូលដោះស្រាយមិនចេញទៀត គឺយើងនឹងប្រើយន្តការអាស៊ានសម្រាប់ដោះស្រាយ ចុងក្រោយបំផុតគឺតុលាការយុត្តិធម៌អន្តរជាតិ។»
រហូតមកដល់ពេលនេះ ការដោះស្រាយបញ្ហាព្រំដែននៅមិនទាន់ចេញផុតពីគណៈកម្មាធិការចម្រុះ ខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម នៅឡើយទេ បើទោះបីជាកម្ពុជា មានលិខិតុបករណ៍ដែលជាកំណត់ការទូត មិនទទួលស្គាល់សកម្មភាពរបស់អាជ្ញាធរវៀតណាម ចូលលុកលុយតំបន់ហាមឃាត់នៅក្នុងខេត្តរតនគិរី ក៏ដោយចុះ។
ទាក់ទិនបញ្ហានេះ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សម្ដែងការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ប៉ុន្តែយ៉ាងណាក៏ដោយ លោកទទូចអោយរដ្ឋាភិបាលពន្លឿនបណ្ដឹងនេះទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ អោយបានឆាប់បំផុតដើម្បីទប់ស្កាត់ការឈ្លានពានរបស់វៀតណាម៖ «នេះ គឺជាលើកទីមួយហើយ ដែលរដ្ឋាភិបាលនិយាយថា នឹងប្ដឹងវៀតណាម ទៅតុលាការអន្តរជាតិ ក៏ប៉ុន្តែកុំយូរពេក ព្រោះឥឡូវវៀតណាម កំពុងរំកិលព្រំដែនចូលទឹកដីខ្មែរ។»
ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ អ្នកតំណាងរាស្ត្រគ្រោងស្នើអោយរដ្ឋាភិបាលផ្អាកបោះបង្គោលព្រំដែន បណ្ដោះអាសន្ន រហូតក្រោយបោះឆ្នោតឆ្នាំ២០១៨។ ប៉ុន្តែសំណើនេះ ត្រូវបានលោក ផៃ ស៊ីផាន ឆ្លើយតបថា ភាគីរដ្ឋាភិបាលនៅតែប្រកាន់ជំហរបោះបង្គោលព្រំដែន ពុះចែកប្រទេសទាំងពីរដដែល៖ «បញ្ហាបោះបង្គោលព្រំដែន យើងត្រូវតែបញ្ចប់អោយបានរហ័ស តាមអ្វីដែលអាចធ្វើទៅបាន ហើយបើយើងទុកអោយរ៉ាំរ៉ៃទៅ យើងនៅតែជួបបញ្ហាតាមខ្សែបន្ទាត់ព្រំដែន ដែលអាចបង្កើតអោយមានអសន្តិសុខជាតិ និងបង្កើតអោយមានទុក្ខវេទនាដល់ប្រជាពលរដ្ឋ។»
បញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅតែរិះគន់ថា បើរដ្ឋាភិបាលនៅតែមានៈបោះបង្គោលព្រំដែន ដោយប្រើប្រាស់ផែនទី UTM គូរដោយវៀតណាម ដែលផ្ទុយទៅនឹងមាត្រា២ នៃរដ្ឋធម្មនុញ្ញនោះ ដូច្នេះទឹកដីកម្ពុជា នៅតែបន្តបាត់បង់ទៅលើប្រទេសវៀតណាម។
ស្របគ្នានេះ លោកបន្តថា រដ្ឋាភិបាលកម្ពុជា មិនគួរភ័យខ្លាច ឬរណបរដ្ឋាភិបាលវៀតណាម នោះទេ ព្រោះកាលវៀតណាម មានជម្លោះដណ្តើមដែនទឹកជាមួយប្រទេសចិននោះ ក៏វៀតណាម មានសព្វាវុធ និងចំនួនប្រជាជនតិចជាងប្រទេសមហាយក្សអាស៊ីមួយនោះដែរ៕
No comments:
Post a Comment