កម្ពុជា ផ្ញើកំណត់ទូត ទៅវៀតណាម ស្ដីពី ការរំលោភ ព្រំដែន ក្នុងខេត្ត រតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ១២ មិថុនា ២០១៥
រដ្ឋាភិបាល ប្រតិកម្ម ជាផ្លូវការ ទៅ នឹងប្រទេស វៀតណាម ដែលរំលោភបំពាន មកលើព្រំដែន កម្ពុជា ក្នុងស្រុក អូរយ៉ាដាវ, ខេត្ត រតនគិរី។ ចំណែក គណបក្ស ប្រឆាំង គាំទ្រ ឲ្យរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់ ការពារ ព្រំដែន របស់ខ្លួន នៅភាគ ខាងកើត ជាប់ នឹងប្រទេស វៀតណាម ឲ្យម៉ឺងម៉ាត់ ដូចធ្វើ ជាមួយ ប្រទេសថៃ កន្លងមក។
ប្រតិកម្មនេះ ធ្វើឡើងតាមរយៈក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ទូតទៅកាន់ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី១២ មិថុនា ដើម្បីប្រឆាំងជំទាស់វៀតណាម ដែលជីកស្រះទឹកចំនួន ៥កន្លែង ចូលក្នុងដីកម្ពុជា។
ស្រះទឹកចំនួន ៥ នោះ ស្ថិតនៅក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរដែលមិនទាន់ដោះស្រាយ គ្នា ហើយចូលក្នុងទឹកដីកម្ពុជា ចន្លោះពី ៣៨០ម៉ែត្រទៅ ៥៤៥ម៉ែត្រ ចន្លោះបង្គោលព្រំដែនលេខ៣០ និងលេខ៤០ ដែលស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កំណត់ទូតដដែលបង្ហាញទៀតថា ដោយយោងតាមផែនទីបោន ឬចម្លងខ្នាត ១/១០០.០០០ ស្រះទឹកទាំងនេះត្រូវបានជីកនៅក្នុងទឹកដីកម្ពុជា យ៉ាងជ្រៅ ក្នុងនោះស្រះទឹកទី១ និងទី២ ជីកជាប់គ្នាមានចំងាយប្រមាណ ៣៨០ម៉ែត្រពីខ្សែព្រំដែន ស្រះទឹកទី៣ ចម្ងាយប្រមាណ ៣៩០ម៉ែត្រពីខ្សែព្រំដែន ស្រះទឹកទី៤ ចម្ងាយប្រមាណ ៥៤៥ម៉ែត្រពីខ្សែព្រំដែន និងស្រះទឹកទី៥ ចម្ងាយប្រមាណ ៤៧០ម៉ែត្រពីខ្សែព្រំដែន។
ដោយហេតុថាតំបន់នេះពុំទាន់បានកំណត់ខណ្ឌសីមានៅឡើយ រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោន ខ្នាត ១/១០០.០០០ និងចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួម ដែលចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចែងថា ភាគីទាំងពីរឯកភាពរក្សាស្ថានភាពបច្ចុប្បន្នដដែល មិនឲ្យមានការផ្លាស់ប្ដូរ ឬដកទីតាំងកំណត់សម្គាល់ព្រំដែន និងអប់រំទប់ស្កាត់ពលរដ្ឋទាំងសងខាង មិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងដែន និងសហការរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខព្រំដែន រហូតដល់មានដំណោះស្រាយបញ្ហាព្រំដែននេះ។ រហូតមកដល់ថ្ងៃទី១២ មិថុនា គេមិនទាន់ឃើញរដ្ឋាភិបាលវៀតណាម ឆ្លើយតបទៅនឹងកំណត់ទូតកម្ពុជា យ៉ាងណានៅឡើយទេ។
ចំណែកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន មានប្រសាសន៍គាំទ្រសកម្មភាពរដ្ឋាភិបាល និងជំរុញឲ្យរដ្ឋាភិបាលធ្វើការងារបែបនេះបន្តទៀត ឲ្យដូចធ្វើជាមួយប្រទេសថៃ ពាក់ព័ន្ធកិច្ចការរក្សាការពារបូរណភាពដែនដីកម្ពុជា កុំឲ្យមានការរំលោភបំពានពីប្រទេសជិតខាង៖ «កន្លងមកឃើញជំហរ ជាមួយថៃ ដូចជារឿងព្រះវិហារ ជាដើម គាត់ប្ដឹងទៅតុលាការអន្តរជាតិ ដូច្នេះបើកំណត់ទូតហ្នឹង ភាគីវៀតណាម គេឆ្លើយតបអវិជ្ជមាន ហើយនៅតែរំលោភយកដីហ្នឹង រដ្ឋាភិបាលគួរតែប្ដឹងទៅតុលាការអន្តរជាតិដូចដែលប្ដឹងថៃ ទៅតុលាការអន្តរជាតិដូចគ្នា។»
ស្របពេលគ្នានេះដែរ លោក អ៊ុំ សំអាន បានប្រតិកម្មតបគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលបានបដិសេធមិនផ្តល់ផែនទីផ្លូវការតាមការស្នើសុំពីក្រុមតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិ។
លោកនៅតែអះអាងថា ការដែលគណៈកម្មាធិការនេះមិនព្រមបង្ហាញផែនទីដែលរដ្ឋាភិបាលកំពុង ប្រើប្រាស់សព្វថ្ងៃនេះ គឺសបញ្ជាក់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ដោយមិនបានប្រើផែនទីដែលសម្ដេចព្រះនរោត្តម សីហនុ តម្កល់ទុកនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤ នោះទេ៖ «បើសិនជាផែនទីសព្វថ្ងៃមិនក្លែងក្លាយ គួរតែបង្ហាញ ព្រោះមាសសុទ្ធកុំខ្លាចភ្លើង...។»
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាង ១០រូប បានស្នើសុំឲ្យប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ផ្តល់ផែនទីដែលបានប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនកម្ពុជា-វៀតណាម និងស្នើពន្យល់លម្អិតអំពីនីតិវិធីនៃដំណើរការបោះបង្គោលព្រំដែននេះ កាលពីថ្ងៃទី៣ ខែមិថុនា។
ពន្យល់តបបញ្ហានេះ លោក វ៉ា គឹមហុង បានផ្ញើលិខិតមួយមកក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងវិញ តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី១០ ខែមិថុនា។ ក្នុងលិខិតនោះបង្ហាញថា សំណើសុំបង្ហាញផែនទីនេះ រដ្ឋាភិបាលបានបញ្ជាក់ និងបង្ហាញជាសាធារណៈជាច្រើនលើកច្រើនសារួចមកហើយ តាមរយៈបទអន្តរាគមន៍របស់ លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹករវាងកម្ពុជា និងវៀតណាម នៅរដ្ឋសភាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ កន្លងទៅ។
លិខិតដដែល ក៏បានបញ្ជាក់ប្រាប់ទៅអ្នកតំណាងរាស្ត្រទៀតថា រាជរដ្ឋាភិបាលពុំមានផែនទីណាផ្សេងខុសពីផែនទីផ្លូវការ ដែលបានបង្ហាញជូនជាសាធារណៈនោះទេ។ លោក វ៉ា គឹមហុង បញ្ជាក់តាមលិខិតទៀតថា បើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានផែនទីណាដែលអះអាងថាត្រឹមត្រូវនោះ សូមយកមកប្រគល់ឲ្យរដ្ឋាភិបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការដែលកម្ពុជា មាន ដោយឈរលើឧត្តមប្រយោជន៍ជាតិ។
ទោះយ៉ាងណា លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោកមិនអាចទទួលយកបានទេចំពោះការពន្យល់តបពី លោក វ៉ា គឹមហុង បែបនេះ។ លោកប្រកាសថា ក្រុមអ្នកតំណាងរាស្ត្រ គ្រោងនឹងធ្វើសន្និសីទកាសែតមួយនៅដើមសប្ដាហ៍ក្រោយ នៅវិមានរដ្ឋសភា ដើម្បីបញ្ជាក់ពីជំហររបស់អ្នកតំណាងរាស្ត្រឲ្យច្បាស់បន្ថែមទៀត ជុំវិញបញ្ហាព្រំដែននេះ៕
No comments:
Post a Comment