Paris Peace Accords 23 Oct. 1991

Saturday, July 11, 2015

អតីត​ ពិធីការិនី ​ទូរទស្សន៍ ​ទទូច ​ឲ្យ​អាជ្ញាធរ​ តាម​ចាប់​ ឧកញ៉ា ​ប្រើ​ហិង្សា​ មក​ផ្ដន្ទាទោស | Former TV presenter appeals to authority to arrest violent tycoon

អតីត​ ពិធីកា រិនី​ទូរទស្សន៍ ​ទទូច ​ឲ្យ​អាជ្ញាធរ​ តាម​ចាប់​ ឧកញ៉ា ​ប្រើ​ហិង្សា​ មក​ផ្ដន្ទាទោស

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កក្កដា ២០១៥

កញ្ញា សាសា ៦២០
អតីត​ពិធីការិនី​ទូរទស្សន៍ កញ្ញា ឯក សុជាតា ហៅ សាសា។  Photo provided

កញ្ញា ឯក សុជាតា ហៅ សាសា អតីត​ ពិធីការិនី​ ទូរទស្សន៍ ស៊ីធីអិន (CTN) ដែល​ជា​ជន រងគ្រោះ និង​ក្រុម​គ្រួសារ មាន​ក្តី​ឈឺ​ចាប់​ ចំពោះ ​ទង្វើ ​របស់​ លោក​ឧកញ៉ា សុខ ប៊ុន នាយក​ក្រុមហ៊ុន សុខ ប៊ុន ហ្គ្រូប (SBG) និង​ក្រុមហ៊ុន ​វាយ​តម្លៃ​ អចលនវត្ថុ​ នៅ​កម្ពុជា ដែល​បាន ​ប្រើ​អំពើ​ហិង្សា ​លើ​រូប​នាង កាល​ពី​រំលង​ អធ្រាត្រ ថ្ងៃ​ទី​២ ខែ​កក្កដា កន្លង​ទៅ។

កញ្ញា សាសា និង​ក្រុម​គ្រួសារ​បាន​ទទូច​ឲ្យ​តុលាការ និង​អាជ្ញាធរ​តាម​ចាប់​ជនល្មើស​រូប​នេះ​មក​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់។

អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី.ធី.អិន កញ្ញា ឯក សុជាតា ហៅ សាសា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ កក្កដា ថា រហូត​មក​ដល់​ពេល​នេះ របួស​របស់​កញ្ញា​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ ដោយ​មុខ និង​ភ្នែក​ដែល​រង​ការ​វាយ​ដំ​ខ្លាំង​ជាង​គេ​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ​ជាង​មុន។ កញ្ញា​ឲ្យ​ដឹង​ថា បើសិនជា​​របួស​មិន​បាន​ធូរ​ស្បើយ កញ្ញា​នឹង​ត្រៀម​ខ្លួន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ៖ «របួស​ខ្ញុំ​ខ្លាំង​គឺ​ដៃជើង ភ្នែក ហើយ​ឥឡូវ ត្រចៀក​របស់​ខ្ញុំ​ចាប់​ហ៊ឹង​ទៀត។»

​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី.ធី.អិន រូប​នេះ បាន​សម្ដែង​ការ​ឈឺ​ចាប់​នឹង​ទង្វើ​​របស់​ឧកញ៉ា​នេះ​ថា មិន​សាក​សមជា​គំរូ​របស់​ពលរដ្ឋ​ឡើយ៖ «ខ្ញុំ​ឈឺ​ចាប់​ណាស់! នេះ​ជា​លើក​ទី​មួយ​ដែល​កើត​ឡើង​មក​លើ​ជីវិត​ខ្ញុំ។ តាំង​ពី​កើត​មក​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​ដែល​ទាំង​ហ៊ាន​លា​ដៃ​វាយ​ខ្ញុំ​ ផង ទង្វើ​នេះ​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ហើយ​នៅ​ពេល​ក្រុម​គ្រួសារ ពុក​ម្ដាយ​របស់​ខ្ញុំ​ឲ្យ​តែ​គាត់​ឃើញ​ស្ថានភាព​របួស​ខ្ញុំ ពួកគាត់​យំ​អាណិត​ខ្ញុំ។ សម្រាប់​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ មិន​ចង់​បាន​អី​ក្រៅ​ពី​សំណាញ់​ច្បាប់ រក​យុត្តិធម៌​ឲ្យ​ខ្ញុំ រឿង​សំណង​រឿង​អី​ខ្ញុំ​មិន​ត្រូវការ​ទេ ដើម្បី​ឲ្យ​គាត់​ដឹង​ថា ច្បាប់​ស្រុក​ខ្មែរ​យុត្តិធម៌​នៅ​មាន​សម្រាប់​ពលរដ្ឋ​ខ្មែរ។»

ឪពុក​ជនរងគ្រោះ លោក អ៊ុត ធី ឲ្យ​ដឹង​ថា ក្រោយ​កើត​ហេតុ លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​កងរាជអាវុធហត្ថ ដើម្បី​អន្តរាគមន៍​លើ​រឿង​នេះ។ លោក​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សកម្មភាព​ហិង្សា​មក​លើ​កូនស្រី​លោក ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់។ លោក​ដាក់​ពាក្យ​ប្ដឹង និង​ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​វីដេអូ តាម​បណ្ដាញ​សង្គម​រួច​មក ឧកញ៉ា សុខ ប៊ុន មិន​ព្រម​ចូល​ខ្លួន​មក​បំភ្លឺ​តាម​ការ​កោះ​ហៅ​ពី​សមត្ថកិច្ច​ឡើយ តែ​បែរ​ជា​ពឹង​ពាក់​អ្នក​មាន​អំណាច​នានា ឲ្យ​ជួយ​អន្តរាគមន៍។ លោក​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឧកញ៉ា សុខ ប៊ុន បាន​បញ្ជូន​មេធាវី​របស់​ខ្លួន​មក​ធ្វើ​ការ​ចរចា​ជាមួយ​លោក ដោយ​ផ្ដល់​សំណង​ចំនួន ៤​ម៉ឺន​ដុល្លារ ដើម្បី​ចេញ​ថ្លៃ​ព្យាបាល និង​បញ្ចប់​រឿង។

លោក​ថា គ្រួសារ​លោក​មិន​ស្រឡាញ់​លុយ​ជាង​ច្បាប់​នោះ​ទេ ដូច្នេះ​តុលាការ អាជ្ញាធរ ពិសេស​រដ្ឋាភិបាល សូម​ដាក់ទោស​ចំពោះ​ជនល្មើស​រូប​នេះ​ឲ្យ​សក្ដិសម​នឹង​ទម្ងន់​ទោស​ដែល​ខ្លួន​ បាន​ប្រព្រឹត្ត៖ «កាល​ពី​ថ្ងៃ​ទី​៨ គេ​មក​និយាយ​ជាមួយ​ខ្ញុំ​សុំ​ចេញថ្លៃ​ព្យាបាល និង​បញ្ចប់​រឿង​ចំនួន ៤​ម៉ឺន​ដុល្លារ តែ​ខ្ញុំ​ថា ខ្ញុំ​មិន​ត្រូវ​ការ​ទេ លុយ ៤​ម៉ឺន​ដុល្លារ​ខ្ញុំ​មាន​ហើយ ខ្ញុំ​មិន​យក​លុយ​ជនល្មើស​ដែល​ធ្វើ​បាប​គេ​នោះ​ទេ។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​អំពី​សំណុំ​រឿង​ឧកញ៉ា សុខ ប៊ុន ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​នៅ​ឡើយ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​កក្កដា។ ប៉ុន្តែ​បើ​តាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ស្ថាប័ន​នេះ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ឧកញ៉ា សុខ ប៊ុន ដែល​ជា​ជន​សង្ស័យ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​តាម​នីតិវិធី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា សុខ ប៊ុន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា។ តែ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​រឿង​នេះ ឧកញ៉ា សុខ ប៊ុន បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​សិង្ហបុរី។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​អ្នក​មាន​អំណាច​ប្រព្រឹត្ត​មក​លើ​ សិល្បករ​ខ្មែរ​ថា សកម្មភាព​ហិង្សា ការ​សម្លាប់ ការ​ប្រមាថ ការ​គំរាមកំហែង ការ​ជះ​ទឹក​អាស៊ីដ និង​សកម្មភាព​រំលោភ​បំពាន​ផ្សេងៗ តែង​តែ​កើត​មាន​ចំពោះ​សិល្បករ​ខ្មែរ ដែល​បញ្ហា​នេះ​បណ្ដាល​ឲ្យ​សិល្បករ​ដែល​រងគ្រោះ​តែង​ទទួល​ភាព​អយុត្តិធម៌​ពី​ សង្គម។

លោក​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​សូម​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​តុលាការ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​តម្លាភាព និង​សុចរិតភាព៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវ​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង បើ​ទោះ​ជា​រឿង​នេះ​កើត​ឡើង​យ៉ាង​ណា​ក៏ដោយ។»

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី ចរិយា ឲ្យ​ដឹង​ថា ទង្វើ​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ដែល​មាន​ទោស​រហូត​ដល់​ជាប់​ពន្ធនាគារ។ លោក​បន្ត​ថា ក្នុង​នាម​ខ្លួន​ជា​ឧកញ៉ា អាង​ខ្លួន​មាន​អំណាច ប្រើ​ហិង្សា គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ និង​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ ដូច្នេះ​សមត្ថកិច្ច​មិន​គួរ​បណ្ដែតបណ្ដោយ​ចំពោះ​រឿង​នេះ​នោះ​ទេ៖ «សីលធម៌​នៃ​អ្នក​មាន​លុយ​មាន​អំណាច មក​លើ​ជន​ធម្មតា ដែល​នេះ​គឺ​ជា​អំពើ​និទណ្ឌភាព​ដែល​តែង​តែ​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ។»

កញ្ញា សាសា បាន​ឲ្យ​ដឹង​ថា កញ្ញា​មិន​ដែល​បាន​ស្គាល់​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​នោះ​ទេ។ នៅ​មុន​ពេល​កើត​ហេតុ កញ្ញា​បាន​អង្គុយ​លេង​ធម្មតា ហើយ​មិត្តភ័ក្ដិ​របស់​កញ្ញា​ជា​ថៅកែ​ហាង​ជា​ជនជាតិ​ជប៉ុន បាន​អង្វរ​ឲ្យ​​កញ្ញា​អង្គុយ​កំដរ ពេល​នោះ​ភ្ញៀវ​ក៏​បាន​ចេញ​ពី​ក្នុង​ហាង​អស់​ហើយ ប៉ុន្តែ​ស្រាប់​តែ​បុរស​ពីរ​នាក់​ដែល​ជា​ភ្ញៀវ ក៏​បាន​ត្រឡប់​មក​ក្នុង​ហាង​វិញ ដោយ​បាន​ចាប់​អូស​មិត្ត​ភក្តិ​របស់​នាង​ទាំង​បង្ខំ ដើម្បី​យក​ចេញ​ទៅ​ក្រៅ រហូត​មិត្ត​ភក្តិ​នាង​យំ និង​បាន​ស្រែក​ឲ្យ​នាង​ជួយ ហើយ​នាង​ក៏​បាន​ប្រាប់​ទៅ​បុរស​នោះ កុំ​ឲ្យ​ចាប់​បង្ខំ​មិត្តភ័ក្ដិ​នាង ស្រាប់តែ​អង្គរក្ស​ម្នាក់​នោះ បាន​ស្រែក​ជេរ​នាង កុំ​ឲ្យ​ចេះ​ដឹង។ នៅ​ពេល​នោះ​នាង​បាន​ត​មាត់​ទៅ​វិញ ក៏​ស្រាប់​តែ​ឧកញ៉ា សុខ ប៊ុន ស្ទុះ​មក​វ៉ៃ​នាង​តែម្ដង។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២ ខែ​កក្កដា ក្នុង​ហាង​មួយ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ។

វីដេអូ​ឃ្លិប (Video Clip)  ដែល​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ដែល​បង្ហាញ​អំពី​សកម្មភាព​ហិង្សា​របស់​ឧកញ៉ា និង​អង្គរក្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា សាសា ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​លោក​ឧកញ៉ា រូប​នោះ។

ទន្ទឹម​នឹង​នេះ​ដែរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ ក៏​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែរ​ថា អ្នកស្រី​សោកស្ដាយ​នឹង​ទង្វើ​នេះ ហើយ​បើ​តុលាការ​គិត​ថា កម្ពុជា ជា​នីតិរដ្ឋ​មែន​នោះ គួរ​តែ​ចាត់​វិធានការ​ពេញលេញ​ដើម្បី​ផ្ដន្ទាទោស​លោក​ឧកញ៉ា សុខ ប៊ុន ឲ្យ​ខាង​តែ​បាន៕



No comments:

Post a Comment