Paris Peace Accords 23 Oct. 1991

Friday, July 10, 2015

[Vietnamization] កម្ពុជា, ​វៀតណាម ​បង្ហាញ​លទ្ធផល ​នៃ​កិច្ច​ប្រជុំ​ ព្រំដែន​ ខុស​គ្នា | Cambodia, Vietnam release different results from border meeting

កម្ពុជា, ​វៀតណាម ​បង្ហាញ​លទ្ធផល ​នៃ​កិច្ច​ប្រជុំ​ ព្រំដែន​ ខុស​គ្នា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កក្កដា ២០១៥

វ៉ា គឹមហុង ហូ ស៊ាន់សឺន (Ho Suan Son) ៦២០
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា គឺ​លោក វ៉ា គឹមហុង (ស្ដាំ) និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​វៀតណាម លោក ហូ ស៊ាន់សឺន (Ho Suan Son) ចុះ​ហត្ថលេខា​បន្ទាប់​ពី​ប្រជុំ​ទាក់ទង​រឿង​បោះ​បង្គោល​ព្រំដែន​អស់​រយៈពេល ៣​ថ្ងៃ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Leng Maly

កិច្ចប្រជុំ ​រវាង ​ប្រធាន​ គណៈកម្មការ ​ចម្រុះ​ ខណ្ឌ​សីមា និង​បោះ​ បង្គោល​ព្រំដែន ​គោក​ កម្ពុជា-​វៀតណាម ដែល​បាន​បញ្ចប់ ​នៅ​ល្ងាច​ថ្ងៃ ទី​៩ ខែ​កក្កដា ខាង​ភាគី​ កម្ពុជា បញ្ចេញ​ព័ត៌មាន ​តិចតួច​ ជាង​វៀតណាម។

លទ្ធផល ​នៃ​កិច្ច​ប្រជុំ​ ដែល​បាន​ ប្រព្រឹត្ត​ទៅ​ ដោយ​បិទ​ទ្វារ​ អស់​រយៈពេល ៣​ថ្ងៃ ត្រូវ​ បាន​គណៈកម្មការ​ កិច្ចការ​ ព្រំដែន​ នៃ​ប្រទេស​ កម្ពុជា បញ្ចេញ​ ឱ្យ​ដឹង​លទ្ធផល ៣​ចំណុច។

សេចក្ដី​ប្រកាស ​ព័ត៌មាន ​ខ្លី​មួយ​ របស់ ​គណៈកម្មការ​នេះ បង្ហាញ​ថា, កិច្ច​ប្រជុំ​ រវាង ​ភាគី​ កម្ពុជា និង​វៀតណាម ចាប់​ពី​ថ្ងៃ​ ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​កក្កដា ទទួល​បាន​ លទ្ធផល​ ទី​១ ភាគី​ទាំង​ពីរ​ ទទួល​ស្គាល់​ ថា, ការងារ ​ខណ្ឌសីមា និង​បោះ​ បង្គោល​ព្រំដែន ​គោក​ រវាង ​ប្រទេស​ទាំង​ពីរ មាន​ភាព ​ស្មុគស្មាញ​ ច្រើន។  ភាគី​ទាំង​ពីរ​ បាន​បោះ​ បង្គោល​ព្រំដែន ​បាន ៨៣% ហើយ, ហើយ ​នឹង​ខំ​បញ្ចប់​ នៅ​ពេល​ ខាង​មុខ។


លទ្ធផល​ទី​២ ភាគី​ទាំង​ពីរ​ឯកភាព​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​រួម ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ស្ដីពី​ការ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅ​តាម​បណ្ដោយ​ព្រំដែន ហើយ​លទ្ធផល​ទី​៣ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ឱ្យ​ក្រុម​បច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ សហការ​គ្នា​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ រាល់​បាតុភាព​ដែល​កើត​មាន​នៅ​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ទប់​ស្កាត់ និង​បញ្ចៀស​ការ​រីក​រាលដាល​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​នៃ​ ប្រទេស​ទាំង​ពីរ។ ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទេ។
ដោយ​ឡែក​ខាង​គណៈកម្មការ​កិច្ចការ​ព្រំដែន​វៀតណាម បាន​បញ្ចេញ​ព័ត៌មាន​ជូន​អ្នក​កាសែត​វៀតណាម ច្រើន​ជាង​កម្ពុជា បើ​ទោះ​ជា​កិច្ចប្រជុំ​ជា​មួយ​គ្នា​តែ​មួយ។

ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ថ្លែង​ថា នេះ​ជា​ចរិត​លាក់លៀម​ព័ត៌មាន​របស់​មន្ត្រី​ខ្មែរ ហើយ​វៀតណាម​ផ្សព្វផ្សាយ​ទូលាយ ព្រោះ​វៀតណាម​ចំណេញ៖ «ខាង​វៀតណាម គេ​ចំណេញ ហើយ​កាល​ណា​គេ​ចំណេញ គេ​ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​ពលរដ្ឋ​គេ ចំពោះ​បក្ស​កុម្មុយនិស្ត​គេ។ ប៉ុន្តែ​យើង​មិន​ដឹង​ចំណេញ​អី​ទេ មាន​តែ​ខាត និយាយ​រួម​ទៅ ហើយ​វប្បធម៌​លាក់លៀម​ព័ត៌មាន​ហ្នឹង វា​ជា​វប្បធម៌​យូរ​ណាស់​មក​ហើយ​ដែល​អ្នក​ធ្វើ​ការ​រាជការ ខាង​រដ្ឋាភិបាល​ហ្នឹង គ្មាន​គណនេយ្យ​ភាព​ចំពោះ​សង្គម​ទេ។ អត់​មាន​ទំនួល​ខុសត្រូវ។»

ភាគី​វៀតណាម​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ បាន​ផ្ទៀងផ្ទាត់​គោលការណ៍​នៃ​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​អនុសញ្ញា​រវាង​ប្រទេស​ទាំង​ពីរ ស្ដីពី​ព្រំដែន ជាពិសេស គឺ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥។ ភាគី​ទាំង​ពីរ បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​ឡើង​នៅ​ព្រំដែន​​កន្លង​មក ហើយ​បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​ដោះស្រាយ​បញ្ហា​កើត​មាន​នៅ​តំបន់​ព្រំដែន។ ក្នុង​ករណី​ដែល​មាន​បញ្ហា​នៅ​តំបន់​ព្រំដែន ភាគី​ទាំង​ពីរ​ត្រូវ​ចែក​រំលែក​ព័ត៌មាន​ជា​បន្ទាន់ សហការ​ដោះស្រាយ មិន​បណ្ដោយ​ឲ្យ​បញ្ហា​រីក​រាលដាល ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​រារាំង​ការ​កំណត់​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហការ​រក្សា​សន្តិសុខ​ព្រំដែន ហើយ​បង្កើន​ការ​ឃោសនា​អប់រំ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​គោរព​ ដោយ​ស្ម័គ្រចិត្ត​នូវ​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន​ដែល​ បាន​ចែង​ក្នុង "កិច្ច​ព្រមព្រៀង​ស្ដីពី​បទប្បញ្ញត្តិ​ព្រំដែន​រវាង​ប្រទេស​សាធារណរដ្ឋ​ សង្គម​និយម​វៀតណាម និង​ប្រទេស​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា" ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៨៣ សន្ធិសញ្ញា​ស្ដី​អំពី​ការ​កំណត់​ព្រំដែន​ប្រទេស​រវាង​ប្រទេស​សាធារណរដ្ឋ​ សង្គម​និយម​វៀតណាម និង​ប្រទេស​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ១​៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​នេះ ដែល​ចុះ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០៥។ គោរព​អនុស្សរណៈ​ស្ដី​អំពី​ការ​ដោះស្រាយ​តំបន់​មួយ​ចំនួន​នៅ​សេសសល់​ លើ​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា (MOI) ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១១ និង​ជា​ពិសេស គឺ​មាត្រា​៨ នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ដែល​ចែង​ថា៖ «ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង ក្នុង​ពេល​រង់ចាំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​អំពី​ព្រំដែន គឺ​រក្សា​ស្ថានភាព​បច្ចុប្បន្ន និង​ផ្លាស់ប្ដូរ មិន​ប្ដូរ​បង្គោល​ព្រំដែន អប់រំ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ដាំដុះ តាំង​ទីលំនៅ និង​សហការ​គ្នា​រក្សា​សន្តិសុខ​ព្រំដែន។»

ទាក់ទង​នឹង​សន្ធិសញ្ញា​ទាំង​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ថ្លែង​ថា វៀតណាម​បាន​ធ្វើ​ផ្លូវ ជីក​ប្រឡាយ​យក​ដី​កម្ពុជា​មុន​ពេល​សន្ធិសញ្ញា​កើត ហើយ​គណៈកម្មការ​ខណ្ឌ​សីមា បោះ​បង្គោល​ព្រំដែន​គោក គឺ​បន្ថែម​ភាព​ស្រប​ច្បាប់​ដល់​ការ​យក​នោះ៖ «នៅ ​ពេល​ដែល​មាន​គណៈកម្មការ​ព្រំដែន​បោះ​បង្គោល វា​គ្រាន់​តែ​ទៅ​ប្រថាប់ត្រា​លើ​ព្រំដែន​ដែល​យួន បាន​រៀបរយ​រួច​ទៅ​ហើយ។ មាន​ន័យ​ថា ប្រើ​អនុសញ្ញា​បំពេញ​បន្ថែម ១៩៨១, ១៩៨២, ១៩៨៥, ២០០៥ ហ្នឹង​យក​ទៅ​បង្គ្រប់​កិច្ច បង្គ្រប់​ផ្លូវ​ច្បាប់។ បើ​ថា​ផ្លូវ​ជាក់​ស្ដែង ដី​ព្រំដែន​ហ្នឹង គេ​បាន​រៀបចំ​រួច​ស្រេច​ទៅ​ហើយ។»

នៅ​ក្នុង​កិច្ច​ប្រជុំ ៣​ថ្ងៃ ភាគី​វៀតណាម​ឱ្យ​ដឹង​ថា ប្រទេស​ទាំងពីរ​បាន​រំឭក​ឡើង​វិញ​ពី​កិច្ចការ​កំណត់​ខណ្ឌ​សីមា បោះ​បង្គោល​ព្រំដែន​គោក​តាំងពី​មុន​ឆ្នាំ​២០០៦ ដល់​ពេល​បច្ចុប្បន្ន ដែល​ជា​លទ្ធផល​បាន​កំណត់​ខណ្ឌសីមា​បាន​ប្រហែល ៩២០​គីឡូម៉ែត្រ ក្នុង​ប្រវែង​ព្រំដែន​សរុប​ប្រហែល ១.១៣៧​គីឡូម៉ែត្រ។ គណៈកម្មការ​កំណត់​ទីតាំង​បង្គោល​បាន ២៦០ ក្នុង​ចំណោម ៣១៤ ទីតាំង (ស្មើ​នឹង ៨៤.១%) បោះ​បង្គោល​បាន ៣០៥/៣៧១ បង្គោល (ស្មើ​នឹង ៨២.២%) ភាគី​ទាំង​ពីរ​កំណត់​កម្មសិទ្ធិ​កោះ​បាន ១០៤។ ក្នុង​នោះ មាន​កោះ ៣៩ បាន​កំណត់​ជា​កម្មសិទ្ធិ​របស់​វៀតណាម និង​កោះ ៦៥ បាន​កំណត់​ជា​កម្មសិទ្ធិ​របស់​កម្ពុជា និង​ពិនិត្យ ហើយ​សម្រេច​ឲ្យ​ប្រើប្រាស់​សំណុំ​ឯកសារ​បង្គោល​ចំនួន ១៩១។

ដោយ​អនុវត្ត​តាម​កំណត់ត្រា​អនុស្សរណៈ​អំពី​ការ​ដោះស្រាយ​តំបន់​មួយ​ចំនួន ដែល​នៅ​សេសសល់​លើ​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ដែល​ហៅ​កាត់​ថា MOU មក​ដល់​ពេល​នេះ ភាគី​ទាំង​ពីរ​បាន​ដោះដូរ​ និង​សម្រេច​ការ​ដោះដូរ​ទីតាំង​ដី​មួយ​ចំនួន (តាម​អត្រា ១៖១ (១​ហិកតារ -១​ហិកតារ) នៅ​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​គ្នា រួម​មាន​ខេត្ត​តៃនិញ (Tây Ninh) ជាប់​នឹង​ខេត្ត​កំពង់ចាម (ត្បូងឃ្មុំ) តៃនិញ (Tây Ninh) ជាប់​ស្វាយរៀង ដុងថាប (Đồng Tháp) ជាប់​ព្រៃវែង អានយ៉ាង (An Giang) ជាប់​តាកែវ និង​ខេត្ត​កៀនយ៉ាង (Kiên Giang) ជាប់​កំពត។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​កំណាត់​តំបន់​ព្រំដែន​ចំនួន ៧ ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​ដំណោះស្រាយ​នៅ​ឡើយ គឺ​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៣០ ដល់ ៤០ (ខេត្ត​យ៉ាឡាយ [Gia Lai] -រតនគិរី)។ ព្រំដែន​ពី​បង្គោល​លេខ ៤០ ដល់ ៤៤ (ខេត្ត​យ៉ាឡាយ [Gia Lai] ដាក់ឡាក់ [Đắk Lắk] -រតនគិរី និង​មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៥៦ ដល់ ៦០ (ខេត្ត​ដាក់ណុង [Đắk Nông] -មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ១៣៨ ដល់ ១៤៧ (ខេត្ត​តៃនិញ [Tây Ninh] -ស្វាយរៀង) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៤១ ដល់ ២៤៥ ពី​បង្គោល​លេខ ២៤៧ ដល់ ២៥៣ (ខេត្ត​អានយ៉ាង [An Giang] -កណ្ដាល) និង​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៩៥ ដល់ ៣០២ (ខេត្ត​កៀនយ៉ាង [Kiên Giang] -កំពត)។

ភាគី​ទាំងពីរ​ក៏​ព្រមព្រៀង​បង្កើន​ល្បឿន​ការងារ​របស់​សមត្ថកិច្ច​កំណត់​ ខណ្ឌសីមា បោះ​បង្គោល​ព្រំដែន និង​ជួប​គ្នា​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ទាំង​ពីរ​ឱ្យ​បាន​ញឹកញាប់។ គោរព​ឲ្យ​បាន​​ម៉ឺងម៉ាត់​​នូវ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទ្វេភាគី និង​បោះ​បង្គោល​ក្នុង​ឆ្នាំ​២០១៥ ដូច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​វៀតណាម–​កម្ពុជា ព្រមព្រៀង​គ្នា​កសាង​ព្រំដែន​ឲ្យ​ក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព យូរអង្វែង ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​មន្ទិល​ចំពោះ​ការ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​របស់​ភាគី​កម្ពុជា៖ «ការ ​ប្រជុំ​បី​ថ្ងៃ​អត់​បាន​ចេញ​ហ្នឹង យើង​សង្ស័យ​ដូច​គ្នា​ថា អាច​មាន​ការសម្ងាត់​អី​មួយ​ក្នុង​ការ​ស៊ុមគ្រលុំ​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឱ្យ​ យួន ឬ​ក៏​ដោះស្រាយ​ព្រំដែន​ហ្នឹង​អត់​មាន​លទ្ធផល​អី ហើយ​ចេះ​តែ​យល់​ព្រម​ជា​មួយ​យួន។ បើ​សិន​ជា​នៅ​តែ​បន្ត​បោះ​បង្គោល​ព្រំ​ដែន​ទៀត ហើយ​យក​ផែនទី ដែល​យួន​គូស​នា​ទសវត្ស​ទី ៨០ នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ ថែម​ទៀត ព្រោះ​បោះ ៨៣% ហ្នឹង ខ្ញុំ​បាន​ពិនិត្យ​មើល គឺ​បាត់​ដី​ខ្មែរ​ច្រើន​ណាស់។»

ទោះ​ជា​យ៉ាង​ណា​ក្ដី ភាគី​កម្ពុជា និង​វៀតណាម ឱ្យ​ដឹង​ដូច​គ្នា​ថា កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ស្និទ្ធស្នាល​ក្នុង​បរិយាកាស​ មិត្តភាព ភក្ដីភាព ស្មោះត្រង់ ឈរ​លើ​មូលដ្ឋាន និង​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅ​មក នូវ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នីមួយៗ និង​យោគយល់​គ្នា។

នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កក្កដា ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​កំណត់ហេតុ​កិច្ច​ប្រជុំ និង​បាន​ព្រមព្រៀង​គ្នា​ថា កិច្ច​ប្រជុំ​លើក​ក្រោយ ប្រធាន​គណៈកម្មការ​ទាំង​ពីរ នឹង​ជួប​គ្នា​នៅ​ប្រទេស​វៀតណាម ក្នុង​ខែ​សីហា ឆ្នាំ​២០១៥ នេះ៕

No comments:

Post a Comment