Paris Peace Accords 23 Oct. 1991

Friday, July 17, 2015

សហភាព ​អឺរ៉ុប ​ណែនាំ ​ឲ្យ​គ.ជ.ប. ​ធ្វើការ​ ជាមួយ​ អង្គការ​ជំនាញ ​ដើម្បី​ រៀបចំ ​ការ​បោះឆ្នោត | EU recommends NEC to work with NGO with expertise to prepare for elections

សហភាព ​អឺរ៉ុប ​ណែនាំ ​ឲ្យ​គ.ជ.ប. ​ធ្វើការ​ ជាមួយ​ អង្គការ​ជំនាញ ​ដើម្បី​ រៀបចំ ​ការ​បោះឆ្នោត

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ កក្កដា ២០១៥

ហង្ស ពុទ្ធា ៦២០
មន្ត្រី​អ្នក​នាំ​ពាក្យ គ.ជ.ប ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​គណៈកម្មការ​ចំពោះ​កិច្ច គ.ជ.ប ជាមួយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៥។  RFA/Yeang Socheametta

សហភាព ​អឺរ៉ុប ណែនាំ​ អង្គការ​ ដែល​មាន​ជំនាញ ​ផ្នែក​បោះឆ្នោត​ ដល់ គ.ជ.ប. និង​ស្នើ​ឲ្យ គ.ជ.ប. ធ្វើការ​ ជាមួយ ​អង្គការ​ មួយ​នេះ ដើម្បី ​រៀបចំ ​ការ​បោះ​ឆ្នោត ​នៅ​កម្ពុជា។  ការ​ណែនាំ​នេះ ធ្វើ​ឡើង​ នៅ​ក្នុង​ជំនួប ​រវាង​ គណៈកម្មការ​ ចំពោះ ​កិច្ច គ.ជ.ប. ជាមួយ​ តំណាង​ សហភាព​ អឺរ៉ុប កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៧ ខែ​កក្កដា នា​ទីស្ដីការ គ.ជ.ប. ក្នុង​ក្រសួង​ មហាផ្ទៃ។

នេះ​ គឺ ជា​ជំហាន ​ថ្មី ​មួយ​ទៀត ដែល​សហភាព​អឺរ៉ុប ផ្ដល់​ដល់ គ.ជ.ប ក្នុង​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ជាង ១​ម៉ោង​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ តំណាង​សហភាព​អឺរ៉ុប បាន​បង្ហាញ​វត្តមាន​របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង ឬ​ហៅ​កាត់​ថា យូ.អិន.ណុបស៍ (UNOPS) ដល់ គ.ជ.ប។ លោក​ថា អង្គការ​នេះ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការងារ​រៀបចំ​ការ​បោះឆ្នោត។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា អង្គការ យូ.អិន.ណុបស៍ នឹង​ក្លាយ​ជា​អ្នក​ទទួល​ការងារ​បន្ត​ពី​សហភាព​អឺរ៉ុប បន្ទាប់​ពី​សហភាព​អឺរ៉ុប​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ក្រោយ​ពី​សហភាព​អឺរ៉ុប ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​អន្តរជាតិ​មួយ​នេះ៖ «អង្គការ យូ.អិន.ណុបស៍ នេះ​ឯង ពីព្រោះ​គាត់​មាន​បទពិសោធន៍​គ្រប់គ្រង និង​និយ័តកម្ម​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ផង​ដែរ ហើយ​អ្វី​ដែល អ៊ី.យូ (EU) លោក​បាន​វាយ​តម្លៃ​នោះ​គឺ​ថា យូ.អិន.ណុបស៍ ធ្វើការ​បត់បែន​បាន​ទាន់​ពេល​វេលា អ៊ីចឹង បើ​អិន.អ៊ី.ស៊ី (NEC) ធ្វើការ​ផ្ទាល់​ជាមួយ​នឹង អ៊ី.យូ អាច​ថា រយៈពេល​យូរ ប៉ុន្តែ យូ.អិន.ណុបស៍ នេះ​អាច​ជួយ​ធ្វើការ​ឲ្យ​បាន​លឿន អ៊ីចឹង​ហើយ​បាន អ៊ី.យូ គាត់​សម្រេច​ចិត្ត​ថា គាត់​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប តាម​រយៈ​អង្គការ យូ.អិន.ណុបស៍ នេះ។»

​លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​បន្ថែម​ថា ភាគី គ.ជ.ប និង​អង្គការ យូ.អិន.ណុបស៍ អាច​ជួប​គ្នា​ដើម្បី​ពិភាក្សា​ការងារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

​ក្រៅ​ពី​នេះ គណៈកម្មការ​ចំពោះ​កិច្ច គ.ជ.ប និង​តំណាង​សហភាព​អឺរ៉ុប ក៏​បាន​ពិភាក្សា​ពី​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា​ការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ការ​ចុះ​ឈ្មោះ ​បោះឆ្នោត ការ​លុប​ឈ្មោះ​បោះ​ឆ្នោត និង​ការ​បង្ហោះ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ព្រមទាំង​ការ​បិត​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត នៅ​តាម​ការិយាល័យ​បោះឆ្នោត​ផង​ដែរ។

​នេះ​ជា​លើក​ទី​៤​ហើយ ដែល គ.ជ.ប ជួប​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ស្ដីពី​ការ​កែ​ទម្រង់ការ​បោះ​ឆ្នោត និង​ជំនួយ​របស់​សហភាព​អឺរ៉ុប ជួយ​ដល់ គ.ជ.ប។ កាល​ពី​ពេល​ថ្មីៗ​នេះ គ.ជ.ប ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន ស្ដីពី​ជំនួយ​ជប៉ុន ជួយ​ដល់ គ.ជ.ប និង​ស្ដីពី​អនុសាសន៍​របស់​ជប៉ុន លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី និង​ស្ដីពី​បច្ចេកទេស​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​គ្រប់គ្រង​ទិន្នន័យ​អ្នក​បោះ​ឆ្នោត។

​លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប នឹង​ផ្ដល់​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​នៅ​សប្ដាហ៍​ក្រោយ។ លោក​ថា បន្ទាប់ពី​បាន​ទទួល​អនុសាសន៍​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រួច​ហើយ គ.ជ.ប នឹង​ចងក្រង​សេចក្ដី​ព្រាង​នេះ ឲ្យ​ក្លាយ​ជា​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវការ​តែម្ដង។

​លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​ឈ្មោះ​សាកល្បង​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ហើយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ទូទាំង​ប្រទេស​អាច​ចាប់​ផ្ដើម​យ៉ាង​ យូរ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ទូទាំង​ប្រទេស អាច​ចំណាយ​ពេល​ប្រហែល ៣​ខែ៕


No comments:

Post a Comment