តុលាការ ខេត្ត រតនគិរី កោះហៅ សកម្មជន តវ៉ាដីទីទួលសុវត្ថិភាព ៤នាក់ ចូលបំភ្លឺ
RFA / វិទ្យុ អាស៊ី សេរី | ១២ មិថុនា ២០១៥
ជម្លោះ ទាមទារ ដីទួលសុវត្ថិភាព ទំហំ ២០០ហិកតារ របស់ ប្រជាពលរដ្ឋ ភូមិថ្មី ជាមួយ ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច វៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Hoang Ann LumPhat) ឈានដល់ការ ការប្រើប្រាស់ តុលាការ ដើម្បី រកដំណោះស្រាយ ដោយសារតែ តំណាងដែនជម្រក សត្វព្រៃ នៃមន្ទីរបរិស្ថាន ខេត្ត បានដាក់ពាក្យប្ដឹង ប្រជាពលរដ្ឋ ទៅស្ថាប័ន អយ្យការ។
តំណាង ប្រជាពលរដ្ឋ ប្រមាណ ៥០នាក់ រស់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី អមដំណើរសកម្មជន ៤នាក់ ដែលតវ៉ាទាមទារដីទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្នាក់នៅគ្រា មានទឹកជំនន់ ចូលខ្លួនមកតុលាការខេត្តនៅថ្ងៃទី១២ ខែមិថុនា ដើម្បីបំភ្លឺការចោទប្រកាន់ថា អ្នកភូមិរំលោភដីក្រុមហ៊ុន។
មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ បានដាក់ពាក្យប្ដឹងតំណាងប្រជាពលរដ្ឋភូមិថ្មី ចំនួន ៤នាក់ពីបទដឹកនាំអ្នកភូមិចូលទៅបោះបង្គោលហ៊ុមព័ទ្ធដី ដែលក្រុមហ៊ុនបានឈូសឆាយក្នុងគម្រោងដីសម្បទានដែលក្រសួងបរិស្ថាន បានផ្តល់ទៅឲ្យក្រុមហ៊ុន ហ័ង អាញ់។
តំណាងអយ្យការតុលាការខេត្តរតនគិរី បានចេញដីកាបួនផ្សេងគ្នា កោះហៅតំណាងអ្នកភូមិរួមមាន ឈ្មោះ រឿន សាយ ជីម អឿន សាយ ថៃ ពេញ បុណ្ណាត ឲ្យចូលខ្លួនមកបំភ្លឺការចោទប្រកាន់នៅរសៀលថ្ងៃទី១២ ខែមិថុនា។
តំណាងប្រជាពលរដ្ឋមួយរូបដែលតុលាការកោះហៅ លោក រឿន សាយ មានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលអ្នកភូមិចូលទៅបោះបង្គោលរបងហ៊ុមព័ទ្ធដី គឺដោយសារតែក្រុមហ៊ុនមិនគោរពកិច្ចសន្យាដោះស្រាយសំណើសុំកាត់ដី ២០០ហិកតារក្នុងដីសម្បទាន សម្រាប់ទីទួលសុវត្ថិភាពដែលធ្វើឡើងក្នុងកិច្ចសម្របសម្រួលមួយ រៀបចំឡើងដោយអាជ្ញាធរស្រុក រួមជាមួយបេសកជនតំណាងរាជរដ្ឋាភិបាល។ លោកបន្តថា ក្រុមហ៊ុនបានធ្វើការឈូសឆាយដី ដោយមិនបានជូនដំណឹងមកប្រជាពលរដ្ឋពីការឆ្លើយតបរបស់ក្រុមហ៊ុន ទើបប្រជាពលរដ្ឋនាំគ្នាទៅបោះបង្គោលកំណត់ដីទួលសុវត្ថិភាព កុំឲ្យក្រុមហ៊ុនឈូសឆាយយកបន្ថែមទៀត៖ «យើងអត់មានខុសអ្វីផង លី ធុច គាត់ចុះមកមួយសាហើយ គាត់ថាទុកដីនេះជា ស មិនទាន់បានដោះស្រាយគ្នាហ្នឹង កុំឲ្យក្រុមហ៊ុនឈូស ខាងប្រជាជនក៏កុំអាលធ្វើស្អី ចូលឆ្នាំចិន គាត់ថាចុះមកដោះ។ ឃើញក្រុមហ៊ុនមកឈូស ប្រជាពលរដ្ឋទៅទប់ស្កាត់ដាក់បង្គោលរបងទៅណា។»
កាលពីពាក់កណ្ដាលខែកុម្ភៈ ទេសរដ្ឋមន្ត្រីបេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច រួមជាមួយមន្ត្រីពាក់ព័ន្ធអាជ្ញាធរខេត្តរតនគិរី បានទទួលកិច្ចស្វាគមន៍ពីប្រជាពលរដ្ឋភូមិថ្មី និងភូមិស្រែឈូក ក្នុងឃុំជ័យឧត្ដម បន្ទាប់ពីលោកបានសម្របសម្រួលឲ្យក្រុមហ៊ុនទទួលយករូបមន្តស្បែក ខ្លា។ គ្រានោះ ភាគីក្រុមហ៊ុនបានទទួលយកសំណូមពរនេះទៅសុំការសម្រេចពីតំណាង ក្រុមហ៊ុននៅប្រទេសវៀតណាម។ ចំណែកមន្ត្រីស្ថាប័នពាក់ព័ន្ធ សន្យារួមចំណែកបំពេញលិខិតស្នាមបែបបទទាក់ទិនគម្រោងកាត់ចេញដីមាន ផលប៉ះពាល់ប្រជាពលរដ្ឋ ជូនក្រុមហ៊ុនវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយភាពជោគជ័យទាំងអស់គ្នា។
តំណាងអ្នកភូមិមួយរូបទៀត គឺលោក សាម ខៃ កត់សម្គាល់ថា រហូតមកទល់នឹងខែមេសា អ្នកភូមិមិនបានទទួលដំណឹងពីការសន្យានោះទេ។ ចំណែកក្រុមហ៊ុន ចាប់ផ្ដើមឈូសឆាយដីទីទួលដែលអ្នកភូមិស្នើសុំ។ លោកបន្តថា ទឹកជំនន់ទន្លេស្រែពក ជន់លិចភូមិរាល់ឆ្នាំ ហេតុនេះប្រសិនគ្មានទួលសុវត្ថិភាពទេ អ្នកភូមិមិនមានកន្លែងជម្លៀសទ្រព្យសម្បត្តិ គោក្របី គេចចេញពីទឹកជំនន់នោះឡើយ៖ «ដីកាកោះតែបួននាក់ទេ ប៉ុន្តែពួកខ្ញុំមកនេះតំណាងប្រជាពលរដ្ឋទៅ។ ដីនោះមិនមែនដីឯកជនអ្នកណាទេ ដីរួមមួយភូមិ ហើយហៅតែគាត់បួននាក់។»
ក្រសួងបរិស្ថាន បានផ្តល់ដីសម្បទានជាង ៨ពាន់ហិកតារទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីឆ្នាំ២០១៣ បន្ទាប់មកក្រុមហ៊ុននេះបានផ្ទេរសិទ្ធិធ្វើអាជីវកម្មដីសម្បទានទៅ ឲ្យក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋពីរភូមិរស់នៅតំបន់នោះ បានធ្វើការតវ៉ាទាមទារដីជាង ១ពាន់ហិកតារជាដីត្រៀមបម្រុងអ្នកភូមិប្រើប្រាស់។ កន្លងទៅនេះ ក្រុមហ៊ុនបានកាត់ចេញដីមានផលប៉ះពាល់អ្នកភូមិជាង ៧០០ហិកតារ ក៏ប៉ុន្តែដីនោះគ្មានទីទួល។
ប្រធានភូមិថ្មី លោក ណា ប៊ុនវៃ រៀបរាប់ថា អ្នកភូមិត្រូវការដីទួលដែលក្រុមហ៊ុនឈូសឆាយយក ពីព្រោះលំនៅឋានរបស់ពលរដ្ឋ គឺនៅតាមមាត់ទន្លេ ត្រូវប្រឈមទៅនឹងគ្រោះទឹកជំនន់ ហេតុនេះអ្នកភូមិត្រូវការដីទួលប្រមាណ ២០០ហិកតារបន្ថែមទៀតសម្រាប់ជម្លៀសក្រុមគ្រួសារសត្វពាហនៈពេលទឹក ជន់លិចភូមិ៖ «ម្តុំនោះ គឺម្តុំទួលសុវត្ថិភាពប្រជាពលរដ្ឋត្រូវការខែវស្សា ជម្លៀសទៅកន្លែងទួលហ្នឹង ហើយអ៊ីចឹងបានជាប្រជាពលរដ្ឋមិនឲ្យទេ។»
ទាក់ទិនការកោះហៅតំណាងប្រជាពលរដ្ឋនេះ ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា បញ្ជាក់ថា នេះជានីតិវិធីកោះហៅចុងចោទមកសាកសួរតាមពាក្យប្ដឹងរបស់មន្ត្រី ដែនជម្រកសត្វព្រៃលំផាត់ ដើម្បីអង្កេតបឋមរឿងក្តីនេះ៖ «បញ្ហា ដីធ្លីខ្ញុំក៏ពិនិត្យទៅក៏មិនទាន់ឃើញមានបទល្មើសអង្គហេតុណាមួយ ទេ គ្រាន់តែគេប្ដឹងយើងហៅមកសាកសួរតែប៉ុណ្ណឹង។»
ជុំវិញរឿងក្តីនេះដែរ អតីតអភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានស្រុក និងខេត្ត កំពុងសម្របសម្រួលរកដំណោះស្រាយសន្តិភាពរវាងពលរដ្ឋ។ លោកបន្តថា ការសម្របសម្រួលនេះ កើតឡើងក្រោយពេលមន្ត្រីដែនជម្រកសត្វព្រៃដាក់ពាក្យប្ដឹង ប្រជាពលរដ្ឋ ហេតុនេះការកោះហៅប្រជាពលរដ្ឋជានីតិវិធីរបស់តុលាការ។ លោកបន្តថា អាជ្ញាធរនឹងសម្របសម្រួលសុំឲ្យភាគីពាក់ព័ន្ធ ដកពាក្យប្ដឹងចេញ ប្រសិនការសម្របសម្រួលបានលទ្ធផលល្អ៖ «ឥឡូវដឹងព័ត៌មាននេះហើយ ខ្ញុំនឹងឲ្យដកពាក្យបណ្ដឹងហ្នឹងវិញ ព្រោះយើងបានធ្វើសន្តិវិធីជាមួយគ្នាអស់ហើយ។»
យ៉ាងណា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) លោក ឆាយ ធី ចាត់ទុកការប្រើយន្តការប្ដឹងប្រជាពលរដ្ឋតាមផ្លូវតុលាការ ថាជាចេតនាបំភិតបំភ័យស្មារតីប្រជាពលរដ្ឋកុំឲ្យតវ៉ា។ លោកថា ការទាមទារទីទួលសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាហេតុផលត្រឹមត្រូវស្របតាមគោលនយោបាយកាត់ផលប៉ះពាល់ប្រជាពលរដ្ឋ ចេញពីដីសម្បទាន ហេតុនេះការប្រើយន្តការតុលាការមិនអាចធ្វើឲ្យដំណោះស្រាយបានប្រសើរ ឡើយ៖ «គួរងាកមកដោះស្រាយតាមរយៈឯកឧត្តម លី ធុច ដែលគាត់បានចុះមកមួយសាហើយ ក្នុងនោះក៏មានគ្រប់មន្ទីរពាក់ព័ន្ធ។ ការដោះស្រាយបែបនេះ វានឹងធ្វើឲ្យប្រសើរឡើងវិញ ព្រោះប្រជាពលរដ្ឋគាត់ធ្លាប់ជួបជាមួយក្រុមហ៊ុន និងឯកឧត្តម លី ធុច ម្តងរួចហើយ។»
យ៉ាងណាក៏ដោយ ទេសរដ្ឋមន្ត្រីបេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច ថ្លែងថា រាជរដ្ឋាភិបាលនៅតែមានយន្តការដោះស្រាយបញ្ហាស្នើសុំដីទួល សុវត្ថិភាពនេះជូនពលរដ្ឋ តាមរយៈក្រសួងបរិស្ថាន ដើម្បីផ្តល់ដី ២០០ហិកតារ ជំនួសដីកាត់ជូនប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុន។ លោកបន្តថា ការប្ដឹងប្រជាពលរដ្ឋតាមផ្លូវតុលាការនេះ លោកនឹងទាក់ទងជាមួយសាមីដើមបណ្ដឹង ដើម្បីពិនិត្យមើលរឿងមួយនេះ៖ «ខ្ញុំ កំពុងរៀបចំសំបុត្រមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីឲ្យកាត់ដោះដូរដី ២០០ហិកតារជូនប្រជាពលរដ្ឋ។ យើងជូនដីរដ្ឋដែលនៅជាប់នឹងក្រុមហ៊ុន ឲ្យក្រុមហ៊ុនវិញ មន្ទីរបរិស្ថានប្រាប់ខ្ញុំថាមានដីទំនេរដែរ។ ខាងក្រុមហ៊ុនក៏គេឯកភាពធ្វើការផ្លាស់ប្ដូរនេះដែរ។»
រហូតមកទល់នឹងម៉ោង ៥រសៀលថ្ងៃដដែលនេះ តំណាងអ្នកភូមិទាំង ៤នាក់ បានចូលបំភ្លឺចំពោះមន្ត្រីអយ្យការគ្រប់ៗគ្នា និងមិនមានការឃាត់ខ្លួននរណាម្នាក់ឡើយ៕
No comments:
Post a Comment