Paris Peace Accords 23 Oct. 1991

Wednesday, July 8, 2015

ក្រុម​ការងារ​ អឺរ៉ា​ នឹង​ដាក់​អនុសាសន៍​ មួយ​ចំនួន​ ទៅ គ.ជ.ប. | ERA will forward recommendations to NEC

ក្រុម​ការងារ​ អឺរ៉ា​ នឹង​ដាក់​អនុសាសន៍​ មួយ​ចំនួន​ ទៅ គ.ជ.ប.

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ កក្កដា ២០១៥

គល់ បញ្ញា ៦២០
តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។  RFA/Tin Zakariya

ក្រុម​ការងារ ​អឺរ៉ា (ERA), តំណាង ​គណបក្ស​ នយោបាយ, និង​មន្ត្រី​ ស្ថានទូត​ មួយ​ចំនួន ប្រជុំ​ ពិគ្រោះ ​យោបល់​គ្នា ដើម្បី ​ដាក់​អនុសាសន៍​ ទៅ គ.ជ.ប. ឲ្យ​កែ​សម្រួល​ ចំណុច​ខ្លះ ​នៃ​ការ​ចុះ ​បញ្ជី​បោះ​ឆ្នោត និង​កាត់​បន្ថយ ​តួនាទី ​របស់ ​ស្មៀន​ឃុំ ក្នុង​ការ​ចុះ​បញ្ជី​ ឈ្មោះ​បោះ​ឆ្នោត។

ទាក់ទង​សំណើ​នេះ អ្នក​នាំ​ពាក្យ គ.ជ.ប ស្វាគមន៍​រាល់​គំនិត​នានា​របស់​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

ក្រោយ​ពី​ពិភាក្សា​រក​ឃើញ​ចំណុច​មួយ​ចំនួន​ត្រូវ​កែលំអ ទាក់ទង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​ស្នើ​មិន​ឲ្យ​កែ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ក្រោយ​ចុះ​បញ្ជី​ពី​ថ្នាក់​ក្រោម និង​ការ​កាត់​បន្ថយ​តួនាទី​ស្មៀន​ឃុំ ក្នុង​ការងារ​បោះ​ឆ្នោត ក្រុម​ការងារ​អឺរ៉ា នឹង​ដាក់​អនុសាសន៍​ទាំង​នោះ​ទៅ​ស្ថាប័ន គ.ជ.ប។
កិច្ច​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កក្កដា អ្នក​ចូលរួម​មក​ពី​បណ្ដា​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​តំណាង​ស្ថានទូត ស្នើ​មិន​ឲ្យ​ស្មៀន​ធ្វើ​ជា​អនុប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​លើក​ហេតុផល​ថា ស្មៀន​ឃុំ​មាន​ការងារ​រដ្ឋបាល​ច្រើន និង​ជា​មនុស្ស​ម្នាក់​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ក្នុង​ឃុំ។

ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក សេង រិទ្ធី ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​នោះ​ថា សព្វថ្ងៃ​នេះ​ស្មៀន​ឃុំ​មាន​និន្នាការ​រើសអើង​ប្រជាពលរដ្ឋ ដែល​មាន​គោល​នយោបាយ​ផ្សេង​ពី​ខ្លួន។ លោក​ថ្លែង​បន្ត​ទៀត​ថា ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កន្លង​មក តែង​តែ​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ៖ «យើង ​ឃើញ​ច្រើន​ណាស់​ស្មៀន​នៅ​ទី​ជនបទ គាត់​មាន​ឥទ្ធិពល​លើ​ប្រជាពលរដ្ឋ​ច្រើន​ណាស់ បើ​យក​ល្អ​ខ្ញុំ​យល់​ថា មិន​គួរ​ប្រើប្រាស់​ស្មៀន​ជា​អនុប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទេ។»

កិច្ច​ពិគ្រោះ​នេះ ស្រប​ពេល គ.ជ.ប កំពុង​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក​បោះ​ឆ្នោត​នៃ​ ស្ថានទូត​ប្រទេស​ជប៉ុន និង​មន្ត្រី​សហភាព​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា ការងារ​របស់​ស្មៀន​រាល់​ថ្ងៃ​កំពុង​រវល់​ស្រាប់ ហើយ​ផ្តល់​តួនាទី​ជា​អនុប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​រឹតតែ​ធ្វើ​ឲ្យ​ស្មៀន​មាន​ការងារ​កាន់​តែ​ស្មុគស្មាញ​បន្ថែម​ទៀត។ លោក គល់ បញ្ញា បន្ត​ថា អឺរ៉ា នឹង​យក​អនុសាសន៍​ទាំង​នោះ​ដាក់​ទៅ គ.ជ.ប នៅ​ក្នុង​អំឡុង​ខែ​កក្កដា ជា​សំណើ​មួយ​ស្រប​ពេល​ដែល គ.ជ.ប កំពុង​ធ្វើ​ការងារ៖ «យើង​នឹង​ខិតខំ​ជួប គ.ជ.ប ប្រាប់​ពី​មូលហេតុ​ដែល​យើង​ចង់​កែប្រែ​នីតិវិធី​លម្អិត​មួយ​ចំនួន។»

ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​សមាសភាព ៣​នាក់។ តាម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ តម្រូវ​ឲ្យ​ប្រធាន​ក្រុម​ការងារ​បោះ​ឆ្នោត​ជា​មន្ត្រី​របស់ គ.ជ.ប ជា​ប្រធាន។ ស្មៀន​ឃុំ ជា​អនុប្រធាន​ក្រុម។ សង្គម​ស៊ីវិល​លើក​ឡើង​ថា កន្លង​មក​ស្មៀន​ឃុំ​ជា​មនុស្ស​សំខាន់​ក្នុង​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត រួម​មាន​ធ្វើ​ការងារ​ប្រតិបត្តិ សរសេរ​បង្កាន់ដៃ​ចុង​ក្រោយ សរសេរ​ឯកសារ​ឲ្យ​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា យល់​ថា នេះ​ជា​មតិ​នៃ​ក្រុម​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក​ថា សប្ដាហ៍​ក្រោយ គ.ជ.ប នឹង​ផ្ញើ​សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី​នៃ​ការ​រៀបចំ​បញ្ជី​ឈ្មោះ និង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទៅ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះ​ឆ្នោត៖ «យើង​នឹង​ផ្ញើ​សេចក្តី​ព្រាង និង​នីតិវិធី​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ដូច្នេះ​ខ្ញុំ​រំពឹង​ថា សម្ព័ន្ធ​អឺរ៉ា នឹង​បាន​ប្រើប្រាស់​អ្វី​ជា​អនុសាសន៍​របស់​ខ្លួន។»

យ៉ាង​ណា​ក៏ដោយ​ចុះ តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ភិរម្យ យល់​ថា ការ​ស្នើសុំ​ឲ្យ​កាត់​បន្ថយ​តួនាទី​ស្មៀន​ក្នុង​ការងារ​បោះ​ឆ្នោត មិន​អាច​កាត់​បន្ថយ​បាន​ទេ។ តំណាង​គណបក្ស​ប្រឆាំង​រូប​នេះ​យល់​ថា អ្វី​ដែល​ត្រូវ​កែប្រែ គឺ​បន្ថែម​សមាសភាព​របស់​សមាជិក​ក្រុម​បោះ​ឆ្នោត៕



No comments:

Post a Comment