លោក ហ៊ុន សែន៖ កម្ពុជា អាចសើរើ បង្គោលព្រំដែន ជាមួយ វៀតណាម បើ រកឃើញ ថា ខុស
RFA / វិទ្យុ អាស៊ី សេរី | ១៦ កក្កដា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង ថា, កម្ពុជា អាចសើរើ ឡើងវិញ បាន ចំពោះ បង្គោលព្រំដែន ដែលបានបោះ រួចហើយ រវាង កម្ពុជា-វៀតណាម ប្រសិនបើ គេ រកឃើញ ថា, ការបោះ បង្គោលនោះ មិនបានត្រឹមត្រូវ ឬលំអៀង ខុសបន្ទាត់ ព្រំដែន ដែលកំណត់ ក្នុងផែនទី ដើម។
ចំណែកតំណាងរាស្ត្រគណបក្សប្រឆាំងដែលសកម្មក្នុងកិច្ចការឃ្លាំមើល បញ្ហាព្រំដែន គាំទ្រជំហរបែបនេះ ហើយថា នេះជាគំនិតដើមរបស់ខ្លួនដែលទាមទារឲ្យរដ្ឋាភិបាលអនុវត្តកន្លងមក ឬបក្សប្រឆាំងនឹងសើរើដោយខ្លួនឯងនៅពេលឈ្នះឆ្នោតដឹកនាំ រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា បង្ហាញវិធានការជាក់លាក់មួយចំនួនជាសាធារណៈក្នុងការលាងជម្រះ មន្ទិលសង្ស័យទាំងឡាយ និងការចោទប្រកាន់នានាដែលថា រដ្ឋាភិបាលរបស់លោកកំពុងប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះ បង្គោលព្រំដែនជាមួយប្រទេសវៀតណាម៖ «ព្រោះវាអយុត្តិធម៌ណាស់សម្រាប់ ខ្ញុំ ឬរដ្ឋាភិបាល អ៊ីចឹងទេត្រូវធ្វើរឿងនេះឲ្យដល់កោះដល់ត្រើយ មិនអាចទុកឲ្យគេចោទប្រកាន់ ទោះបីយើងប្រឹងប្រាប់គេយ៉ាងម៉េច ក៏គេនៅតែមិនជឿ។ អ៊ីចឹងមានតែសុំផែនទីបរទេសជាអ្នកផលិត គឺបារាំង ជាអ្នកផលិត ហើយសុំអ្នកឯកទេសបារាំង មកតែម្តង ពេលនោះបក្សណាក៏ដោយចង់ចូលរួមអញ្ជើញមក...។»
មុនការថ្លែងនេះមួយថ្ងៃ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានស្នើអោយប្រទេសមហាអំណាចជួយការពារបូរណភាពទឹកដីកម្ពុជា តាមរយៈការផ្ដល់ផែនទីខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ដែលលោកជឿថា ប្រទេសទាំងនោះបានជួយរក្សាទុកតាំងពីឆ្នាំ១៩៦៤ មក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតចំនួន ៣ច្បាប់ដាច់ដោយឡែកពីគ្នាចុះថ្ងៃទី១៥ ខែកក្កដា ផ្ញើទៅសហរដ្ឋអាមេរិក សាធារណរដ្ឋបារាំង និងចក្រភពអង់គ្លេស។ តាមរយៈលិខិតទាំងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើសុំបណ្ដាមេដឹកនាំនៃប្រទេសមហាអំណាចទាំង នោះ អោយកម្ពុជា ខ្ចីផែនទីខ្នាត ១/១០០.០០០ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការរៀបចំ និងអនុវត្តការងារក្នុងការកំណត់ និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាង។
លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជាង ៣០ឆ្នាំមកនេះបានជាង ៨០% ហើយ ប៉ុន្តែលោកអះអាងថា កម្ពុជាអាចសើរើពីការបោះបង្គោលព្រំដែនដែលបោះរួចហើយនោះបាន ប្រសិនបើគេរកឃើញថា ការបោះនោះមិនត្រឹមត្រូវ ឬលំអៀងខុសពីបន្ទាត់ព្រំដែនដែលបង្ហាញនៅក្នុងផែនទីដើម។
លោកបញ្ជាក់ទៅសមភាគីលោកទៀតថា ចំពោះចំណុចដែលកម្ពុជា ទាមទារកន្លងមក ហើយមិនទាន់បានជោគជ័យនោះ គឺកម្ពុជា មិនបោះបង់ចោលឡើយ៖ «កម្ពុជា អត់បោះបង់សិទ្ធិដែលខ្លួនទទួលខុសត្រូវទៅលើការទាមទារទៅលើចំណុច មួយចំនួន ដែលនៅសេសសល់ ទោះបីកម្ពុជា នៅមានចំណុចមិនទាន់ឯកភាពគ្នាផ្ទៃក្នុងមួយចំនួន ដែលកំពុងស្វែងរកចំណុចឯកភាពគ្នាលើផែនទីនេះសិន។»
កាបង្ហាញជំហរបែបនេះ ត្រូវបានតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលតែងតែរិះគន់រដ្ឋាភិបាលថា បានប្រើផែនទីក្លែងក្លាយក្នុងការកំណត់បង្គោលព្រំដែនជាមួយវៀតណាម នោះ ប្រែជាគាំទ្រ ហើយអាចចាត់ទុកលោក ហ៊ុន សែន ជាវីរបុរសជាតិថែមទៀត បើសិនជាមានការអនុវត្តត្រឹមត្រូវដូចអ្វីៗដែលលោក ហ៊ុន សែន បានថ្លែងបញ្ជាក់ពីជំហររបស់លោកជាសាធារណៈដូចពេលនេះមែន៖ «ចំណុច អស់ទាំងហ្នឹងហើយ ដែលយើងចង់បាន ព្រោះបក្សប្រឆាំងមិនមែនប្រឆាំងដើម្បីក្រុម ឬបក្សខ្លួនឯងនោះទេ គឺដើម្បីជាតិទាំងអស់ ពេល លោក ហ៊ុន សែន ធ្វើត្រូវ យើងត្រូវតែសរសើរ តែបើខុស យើងត្រូវតែរិះគន់ដើម្បីកែលំអអ៊ីចឹងហើយ។»
លោកបន្តថា បើពិតដូចលោកនាយករដ្ឋមន្ត្រីថ្លែងមែន លោកជឿថា វិវាទផ្ទៃក្នុងពាក់ព័ន្ធបញ្ហាព្រំដែននឹងអាចបញ្ចប់បានឆាប់។ ខ្មែរអាចមានគំនិតរួមគ្នាតែមួយក្នុងការប្រើប្រាស់ផែនទីត្រឹមត្រូវ និងរួមគ្នាប្រឆាំងប្រទេសជិតខាងដែលព្យាយាមរំលោភមកលើបូរណភាពទឹក ដីកម្ពុជា។
ចំណែកអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី វិញ ចាត់ទុកការថ្លែងរបស់លោក ហ៊ុន សែន គ្រាន់តែជាល្បិចនយោបាយមួយដើម្បីស្អំចិត្តមហាជន ដែលកំពុងធ្វើការតវ៉ាពីបញ្ហាព្រំដែនឲ្យស្ងប់ចិត្តមួយរយៈ ប៉ុណ្ណោះ៖ «ធ្វើនេះគ្រាន់តែកុំឲ្យមានចលនាសង្គមកើតឡើង អ្វីដែលបាត់បង់ហ្នឹង គឺមានន័យថា ការបោះបង្គោលព្រំដែនហ្នឹងទៅតាមខ្សែក្រវាត់ព្រំដែន ដែលវៀតណាម បានរៀបចំរួចជាស្រេចទៅហើយ។»
ទោះបីយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីប្រកាសថា ចាប់ពីថ្ងៃនេះទៅ រដ្ឋាភិបាលនឹងមិនឲ្យលាក់លៀម ឬចាត់ទុកបញ្ហាព្រំដែនជារឿងសម្ងាត់ទៀតឡើយ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រីនឹងបើកចំហឲ្យគណបក្សនយោបាយទាំងអស់ និងអ្នកជំនាញផ្សេងៗ ចូលរួមពិនិត្យមើលផែនទីរួមគ្នានៅពេលដែលប្រទេសមហាអំណាចផ្តល់ឲ្យ កម្ពុជា នៅពេលខាងមុខនោះ៕
No comments:
Post a Comment