គណៈរដ្ឋមន្ត្រី ច្រានចោល សេចក្ដីប្រកាស របស់ ទូតអាមេរិក ករណី សកម្មជន ១១នាក់
RFA / វិទ្យុ អាស៊ី សេរី | ២៦ កក្កដា ២០១៥
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង)
និងសកម្មជនដទៃទៀត
ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តយកទៅឃុំនៅពន្ធនាគារព្រៃស
នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៥។
RFA/Morm Moniroth
អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី ចេញសេចក្តី ថ្លែងការណ៍ មួយ ច្រានចោល សេចក្តីប្រកាស ព័ត៌មាន របស់ ស្ថានទូត អាមេរិក ប្រចាំ នៅកម្ពុជា និងថា, មិនអើពើ ទាល់តែសោះ ចំពោះ តម្លៃភាព ជាមនុស្ស របស់ កងសន្តិសុខ ខណ្ឌជិត ៤០នាក់ ដែលរងរបួស ស្ទើរបាត់បង់ ជីវិត។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្នុងថ្ងៃតែមួយ ក្រោយពេលដែលស្ថានទូតសហរដ្ឋអាមេរិក ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកក្កដា ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលឡើងវិញឲ្យបានម៉ត់ចត់ នូវដំណើរក្ដីសកម្មជនគណបក្សប្រឆាំង ដើម្បីឲ្យមានតម្លាភាព និងភាពស្របច្បាប់។
សេចក្តីថ្លែងការណ៍ ២ទំព័ររបស់គណៈរដ្ឋមន្រ្តី លើកឡើងថា ជាការនិយាយបំផ្លើស និងភូតកុហកទាំងស្រុង ដែលស្ថានទូតអាមេរិក ចាត់ទុកអំពើកុប្បកម្មហិង្សាដ៏ធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ក្នុងការដឹកនាំ និងបង្កឡើងដោយក្រុមជ្រុលនិយមដោយសមាជិកគណបក្សសង្គ្រោះជាតិ ផងនោះ ថាជាការតវ៉ាដោយសន្តិវិធី និងជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
យ៉ាងណាមិញ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងជិតដិតនូវករណីសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការដាក់ទោសពីបទ ធ្វើការបះបោរចេញពីការតវ៉ា ខណៈដែលអ្នកទាំង ១១នាក់ លោក មាជ សុវណ្ណារ៉ា មានសញ្ជាតិអាមេរិក។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលាន ប្រជាធិបតេយ្យ៕
No comments:
Post a Comment