Paris Peace Accords 23 Oct. 1991

Sunday, July 5, 2015

ទូត​អាមរិក​ ជំរុញ​ ឲ្យ​មាន ការ​ពិគ្រោះ​ យោបល់​ លើ​ច្បាប់ អង្គការ-​សមាគម | US embassy urges discussion re NGO Law

ទូត​អាមរិក​ ជំរុញ​ ឲ្យ​មាន ការ​ពិគ្រោះ​ យោបល់​ លើ​ច្បាប់ អង្គការ-​សមាគម

RFA / ​វិទ្យុ ​អាស៊ី សេរី | ៤ កក្កដា ២០១៥

វីល្លៀម ថត ៦១០
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៣។  RFA

អគ្គរដ្ឋទូត​ សហរដ្ឋ អាមេរិក ​ប្រចាំ​នៅ​កម្ពុជា ជំរុញ ឲ្យ​មាន​ ការ​ពិគ្រោះ​ យោបល់ ​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ​ ទៅ​លើ​ សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ សមាគម និង​អង្គការ​ មិន​មែន ​រដ្ឋាភិបាល ដើម្បី​ ធានា​ ថា, ច្បាប់​នេះ ​នឹង​ពង្រឹង​ សមត្ថភាព​ របស់​ អង្គការ​ សមាគម។  ការ​លើក​ឡើង​នេះ ស្រប​ពេល ​ដែល​រដ្ឋសភា ​ប្រកាស ​ថា នឹង​បើក​ ឲ្យមាន ​កិច្ច​ពិគ្រោះ​ យោបល់ លើ​សេចក្ដី​ ព្រាង​ច្បាប់ ​ថ្មី​នេះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា សេចក្ដី​ព្រាងច្បាប់​នេះ​បាន​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ច្រើន​លើក​មក​ ហើយ។ យ៉ាង​ណា​រដ្ឋាភិបាល​នឹង​បន្ត​ស្ដាប់​យោបល់​លើ​ករណី​នេះ​ទៀត។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E.Todd) បញ្ជាក់​ថា ការ​ពង្រឹង​សមត្ថភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​ជំរុញ​អោយ​ មាន​អភិបាលកិច្ច​ល្អ និង​ធ្វើ​អោយ​ប្រទេស​ជាតិ​រីកចម្រើន។

លោក​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល អ្នក​ការទូត តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ចូល​រួម​អបអរ​ទិវា​រំលឹក​ខួប​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក។

លោក ថត បន្ត​ថា អង្គការ​សង្គម​ស៊ីវិល​គួរ​ទទួល​បាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ពួកគេ។


ទាក់ទិន​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​ ជូន​ដំណឹង​ថា រដ្ឋសភា​នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា សប្ដាហ៍​ក្រោយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ធ្លាប់​បាន​បើក​ឱកាស​អោយ​មាន​ការផ្លាស់ប្ដូរ​យោបល់​លើ​សេចក្ដី​ ព្រាង​ច្បាប់​នេះ​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ លើស​ពី​នេះ​រដ្ឋាភិបាល​បាន​កាត់​ចោល​នូវ​ចំណុច​ដែល​ជា​ការ​ព្រួយ​បារម្ភ​ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ទាក់​ទិន​នឹង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ដែរ​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​រដ្ឋសភា​កម្ពុជា គ្រោង​នឹង​ប្រជុំ​អនុម័ត​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ថា ជា​ច្បាប់​ដែល​ជួយ​ដល់​អង្គការ​សមាគម​ទៅ​វិញ​ទេ។

ទាក់ទិន​នឹង​ច្បាប់​នេះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ អោយ​រដ្ឋាភិបាល និង​រដ្ឋ​សភា​ទម្លាក់​ចោល​ច្បាប់​នេះ ឬ​ត្រូវ​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​នេះ​អោយ​បាន​ពេញលេញ ដោយ​សំអាង​ថា ជា​ច្បាប់​ដែល​រឹតត្បិត​សេរីភាព និង​បង្អាក់​ដំណើរ​ការ​របស់​ពួកគេ​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​សហគមន៍។ លើស​ពី​នេះ​ពួក​គេ​អំពាវនាវ​អោយ​ម្ចាស់​ឆ្នោត​ពិចារណា​ពុំ​បោះឆ្នោត​អោយ​ គណបក្ស​ណា​ដែល​គាំទ្រ​ការ​អនុម័ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល៕



No comments:

Post a Comment