Paris Peace Accords 23 Oct. 1991

Tuesday, June 30, 2015

[Vietnamization] កម្ពុជា ​ថ្កោលទោស ​វៀតណាម ​ចំពោះ ​អំពើ​ហិង្សា ​នៅ​តំបន់ ​ព្រំដែន ​ខេត្ត​ស្វាយរៀង | Cambodia condemns Vietnam for violence at border area in Svay Rieng

កម្ពុជា ​ថ្កោលទោស ​វៀតណាម ​ចំពោះ ​អំពើ​ហិង្សា ​នៅ​តំបន់ ​ព្រំដែន ​ខេត្ត​ស្វាយរៀង

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៧ មិថុនា ២០១៥


រៀល ខេមរិន្ទ្រ ព្រំដែន ៦២០ តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់​ជង្គង់) រង​របួល​ពេល​ប៉ះ​ទង្គិច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។


ភាគី​កម្ពុជា ថ្កោលទោស ​ចំពោះ ​អំពើ​ហិង្សា​ ក្នុង​ការ​ ប៉ះ​ប្រយុទ្ធ​គ្នា​ មួយ​ប្រាវ​ រវាង​ ពលរដ្ឋ ​វៀតណាម និង​ខ្មែរ នៅ​តំបន់​ ព្រំដែន ​ខេត្ត​ ស្វាយរៀង កាល​ពី​រសៀល ​ថ្ងៃ​ទី​២៨ មិថុនា។  ទាំង​មន្ត្រី​ រដ្ឋាភិបាល និង​បក្ស​ប្រឆាំង អំពាវនាវ​ ឲ្យ​ខ្មែរ ​រួម​គ្នា ​ដើម្បី​ ប្រយោជន៍​ខ្មែរ។


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ថ្កោលទោស​វៀតណាម ដែល​ប្រើ​ហិង្សា​បង្ក​របួស​ដល់​ពលរដ្ឋ​ខ្មែរ និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ មិថុនា។

លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ប្រជុំ​សភា ថ្ងៃ​ទី​២៩ មិថុនា ដោយ​លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ ព្រះសង្ឃ និង​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ ឋិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ដែល​គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​បាត់​ ស្រែ និង​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ដែល​បាន​បោះ​គួរ​ឲ្យ​សង្ស័យ តែ​ត្រូវ​បាន​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម ហាម​ឃាត់។ លោក​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​អំពី​បញ្ហា​នេះ៖ «យើង​គិតគូរ​ប្ដឹង ​ថ្នាក់​ជាតិ ថ្នាក់​អន្តរជាតិ សុំ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អត់​ មាន​កំហុស​អី​ទាល់​តែ​សោះ គ្រាន់​តែ​ទៅ​ការពារ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា ទៅ​លើក​ទឹក​ចិត្ត​ជន​រងគ្រោះ​នៅ​តាម​ដង​ព្រំប្រទល់​ដែន ឃើញ​ថា​ប្រទេស​ជិត​ខាង​គេ​មាន​ឆន្ទៈ​វាតទី​យ៉ាង​ខ្លាំង ហើយ​ចង់​ឲ្យ​អាជ្ញាធរ​នៅ​ប្រទេស​កម្ពុជា យើង ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​រួម​កម្លាំង​គ្នា ដើម្បី​ទប់ទល់​កុំ​ឲ្យ​បរទេស​មើល​ងាយ​ខ្មែរ កុំ​ឲ្យ​បរទេស​ចេះ​ធ្វើ​បាប​ជនជាតិ​ខ្មែរ មក​លេប​ត្របាក់​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ដង​ ព្រំប្រទល់​ដែន។»

បន្ថែម​លើ​ប្រតិកម្ម​នេះ លោក​យល់​ថា រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ចេះ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ​ពេល​ចុះ​ពិនិត្យ​ព្រំដែន។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា អាជ្ញាធរ​ខេត្ត​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​ តំបន់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ថ្ងៃ​ទី​២៨ មិថុនា នោះ​ទេ។ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា ដំណើរ​មក​ពិនិត្យ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ជូន​ដំណឹង​ទៅ​ភាគី​វៀតណាម ជា​មុន ដើម្បី​បញ្ចៀស​ហេតុការណ៍​ផ្សេងៗ​កើត​ឡើង​ឡើយ។ អ្នក​នាំ​ពាក្យ​បន្ត​ថា នៅ​ពេល​ទៅ​ដល់​ព្រំដែន សមត្ថកិច្ច​កម្ពុជា បាន​ព្យាយាម​ពន្យល់ និង​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​ពលរដ្ឋ​ទាំង​នោះ ទៅ​ពិនិត្យ​ព្រំដែន​ទេ ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ជម្នះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ដោយ​ចិត្ត​ឯង។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា អាជ្ញាធរ​នៅ​តំបន់​នោះ​អះអាង​ចំពោះ​លោក​ថា ទីនោះ​ជា​ដី​របស់​ខ្មែរ​មុន​ពេល​ពួក​លោក​ចូល​ទៅ៖ «យើង​នៅ​លើ​ដី​របស់​យើង យើង​អត់​មាន​រុល​ទៅ​ទេ ហើយ​យើង​បាន​សួរ​បាន​អាជ្ញាធរ​នៅ​នេះ​ដែរ​ថា នៅ​ទីនោះ​ជា​ដី​របស់​យើង ហើយ​គាត់​ឲ្យ​ដើរ​តាម​ហ្នឹង ហើយ​យួន នៅ​ទី​ហ្នឹង​ក្នុង​ដី​យើង នាំ​គ្នា​វាយ​យើង​តែ​ម្ដង។»

ដោយឡែក​ភាគី​វៀតណាម គឺ​ប្រធាន​ការិយាល័យ​នយោបាយ​នៃ​អង្គភាព​ការពារ​ព្រំដែន​ប្រចាំ​ខេត្ត​ឡុងអាន លោក ង្វៀន វ៉ាន់គ្វាន់ (Nguyen Van Quan) ឆ្លើយ​តប​ថា តំបន់​នោះ​ជា​ទឹក​ដី​វៀតណាម៖ «បង្គោល​ព្រំដែន​ដែល​ពួក​អ្នក​ឯង​ចង់​ទៅ​ ពិនិត្យ​ស្ថិត​នៅ​ជ្រៅ​ក្នុង​ដី​ដែល​វៀតណាម គ្រប់គ្រង​នៅ​ឡើយ​ទេ ដូច្នោះ​ហើយ​ពួក​ខ្ញុំ​អាច​កំណត់​ថា ទីតាំង​នេះ​ជា​ទីតាំង​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ ហើយ​ក្នុង​ពេល​អនាគត ប្រសិន​បើ​កំណត់​ព្រំដែន​ច្បាស់លាស់​ហើយ វា​ក៏​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​របស់​វៀតណាម ដដែល។ កន្លែង​នេះ​ត្រូវ​ការ​កំណត់​ជា​ទឹក​ដី​របស់​វៀតណាម រួច​ទៅ​ហើយ ឃុំ ប៊ិញហ័រតី ស្រុក​ម៉ុកហ័រ។»

ទន្ទឹម​គ្នា​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា តំបន់​ដែល​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេ ហើយ​ក្រសួង​ការ​បរទេស ក៏​ធ្លាប់​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ជិត​តំបន់​ព្រំដែន​នោះ។ លោក​កោត​សរសើរ​ចំពោះ​ស្មារតី​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ការពារ​ព្រំដែន និង​បូរណភាព​ទឹក​ដី ប៉ុន្តែ​ការ​ប្រើ​ហិង្សា និង​អាវុធ រឹត​តែ​ធ្វើ​ឲ្យ​បញ្ហា​ស្មុគស្មាញ​មិន​អាច​ដោះស្រាយ​បាន។ លោក ខៀវ សុភ័គ បន្ត​ថា មាន​តែ​ការ​ចរចា​តាម​ច្បាប់​អន្តរជាតិ​ទេ ដែល​អាច​ដោះស្រាយ​បាន​ប្រយោជន៍​ជាតិ​រៀង​ខ្លួន៖ «ខ្ញុំ​ឆ្លៀត​ឱកាស​នេះ​ តាម​វេទិកា ឬ​ក៏​វិទ្យុ​អាស៊ីសេរី បង​ប្អូន​មិត្ត​អ្នក​ស្ដាប់ ចំពោះ​បញ្ហា​ព្រំដែន​នេះ ខ្ញុំ​សុំ​សំណូមពរ​តែ​មួយ​ទេ សុំ​ឲ្យ​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​របស់​យើង។ រាជ​រដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គសេនាបតី​តេជោ​ជា​ប្រមុខ​នេះ គឺ​យើង​បាន និង​កំពុង​ធ្វើ​កិច្ចការ​ព្រំដែន​ហ្នឹង​ជា​យូរ​លង់​ណាស់​មក​ហើយ ជាមួយ​បណ្ដា​មិត្ត​ប្រទេស​ជិត​ខាង​ហ្នឹង។ ចៀសវាង​ការ​ធ្វើ​ដោយ​ដាច់​ជា​ដុំ ម្ដង​អ្នក​នេះ​ទៅ ម្ដង​បក្ស​នេះ​ទៅ ម្ដង​ក្រុម​នេះ​ទៅ អា​ហ្នឹង​ខ្ញុំ​ជឿ​ថា​វា​អត់​ខ្លាំង។ វា​ខ្លាំង​ដែរ ប៉ុន្តែ​វា​មិន​បាន​ប្រមូល​ផ្ដុំ​ជា​កម្លាំង​ជាតិ​តែ​មួយ។ យើង​សុំ​ឲ្យ​រួម​គ្នា​ធ្វើ​បញ្ហា បាន​យើង​ខ្លាំង។ យើង​ទៅ​មួយ​រយ​ពីរ​រយ​នាក់​វា​ច្រើន​ណាស់ ប៉ុន្តែ​បើ​ជាតិ​ទាំង​មូល កាន់​តែ​ធ្ងន់​ខ្លាំង​ជាង​ហ្នឹង​ទៀត។»

នៅ​ថ្ងៃ​ទី​២៨ មិថុនា លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​យុវជន ព្រះសង្ឃ តំណាង​រាស្ត្រ និង​ពលរដ្ឋ​ប្រមាណ ២០០​អង្គ និង​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម រំកិល​ចូល​ដី​ខ្មែរ។ ចំណុច​ព្រំដែន​នេះ គឺ​នៅ​ទល់​មុខ​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An provine) ប្រទេស​វៀតណាម។ ការ​ប៉ះ​ទង្គិច​គ្នា គឺ​ពេល​ដែល​ពលរដ្ឋ និង​កងទ័ព​វៀតណាម រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ទីនោះ។ ក្រោយ​ការ​ប៉ះ​ទង្គិច មាន​ពលរដ្ឋ​ខ្មែរ​រង​របួស​ជាង ១០​នាក់ និង​វៀតណាម របួស ៥​នាក់។ វៀតណាម ហៅ​ការ​ប៉ះ​ទង្គិច​នេះ​ថា​ជា​ការ​មិន​យល់​គ្នា៕





No comments:

Post a Comment