ជនជាតិដើម ភាគតិច នៅស្ទឹងត្រែង មិនឲ្យ អាជ្ញាធរ និងក្រុមហ៊ុន វាស់កំណត់ ទីតាំង ដីសហគមន៍
RFA / វិទ្យុ អាស៊ី សេរី | ២៥ កក្កដា ២០១៥
ជនជាតិដើម ភាគតិច ព្នង នៅឃុំ ក្បាលរមាស ក្នុងខេត្ត ស្ទឹងត្រែង មិនព្រម ឲ្យអាជ្ញាធរ និងតំណាង ក្រុមហ៊ុន វាស់វែង កំណត់ទីតាំង ដីសហគមន៍។ ការបដិសេធនេះ ធ្វើឡើង ស្របពេល ដែលអាជ្ញាធរ ជំនាញ និងតំណាង ក្រុមហ៊ុន កាលពីថ្ងៃ ទី២៤ ខែកក្កដា ចុះសិក្សា ពីទីតាំង ជាក់ស្ដែង រវាង ដីសហគមន៍ និងដី ក្រុមហ៊ុន ស៊ីវ ហ្គិច (Saiv Hkech) ដើម្បី បញ្ចៀសជម្លោះ រវាង ភាគីទាំងពីរ។
ពលរដ្ឋ ជនជាតិដើម ភាគតិច ជាង ២៤០នាក់ កាលពីព្រឹក ថ្ងៃទី២៤ ខែកក្កដា បានប្រមូលផ្តុំ នៅតំបន់ ស្រែវែង ឃុំ ក្បាលរមាស, ស្រុក សេសាន ដើម្បី ពិភាក្សា ពីការវាស់វែង ដីព្រៃ សហគមន៍ និងដីក្រុមហ៊ុន។ ក្រុមពលរដ្ឋ ទាំងនោះ ទាមទារ ឲ្យអាជ្ញាធរ អនុញ្ញាត ឲ្យពលរដ្ឋ ក្នុងភូមិ ទាំងអស់ មានសិទ្ធិ ចូលរួម វាស់វែង កំណត់ព្រំដី សហគមន៍។ អ្នកភូមិ អះអាងថា, អាជ្ញាធរ បដិសេធ ថា, ការវាស់វែង កំណត់ទីតាំង ត្រូវ អនុញ្ញាត ឲ្យពលរដ្ឋ ចូលរួម តែ ៥នាក់ ប៉ុណ្ណោះ។
តំណាង ពលរដ្ឋ ជនជាតិដើម ភាគតិចព្នង អ្នកស្រី ដាំ ប៉ាង រៀបរ៉ាប់ ថា, ដីព្រៃ សហគមន៍ ជាដី សមូហភាព ដែលអ្នកភូមិ ធ្លាប់រស់នៅ ចិញ្ចឹម គោក្របី និងប្រមូល អនុផល ព្រៃឈើ ជាដើម។ អ្នកស្រី អំពាវនាវ ឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ បញ្ហានេះ ទៅក្រុមហ៊ុន ស៊ីវ ហ្គិច ដែលព្យាយាម យកដី នៅតំបន់នោះ។ បន្ថែមពីលើនេះ អ្នកភូមិ បារម្ភ ខ្លាចអាជ្ញាធរ និងតំណាង ក្រុមហ៊ុន កំណត់ ទីតាំង ព្រំដី ក្រុមហ៊ុន ស៊ីវ ហ្គិច ត្រង់ចំណុច ដីសហគមន៍ ជនជាតិដើម ភាគតិច អាស្រ័យផល តាំងពីដូនតា។
អ្នកភូមិព្រមានថា ប្រសិនក្រុមហ៊ុន ស៊ីវ ហ្គិច យកគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ អ្នកភូមិនឹងឃាត់គ្រឿងច្រកក្រុមហ៊ុនទុក ហើយដុះកម្ទេចចោល៖ «ពួក ខ្ញុំអត់ចង់ឲ្យវាស់វែងទេ ចង់បានដីសមូហភាពវិញ សម្រាប់ឃ្វាលគោក្របីកូនចៅជំនាន់ក្រោយ នៅហ្នឹងភូមិនេះរហូតហើយសុខចិត្តងាប់ ងាប់ដោយសារប្រទេសជាតិអភិវឌ្ឍក៏អស់ចិត្តដែរ។»
ឆ្លើយតបបញ្ហានេះ តំណាងក្រុមហ៊ុន ស៊ីវ ហ្គិច លោក វិន ឲ្យដឹងថា ក្រុមហ៊ុនមានផែនទីវិនិយោគច្បាស់លាស់ពីរដ្ឋាភិបាល ដែលបានកំណត់ទីតាំងព្រំដីជាក់លាស់។ លោកថា អ្នកភូមិបានយកស្លាកសម្គាល់ទៅបោះនៅលើដីក្រុមហ៊ុនវិនិយោគថា ជាដីសហគមន៍ទៅវិញ។ តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានស្នើឲ្យអាជ្ញាធរជំនាញដោះស្រាយបញ្ហានេះ៖ «ដីហ្នឹង បើសិនជាគាត់ថា ដីរបស់គាត់ គាត់ត្រូវមានអីបញ្ជាក់ច្បាស់លាស់ថា ដីហ្នឹងដីរបស់គាត់ ក្រុមហ៊ុនមានច្បាប់វិនិយោគត្រឹមត្រូវ។»
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានចុះដល់មូលដ្ឋានផ្ទាល់ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មន្ត្រីជំនាញគ្រោងចុះវាស់វែងដីសហគមន៍ឃុំក្បាលរមាស កំណត់ទីតាំងជាក់ស្ដែង ដើម្បីស្នើទៅអភិបាលខេត្តស្ទឹងត្រែង បែងចែកដីជូនដល់ពលរដ្ឋនៅតំបន់នោះ៖ «គេចង់បានក្នុង ៥២គ្រួសារមានប៉ុន្មាននាក់? ហើយត្រូវបានផ្ទៃដីប៉ុន្មាន? ស្រូលគេរាយការណ៍ទៅអភិបាលខេត្ត ហើយពួកហ្នឹងមិនព្រមចង់បានទៅទាំងអស់គ្នា។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា បទបញ្ជា ០០១ របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវកាត់ផលប៉ះពាល់ ប្រសិនបើការវិនិយោគរបស់ក្រុមហ៊ុនចំទីតាំងដីអាស្រ័យផលរបស់ពលរដ្ឋ។
លោកអំពាវនាវឲ្យអាជ្ញាធរខេត្តកំណត់ទីតាំងព្រំដីសហគមន៍ និងដីក្រុមហ៊ុនមានការចូលរួមយល់ស្របពីសហគមន៍នៅតំបន់នោះជាមុន សិន៖ «សាទរចំពោះការបោះព្រំ ឲ្យដឹងពិតប្រាកដ ប៉ុន្តែទន្ទឹមនឹងហ្នឹង យើងធ្វើឲ្យច្បាស់លាស់ដែរ មិនមែនចេះតែបោះជាឯកតោភាគីត្រូវមានតែការយល់ព្រមពីពលរដ្ឋដែរ។»
កាលពីថ្ងៃទី២២ ខែកក្កដា មន្ត្រីសុរិយោដីខែត្រ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមពិភាក្សាជាមួយពលរដ្ឋនៅតំបន់នោះ ទាក់ទិនការបែងចែកព្រំដី។ ចំណែកអ្នកភូមិនៅតែបារម្ភ បើអាជ្ញាធរជំនាញ និងក្រុមហ៊ុនវាស់វែងកំណត់ព្រំដីអាចមានភាពមិនប្រក្រតីធ្ងន់ធ្ងរ បើអ្នកភូមិមិនបានចូលរួម។
អ្នកភូមិអះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ីវ ហ្គិច របស់ចិន វិនិយោគដាំដំណាំឧស្សាហកម្មកៅស៊ូ ទទួលសិទ្ធិវិនិយោគបន្តពីក្រុមហ៊ុន អាន មារ៉ាឌី កាលពីឆ្នាំ២០១០ លើផ្ទៃដីចំនួន ១ម៉ឺនហិកតារ ក្នុងរយៈពេល ៩០ឆ្នាំ។
ប្រពៃណីជនជាតិដើមភាគតិចអាស្រ័យផលធនធានធម្មជាតិ ដូចជាការបោចវល្លិផ្ដៅ រកឃ្មុំ បរបាញ់សត្វ និងដងជ័រជាដើម។ អ្នកភូមិមានជំនឿថា ការអភិរក្សធនធានធម្មជាតិឲ្យគង់វង្ស នឹងជួយទ្រទ្រង់ដល់ការប្រកបរបរចិញ្ចឹមជីវិតអ្នកភូមិដែលជាផ្នែក មួយក្នុងការជួយអភិរក្សបរិស្ថានធនធានធម្មជាតិ។ តែយ៉ាងទោះយ៉ាងណា ប្រពៃណីរបស់ជនជាតិដើមភាគតិចទាំងនោះកំពុងប្រឈមការបាត់បង់បន្តិច ម្តងៗ ដោយសារតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល៕
No comments:
Post a Comment